Advertisement
វិស័យ​សំណង់

ប្រទេស​ណា​ខ្លះ​​ដែល​វិនិយោគ​ធំ​ជាង​គេ​បំផុត​លើ​វិស័យ​សំណង់​នៅ​កម្ពុជា?


បើ​យើង​ក្រឡេក​មើល​វិស័យ​សំណង់​​ក្នុង​ឆ្នាំ​២០១៦ ឃើញ​ថា​សកម្មភាព​សាង​សង់​អគារ​តូច​ធំ​ខ្ពស់​ទាប មាន​ការ​រីក​ដុះ​ដាល​ដូច​ផ្សិត ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​តំបន់​ទីប្រជុំជន​រាជ​ធានី​ភ្នំពេញ ជាយ​រាជ​ធានី​ភ្នំពេញ បណ្តា​ខេត្ត​ក្រុង​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា។
ការដ្ឋាន​សំណង់​មួយ​នៅ​ភ្នំពេញ
ដោយ

គម្រោង​សាង​សង់​ភាគ​ច្រើន គឺ​ការ​អភិវឌ្ឍ​សាង​សង់​បុរី​លំនៅ​ដ្ឋាន អាផាតមិន អគារ​ស្នាក់​នៅ​រួម សណ្ឋាគារ រោងចក្រ និង​សំណង់​ពាណិជ្ជ​កម្ម​ផ្សេងៗ​ទៀត​នៅ​​តែ​បន្ត​ការ​សាង​សង់​ជា​ច្រើន។

ជាក់​ស្តែង តួលេខ​ពី​ការ​សាងសង់​ផ្សេងៗ បូក​រួម​ជាមួយ​នឹង​ទឹក​ប្រាក់​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៦ នៅ​តែ​បន្ត​កើន​ឡើង​ខ្លាំង​លើស​ឆ្នាំ​មុនៗ​ទៅ​ទៀត។

ទុន​វិនិយោគ​វិស័យ​សំណង់​កើន​ដល់​ជាង​៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦

យោងតាម​របាយ​ការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំ​ពេញ ពោល​គឺ​រយៈ​ពេល ១១​ខែ​ដំបូង​ឆ្នាំ​២០១៦ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​បន្ត​ផ្តល់​លិខិត​អនុញ្ញាត​សាងសង់​ដល់​អ្នក​វិនិយោគ​ជាតិ អន្តរជាតិ ក៏​ដូច​ជា ប្រជា​ពលរដ្ឋ​ខ្មែរ​សាង​សង់​លំនៅ​ដ្ឋាន មាន​ចំនួន​សរុប​ប្រមាណ ២ពាន់​៣៨៨​គម្រោង  ដែល​មាន​​ទុន​​វិនិយោគ​សរុប​ប្រមាណ ៨​ពាន់​២០០​លាន​ដុល្លារ​អាមេរិក ពោល​គឺ​បាន​កើន​ឡើង ១៧៦​ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​សាង​សង់​សរុប ត្រឹម​តែ​ជិត​៣​ពាន់​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

Advertisement

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឡៅ ទិព្វ​សីហា បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន ថា ការ​កើន​ឡើង​នៃ​វិស័យ​សំណង់​នេះ គឺ​ដោយសារ​តែ​មាន​លំហូរ​វិនិយោគិន​ពី​ក្រៅ​ប្រទេស  ក៏​ដូចជា​ការ​កើន​ឡើង​នៃ​វិនិយោគិន​ក្នុង​ស្រុក​ដែល​នៅ​តែ​បន្ត​ការ​សុំ​ច្បាប់​សាងសង់​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​វិស័យ​សំណង់​នេះ​កំពុង​ត្រូវការ​ការ​អភិវឌ្ឍ​ជា​ចាំបាច់។

លោក សីហា បន្ត​ឲ្យ​ដឹង​ថា គម្រោង​ដែល​ក្រសួង​សំណង់ បាន​ផ្តល់​លិខិត​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់ ក្នុង​ឆ្នាំ​២០១៦ មាន​គម្រោង​សាងសង់​លំនៅដ្ឋាន ដូច​ជា អគារ​ស្នាក់​នៅ​រួម ផ្ទះ​ល្វែង វិឡា អគារ​រោងចក្រ​ឧស្សាហកម្ម  អគារ​ការិយាល័យ ផ្ទះ​សំណាក់ និង​សណ្ឋាគារ ជាដើម។

ការ​អភិវឌ្ឍ​សំណង់​អគារ​ផ្សេងៗ​នៅ​កម្ពុជា បាន​និង​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ តួលេខ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម​និង​សំណង់ បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១៦ មាន​សំណង់​អគារ​ខ្ពស់ៗ​ចាប់​ពី​៥​ជាន់​ឡើង​ទៅ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កើន​ដល់ ៦៤៤​អគារ។

កំណើន​អគារ​ខ្ពស់ៗ​ទាំង​អស់​នេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​និង​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​ការ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កើន​ជុំវិញ ៧​ភាគ​រយ។

គិត​ត្រឹម​ឆ្នាំ​២០១៦ អគារ​ខ្ពស់​ៗ​ចាប់​ពី​៥​ជាន់​ឡើង​ទៅ មាន​ចំនួន ៦៤៤​អគារ​នៅ​ក្នុង​រាជ​ធានី។ (ហេង ភារម្យ)

ក្នុង​ឆ្នាំ​២០១៦ មាន​គម្រោង​អភិវឌ្ឍន៍​សំណង់​អគារ​ខ្ពស់ៗ ចំនួន​ប្រមាណ ៨១​អគារ ត្រូវ​បាន​សុំ​ច្បាប់​សាង​សង់​ដោយ​វិនិយោគិន​ជា​ម្ចាស់​ស្រុក និង បាន​ផ្តល់​លិខិត​អនុញ្ញាត​សាង​សង់​សំណង់​ផ្សេងៗ ដល់​វិនិយោគ​បរទេស​មាន​ចំនួន ៤៣​គម្រោង។

ចិន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ជាប់​លំដាប់​ថ្នាក់​លេខ​១ និង​កូរ៉េ​លេខ​២

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែន​ដី បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១៦ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ផ្តល់​លិខិត​អនុញ្ញាត​សាង​សង់​សំណង់​ដល់​អ្នក​វិនិយោគ​បរទេស ចំនួន​៤៣ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប ៩៩៥​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​គម្រោង​អភិវឌ្ឍន៍​សំណង់​មក​ពី​ប្រទេស​ចិន​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​១ មាន​ចំនួន ១៩​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន ៨៣៩​លាន​ដុល្លារ​អាមេរិក។

ដោយ​ឡែក ប្រទេស​កូរ៉េ​ខាង​ត្បូង​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​២ ដែល​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​កម្ពុជា មាន​ចំនួន ៣​គម្រោង ដែល​ទឹក​ប្រាក់​វិនិយោគ ៦២​លាន​ដុល្លារ​អាមេរិក  ប្រទេស​ជប៉ុន​មាន ១០​គម្រោង ដែល​មាន​ទុន​វិនិយោគ ៤២​លាន​ដុល្លារ និង​ប្រទេស​សិង្ហ​បុរី ២​គម្រោង មាន​ទុន​វិនិយោគ ២៣​លាន​ដុល្លារ​អាមេរិក៕




អត្ថបទបន្ទាប់


តើ​ចិន​វិនិយោគ​លើ​វិស័យ​អ្វី​ខ្លះ​ខ្លាំង​ជាង​គេ​បំផុត​នៅ​កម្ពុជា?

ចំណេះដឹង
ចិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​វិស័យ​ធំៗ​ចំនួន​៤ មាន​ដូចជា វិស័យ​កសិកម្ម វិស...

ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី​​និង​​អ៊ិនថឹណិត។ អនាគត​ទៅ​ជា​យ៉ាងណា?

ចំណេះដឹង
សម័យ​ជាង​មួយ​ទសវត្សរ៍​មុន បើ​និយាយ​អំពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន គេ​សំដៅ​ទៅ​លើ​កាសែត​-ទស្សនាវដ្ដី វិទ្យុ និង​ទូរទស្សន៍។ មហាជន​ព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ