ពលករ​ខ្មែរ​នៅ​ក្រៅប្រទេស​

ឆ្នាំ​២០១៩ ពលករ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើតជាង ១,៥​ពាន់​លាន​ដុល្លារអាមេរិក


ប្រជាពលរដ្ឋ​ខ្មែរ​ដែលធ្វើការនៅក្រៅ​ប្រទេស បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ស្រុក​កំណើត​វិញបាន​ចំនួន ១.៥១៧​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៩ កើន​ឡើង​ជិត ៦% បើធៀប​នឹង​ប្រាក់​ផ្ញើ​មក​ស្រុក​កំណើត​កាលពីឆ្នាំ​២០១៨ ដែលមាន​ត្រឹម ១.៤៣៣​លានដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក ចេញផ្សាយ​កាលពីពេលថ្មីៗនេះ។
ឆ្នាំ​២០១៩ ពលករ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើតជាង ១,៥​ពាន់​លាន​ដុល្លារអាមេរិក។ រូបតំណាង
ដោយ

ចំនួន​ទឹក​ប្រាក់​ផ្ញើ​មកពីក្រៅ​ប្រទេស​ពីសំណាក់​ពលករ​ខ្មែរ​ចំណាកស្រុក សម្រាប់ឆ្នាំ​២០១៩ គឺ​ស្មើ​នឹង ៥,៦% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​កម្ពុជានៅក្នុង​ឆ្នាំ​២០១៩។ 

បើ​គិត​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ១០ប្រទេស (ក្នុងនេះ ពីរប្រទេស​ពុំមានទិន្នន័យទេ គឺ ប្រ៊ុយណេ និងសិង្ហ​បុរី) ប្រទេស​កម្ពុជា​​ឈរ​នៅលេខ​រៀងទី៧ ជាប្រទេស​ដែលទទួល​ប្រាក់​ផ្ញើមកពីក្រៅ​ប្រទេស​ពីសំណាក់​ពលករ​ចំណាកស្រុក​ច្រើនជាងគេ ពោលគឺ​នៅ​លើ​តែ​ប្រទេស​ឡាវ​មួយគត់ ដោយ​ប្រទេស​ឡាវ​ទទួលបាន​ប្រាក់​ផ្ញើ​មកពីក្រៅ ត្រឹមតែ ២៥៤លានដុល្លារ​អាមេរិក​ប៉ុណ្ណោះ នៅឆ្នាំ​២០១៩។

ប្រទេស​ហ្វ៊ីលីពីន​ ឈរនៅ​លេខ​រៀង​លើ​គេ​បំផុត ក្នុង​ប្លុក​អាស៊ាន ដោយទទួល​បាន​ប្រាក់​ផ្ញើ​ពី​ក្រៅប្រទេស​មកច្រើនជាង​គេ​បំផុត ក្នុង​ឆ្នាំ​២០១៩ គឺជាង ៣៥ពាន់​លានដុល្លារអាមេរិក; វៀតណាម​នៅ​លេខ​រៀង​ទី២ ទទួល​បាន​ប្រាក់​ផ្ញើ​ពី​ក្រៅប្រទេស​ចំនួន ១៦.៦៧៩លានដុល្លារអាមេរិក; ឥណ្ឌូនេស៊ី នៅលេខ​រៀងទី៣ (១១.៦៧៩លានដុល្លារអាមេរិក; ថៃ នៅលេខ​រៀង​ទី៤ (៧.០៣៨លានដុល្លារអាមេរិក); មីយ៉ាន់ម៉ា នៅលេខរៀងទី៥ (៣.០៣៥​លានដុល្លារអាមេរិក); ម៉ាឡេស៊ី​នៅលេខ​រៀង​ទី៦ (១.៧២១​លានដុល្លារអាមេរិក)។ ដោយ​ឡែកប្រទេសសិង្ហបុរី និង​ប្រ៊ុយណេ ពុំមានទិន្នន័យទេ។

ធនាគារពិភពលោក​ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២០ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ដោយ​ព្យាករ​ថា ប្រាក់​ផ្ញើ​ចេញ​របស់​ពលករ​ចំណាក​ស្រុក​នឹង​ធ្លាក់​ចុះ​ខ្លាំង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នៅឆ្នាំ​២០២០នេះ។ 

ការផ្ញើ​ប្រាក់​ចេញ​នៅទូទាំង​សាកលលោក ត្រូវ​បាន​រំពឹងទុក​ថា នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ប្រមាណជា ២០​ភាគរយ នៅក្នុង​ឆ្នាំ២០២០នេះ ដោយសារតែ​វិបត្តិ​បណ្តាល​មកពី​ការរាលដាល​ជំងឺ​កូវីដ​១៩ និងការបិទសកម្មភាព​សេដ្ឋកិច្ច​សឹងតែ​គ្រប់​ផ្នែក​ទាំងអស់។

មូលហេតុនាំឱ្យមានការធ្លាក់ចុះ ក្នុង​សភាព​យ៉ាង​គំហុក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​កន្លង​ទៅ​នេះ គឺ មួយភាគ​ធំ​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រាក់​បៀវត្សរ៍ និង​ការងារ​របស់​ពលករ​ចំណាក​ស្រុក ដែល​សុទ្ធតែ​ជា​ក្រុម​មនុស្ស​ងាយ​បាត់បង់​ការងារ​និង​ប្រាក់​បៀវត្សរ៍​មុនគេ នៅក្នុង​បណ្តា​ប្រទេស​ដែល​ពួកគេ​កំពុង​ធ្វើការ កាលណា​មាន​វិបត្តិ​សេដ្ឋកិច្ច​កើតឡើង។ 

លំហូរ​ការ​ផ្ញើប្រាក់​ចេញ​ទៅកាន់​ប្រទេស​មាន​ចំណូល​ទាប​និងមធ្យម (LMICs) ត្រូវបាន​ព្យាករ​ទុក​ថា នឹង​ស្រុត​ចុះ​ប្រហែល ១៩,៧ភាគរយ គឺ​សមមូល​ទៅនឹង ៤៤៥​ប៊ីលាន​ដុល្លារ​អាមេរិក ដែល​ជាការបាត់បង់​នូវ​ប្រភព​ហិរញ្ញវត្ថុ​ចិញ្ចឹម​ជីវិត​ដ៏​សំខាន់​មួយ​សម្រាប់​គ្រួសារ​ងាយរងគ្រោះ៕  




អត្ថបទបន្ទាប់


ក្រសួងការងារ សម្រេចឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាផ្អាកបង់ភាគទានទៅប.ស.ស រយៈពេល៦ខែ

ព័ត៌មាន
បន្ទាប់ពីសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសុំផ្អាកបង់ភាគទានទៅបេឡាជាតិរបបសន្តិសុខសង្គម…

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ស្វាគមន៍ចំពោះសំណើថ្មីរបស់ធនាគារជាតិ ទាក់ទងនឹងបញ្ហាកូនបំណុល

ព័ត៌មាន
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានស្វាគមន៍ចំពោះសំណើរបស់ធនាគារជាតិ នៃកម្ពុជា ដែលបានស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ