មហាសេដ្ឋី​វៀតណាម

តើកំពូល​មហាសេដ្ឋី មានជាងគេបំផុត នៅវៀតណាម លោក Pham Nhat Vuong ជានរណា?


លោក ផាម ញ៉ាត់ វង់ (Pham Nhat Voung) បច្ចុប្បន្ន គឺជាមហាសេដ្ឋីលំដាប់ទី១ នៅក្នុងប្រទេសវៀតណាម ដែលត្រូវបានទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណទ្រព្យសម្បត្តិសុទ្ធរបស់លោកថា មានប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក និងបានជាប់ចំណាត់ថ្នាក់ ជាអ្នកមានជាងគេបំផុតលើពិភពលោកក្នុងចំណោមកំពូលមហាសេដ្ឋី ២០០ នាក់ ហើយវាក៏ជាលើកទី១ ដែរ ដែលមហាសេដ្ឋីជនជាតិវៀតណាមបានជាប់ក្នុងតារាងកំពូលនេះ។
តើមហាសេដ្ឋី មានជាងគេបំផុត នៅវៀតណាម លោក Pham Nhat Vuong ជានរណា? (https://e.theleader.vn)
ដោយ

តាមសារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម ​ដែលបាន​កត់ត្រា​​ពីប្រវត្តិ​របស់​លោក លោក ​ផាម​ ញ៉ាត់ វង់ ខ្លះៗ បានឲ្យ​ដឹងថា​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុនយក្ស​របស់វៀតណាម Vingroup រូបនេះ គឺជា​​អតីត​និស្សិត ​ដែលបាន​​ទៅសិក្សា​នៅរដ្ឋធានី​ Moscow ប្រទេស​រុស្ស៊ី។ បន្ទាប់មក ក្នុងទសវត្សរ៍​ឆ្នាំ ៩០ ​លោក បាន​ផ្លាស់ប្តូរ​ទីលំនៅ ទៅរស់​នៅប្រទេស​អ៊ុយក្រែន​វិញ ​ដែល​ជាទីកន្លែង ​ដែលគាត់​បាន​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​របស់ខ្លួន​ គឺក្រុមហ៊ុន​ Technocom Group ផ្ដោត​លើ​ការ​ផលិត​ម្ហូបអាហារ​ Fast Food ពិសេស គឺមីកញ្ចប់ ម៉ាក Mivina ដ៏ល្បី​នៅអ៊ុយក្រែន ហើយ​ក្រុមហ៊ុននេះ រកចំណូល​ប្រចាំឆ្នាំបាន​ប្រមាណ​១៥០ លានដុល្លារអាមេរិក​។

គម្រោង Vincom Mega Mall Royal City ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Vingroup (https://www.agoda.com)

លុះ​ក្រោយមកនៅឆ្នាំ ២០០១ មហាសេដ្ឋី​វៀតណាម​ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៥១ឆ្នាំ រូបនេះ បាន​វិលត្រឡប់​មកកាន់​មាតុប្រទេស​​របស់ខ្លួន​វិញ ដោយបាន​ចូល​ប្រឡូក​​វិនិយោគ​លើវិស័យ​អចលនទ្រព្យ ​ខណៈដែល​ពេលនោះ វិស័យ​អចលនទ្រព្យ​នៅវៀតណាម​កំពុង​តែ​ពុះកញ្ជ្រោលខ្លាំង។ 

មករកស៊ីនៅវៀតណាម បាន​ជិត១០ឆ្នាំ ពោលគឺ​នៅ ឆ្នាំ ២០០៩ លោក ផាម ញ៉ាត់ វង់ ក៏បានសម្រេចចិត្ត​បាន​លក់​ក្រុមហ៊ុន​​អាហារ​ Fast Food របស់លោក នៅប្រទេស​អ៊ុយក្រែននោះ ឲ្យទៅក្រុមហ៊ុន Nestle ដោយលោកបាន​​ផ្ដោត​ការវិនិយោគ​ តែក្នុងប្រទេសវៀតណាម​​វិញ។

នាអំឡុង​ ការ​វិនិយោគ​ក្នុងប្រទេសវៀតណាម លោក ផាម ញ៉ាត់​ វង់ បានបង្កើត​ក្រុមហ៊ុន Vinpearl Land នៅឆ្នាំ ២០០១ ដោយ​ផ្ដោត​លើការ​អភិវឌ្ឍ​ក្នុងវិស័យ​បដិសណ្ឋារកិច្ច និងការកម្សាន្ដ ក្នុង​ទីក្រុង​ញ៉ាត្រាំង។

១ឆ្នាំក្រោយមក​ ពោលគឺ នៅឆ្នាំ២០០២ ដោយមើលឃើញពីឱកាស និង​សក្ដានុពល​ ក្នុងវិស័យ​អចលនទ្រព្យ​​កាន់តែ​វែងឆ្ងាយ​ លោក ផាម ញ៉ាត់​ វង់ បាន​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀតឈ្មោះ Vincom នៅរដ្ឋធានីហាណូយ ដែល​ផ្ដោត​លើការអភិវឌ្ឍ​អចលនទ្រព្យ​​បែបពាណិជ្ជកម្ម។

ភាពជោគជ័យ​ដ៏ធំ​ របស់ក្រុមហ៊ុន​ទាំងពីរនេះ មករកស៊ី​នៅវៀតណាម បានតែ ១ឆ្នាំប៉ុណ្ណោះ មហាសេដ្ឋី​វៀតណាមវ័យកណ្ដាល​រូប​នេះ បានសម្រេចដាក់ក្រុមហ៊ុន​​របស់ខ្លួន​ ​​​ចូលទៅ​ក្នុងផ្សារ​ហ៊ុន នៅឆ្នាំ២០០២ ដោយបង្កើត​ជាសម្ព័ន្ធក្រុមហ៊ុន Vingroup​។ 

ក្រុមហ៊ុន​ Vingroup កាន់តែមាន​ឥទ្ធិពល​ខ្លាំងឡើងៗ នៅក្នុង​សេដ្ឋកិច្ច​វៀតណាម និងបាន​ឈរជាជើង​ខ្លាំងមួយ នៅក្នុង​វិស័យ​លក់រាយ ការិយាល័យ និង​ពាណិជ្ជកម្មអចលនទ្រព្យ។ មានគម្រោង​ធំៗជាច្រើន​​ នៅគ្រានោះ ដែល​ក្រុមហ៊ុននេះ ទទួលបាន​ភាពជោគជ័យ​ខ្លាំង ជាក់ស្ដែង គឺ​គម្រោង​ Vincom Mega Mall Royal City ក្នុងរដ្ឋធានីហាណូយ ដែលត្រូវបាន​គេស្គាល់ថា ជា​ទីតាំង​លក់រាយ និងកន្លែងកម្សាន្ដ​ចម្រុះដ៏​ធំ​មួយ​​នៅអាស៊ី។ ​​

នៅឆ្នាំ២០១៩នេះដែរ លោក ផាម ញ៉ាត់ វង់ ត្រូវបាន​ទស្សនាវដ្ដី Forbes ចាត់​ចំណាត់ថ្នាក់ថា ជាមហាសេដ្ឋី​​​ពិភពលោក​មានជាងគេបំផុត​លំដាប់​ទី ១៩៥  (គិតត្រឹមថ្ងៃទី ២៤ កុម្ភៈ ២០១៩) ដែលមានទ្រព្យសម្បត្តិ​សុទ្ធសរុប​ប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក ខណៈដែលទ្រព្យ​សម្បត្តិសុទ្ធ (Net Worth) របស់លោក​មានការកើនឡើង​៣,២ ពាន់លានដុល្លារអាមេរិក ធៀបនឹងឆ្នាំមុន។ 

បច្ចុប្បន្ន ក្រុមហ៊ុន​ Vingroup ត្រូវបាន​គេស្គាល់ថា ជាក្រុមហ៊ុន​វិនិយោគលើបណ្ដុំ​​អចលនទ្រព្យ​ធំជាងគេបង្អស់​នៅវៀតណាម ហើយ​ក៏មាន​ការពង្រីក​ខ្លួន​កាន់តែធំឡើងៗជាបន្តបន្ទាប់ នៅក្នុងវិស័យ​លក់រាយ ឡូជិស្ទិក កសិកម្ម ការអប់រំ និងសុខាភិបាល​ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់​អាជីវកម្ម​ជាច្រើន នៅវៀតណាមត្អូញត្អែរ​ ពិបាក​​រើស​បុគ្គលិក​ថ្មីៗ​ចូល​ធ្វើការ

ម្ចាស់អាជីវកម្មជាច្រើននៅវៀតណាម បានត្អូញត្អែរថា ក្រោយពីបុណ្យចូលឆ្នាំចិនវៀតណាម បានបញ្ចប់រួចមក ពួកគេហាក់ពិបាកស្វែងរកបុគ្គលិកថ្មីៗចូលមកធ្វើកា…

ដាច់ទឹក ដាច់ភ្លើង ញឹកញាប់ តើអ្នកគួរត្រៀមអ្វីខ្លះ?

នៅប៉ុន្មានថ្ងៃមកនេះ បញ្ហាដាច់ទឹក ដាច់ភ្លើងត្រូវបានពលរដ្ឋជាច្រើនទាំងអ្នករស់នៅទីក្រុង និងតាមបណ្ដាខេត្តផងដែរ បានរអ៊ូរទាំ និងទាមទារឲ្យខាងរាជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ