ធនាគារ​-ហិរញ្ញ​វត្ថុ

ឆមាស​ទី​១​ឆ្នាំនេះ មាន​ធនាគារដ៏​​ធំ​២​​ចូល​មក​កម្ពុជា។ តើ​​មក​ពី​ប្រទេស​ណា​ខ្លះ?


គិត​ត្រឹម​៦​ខែ​​ដើម​ឆ្នាំ​២០១៧​នេះ យ៉ាង​ហោច​ណាស់​មាន​ធនាគារ​លំដាប់​អន្តរជាតិ​ដ៏​ធំ​ចំនួន​ពីរ ដែល​គេ​ត្រូវ​ថា​គេ​ស្គាល់​ថា ជា​បង​ធំ​ផ្នែក​ហិរញ្ញវត្ថុ​នោះ បាន​ចូល​មក​ទីផ្សារ​កម្ពុជា។ ការ​មក​ដល់​នៃ​បង​ធំ​ផ្នែក​ហិរញ្ញ​វត្ថុ​ទាំង​នេះ ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ប៉ែក​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​និង​កំពុង​ឈរ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​នៅ​ទូទាំង​ពិភព​លោក ដែល​មាន​កំណើន​លូត​លាស់​ឆាប់​រហ័ស​បំផុត។
អគារធនាគារ Bred របស់​ប្រទេស​បារាំង​ដែល​ទើប​ចូល​មក​កម្ពុជា​នា​ដើម​ឆ្នាំ​២០១៧នេះ។ រូបភាព៖ ហេង ភារម្យ
ដោយ

វត្តមាន​របស់​ធនាគារ​លំដាប់​អន្តរជាតិ​ធំ​ចំនួន​ពីរ ដែល​បាន​ចូល​មក​ទីផ្សារ​កម្ពុជា​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា បាន​រំកិល​ដល់​ ៣៩​ធនាគារ​ហើយ គិត​មក​ទល់​ពេល​នេះ ខណៈ​ដែល​នៅ​កម្ពុជា​ធនាគារ​ភាគច្រើន​បំផុត​ប្រមាណ​៨០% ជា​ធនាគារ​បរទេស។ 

លើស​ពី​នេះ ធនាគារ​ទាំង​ពីរ​នេះ ត្រូវ​គេ​ដឹង​ថា បាន​​បោះទុន​រាប់​សិប​លាន​ដុល្លារ និង​ជា​ធនាគារ​ដែល​មាន​បណ្ដាញ​សាខា​របស់​ខ្លួន​នៅ​​ប្រទេស​ជាច្រើន​នៃ​ពិភព​លោក។ ធនាគារ​ទាំង​ពីរ​នេះ​រួម​មាន៖ 

១. ធនាគារ​ជប៉ុន Mizuho

ទីស្នាក់ការ​ធនាគារ Mizuho ជប៉ុន នៅ​លើ​អគារ Phnom Penh Tower កណ្ដាល​ទីក្រុង​ភ្នំពេញ។ (រូបភាព៖ ហេង ភារម្យ)

ខេមបូណូមីស ធ្លាប់​បាន​លើក​យក​ពី​វត្តមាន​របស់​ធនាគារ​ជប៉ុន មីហ៊្សូហូ (Mizuho) មក​បក​ស្រាយ​ម្ដង​រួច​ទៅ​ហើយ ដែល​ធនាគារ​ជប៉ុន​មួយ​នេះ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្គាល់​ថា ជា​បង​ធំ​ផ្នែក​ហិរញ្ញ​វត្ថុ​នាំមុខ​គេ​មួយ មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ជាង​៣០​ប្រទេស និង​មាន​សាខា​ចំនួន ៥៤៩​កន្លែង នៅ​ទូទាំង​ពិភព​លោក។ 

លោក តាកេស៊ិ ហ្វ៊ូគូអ៊ិ (Takeshi Fukui) អគ្គនាយក​ធនាគារ Mizuho សាខា​ប្រចាំ​កម្ពុជា ធ្លាប់​បាន​ប្រាប់​ឲ្យ ខេបូណូមីស ដឹង​ថា បង​ធំ​ទី​៣​ផ្នែក​ហិរញ្ញ​វត្ថុ​ប្រចាំ​ប្រទេស​ជប៉ុន​មួយ​នេះ បាន​វិនិយោគ​ទុន​ជាង ៥០​លាន​ដុល្លារ ដើម្បី​បើក​សាខា​នៅ​​កម្ពុជា។ 

លោក​បន្ថែម​ថា ធនាគារ​នេះ​ចូល​ខ្លួន​មក​ធ្វើការ​ផ្ដល់​កម្ចី​ខ្នាត​ធំ​សម្រាប់​ក្រុមហ៊ុន​ធំៗ​នៅ​កម្ពុជា មិន​មាន​ការ​ផ្ដល់​កម្ចី​សម្រាប់​បុគ្គល​ទូទៅ​ដែល​កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ អគ្គនាយក​ធនាគារ​មួយ​នេះ បាន​លើក​ឡើង​ថា ការ​បើក​សាខា​នៅ​កម្ពុជា​នេះ មិន​មាន​ការ​ចូលរួម​សហវិនិយោគ​ពី​ក្រុមហ៊ុន​ណា​មួយ​នោះ​ទេ ពោល​គឺ​ជា​ភាគហ៊ុន​១០០% របស់​ក្រុមហ៊ុន​មេ​របស់​ធនាគារ​នេះ​ផ្ទាល់​តែ​ម្ដង។

២. ធនាគារ​បារាំង Bred 

ធនាគារ Bred ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ធនាគារ​ដ៏​ធំ​ជាង​គេ​ទី២ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង បាន​បើក​សាខា​របស់​ខ្លួន​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។ មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​ផ្ដល់​កម្ចី​ដ៏​ធំ​ជាង​គេ​នៅ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ធនាគារ Bred ក៏​ត្រូវ​បាន​កាន់កាប់​ភាគ​ហ៊ុន​ប្រមាណ ៤,៨% ដោយ​សម្ព័ន្ធ​ធនាគារ​បារាំង (BCPE) ផងដែរ ដែល​មាន​បណ្ដាញ​ទំនាក់​ទំនង​ជាមួយ​ធនាគារ​ក្នុង​តំបន់​ប្រមាណ ៣៥​ធនាគារ។ 

មិន​តែ​ប៉ុណ្ណោះ ធនាគារ​បារាំង​មួយ​នេះ​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​ធនាគារ​កណ្ដាល​របស់​សហភាព​អឺរ៉ុប​ផង​ដែរ។ ដោយ​ឡែក ចំពោះ​ការ​បោះទុន​បើក​សាខា​នៅ​កម្ពុជា​របស់​ធនាគារ Bred មាន​ប្រមាណ​ជាង ៣០​លាន​ដុល្លារ ដោយ​មាន​ផ្ដល់​សេវា​ស្នូល​សំខាន់ៗ​ដូចជា ការ​ទទួល​បញ្ញើ ការ​ផ្ដល់​ឥណទាន​សម្រាប់​ពាណិជ្ជកម្ម និង​ធានា​រ៉ាប់រង និង​ការ​ផ្ដល់​នូវ​ដំណើរការ​ងាយ​ស្រួល​លើ​សេវា​ទូទាត់​ផ្សេងៗ​ជា​ច្រើន​ទៀត។ 

ដោយ​មើល​ឃើញ​ពី​សក្ដានុពល​របស់​កម្ពុជា ធនាគារ​នេះ​អះអាង​ថា ខ្លួន​គ្រោង​នឹង​អភិវឌ្ឍ​សាខា​បន្ថែម​ឲ្យ​បាន​១៥​សាខា​នៅ​ត្រឹម​រយៈពេល​៣​ឆ្នាំ​ដំបូង​នៃ​ការ​ចូល​មក​កម្ពុជា។ 

សូម​បញ្ជាក់​ដែរ​ថា យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ឆមាស​ទី១​ឆ្នាំ​នេះ ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​មាន ៣៩​ ធនាគារ​ឯកទេស​មាន​ចំនួន ១៥ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មាន ៧៣ (៧ គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ) ប្រតិបត្តិករ​ឥណទាន​ជនបទ​មាន ២៦៧ និង​ការិយាល័យ​តំណាង​ធនាគារ​បរទេស​មាន​៦។ 

ជាមួយ​គ្នា​នេះ បើ​គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ ទ្រព្យ​សកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ បាន​កើន​ឡើង ២១,៨% ស្មើ​នឹង​ទឹក​ប្រាក់​ ១២៦,៨ ទ្រីលាន​រៀល (ប្រមាណ ១៥០% នៃ ផសស ឬ​ផលិត​ផល​សរុប​ក្នុង​ស្រុក)។

​ប្រាក់​បញ្ញើ​កើន​ឡើង ២៣,៤% ស្មើនឹង​ទឹក​ប្រាក់ ៧០,៨ ទ្រីលាន​រៀល (ប្រមាណ ៧៦,៥% នៃ ផសស) និង​ឥណទាន​កើន​ឡើង ២០,៤% ស្មើ​នឹង​ទឹក​ប្រាក់ ៧៦,៥ ទ្រី​លាន​រៀល (ប្រមាណ ៨៣% នៃ ផសស)។ ទន្ទឹម​នឹង​នេះ ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​បាន​កើន​ដល់ ៤,៨​លាន​នាក់ និង​អ្នក​ខ្ចី​ប្រាក់​មាន​ចំនួន ២,៦​លាន​នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុ​ផល​ ៦យ៉ាង​ដែល​អ្នក​គួរ​ពិចារណា​ហោះហើរ​ជាមួយ អេមីរ៉ាត

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ាត ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​ថ្នាក់​ពិភពលោក ដែល​ហោះ​ត្រង់​មក​ភ្នំពេញ​ពី​ទ…

ចម្រើន​ព្រះជន្ម​ស្ដេច​ថៃ គេ​លែង​អណ្ដើក​​១០៦៦​ក្បាល។ តើ​មាន​អត្ថន័យ​ដូចម្ដេច?

ព័ត៌មាន
ថ្ងៃ​ទី​២៨ កក្កដា ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ​ប្រកាស​ជា​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ