ការនាំចេញដូងប្រេង

ការនាំចេញដូងប្រេងក្នុងឆ្នាំនេះធ្លាក់ចុះតិចតួច ប៉ុន្ដែតម្លៃនៅតែខ្ពស់


អ្នកវិនិយោគខាងដំណាំដូងប្រេង ដ៏ល្បីនៅកម្ពុជាឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី យល់ឃើញថា ការខ្សត់អ្នកដាំដុះ និងដើមដូងប្រេងមួយចំនួនផុតអាយុប្រមូលផល ជាកត្តាធ្វើឱ្យការនាំចេញដូងប្រេង ក្នុងឆ្នាំនេះថយចុះ។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា នៅរយៈពេល ១០ខែ ឆ្នាំ២០២១ ការនាំចេញដូងប្រេង ទៅកាន់ទីផ្សារអន្តរជាតិ មានត្រឹមតែជិត ៥ម៉ឺនតោន ប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលដូចគ្នា មានការថយចុះ ០,៤៨ភាគរយ។
មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី៖ ការនាំចេញដូងប្រេងក្នុងឆ្នាំនេះធ្លាក់ចុះតិចតួច ប៉ុន្ដែតម្លៃនៅតែខ្ពស់

ឯកឧត្តម​ឧកញ៉ា​បណ្ឌិត ម៉ុង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង​ឫ​ទ្ធី គ្រុប និង​ជា​អ្នក​វិនិយោគ​លើ​ដំណាំ​ដូងប្រេង ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌា ជា​គោលដៅ​ទីផ្សារ​សំខាន់​សម្រាប់​ដូងប្រេង និង​មួយ​ចំណែក​ទៀត គឺ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ ទោះបីជា មិន​បាន​បញ្ជាក់​ពី​តម្លៃ​ដូងប្រេង កាលពី​ឆ្នាំ​មុន ប៉ុន្ដែ​ឧកញ៉ា ម៉ុង ឫ​ទ្ធី បាន​បញ្ជាក់​ថា តម្លៃ​ដូងប្រេង នា​ឆ្នាំ​នេះ ហាក់​ប្រសើរ​ជាង​មុន ខណៈ​អំឡុង ខែតុលា ឆ្នាំ​២០២១ ដូងប្រេង មាន​តម្លៃ ១​ពាន់​ដុល្លារ ក្នុង​មួយ​តោន​។ បើ​ទោះជា​បែប​នេះ​ក្ដី បណ្ឌិត​កសិកម្ម​ចាស់វស្សា​រូប​នេះ មិន​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ ដូងប្រេង នោះ​ទេ​។

លោក​បណ្ឌិត ម៉ុង ឫ​ទ្ធី បាន​អះអាង ដូច្នេះ​ថា បើសិន​បើសិន​តម្លៃ​ដូងប្រេង​ឡើង​ខ្ពស់ ដូច​ឆ្នាំ​នេះ គួប​ផ្សំ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​ផ្ទៃដី​ធំ​ទូលាយ ផង​នោះ កសិករ​គួរ​ជ្រើសរើស​ដាំ​ដំណាំ​ដូងប្រេង​។ ប៉ុន្តែ សម្រាប់​លោក​បណ្ឌិត ម៉ុង ឬ​ទ្ធី មិន​មាន​ផែនការ​បន្ថែម​ដាំ​ដំណាំ​ដូងប្រេង នោះ​ទេ ដោយ​លោក​អះអាង​ថា មិន​មាន​ផ្ទៃដី​ទំនេរ​សម្រាប់​ដាំ​ដុះ ខណៈ​បច្ចុប្បន្ន លោក​បាន​ដាំ​ដុះ​ដូងប្រេង​លើ​ផ្ទៃដី ទំហំ​ជាង​១​ម៉ឺន​៦​ពាន់​ហិ​កតា ហើយ​ដូងប្រេង​ទាំងនោះ​សុទ្ធតែ​អាច​ប្រមូល​ផល​បាន​។ រយៈពេល ១០​ខែ ឆ្នាំ​២០២១ នេះ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី អាច​នាំ​ចេញ​ដូងប្រេង ប្រមាណ ៤​ម៉ឺន​១​ពាន់​តោន ខណៈ​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០ លោក​អាច​នាំ​ចេញ​ដូងប្រេង បាន​ជាង ៤​ម៉ឺន​៥​ពាន់​តោន​។ បើ​តាម​ការ​អះអាង​របស់​មហាសេដ្ឋី​កសិកម្ម ឧកញ៉ា ម៉ុង ឬ​ទ្ធី ដើម​ដូងប្រេង ដែល​មាន​អាយុ ២៥​ឆ្នាំ ចាប់ផ្ដើម​ថយ​ចុះ​ទិន្នផល ដែល​វា​ក៏​ជា​មូលហេតុ​មួយ ធ្វើ​ឱ្យ​ការ​នាំ​ចេញ​ដូងប្រេង ឆ្នាំ​នេះ ថយ​ចុះ​ដែរ​។

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ម៉ុង ឬ​ទ្ធី ដំណាំ​ដូងប្រេង មាន​ទីផ្សារ និង​តម្លៃ​សមរម្យ ពិតមែន ប៉ុន្ដែ សព្វថ្ងៃ នៅ​មិនសូវ​មាន​អ្នក​ដាំ​ដុះ​នោះ​ទេ ព្រោះ​ដំណាំ​ប្រភេទ​នេះ ទាមទារ​លក្ខខណ្ឌ​ច្រើន ដូច​ជា  កត្តា​ដី ទឹកភ្លៀង បច្ចេកទេស ហិរញ្ញវត្ថុ ជាដើម​។ បណ្ឌិត​កសិកម្ម​រូប​នេះ បាន​សង្កត់ធ្ងន់​ថា ដំណាំ​ដូងប្រេង ត្រូវការ​ផ្ទៃដី​ធំ និង​ចំណាយ​ច្រើន ដូច្នេះ ក៏​ទាមទារ​ឱ្យ​មានការ​គាំទ្រ​ពី​ស្ថា​ប័ណ្ណ​ផ្សេង​ៗ ជួយ​គាំទ្រ ទៅ​លើ​ផ្នែក​ហិរញ្ញប្បទាន​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ រយៈពេល​១០​ខែ ក្នុង​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ដូងប្រេង ជាង ៤​ម៉ឺន​៨​ពាន់​តោន ទៅ​កាន់​ទីផ្សារ​ប្រទេស​ឥណ្ឌា និង​ម៉ា​ឡេ​ស៊ី ដែល​មានការ​ថយ​ចុះ ០,៤៨​ភាគរយ បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។

ដូងប្រេង ត្រូវ​បាន​ចាត់ទុកជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​ជា​វត្ថុធាតុដើម​យ៉ាង​សំខាន់ សម្រាប់​ច្នៃ​ជា ចំណីអាហារ ថាមពល ឱសថ និង​គ្រឿងសម្អាង ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តម ស៊ុយ សែម៖ កម្ពុជា នឹងលែងបង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មទៀតហើយ!

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ប្តេជ្ញាឈប់បង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីៗបន្ថែមហើយ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ផ្សេងៗមកលើប…

តើតម្លៃអចលនទ្រព្យនៅខេត្តកោះកុង អាចនឹងឡើងថ្លៃទេ ក្រោយតារាសាគរក្លាយជាទីតាំងទទួលទេសចរវ៉ាក់សាំង?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ជឿជាក់ថា តម្លៃអចលនទ្រព្យនៅក្បែរតំបន់ទេសចរណ៍វិស្សមកាលតារាសាគរក្នុងខេត្តកោះកុង អាចនឹងមានការប្រែប្រួល ក្រោយរាជរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ