Advertisement
Advertisement
ការវិនិយោគ​លើ​វិស័យទេសចរណ៍​

មជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សចំនួន២ បានបើកសម្ពោធ ចំពេលកូវីដ-១៩


បើទោះបីជាបញ្ហាមេរោគរាតត្បាតកូវីដ-១៩ បាននិងកំពុងបន្ដគំរាមកំហែងដល់សកម្មភាពសេដ្ឋកិច្ច និងវិស័យទេសចរណ៍របស់កម្ពុជាក៏ដោយ ប៉ុន្ដែ ថ្មីៗនេះ មានមជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សចំនួន២ហើយ នៅតែប្ដូរផ្ដាច់បើកសម្ពោធស្វាគមន៍ភ្ញៀវចូលលេងកម្សាន្ដ។
មជ្ឈមណ្ឌលកម្សាន្ដខ្នាតយក្សចំនួន២ បានបើកសម្ពោធ ចំពេលកូវីដ-១៩
ដោយ
Advertisement

មជ្ឈមណ្ឌល​កម្សាន្ដ​ដ៏ធំ លំដាប់​អន្តរជាតិ​ទាំងពីរនេះ មានទីទាំង​ស្ថិត​នៅក្នុង​តំបន់​ជាយ​រាជធានីភ្នំពេញ ហើយ​អ្វីដែល​ពិសេសនោះ ​គឺ​នៅថ្ងៃ​បើកសម្ពោធ​ ក៏មាន​វត្តមាន​ចូលរួម​ជាអធិបតី​ពីសំណាក់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ផងដែរ។

នាដើមខែតុលា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌល​កម្សាន្ដ​ដ៏ធំដំបូងគេ​មួយ​នៅកម្ពុជា​គឺ ព្រីនស៍​ ម៉ាណ័រ​ ដែល​មាន​ចម្ងាយ​ជាង ២០​គីឡូម៉ែត្រ ពីកណ្ដាល​រាជធានីភ្នំពេញ បាន​បើកសម្ពោធ​ជាផ្លូវការ។ មជ្ឈមណ្ឌល​កម្សាន្ដ​មួយនេះ គឺជា​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន ព្រីនស៍ ខលឈ័រ អេន ធូរីហ្សឹម ឌីវេឡុបម៉ិន  ដែលបាន​ចំណាយ​ដើម​ទុនវិនិយោគ ៨៥ លាន​ដុល្លារ គ្របដណ្ដប់​លើ​ផ្ទៃ​ដីទំហំ​ជាង​ ១៣ ហិកតា ជាមួយនឹង​ផ្ទៃបៃតង រហូតដល់ ៨៨%។ 

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មាន​កន្លែង​​កម្សាន្ត​ដូចជា ការកម្សាន្ត​បែប​ផ្សងព្រេង, កងវិល​កម្ពស់ ៨៨ម៉ែត្រ រួមជាមួយ​ពិភព​ទឹកកម្សាន្ត​ព្រីនស៍ ដែលមាន​ទំហំប្រមាណ ១ហិកតា ទីវាល​ប្រណាំង​ឡាន​ និងសួនរុក្ខជាតិ​អេកូឡូស៊ី​ជាដើម។

សម្តេចតេជោ ហ៊ុន សែន ដែលបាន​ចូលរួម​ក្នុងពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ព្រីនស៍ ម៉ាណ័រ នៅស្រុក​កៀន​ស្វាយ ខេត្តកណ្តាលនេះ បាន​បញ្ជាក់ថា នេះជាមោទនភាព​មួយ ដែល​កម្ពុជា​មាន​កន្លែង​កម្សាន្ត បែប​ទេសចរណ៍​អន្តរជាតិនេះ ដោយ​ក្រុមហ៊ុន​បាន​ចំណាយ​ទុន​វិនិយោគ​ចំនួន​ប្រមាណ ៨៥លានដុល្លារ ហើយ​នេះគឺជា​ទុន​វិនិយោគ​ដ៏ធំមួយ​ក្នុង​ប្រទេស​កម្ពុជា ជាមជ្ឍមណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ ប្រកប​ដោយ​ភាពទាក់ទាញ​ នៃទិសខាង​កើតនៃ​ទីក្រុង​ភ្នំពេញ។

ដោយឡែក មជ្ឈមណ្ឌល​កម្សាន្ដ​ដ៏ធំមួយទៀត​នោះ គឺ​សួនទឹក​កម្សាន្ដ ហ្គាឌិន ស៊ីធី វ៉តធើផាក ដែលជា​សួនទឹក​កម្សាន្ដ​ធំជាងគេ​បំផុត​នៅអាស៊ាន។ សួនទឹកមួយនេះ ត្រូវបាន​បើកសម្ពោធ​កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​របស់​សម្តេច ហ៊ុន សែន ដែលមាន​ទីតាំង​ចម្ងាយ​១៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

សួនទឹកកម្សាន្ដ​ខ្នាតយក្ស​មួយនេះ ត្រូវបាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន L.Y.P Group​របស់​អ្នកឧកញ៉ា​ លី យ៉ុងផាត់ ដោយមាន​ដើមទុន​ចុះបញ្ជី​ក្នុង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ប្រមាណ ៥៥ លាន​ដុល្លារ។ សួនទឹក​ហ្គាឌិនស៊ីធី​វ៉តធើផាក​នេះ ដែល​ត្រូវ​បាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី ជិត​៧ហិកតា នៅតំបន់​ភាគខាងជើង រាជធានី​ភ្នំពេញ ពោលគឺ ស្ថិតនៅលើ​ទឹកដី​ទីក្រុងរណប​អ្នកឧកញ៉ា លី យ៉ុងផាត់ ក្បែរ​នឹង​សួនសត្វ​ភ្នំពេញ​ សាហ្វារី (ក្បែរ​ស្ពាន​ព្រែកព្នៅ)។

លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធាន​គ្រប់គ្រង​គម្រោង​សាងសង់សួន​ទឹក ហ្គាដិន​ស៊ីធី វ៉តធើផាក​ ធ្លាប់បាន​លើកឡើងថា​ លក្ខណៈពិសេស​របស់​សួន​ទឹកកម្សាន្ត​ដ៏ធំដំបូង​គេបង្អស់​នៅកម្ពុជា​នេះ មានកន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ដែលទឹករលក​កម្ពស់​៣ម៉ែត្រកន្លះ ទឹកជ្រោះ​ធ្លាក់លើ​ភ្នំសិប្បនិម្មិ​តដ៏ស្រស់ស្អាត កន្លែង​រំអិល​ទឹកខ្ពស់ ទឹករាំ​តាមចង្វាក់​ភ្លេង កន្លែង​ក្មេងលេង​ជាច្រើន ទោង រំអិល​ដ៏ធំបំផុត មាន ស្ទីមកម្តៅ ដ៏ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​ និងកន្លែងសំខាន់ៗផ្សេងទៀត។

ការបើក​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ដ​ខ្នាតយក្ស​ទាំងពីរនេះ ត្រូវបាន​គេមើលឃើញថា គឺធ្វើឡើង​នៅចំ​ពេល​ដែល​បញ្ហា​កូវីដ-១៩ នៅ​មិនទាន់​ផុតរលត់​ពី​កម្ពុជា​នៅឡើយទេ។ ទោះយ៉ាងណា សម្តេច​ហ៊ុន សែន​​បានមាន​ប្រសាសន៍​ថា »បច្ចុប្បន្ននេះ ជំងឺ​កូវីដ-១៩ បាន​បង្កនូវផល​ប៉ះពាល់​ដល់​យើងមែន តែកូវីដ-១៩មិន​អាច​រារាំង​ដល់​ការអភិវឌ្ឍ​យើង និងសម្លាប់​យើង​បាននោះទេ»។ សម្តេច​បន្តថា «វិស័យ​ទេសចរណ៍ ក្នុង​វិបត្តិកូវីដនេះ គឺភ្ញៀវទេសចរ​មិន​អាចចេញ​ទៅកម្សាន្ត​នៅក្រៅ​ប្រទេស​នោះទេ ដូច្នេះហើយ​ជាឱកាស​ដែលឲ្យ​ពួកគាត់​បានដើរ​កម្សាន្ត​ក្នុងតំបន់​ទេសចរណ៍​ក្នុងស្រុក ដែលជា​ការផ្តល់​ចំណូល​ក្នុង​វិស័យនេះ»។

សម្តេច​បានមាន​ប្រសាសន៍​លើក​ឡើងថា គ្រាន់តែថ្ងៃ​ឈប់​សម្រាក​សង​បុណ្យចូល​ឆ្នាំ ៩ថ្ងៃ មានភ្ញៀវ​ទេសចរ​ដើរលេង​ក្នុង​ស្រុក​ប្រមាណ១លាន​៦សែននាក់ ទៅតាម​កន្លែង​ទេសចរណ៍​សំខាន់ៗ។ រាជរដ្ឋាភិបាល​កំពុងជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​បាន​ច្រើន ជាពិសេស​ត្រូវខិតខំ​បង្កើត​តំបន់​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​កំណើន​សេដ្ឋកិច្ច​នាពេល​ខាងមុខ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ជុំវិញ​ការសង់ផ្លូវ​ល្បឿនលឿន​"គ្មានគុណភាព"

ព័ត៌មាន
អាជ្ញាធរ​វៀតណាម​បាន​ចាប់ខ្លួន​​អគ្គនាយករង​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវល្បឿន​លឿន​វៀតណាម ដែល​ជាក្រុមហ៊ុនគ្រប់គ្រង​ដោយរដ្ឋ កាលពីថ្ងៃសុក្រន...

រថភ្លើង​បុក​ឡានក្រុង​ដឹកអ្នកហែ​កឋិន​នៅថៃ ស្លាប់មនុស្ស ២០នាក់

ព័ត៌មាន
មនុស្ស​ ២០នាក់បានស្លាប់បាត់បង់ជីវិត និង​ប្រហែល ៣០នាក់ទៀត បានរងរបួស​ នៅថ្ងៃអាទិត្យនេះ នៅពេល​ដែល​រថយន្តក្រុង​មួយ​បានបុកគ្នា​នឹង​រថភ្ល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ