វិស័យធនាគារ និងហិរញ្ញវត្ថុ

អ្នកជំនាញ៖ កម្រិតឥណទានមិនដំណើរការកើនឡើងនៅឆ្នាំ២០២១ តែអាចគ្រប់គ្រងបាន


វិស័យមួយចំនួន ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ នៅតែរឹងមាំធន់នឹងវិបត្តិ ដោយក្នុងនោះ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ ក៏ដូចជាទំហំឥណទាន និងប្រាក់បញ្ញើសុទ្ធតែមានកំណើនក្នុងអត្រាតួលេខពីរខ្ទង់ដូចៗគ្នា។ ទោះយ៉ាងណា ទំហំឥណទានមិនដំណើរការនៅក្នុងវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញនៅឆ្នាំ២០២១ គឺមានការកើនឡើងបន្ដិចក្នុងកម្រិតប្រហាក់ប្រហែលគ្នា ២,៤% កើនពី ២,១% កាលពីឆ្នាំ២០២០។ នេះបើតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា។
អ្នកជំនាញធនាគារនិង ហិរញ្ញវត្ថុព្រួយបារម្ភចំពោះសុខភាពវិស័យធនាគារនិងហិរញ្ញវត្ថុក្រោយផ្ទុះការរាលដាលឆ្លងខ្លាំងក្នុងសហគមន៍

បើ​ទោះបីជា កម្រិត​ឥណទាន​មិន​ដំណើរការ​កើនឡើង​ជាង​ឆ្នាំ​២០២០​បន្ដិច​ក៏​ដោយ ប៉ុន្ដែ អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អះអាង​ថា កម្រិត​ប៉ុណ្ណឹង គឺ​ស្ថិត​ក្នុង​ភាព​អាច​គ្រប់គ្រង​បាន ហើយ​បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​កម្ពុជា​ធ្វើ​បាន​ល្អ​ជាងគេ​ថែម​ទៀត​ផង​។

របាយការណ៍​ពី​ធនាគារជាតិ​បង្ហាញ​ថា នៅ​ឆ្នាំ​២០២១​នេះ វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​តែ​រក្សា​បាន​នូវ​មាន​ភាព​ធន់​ខ្លួន​នឹង​វិបត្តិ​កូ​វី​ដ​១៩​។ តួយ៉ាង ប្រាក់​បញ្ញើ​អតិថិជន​នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ មាន​ដល់​ទៅ ជាង​៣៨​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​១៥% និង​ដើមទុន​មាន​កំណើន​១៨% ដល់​ប្រមាណ ជាង​៧​ពាន់​លាន​ដុល្លារ​។ រីឯ ប្រាក់​កម្ចី ឬ​ឥណទាន​អតិថិជន​វិញ​មាន​ជិត ៤៦​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​២១%​។

ក៏​ប៉ុន្ដែ បើ​មើល​លើ​កម្រិត​ឥណទាន​មិន​ដំណើរការ មាន​ក្នុង​អត្រា ២,៤% ខណៈ​ដែល​កាលពី​ឆ្នាំ​២០២០​មាន ២,១% និង​ឆ្នាំ​២០១៩​មាន​ត្រឹមតែ ១,៨%​ប៉ុណ្ណោះ​។

នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ផល វ៉ា​ន់​ឌី យល់​ឃើញ​ថា កម្រិត​ឥណទាន​មិន​ដំណើរការ​២,៤% នៅ​ឆ្នាំ​២០២១​នេះ គឺជា​កម្រិត​មួយ​អាច​គ្រប់គ្រង​បាន ហើយ​បើ​ធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់ កម្ពុជា​ធ្វើ​បាន​ល្អ​ជាងគេ​ទៅ​ទៀត ដោយសារ​តែ​កន្លង​មក រាជរដ្ឋាភិបាល ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា មាន​គោលនយោបាយ​ត្រឹមត្រូវ ច្បាសលាស់ ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា​ដល់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ រួម​ទាំង​អ្នក​ប្រើប្រាស់​ផង​ដែរ នៅ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វី​ដ​១៩​។

អ្នកជំនួញ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លី ហួរ គ្រុប បាន​អះអាង​ថា បើ​ទោះបីជា ២​ឆ្នាំ​មកនេះ សេដ្ឋកិច្ច​ពិភពលោក រួម​ទាំង​កម្ពុជា​ជួប​ប្រឈម​នឹង​វិបត្តិ​កូ​វី​ដ​១៩​ក៏​ដោយ ប៉ុន្ដែ វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​តែ​បន្ដ​កំណើន​រឹង​មាំ និង​បាន​ចូលរួម​ជួយ​ស្ដារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស តាម​រយៈ​ការ​ផ្ដល់​ប្រាក់​កម្ចី​ជួយ​ដល់​អាជីវកម្ម និង​បុគ្គល ដែល​កំពុង​មាន​តម្រូវការ​ដើមទុន​សម្រាប់​គាំទ្រ​ប្រតិបត្តិ​អាជីវកម្ម​នានា​។

គួរ​បញ្ជាក់​ថា គិត​ចាប់ពី​ខែវិច្ឆិកា​ឆ្នាំ​២០២០ ដល់​ខែវិច្ឆិកា​ឆ្នាំ​២០២១ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នៅ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ មាន​ដល់​ទៅ​ជិត​៣៣​ម៉ឺន​គណនី ស្មើនឹង​ទំហំ​ទឹកប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​អះអាង ការ​រក្សា​បាន​នូវ​ភាព​ធន់​នៃ​វិស័យ​ធនាគារ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ ដែល​ជា​វិស័យ​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច វា​ក៏​បាន​ជួយ​គាំទ្រ​ដល់​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ផ្សេង​ទៀត​ឲ្យ​មានការ​រីក​ចម្រើន​ផង​ដែរ ស្រប​ពេល​ដែល​បច្ចុប្បន្ន ប្រទេស​កម្ពុជា​បាន​និង​កំពុង​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគ្គនាយក CSX ពន្យល់ពីហេតុផលធ្វើឲ្យ CSX បំណែកកំណត់ត្រាលើការជួញដូរភាគហ៊ុនក្នុងឆ្នាំ២០២១

ព័ត៌មាន
បើទោះបីជាស្ថិតក្នុងបរិបទកូវីដ១៩ ក៏ប៉ុន្តែ នៅឆ្នាំ២០២១ ទីផ្សារមូលបត្រកម្ពុជា នៅតែបន្តចុះបញ្ជីដល់ក្រុមហ៊ុនថ្មីៗ ជាបន្តបន្ទាប់ ថែមទាំងបានបំប…

ធនាគារពិភពលោកអនុម័តហិរញ្ញប្បទានជិត៧០លានដុល្លារ ដើម្បីជួយវិស័យអប់រំនៅកម្ពុជា

ព័ត៌មាន
ធនាគារពិភពលោក (World Bank) បានអនុម័តជំនួយហិរញ្ញប្បទានជិត ៧០លានដុល្លារ ដើម្បីជួយកម្ពុជា ក្នុងការធ្វើឱ្យកាន់តែប្រសើរនូវលទ្ធភាពប្រកបដោយសមធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ