វិស័យ​ស្រូវ​អង្ករ

៥​ចំណុច​របស់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ។ តើ​អាច​​ជោគ​ជ័យ​ទេ?


បញ្ហា​ទីផ្សារ​ស្រូវ​អង្ករ​នៅ​តែ​ជា​បញ្ហា​ដ៏​រសើប​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ខណៈ​ដែល​តម្លៃ​ស្រូវ​អង្ករ​នៅ​កម្ពុជា​នៅ​រដូវ​ប្រមូល​ផល​ក្នុង​ខែ​កក្កដា​-សីហា​នេះ កំពុង​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​នៅ​ខេត្ត​មួយ​ចំនួន​ តម្លៃ​ស្រូវ​ធ្លាក់​មក​នៅ​ត្រឹម​តែ ៨០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម។
រដ្ឋាភិបាល​ដាក់​ចេញ​នូវ​អន្តរាគមន៍ ៥​ចំណុច​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​សម្រាប់​ឆ្នាំ​២០១៧-​២០១៨។
ដោយ

ទោះបី​ជា​និន្នាការ​ទីផ្សារ​ស្រូវ​អង្ករ​ហាក់​កំពុង​បង្ហាញ​នូវ​សញ្ញា​អវិជ្ជមាន​​ក្ដី ប៉ុន្ដែ ទន្និផល​ស្រូវ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧​-២០១៨ ត្រូវ​បាន​ព្យាករ​ថា នឹង​អាច​កើន​ឡើង​ដល់​ជាង​១០​លាន​តោន គឺ​កើន​​ប្រមាណ​២%។

ជាមួយ​គ្នា​នេះ​ដែរ បើ​ងាក​ទៅ​មើល​ប្រទេស​ជិត​ខាង​កម្ពុជា​ឯណោះ​វិញ ប្រទេស​ថៃ​ត្រូវ​បាន​ព្យាករ​ថា មាន​កំណើន​ផលិត​កម្ម​ស្រូវ​ខ្ពស់​ជាង​គេ​ក្នុង​តំបន់ គឺ​កើន​ប្រមាណ​៥% នៅ​ឆ្នាំ​២០១៧​-២០១៨ ខណៈ​ដែល​​វៀតណាម និង​មីយ៉ាន់ម៉ា ក៏​មាន​កំណើន​ផលិតកម្ម​តិច​តួច​ផង​ដែរ។ 

នេះ​គឺ​ជា​សញ្ញាណ​មួយ​​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រកួត​ប្រជែង​លើ​វិស័យ​ស្រូវ​អង្ករ ដែល​នឹងកាន់តែ​មាន​ការ​ស្វិត​ស្វាញ​ជាង​មុន។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​នៅ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​បណ្ដា​ស្ថាប័ន​រដ្ឋ​និង​ឯកជន​ដែល​ពាក់ព័ន្ធ​ជា​ច្រើន ដើម្បី​ស្វែង​រក​អន្តរាគមន៍​ចំពោះ​បញ្ហា​ស្រូវ​អង្ករ​ធ្លាក់​ថ្លៃ​សម្រាប់​រយៈពេល​ខ្លី។ 

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា កិច្ច​ពិភាក្សា​នេះ​គឺ​ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ដល់​បញ្ហា​ទីផ្សារ​របស់​កសិករ ដើម្បី​ធានា​បាន​នូវ​ស្ថិរភាព​តម្លៃ និងគុណភាព​សម្រាប់​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ 

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​លើ​យន្ដការ​អន្តរាគមន៍​នេះ ឯកឧត្តម វង្សី វិស្សុត បាន​លើក​ឡើង​ពី​បទ​អន្តរាគមន៍​៥​ចំណុច ដើម្បី​ជា​ការ​ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​ថ្លៃ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​នោះ​រួមមាន៖ 

  1. ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​បន្ថែម​លើ​ឡ​សម្ងួត​ស្រូវ ដោយ​រាជ​រដ្ឋាភិបាល​បាន​បង្កើន​ទុន​១៥​លាន​ដុល្លារ​លើ​ការ​សាងសង់​ឃ្លាំង​ស្ដុក​ស្រូវ និង​ឡ​សម្ងួត នៅ​ខេត្ត​ចំនួន​បី​គឺ​ខេត្ត​ព្រៃវែង កំពង់ធំ និង​តាកែវ។
  2. ផ្ដល់​ហិរញ្ញ​ប្បទាន​ដល់​អ្នក​ប្រមូល​ទិញ​ស្រូវ និង​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ដោយ​ពង្រីក​កញ្ចប់​ថវិកា​សម្រាប់​ឥណទាន​ពិសេស​រហូត​ដល់ ៥០​លាន​ដុល្លារ​សម្រាប់​រដូវ​ប្រមូល​ផល​ស្រូវ​នៅ​ឆ្នាំ​២០១៧​-២០១៨។ 
  3. ជំរុញ​ឲ្យ​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ទិន្នផល​ស្រូវ​របស់​កសិករ​មក​លក់​នៅ​លើ​ទីផ្សារ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល និង​ចំណាយ​តិច ដោយ​បាន​ស្នើ​ឲ្យ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​ជួយ​សម្រប​សម្រួល​ផង​ដែរ។ 
  4. សម្រួល​ច្រក​ព្រំដែន​ឲ្យ​មាន​ការ​នាំចេញ​កាន់​តែ​ងាយ​ស្រួល និង​បញ្ឈប់​ការ​យក​លុយ​តាម​ផ្លូវ​ក្រៅ​ផ្លូវ​ការ។ 
  5. ជំរុញ​ឲ្យ​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​ឡើង ស្រប​ទៅ​តាម​ស្ដង់ដារ​គុណភាព និង​ការ​សម្រួល​ដល់​ការ​រៀបចំ​នីតិ​វិធី​ដើម្បី​នាំ​ចេញ​ជា​ដើម។ 

ឯកឧត្តម វង្សី វិស្សុត មាន​ប្រសាសន៍​បន្ថែម​​ថា យន្តការ​រយៈពេល​ខ្លី​ដែល​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​ស្រូវ​អង្ករ​នា​ពេល​នេះ មិន​បាន​ធ្វើ​ឲ្យ​ឃ្លាត​ចាក​ពី​គោលការណ៍​រយៈពេល​វែង​ដែល​មាន​ស្រាប់​ជា​ធរមាន​របស់​រដ្ឋាភិបាល​ឡើយ។ 

ឯកឧត្តម​អះអាង​ថា នេះ​គឺ​ជា​ការ​អន្តរាគមន៍​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ មាន​ឃ្លាំង​និង​ឡ​សម្ងួត​ជាដើម ប៉ុន្តែ​ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​នេះ​តម្រូវ​ឲ្យ​មាន​កិច្ច​សហការ​ល្អ​រវាង​រាជ​រដ្ឋាភិបាល និង​វិស័យ​ឯកជន។

សូម​បញ្ជាក់​ដែរ​ថា គិត​មក​ត្រឹម​៧​ខែ​ឆ្នាំ​២០១៧ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​​បាន​​ជាង ៣១​ម៉ឺន​តោន ខណៈ​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​បង់ក្លាដេស​ក៏​ទើប​តែ​ចុះ​ហត្ថលេខា​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​១​លាន​តោន ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ និង​ប្រទេស​ចិន​ទើប​តែ​បាន​បញ្ជា​ទិញ​ប្រមាណ​៣០​ម៉ឺន​តោន​ពី​កម្ពុជា​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុង​ពេល​៧ឆ្នាំ​ ប្រជាជន​​កម្ពុជា​ជាង​៣​លាន​នាក់​​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ

ព័ត៌មាន
ប្រទេស​កម្ពុជា​ហាក់​ធ្វើ​បាន​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ បើ​និយាយ​ពី​ការ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន បើ​ធៀប​នឹង​ប្រទេស…

គន្លឹះ​​បី​ចំណុច​របស់​លោក Richard Branson សម្រាប់​ការ​ផ្តោត​អារម្មណ៍​ដើម្បី​ភាព​ជោគជ័យ

ព័ត៌មាន
តើ​អ្នក​មាន​បញ្ហា​ពិបាក​ផ្ដោត​អារម្មណ៍​ធ្វើការមែនទេ? បើ​មែន​នោះ អ្នក​គួរអាន​អត្ថបទ​នេះ និង​អនុវត្ត​តាមការណែនាំ​របស់​មហាសេដ្ឋី​អាមេរិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ