ធ្វើបច្ចុប្បន្នភាព​ចុងក្រោយ​ម៉ោង ៩៖៤៣ នាទីយប់ ថ្ងៃទី ២១កុម្ភៈ ២០២១

ការវិវត្តថ្មី​ចុងក្រោយនៃ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» គិតត្រឹមយប់ថ្ងៃទី ២១ ខែកុម្ភៈ


តាំងពីមានផ្ទុះករណីឆ្លង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈអ្នកឆ្លងកូវីដ-១៩ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ មានដល់ទៅ ៤៧នាក់ហើយ គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ ខណៈដែលការរកឃើញករណីនាំចូលក៏មានការកើនឡើងជាបន្ដបន្ទាប់ដែរ ដែលវាបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់៥៣៣នាក់ហើយ។
ការវិវត្តចុងក្រោយនៃ«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» គិតត្រឹមយប់ថ្ងៃទី ២១ ខែកុម្ភៈ

តើព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ បានជះឥទ្ធិពល​អាក្រក់អ្វីខ្លះ?

ក្រោយពី​មានការ​ផ្ទុះករណីឆ្លង​ចូលសហគមន៍២០កុម្ភៈ ដែល​ជាករណីឆ្លង​ចូល​សហគមន៍​លើកទី៣នោះ គេសង្កេតឃើញ មានព្រឹត្តិការណ៍​ជាច្រើនបាន​កើតឡើង។ ក្រៅតែពីបិទក្លឹបអិន៨ និងបើក​ការស្រាវជ្រាវ​រកអ្នកពាក់ព័ន្ធ​ហើយនោះ នៅថ្ងៃទី២១កុម្ភៈ អាជ្ញាធរ​ក៏បាន​បន្ដ​ផ្អាក​អាជីវកម្ម​ភោជនីយដ្ឋាន​មួយកន្លែងឈ្មោះ ឡូហ្សិន២ នៅក្រុងតាខ្មៅ ដែលជាទីតាំង​ពាក់ព័ន្ធ​ទៅនឹងព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈដែរ ហើយ​ក៏បាន​យកសំណាកមនុស្ស​ចំនួន​៧៦នាក់នាក់ ទៅពិនិត្យ​ និងដាក់ឲ្យពួកគេ​ធ្វើចត្តាឡីស័ក ហើយអាជ្ញាធរ​ក៏នៅតែបន្ដ​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្សេងទៀតដែរ។

ឆ្លងតបទៅនឹង​ការទប់ស្កាត់​ការរីករាលដាល​នៃករីណឆ្លង​ចូលសហគមន៍ ២០កុម្ភៈ ក្នុងថ្ងៃទី ២១ ខែកុម្ភៈដដែល ក្រសួងទេសចរណ៍ ក៏បាន​សម្រេ​បន្ដពង្រឹងវិធានការ​ដោយបាន​បិទផ្អាក​អាជីវកម្ម​KTV ក្លឹបកម្សាន្ដ (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់មាន​ការជូនដំណឹងជាថ្មី។

ក្រសួង​អប់រំ នៅថ្ងៃទី ២១ ខែកុម្ភៈ បាន​សម្រេច​ផ្អាកដំណើរការ​បណ្ដោះអាសន្ន វិទ្យាល័យ​សម្តេច ហ៊ុន សែន​ភ្នំពេញថ្មី និងសាលា​អន្តរជាតិ អេស អាយ អេស សាខា​ឡាក់គីស្ដារ ហើយក្រសួង​ក៏បាន​ស្នើឲ្យ​បុគ្គលិក​អប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់​ រួមទាំងកម្មករ និងអ្នកលក់ដូរ​នៃគ្រឹះស្ថាន​សិក្សា​ទាំងពីរ​ខាងលើ ដែលពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ អញ្ញើញ​មកសាលា​នៅថ្ងៃទី ២២ ខែកុម្ភៈ វេលាម៉ោង​៩ព្រឹក ដើម្បី​ឲ្យ​មន្ត្រី​សុខាភិបាល​យកសំណាក ទៅពិនិត្យរកមេរោគកូវីដ-១៩។

នៅថ្ងៃទី ២០កុម្ភៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បាន​បង្កើតឲ្យមាន​ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ-១៩ ដែល​សាធារណជន​ចាំបាច់​ត្រូវស្កេន QR Code នៅពេល​ធ្វើដំណើរ​ចេញ-ចូល​ទីទាំង សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ដ អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន​ រោងចក្រ សហគ្រាសជាដើម ដែលមាន​មនុស្សចេញចូល​ច្រើន។ ប្រព័ន្ធនេះ នឹងកត់ត្រា​ទុក​ទីតាំង​របស់បុគ្គល​ដែលបាន​ចេញចូល និងភាពងាយស្រួល​ក្នុងការ​ស្វែងរក​អ្នកដែលជាប់ពាក់ព័ន្ធ​ ឬប៉ះពាល់ ប្រសិនបើ​ទីតាំងនោះ មានរកឃើញករណីវិជ្ជមាន​កូវីដ-១៩។

ចំពេលដែល​មានការផ្ទុះរាលដាល​ជាសហគមន៍​ជាលើកទី៣ ក្រសួងសុខាភិបាល​ក៏កំពុង​ដុតដៃដុតជើង​ក្នុងការ​ចាក់វ៉ាក់សាំងកូវីដ-១៩ របស់​ចិន Sinopharm ជូនដល់​អ្នកជួរមុខ​ពិសេស​ខាង​កងកម្លាំងប្រដាប់អាវុធ។ តួយ៉ាង នៅថ្ងៃ​ចន្ទ ទី២២ កុម្ភៈ ក្រសួងសុខាភិបាល​នឹង​បន្ដ​មានកម្មវិធី​ចាក់វ៉ាក់សាំង​នៅក្នុងរាជធានី-ខេត្ត​ចំនួន​១០​ ដោយឈរលើ​គោលការណ៍ស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ខែកុម្ភៈ កម្ពុជា​បានរកឃើញ​អ្នកឆ្លងកូវីដ-១៩ តាមតួលេខ​ផ្លូវការ​ពីក្រសួង​សុខាភិបាល សរុប​មានដល់ទៅ ៥៣៣នាក់ អ្នកជាសះស្បើយ​មាន​៤៧៣ នាក់ និងអ្នកកំពុង​ព្យាបាល​មាន​ ៦០នាក់។

ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល បន្ដអំពាវនាវឲ្យ​ប្រជាពលរដ្ឋទាំងអស់​ចូលរួម​អនុវត្ត​វិធានការការពារមួយចំនួន​ដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


​ម៉ាស៊ីន VTM ថ្មីរបស់ អេស៊ីលីដា អាចឲ្យ​អ្នក​​បើកគណនី​និង​បោះពុម្ព​បណ្ណ​បាន​ភ្លាមៗ

ព័ត៌មាន
ជា​ការអភិវឌ្ឍ​ផ្នែកធនាគារ​ឌីជីថល​របស់ខ្លួន ធនាគារ​​ អេស៊ីលីដា បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​ម៉ាស៊ីន​ VTM (Virtual Teller Machine) ឬ​ហ…

សាលាចំនួន២ ត្រូវបានផ្អាកក្រោយរកឃើញថា ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍២០កុម្ភៈ

ព័ត៌មាន
សាលាចំនួនពីរ រួមមាន​វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលា​អន្តរជាតិ អេស អាយ អេស សាខា​ឡាក់គីស្ដារ ត្រូវបានក្រសួងអប់រំប្រកាសផ្អាកដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ