ព្រំដែន​កម្ពុជា-វៀតណាម

រយៈពេលជិត ៤០ម៉ោង ទំនិញ​ជាង​៥០០​កុងតឺន័រ បាន​ជាប់គាំង​នៅ​តាម​ព្រំដែន​កម្ពុជា​-វៀតណាម


សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​អះអាង​ប្រាប់ ខេមបូណូមីស ថា យ៉ាង​ហោច​ណាស់ ក្នុង​រយៈពេល​ជិត ៤០​ម៉ោង មាន​ទំនិញ​ប្រមាណ​ជាង ៥០០​កុងតឺន័រ បាន​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-​វៀតណាម បាវិត-ម៉ុកប៉ៃ ក្រោយ​ពី​អាជ្ញាធរ​វៀតណាម​បាន​រឹតត្បិត​ខាង​ច្រក​ព្រំដែន​របស់​ខ្លួន ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០២០។ ទោះយ៉ាងណា ក្រោយពី​មាន​កិច្ចប្រជុំ​រវាង​តំណាង​អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ នៅថ្ងៃទី​១៩ ខែមីនា កុងតឺន័រ​ដឹក​ទំនិញ​ទាំងនោះ បាន​ចរាចរ​ចេញ​ចូល​ឡើង​វិញ​ហើយ តាំងពី​ល្ងាច​ម្សិលមិញ​នេះ។
រូបភាព​ឯកសារ​នៃ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម នៅបាវិត ខេត្ត​ស្វាយរៀង។

នៅថ្ងៃទី​១៩ ខែមីនា ខាង​អាជ្ញាធរ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម គុណ ញឹម ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង រួមជាមួយ​នឹង​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​ប្រតិភូ​ភាគី​វៀតណាម ដើម្បី​ស្វែងរក​ដំណោះស្រាយ​សម្រួល​ដល់​ការនាំ​ចេញ​នាំចូល​ទំនិញ​តាម​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម​ឡើង​វិញ។

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កិច្ចប្រជុំ​ទ្វេភាគី​នេះ បាន​ឯកភាព​គ្នា សម្រេច​អនុវត្ត​ដំណោះស្រាយ​ចំពោះ​មុខ ចំនួន ០៤ ចំណុច រួមមាន៖

  1. ទី១, អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ធ្វើការ​ផ្លាស់ប្តូរ​អ្នក​បើកបរ
  2. ទី២, អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ប្តូរ​ក្បាល​ឡាន​សណ្ដោង
  3. ទី៣, អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ចូល​ដល់​តំបន់ ស ហើយ​ធ្វើការ​ផ្ទេរ​ទំនិញ ឬ​លើក​ផ្ទេរ​កុងតឺន័រ ពី​រថយន្ដ​ភាគី​ម្ខាង ទៅ​ដាក់​លើ​រថយន្ដ​ភាគី​ម្ខាង​ទៀត
  4. និងទី៤ អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹក​ទំនិញ​ពី​ភាគី​វៀតណាម ចូល​ដល់​ផែ​ស្ងួត​ណា​មួយ នៅ​ក្បែរ​ព្រំដែន រួច​ផ្ទេរ​ទំនិញ​ចេញ និង​អាច​ផ្ទុក​ទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ពី​កម្ពុជា​ទៅវិញ ដោយ​តម្រូវ​ឲ្យ​អ្នក​បើកបរ​ត្រូវ​ស្លៀកពាក់​សម្លៀក​បំពាក់​សុវត្ថិភាព​ការពារ Virus ដែល​អនុញ្ញាត​ដោយ​ចត្ដាឡីស័ក និង​សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ខាង​កម្ពុជា​ជួយ​សហការ​ធានា​ថា អ្នក​បើកបរ​មិន​បាន​​ទៅ​ណា​ខុស​ពី​តម្រុយ​ផ្លូវ និង​ទៅ​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ផ្សេង។

បើតាម​ការ​គូស​បញ្ជាក់​របស់​គយ​កម្ពុជា សម្រាប់​ដំណោះស្រាយ​ទាំង​៤​ចំណុច​ខាង​លើ​នេះ គឺ​​ធុរជ​ន​អាច​ជ្រើសយក​ជម្រើស​ដំណោះស្រាយ​ណា​មួយ​ក៏​បាន ដែល​ល្អ​សម្រាប់​ពួកគេ ដោយ​អនុវត្ត​តាម​វិធាន​ការពារ​ដែល​ណែនាំ​ដោយ​ចត្តាឡីស័ក។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រជុំ​ចប់​ភ្លាម​រវាង​ភាគី​កម្ពុជា និង​វៀតណាម នៅ​ម៉ោង​ប្រហែល ៥​កន្លះ​ល្ងាច នៅថ្ងៃ​ទី​១៩ មីនា គឺ​ច្រក​​ព្រំដែន ត្រូវ​បាន​បើក​ឲ្យ​អនុវត្ត​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​ភ្លាមៗ រហូត​ដល់​ម៉ោង​១០​យប់ ដើម្បី​សម្រួល​ដល់​ការ​កក​ស្ទះ​នៅ​តាម​ព្រំដែន ដែល​បាន​អូស​បន្លាយ​មក​អស់​រយៈពេល​ជិត ៤០​ម៉ោង​មក​ហើយ​នោះ។ 

លោក ចន្ធី បន្ថែម​ទៀត​ថា អំឡុង​រយៈ​ពេល​ជាប់​គាំង​នេះ យ៉ាង​ហោច​ណាស់ មាន​កុងតឺន័រ​មិន​តិច​ជាង ៥០០​កុងតឺន័រ​ទេ ដែល​ត្រូវ​បាន​ជាប់គាំង​នៅ​តាម​ព្រំដែន ពោល​គឺ​មាន​ប្រមាណ ៣០០​កុងតឺន័រ គឺ​ស្ទះ​នៅ​ខាង​ព្រំដែន​វៀតណាម និង​ប្រមាណ​ជាង ២០០ កុងតឺន័រ​ទៀត ជាប់​នៅ​ខាង​ព្រំដែន​កម្ពុជា។ 

បើតាម​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​រូប​នេះ លោក​យល់​ថា ដំណោះស្រាយ​ដែល​បាន​ដាក់​ចេញ៤ ចំណុច​ខាង​លើ​នេះ គឺ​ជា​ដំណោះស្រាយ​បឋម​មួយ​ដ៏ល្អ សម្រាប់​បណ្ដោះ​ការ​ជាប់​គាំង​ទំនិញ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

ការកក​ស្ទះ​ទំនិញ​នៅ​តាម​ព្រំដែន​កម្ពុជា​និង​វៀតណាម​នេះ គឺ​បាន​កើត​ឡើង​ក្រោយ​ពី​វៀតណាម​បាន​សម្រេច​ដាក់​វិធានការ​តឹងរ៉ឹង ដោយ​តម្រូវ​ឲ្យ​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​ពី​កម្ពុជា​ចូល​ទៅ​វៀតណាម ត្រូវ​តម្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក តាម​ដាន​សុខភាព​រយៈពេល ១៤ ថ្ងៃ ព្រោះ​ខ្លាច​មាន​ផ្ទុក​មេរោគ Covid-19។ 

ក្រោយពី​វៀតណាម​បាន​ចេញ​វិធានការ​នេះ​ភ្លាមៗ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​វិធានការ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​បាន​ហាម​ឃាត់​ជនជាតិ​វៀតណាម​មិន​ឲ្យ​ចូល​ទឹកដី​កម្ពុជា ចាប់ពី​ម៉ោង ២៣៖ ៥៩ នាទី យប់​ថ្ងៃ​ទី​២០ ខែ​មីនា​តទៅ។ បើទោះបី​ជា​វិធានការ​ទាំងពីរ​ខាង​លើ​នេះ ផ្ដោត​ការ​រឹត​ត្បិត​តែ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស ដោយ​មិន​ផ្ដោត​លើ​មុខ​ទំនិញ​ចេញ​ចូល​ក៏ដោយ ប៉ុន្ដែ វា​បាន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ទំនិញ​ចេញ​ចូល​តាម​ព្រំដែន ព្រោះ​ថា មនុស្ស​គឺ​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ។ ដូច្នេះ​ហើយ ទើប​ភាគី​ទាំង​ពីរ​បាន​ប្រជុំ​ដោះស្រាយ​ដាក់​ចេញ​នូវ​ដំណោះស្រាយ​ទាំង​៤​ចំណុច ដូច​ដែល​បាន​រៀបរាប់​ខាង​ដើម​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ​ WWF ថា ការ​មិន​ឱ្យ​មាន​ទំនប់​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​និង​ធម្មជាតិ

ព័ត៌មាន
អង្គការ WWF បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០​នេះ ថា ផែនការ​ថាមពល​មេ រយ:ពេល​១០ឆ្នាំ ដែល​ត្រូ…

ធនាគារជាតិ លើកទឹកចិត្តឲ្យប្រើប្រាស់សេវាអេឡិចត្រូ​និ​ចសម្រាប់ទូទាត់ អំឡុងពេលមានបញ្ហា Covid-19

ព័ត៌មាន
អំឡុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួបប្រទះនូវបញ្ហាញាំញី ដោយ មេរោគ Covid-19នោះ ធនាគារជាតិនៃកម្ពុជា បានប្រកាសលើកទឹកចិត្ត ឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ