អចលនទ្រព្យ

ក្រោយ​សម្ពោធ​ផ្លូវ​៦០​ម៉ែត្រ សកម្មភាព​អាជីវកម្ម​និង​តម្លៃ​ដី​ធ្លី​នៅ​តំបន់​នោះ​នឹង​ពុះកញ្ជ្រោល


ផ្លូវ​៦០​ម៉ែត្រ ដែល​មាន​ឈ្មោះ​ផ្លូវការ​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន បាន​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ហើយ។ អ្នក​ជំនាញ​អចលនទ្រព្យ អបអរសាទរ​និង​និយាយ​ថា បន្ទាប់​ពី​ផ្លូវនេះ​បើក​ឲ្យ​ប្រើ​ប្រាស់​ហើយ ការអភិវឌ្ឍ និង​តម្លៃ​ដី​ធ្លី​នៅ​តំបន់​សងខាង​ផ្លូវ​នេះ​នឹង​ពុះកញ្ជ្រោល។
សម្ដេច​តេជោ ហ៊ុន សែន សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​មហាវិថី​សម្ដេចតេជោ (ផ្លូវ​៦០​ម៉ែត្រ) នា​ថ្ងៃទី៣ ខែ​មេសា ឆ្នាំ​២០១៧។
ដោយ

ការ​បើក​ឲ្យ​ដំណើរការ​នូវ​មហាវិថី សម្តេច​តេជោ ហ៊ុន សែន ចាប់​ពី​ចំណុច​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់ ប្រសព្វ​គ្នា​រវាង​ផ្លូវ​លេខ​២៧១ និង​មហាវិថី​ព្រះ​មុនីវង្ស កាត់​តាម​តំបន់​អភិវឌ្ឍន៍​បឹង​ទំពុន និង​តំបន់​ជើង​ឯក​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​២ កាត់​ត្រង់​ចំណុច​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​​អះអាង​ថា ​ពី​ជួយ​រំដោះ​ការ​កក​ស្ទះ​ចរាចរណ៍​ដ៏​មមា​ញឹក​ក្នុង​ទីក្រុង​ភ្នំពេញ មហា​វិថី​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​មួយ​នេះ ក៏​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​ជា​តំបន់​ដែល​នឹង​មាន​ការអភិវឌ្ឍ​លឿន​សម្រាប់​អនាគត។ ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត តម្លៃ​ដី​ធ្លី​នៅ​សង្ខាង​ផ្លូវ​នេះ​ទៀត​សោត ក៏​នឹង​មាន​ការ​កើន​ឡើង​ខ្ពស់​កប់​ពពក​ផង​ដែរ។

នៅក្នុង​ឱកាស​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មហា​វិថី​នេះ សម្តេច​​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ដែល​អាច​ចាត់​ទុក​ថា ជា​សមិទ្ធផល​ដ៏​ធំ​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ជា​ច្រើន​ផ្សេង​ទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ហើយ​​ការ​​បង្កើត​​មហាវិថី​​នេះ​ឡើង នឹង​ជួយ​បញ្ជៀស​ការ​កក​ស្ទះ​ចរាចរណ៍​ដែល​បាន​តភ្ជាប់​ពី​កណ្តាល​ទីក្រុង​ភ្នំពេញ ​ទៅ​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ។

ក្រុម​អ្នកជំនាញ​អចលន​ទ្រព្យ​ជា​ច្រើន​តែងតែ​និយាយ​ជា​រឿយៗ​ថា ការ​អភិវឌ្ឍ​តំបន់​ភាគ​ខាង​ត្បូង​ទីក្រុង​ភ្នំពេញ​នេះ នឹង​មាន​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​​​ផ្លូវ​៦០​ម៉ែត្រ សម្តេច​តេជោ ហ៊ុន សែន ដាក់​ឲ្យ​ដំណើរការ។

លោក​ឧកញ៉ា សៀ ឫទី្ធ  ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន វើលប្រ៊ីជ គ្រុប និង​ជា​អ្នក​អភិវឌ្ឍ​សំណង់​អគារ​លំនៅដ្ឋាន អគារ​ពាណិជ្ជកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​កសាង​ផ្លូវ​ថ្មី​នៅ​តំបន់​ខាង​លើ គឺ​ជា​រឿង​ល្អ​ណាស់ ព្រោះ​អាច​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​វិស័យ​អចលន​ទ្រព្យ​​នៅ​កម្ពុជា ពិសេស​តម្លៃ​ដី​ធ្លី​នៅ​តំបន់​នោះ​តែ​ម្តង។

ការ​ស្ថាបនា​ផ្លូវ​ថ្មី​នេះ​ក៏​ជា​ការ​បង្ហាញ​ឲ្យ​អ្នក​វិនិយោគ​ទុន​ជាតិ​និង​អន្តរ​ជាតិ​មើល​ឃើញ​ពី​ភាព​រឹងមាំ​នៃ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ នៅ​រាជ​ធានី​ភ្នំពេញ និង​ភាព​រឹងមាំ​នៃ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា​ផង​ដែរ។

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​ថា ជា​ទូទៅ គោលការណ៍​នៃ​ការ​អភិវឌ្ឍ តម្លៃ​ដីធ្លី និង​ការ​ប្រែប្រួល​តម្លៃ​ដី​ធ្លី គឺ​ផ្សារ​ភ្ជាប់​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​និង​នយោបាយ បើ​សិន​ជា​ប្រទេស​ជាតិ​មាន​ស្ថិរភាព​នយោបាយ​ល្អ នោះ​អ្វីៗ​នឹង​ប្រែប្រួល​ល្អ​ប្រសើរ​ទៅ​តាម​នោះ​ដែរ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA មាន​ប្រសាសន៍ថា តម្លៃ​ដី​ធ្លី​នៅ​សង​ខាង​ផ្លូវ​៦០​ម៉ែត្រ​នឹង​ឡើង​ថ្លៃ។

តម្លៃ​ដី​ធ្លី​នៅ​សងខាង​ផ្លូវ​៦០​ម៉ែត្រ​នឹង​ឡើង​ខ្ពស់

ដោយ​ឡែក លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ឲ្យ​មាន​ផ្លូវ​ថ្មី​នេះ​គឺ​ជា​ការ​បង្កើត​សរសៃ​ឈាម​ថ្មី​សម្រាប់​សេដ្ឋកិច្ច​និង​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក​ឧកញ៉ា បាន​បន្ថែម​ថា តបតាម​ការ​អភិវឌ្ឍ​ជាក់​ស្តែង តម្លៃ​ដី​ធ្លី​នៅ​អម​សង្ខាង​មហា​វិថី​សម្តេច​តេជោ ហ៊ុន សែន (ផ្លូវ​៦០​ម៉ែត្រ​) នេះ អាច​នឹង​ប្រែប្រួល​កើន​ឡើងខ្លាំង ខណៈ​ដែល​ប្លង់មេ​នៃ​គម្រោង​នេះ​ជា​ការ​អភិវឌ្ឍ​នូវ​សំណង់​អគារ​លំនៅដ្ឋាន​និង​អគារ​ពាណិជ្ជកម្ម​ធំៗ​នា​ថ្ងៃ​ខាង​មុខ​ដ៏​ខ្លី។

មហាវិថី​នេះ​សាងសង់​ឡើង​ជា​ប្រភេទ​ផ្លូវ​ទៅ​មក មាន​បណ្តោយ​ប្រវែង​ជិត​១០​គីឡូម៉ែត្រ និង​ទទឹង​៦០​ម៉ែត្រ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ING HOLDING ដែល​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ វិនិយោគ​សាងសង់​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៧៦​លាន​ដុល្លារ​អាមេរិក។ ការ​ស្ថាបនា​មហាវិថី​នេះ​គឺ​ដើម្បី​ពង្រីក​ការ​អភិវឌ្ឍ​ទីក្រុង​និង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ដែល​តែងតែ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។ 

ស្រប​គ្នា​នេះ​ដែរ តម្លៃ​​ដី​​នៅ​​តាម​បណ្តោយ​មហា​វិថី​សម្តេច តេជោ ហ៊ុន សែន ត្រូវ​បាន​លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA ធ្វើការ​វាយ​តម្លៃ​ប៉ាន់​ស្មាន​ថា គិត​ចាប់​ពី​ដើម​ផ្លូវ គីឡូ​លេខ​១ ដល់​គីឡូ​លេខ​៣ តម្លៃ​ចន្លោះ​ពី ៧០០​ដុល្លារ ទៅ​១០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ចន្លោះ​ពី​គីឡូ​លេខ​៣ ដល់​គីឡូ​លេខ​៥ តម្លៃ​ពី ៣០០​ដុល្លារ ទៅ ៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និង​ពី​គីឡូ​លេខ ៥ ដល់​ចុង​ក្រោយ​ផ្លូវ តម្លៃ​ចាប់ ២៥០ ទៅ ៣៥០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ការ​អភិវឌ្ឍ​ស្ថិត​នៅ​ជាប់​នឹង​មហាវិថី​នេះ បច្ចុប្បន្ន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ការ​អភិវឌ្ឍ​តំបន់​ទីក្រុង​រណប​ធំៗ​ដទៃ​ទៀត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដូចជា​ទីក្រុង​រណប ខេមកូស៊ីធី ទីក្រុង​រណប​ជ្រោយ​ចង្វារ និង​ទីក្រុង​រណប​បឹងកក់។

សូម​បញ្ជាក់​ដែរ​ថា វីរស្ថាបត្យករ​ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា គឺ​លោក វណ្ណ មូលីវណ្ណ ធ្លាប់​បាន​លើក​ឡើង​ថា តំបន់​ប៉ែក​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ គឺ​មាន​សក្តានុពល អំណោយ​ផល​ល្អ​សម្រាប់​ការ​សាង​សង់​លំដ្ឋាន​ស្នាក់​នៅ និង​អគារ​ផ្សេងៗ​ទៀត ដែល​គួរ​តែ​ធ្វើ​ការ​ពង្រីក​ទីក្រុង​ទៅ​ប៉ែក​ខាង​ត្បូង​ទីក្រុង​ភ្នំពេញ​នេះ។

គម្រោង​អភិវឌ្ឍន៍​មហាវិថី​ដ៏​ធំ​នេះ បាន​និង​កំពុង​ទាក់​ទាញ​អ្នក​វិនិយោគិន​ជាតិ​និង​អន្តរជាតិ មក​បណ្តាក់​ទុន​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​លើ​វិស័យ​អចលនទ្រព្យ​និង​សំណង់ ដោយសារ​គេ​មើល​ឃើញ​ថា ផ្លូវ​នេះ​ជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​បី​គឺ​ខណ្ឌមានជ័យ ខណ្ឌ​ដង្កោរ និង​ក្រុង​តាខ្មៅ​ដែល​ជា​តំបន់​អភិវឌ្ឍន៍​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​គម្រោង​អចលន​ទ្រព្យ​លើ​ទំហំ ២​ពាន់ ៥៧២​ហិកតា៕

រូបភាព​ផ្លូវ​និង​ការសម្ពោធ​ផ្លូវ ដកស្រង់ពី​ទំព័រហ្វេសប៊ុក៖ facebook.com/yuthkun.hun




អត្ថបទបន្ទាប់


ក្រុមហ៊ុន​អាមេរិក​ផលិត​ទឹក​ដោះ​គោ​ស្រស់​ដំបូង​នៅ​កម្ពុជា សន្យា​ដណ្តើម​ទីផ្សារ​ទឹក​ដោះ​គោ​ស្រស់​នាំ​ចូល

ព័ត៌មាន
ក្រុមហ៊ុន​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា MOO MOO Farm ដែល​​ផលិត​ទឹក​ដោះ​គោ​ស្រស់​លើក​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា បាន​ឈាន​ជើង​ចូល​មក​…

កាសែតថៃ៖ ពលករ​ខ្មែរធ្វើ​​ឲ្យ​តម្រួត​ថៃ​ចាប់​ខ្លួន កុំ​ឲ្យ​អស់លុយ​ថ្លៃ​ធ្វើ​ដំណើរ

ព័ត៌មាន
កាសែតថៃ ឌឹ ណេសិន (The Nation) ចុះ​ផ្សាយ​នៅថ្ងៃទី២ មេសា ឆ្នាំ​២០១៧ ថា ពលករ​ចំណាក​ស្រុក​ខ្មែរជាង ២០០នាក់ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​ខ្លួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ