កម្ចី​កសិកម្ម

កម្ចី​កសិកម្ម​កើន​ដល់​២៥០០​លាន​ដុល្លារ! តែ​មិន​ច្បាស់​ថា ពិត​ជា​ខ្ចី​ធ្វើ​កសិកម្ម ឬ​យ៉ាង​ណា?


មន្ត្រី​ជាន់​ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ថា គិត​មក​ទល់​ខែ​សីហា​នេះ ការ​ផ្ដល់​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ពី​សំណាក់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​២៥០០​លាន​ដុល្លារ​អាមេរិក ប៉ុន្ដែ ប្រព័ន្ធ​របាយការណ៍​អំពី​ប្រភេទ​នៃ​ការ​ផ្ដល់​ឥណទាន​ជាក់​លាក់​ក្នុង​វិស័យ​នេះ ហាក់​បី​ដូច​ជា​នៅ​មាន​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ។
របាយការណ៍​បង្ហាញថា កសិករ​ជាច្រើន​ខ្ចី​បុល​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ខណៈ​ដែល​បញ្ហា​កសិផល​មិន​បាន​ថ្លៃ​ខ្ពស់​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការលំបាក​ជីវភាព។
ដោយ

ស្រពិច​ស្រពិល គឺ​ដោយសារ​កន្លង​មក ធនាគារ​ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិន​បាន​បែងចែក​ឲ្យ​បាន​ច្បាស់​លាស់​ពី​ប្រភេទ​ឥណទាន​កសិកម្ម​ទាំង​នោះ ថា​តើ​ជា​ប្រភេទ​ឥណទាន​សម្រាប់​ស្រូវ​អង្ករ កៅស៊ូ ឬ​ដំណាំ​ផ្សេងៗ​ទៀត​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

លោក​បណ្ឌិត អ៊ិន ចាន់នី នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​លើក​ឡើង​ដែរ​ថា ខាង​ធនាគារ​ជាតិ​ក៏​ដូចជា​រាជ​រដ្ឋាភិបាល​គួរ​តែ​សើ​រើ និង​ពិនិត្យ​ឡើង​វិញ​ពី​ប្រព័ន្ធ​របាយការណ៍​នៃ​ប្រភេទ​ឥណទាន​លើ​វិស័យ​កសិកម្ម ពី​​សំណាក់​​​ធនាគារ ក៏​​ដូចជា​​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ ដើម្បី​​ធ្វើ​​យ៉ាង​​ណា​ជំរុញ​ឲ្យ​មាន​តម្លាភាព​លើ​ការ​ផ្ដល់​ឥណទាន​ចំពោះ​មុខ​កសិផល​នីមួយៗ ពោលគឺ​ធ្វើ​ឲ្យ​បាន​ដឹង​ច្បាស់​ថា តើ​វិស័យ​ស្រូវ​អង្ករ មាន​តម្រូវការ​ទុន​ចំនួន​ប៉ុណ្ណា? កៅស៊ូ​មាន​តម្រូវការ​ប្រភព​ទុន​ប៉ុន​ណា? ពោត​ត្រូវការ​ទុន​ប៉ុនណា? នោះ​ទើប​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​អាច​ផ្ដល់​នូវ​ប្រភព​ទុន​កម្ចី​បាន​ត្រឹម​ត្រូវ​តាម​តម្រូវការ​ជាក់​ស្ដែង។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី លោក​ជំទាវ នាវ ច័ន្ទថាណា អគ្គទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ឡើង​ថា តម្រូវការ​ឥណទាន​លើ​វិស័យ​កសិកម្ម​ហាក់​មាន​ការ​រីក​លូត​លាស់​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​គិត​មក​ទល់​ពេល​នេះ គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ បាន​ផ្ដល់​ឥណទាន​លើ​វិស័យ​កសិកម្ម​ទាំង​មូល​មាន​ជាង ២៥០០​លាន​ដុល្លារ​ហើយ ដែល​ក្នុង​នោះឥណទាន​ដែល​ផ្ដល់​ដោយ​ធនាគារ​ពាណិជ្ជ​មាន​ប្រមាណ ១៥០០​លាន​ដុល្លារ ខណៈ​ដែល​ឥណទាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មាន​ប្រមាណ​១០០០​លាន​ដុល្លារ។ 

យ៉ាង​ណា​ក៏​ដោយ ទំហំ​ឥណទាន​កសិកម្ម​នេះ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ប្រភេទ​ឥណទាន​សម្រាប់​យក​ទៅ​ប្រើប្រាស់​លើ​ប្រភេទ​កសិផល​ណា​មួយ​ឲ្យ​បាន​ជាក់​លាក់​នោះ​ទេ។

លោក​ជំទាវ​បន្ត​ថា កន្លង​មក​ខាង​ធនាគារ​ជាតិ​ក៏​បាន​ចេញ​ប្រកាស​ពី​ការ​ផ្ដល់​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​នេះ​ផង​ដែរ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ផ្ដល់​កម្ចី​ពី​សំណាក់​​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ដោយ​ពឹង​ផ្អែក​លើ​ស្ថានភាព​លំហូរ​សាច់​ប្រាក់​ជាក់​ស្ដែង​របស់​អ្នក​ខ្ចី​ប្រាក់ ជា​ជាង​ការ​ជ្រើស​យក​តែ​ទ្រព្យ​បញ្ចាំ ដែល​ជា​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​តែ​មួយ​មុខ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​សង្កត់​ធ្ងន់​ដែរ​ថា ការ​ផ្ដល់​ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​នេះ ក៏​ជា​រឿង​មួយ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ផង​ដែរ ព្រោះ​ថា រាជ​រដ្ឋាភិបាល​ក៏​ចង់​ដឹង​ឲ្យ​បាន​ច្បាស់​លាស់​ដែរ​ថា តើ​កសិករ ឬ​អ្នក​ទទួល​ឥណទាន​កសិកម្ម​ទាំង​នោះ យក​ប្រាក់​ដែល​ខ្ចី​ទៅ​ប្រើ​ប្រាស់​លើ​ប្រភេទ​កសិផល​អ្វី​ខ្លះ? ឬ​ក៏​គ្រាន់​តែ​ខ្ចី​យក​ទៅ​ទិញ​ដី ឬ​ទិញ​សម្ភារៈ​លម្អ​ប្រើ​ប្រាស់? 

ឯកឧត្តម​បន្ត​ថា នៅ​ពេល​ដែល​មាន​របាយការណ៍​ជាក់​លាក់​បង្ហាញ​ពី​ប្រភេទ​ឥណទាន​កសិកម្ម​នេះ នោះ​វា​ជួយ​តម្រង់​ទិស​លើ​ការ​ប្រើប្រាស់​កម្ចី​របស់​កសិករ​ឲ្យ​មាន​ប្រសិទ្ធភាព​កាន់​តែ​ប្រសើរ​ឡើង និង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ផ្ដល់​កម្ចី​ផង​ដែរ។

គួរ​ជម្រាប​ដែរថា សម្រាប់​ការ​ផ្ដល់​ឥណទាន​លើ​វិស័យ​កសិកម្ម​ពី​ធនាគារ​ពាណិជ្ជ​នា​ពេល​បច្ចុប្ប​នេះ មាន​​ពីរ​អត្រា​កា​​រប្រាក់ គឺ​​ចន្លោះ​ពី​​ជាង​ ៧% ​ទៅ​​ជាង ៨% ក្នុង​មួយ​ឆ្នាំ ខណៈ​ដែល​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​ជន​បទ មាន​ក្រោម ៧% ក្នុង​មួយ​ឆ្នាំ។ 

ដោយ​ឡែក បើ​តាម​របាយការណ៍​ប្រចាំ​ឆមាស​២០១៧ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ឥណទាន​សម្រាប់​វិស័យ​កសិកម្ម​ដែល​ផ្ដល់​ដោយ​គ្រឹះស្ថាន​ធនាគារ​មាន​ប្រមាណ​១០% នៃ​វិស័យ​ផ្សេង​ទៀត ពោល​គឺ​ឈរ​លើ​លំដាប់​ទី​៣ បន្ទាប់​ពី​វិស័យ​ជួញ​ដូរ​រាយ មាន ១៧% និង​វិស័យ​ជួញដូរ​ដុំ​មាន ១៤%។ ចំណែកឯ​ឥណទាន​កសិកម្ម​ដែល​ផ្ដល់​ដោយ​គ្រឹះស្ថានមីក្រូ​ហិរញ្ញ​វត្ថុ មាន​រហូត​ដល់ ២៩% ឈរ​នៅ​លំដាប់​ទីពីរ​បន្ទាប់​ពី​ឥណទាន​សម្រាប់​ក្រុម​គ្រួសារ​មាន ៣២%៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គន្លឹះ​​បី​ចំណុច​របស់​លោក Richard Branson សម្រាប់​ការ​ផ្តោត​អារម្មណ៍​ដើម្បី​ភាព​ជោគជ័យ

ព័ត៌មាន
តើ​អ្នក​មាន​បញ្ហា​ពិបាក​ផ្ដោត​អារម្មណ៍​ធ្វើការមែនទេ? បើ​មែន​នោះ អ្នក​គួរអាន​អត្ថបទ​នេះ និង​អនុវត្ត​តាមការណែនាំ​របស់​មហាសេដ្ឋី​អាមេរិក…

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​«កម្មវិធី​ប្រកួត​បវរ​កញ្ញា​ពិភព​លោក ២០១៧» នៅ​ខែ​វិច្ឆិកា​នេះ

ព័ត៌មាន
នេះ​ជា​ព្រឹត្តិការណ៍​ដ៏​​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា... គឺ​ការ​ប្រកួតបវរកញ្ញាពិភពលោក Miss Global ២០១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ