មូលបត្របំណុល

បើកលក់​តែ ២ថ្ងៃប៉ុណ្ណោះ! មូលបត្របំណុលរបស់ធនាគារ ABA លក់បាន ២១ លានដុល្លារ


បន្ទាប់ពីការបោះផ្សាយលក់រយៈពេល តែ២ថ្ងៃ ប៉ុណ្ណោះ ធនាគារ ABA ប្រមូលបានទុនវិនិយោគពីការលក់មូលបត្របំណុលនេះ ប្រមាណ ២១ លានដុល្លារអាមេរិក ជាមួយនឹង​ការលក់មូលបត្របំណុល​ចំនួន ៨៥ម៉ឺនបណ្ណ ខណៈដែលការប្រកាសដាក់លក់មានទំហំទឹកប្រាក់សរុបមានរហូតដល់ ៣២ លានដុល្លារអាមេរិក។
ធនាគារ ABA ប្រកាសលក់សញ្ញាបណ្ណ​របស់ខ្លួន​នាពេលកន្លងទៅ (រូបភាព៖ ខេមបូណូមីស)

ថ្លែង​នៅក្នុង ពិធី​ចុះបញ្ចី​នៅផ្សារមូលបត្រ​កម្ពុជា នៅពីថ្ងៃទី ២៣ សីហា ឆ្នាំ២០១៩ ឯកឧត្តម ហុង សុហួរ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា បាន​លើកឡើងថា ពេលវេលា​នៃការ​បើកទីផ្សារ​លក់​មូលបត្រ​បំណុល​របស់ធនាគារ ABA គឺហាក់មាន​រយៈពេល​ខ្លីពេក ពោលគឺ មានតែ២ថ្ងៃប៉ុណ្ណោះ ដូច្នេះហើយ ទើប​លក់បានតែ ២១ លាន​ដុល្លារ ខណៈដែល​ទំហំមូលបត្រ​បំណុល​សរុប​ ​ដែលបាន​ប្រកាស​ថា គ្រោងលក់​កាលពីពេល​កន្លងទៅនោះ គឺមាន​រហូតដល់ ៣២ លាន​ដុល្លារអាមេរិក។

ឯកឧត្តម ហុង សុហួរ បាន​បញ្ជាក់យ៉ាងដូច្នេះថា «ទឹកប្រាក់ ៣០ លាន​ដុល្លារជាងហ្នឹង គឺជា​ទឹកប្រាក់​អតិបរមា ដែល ABA មានគម្រោង នឹងបោះផ្សាយ អញ្ចឹងដល់ពេល​ជាក់ស្ដែង គាត់លក់តែ២ថ្ងៃ! គាត់បើកលក់តែ២ថ្ងៃគត់! អញ្ចឹង​វាខ្លីពេក! អញ្ចឹង​មានវិនិយោគិន​មួយចំនួន គាត់ចង់ចុះឈ្មោះទិញដែរ តែទិញអត់ទាន់។ អ្នកខ្លះ​ចុះឈ្មោះទិញ ២ថ្ងៃហ្នឹង គ្រាន់តែទៅបើក Account ហ្នឹង ក៏បើកមិនទាំង​ទាន់ផង»។

ទោះយ៉ាងណា បើតាម អគ្គនាយក​ធនាគារ​ ABA ដែលបាន​ប្រាប់​ទៅកាន់​ឯកឧត្តម​ ហុង សុហួរ គឺលោក​ទទួល​ស្គាល់ដោយ​ខ្លួនឯងដែរ​ថា ពេលវេលាបោះ​ផ្សាយលក់មូលបត្រ​បំណុលនេះ គឺពិតជា​មានរយៈពេល​​ខ្លីមែន តែធនាគារ​ ABA នឹង​បន្ត​បោះផ្សាយ​លក់​សញ្ញាបណ្ណ​ប្រហាក់​ប្រហែលនេះ នៅឆ្នាំក្រោយទៀត និងពន្យាពេល​បោះផ្សាយ​ឲ្យកាន់តែវែង​ជាមុន ដើម្បីឲ្យអ្នក​មានបំណង​ទិញ អាច​មានពេលវេលា​គ្រប់គ្រាន់។

លោក Askhat Azhikhanov នាយកប្រតិបត្តិ​នៃធនាគារ ABA បានថ្លែងឲ្យ​ដឹងថា ធនាគារ ABA ​បានក្លាយជា​ស្ថាប័នទី ៨ ហើយ ដែលបានចូល​មក​ប្រឡូកក្នុងវិស័យ​មូលបត្រ​នៅកម្ពុជា ហើយការ​បោះផ្សាយ​មូលបត្របំណុល​របស់ ABA ក៏ជា មូលបត្របំណុល​ដំបូងបង្អស់ ដែលបានបោះផ្សាយ​ដោយ ធនាគារ​ពាណិជ្ជក្នុងស្រុក និងបាន​អនុញ្ញាតឲ្យ វិនិយោគិន​រូបវ័ន្ត (វិនិយោគិនទិញរាយ ដែលមាន​ដើមទុនសមល្មម) អាច​ចូលរួមទិញ​មូលបត្រនេះ។ តួយ៉ាង ក្នុងរយៈពេល ២ថ្ងៃ នៃការបើកលក់ ធនាគារ ABA បាន​លក់​មូលបណ្ណ​បំណុល ចំនួន ៨៥ ម៉ឺនបណ្ណ ដែលមានតម្លៃ​ជាទឹកប្រាក់ ២១ លាន​ដុល្លារ​អាមេរិក។ 

គណៈអធិបតីចូលរួមក្នុងពិធី​ចុះបញ្ចីនៅផ្សារមូលបត្រ​កម្ពុជា របស់សញ្ញាបណ្ណសារជីវកម្ម ABA (រូបភាព៖ ខេបូណូមីស)

លោក Shuzo Shikata នាយក​ប្រតិបត្តិ នៃក្រុមហ៊ុន SBI Royal Securities PLC ដែល​ជា​ក្រុមហ៊ុន​ធានាទិញ​មូលបត្រ​តែមួយគត់​សម្រាប់ការ​បោះផ្សាយលក់​មូលបត្រ​បំណុល ធនាគារ​ABA បានលើកឡើងថា ការបើក​លក់មូលបត្រ​បំណុល របស់ធនាគារ ABA សម្រាប់​រយៈពេល​២ថ្ងៃ គឺទទួលបាន​វិនិយោគិន​ចំនួន ៦៥ ដែលក្នុងនោះ មាន ៦០នាក់ ជា​វិនិយោគិន​រូបវ័ន្ដ ដែលភាគច្រើន​សុទ្ធសឹង​ជា​វិនិយោគិន​ខ្មែរ និងមាន​វិនិយោគិន​ចំនួន ៥ ទៀត គឺជា​ស្ថាប័នធំៗ។

លោក Shuzo បានគូសបញ្ជាក់ទៀតថា នៅឆ្នាំនេះ លោករំពឹងថា នឹង​ទទួលបាន​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​បំណុល ១ ឬ២ ក្រុមហ៊ុន​បន្ថែម​ទៀត។ ក្នុងនោះ មានមួយជា​ធនាគារ ហើយក្រុមហ៊ុន​មួយទៀត អាច​នៅ​ក្នុងវិស័យ​ផ្សេងទៀត ដែល​មិនស្ថិតក្នុង​វិស័យ​ហិរញ្ញវត្ថុ។

ទោះយ៉ាងណា លោក Shuzo បានអះអាងថា ដើម្បីជំរុញ ដល់​​ទីផ្សារ​មូលបត្រ​នៅកម្ពុជា គឺ ​ក្រុមហ៊ុន​មិនត្រឹមតែ​ផ្ដោត​តែលើ​ការលក់​សម្រាប់​វិនិយោគិន​ក្នុងស្រុក​ប៉ុណ្ណោះទេ តែ​ក៏ត្រូវផ្ដោត​ទៅលើ​វិនិយោគិន​បរទេស​ផងដែរ។

គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន មាន​ស្ថាប័ន​ចំនួន ៣ហើយ ដែលបាន​បោះផ្សាយ​មូលបត្រ​បំណុល​នៅក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា ដោយសុទ្ធសឹង​ជាស្ថាប័ន​ហិរញ្ញវត្ថុ។​

ក្នុងនោះ គ្រឹះស្ថាន​មីក្រូហិញ្ញវត្ថុ​ហត្ថាកសិករ និង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ LOLC បាន​បោះផ្សាយ​លក់មូលបត្រ​បំណុលមុន ធនាគារ ABA ប៉ុន្ដែស្ថាប័នទាំងពីរនេះ លក់ឲ្យតែ​វិនិយោគិន ឬក្រុមហ៊ុន​ដែលមាន​ដើមទុន​ច្រើន ប៉ុណ្ណោះ។ ប៉ុន្ដែ សម្រាប់​ធនាគារ ABA គឺមានលក់ជូន​សម្រាប់​វិនិយោគិន​ទិញ​រាយ (Retail Investors) ដែលមានពួកគេ​មាន​ដើមទុន​សមល្មមអាច​ទិញបាន​ ពោលគឺក្នុងមួយបណ្ណ មានតម្លៃតែ ១០ ម៉ឺនរៀល​ប៉ុណ្ណោះ។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃគណៈ​កម្មការ​មូលបត្រ​កម្ពុជា ក៏បាន​លើកទឹកចិត្ត​ដល់​ធនាគារ ABA ឲ្យ​បន្ត​បោះ​ផ្សាយលក់​ភាគហ៊ុន​នៅថ្ងៃអនាគត​ផងដែរ ដ្បិតថា មានអ្នកចាប់​អារម្មណ៍​ទិញច្រើន ចំពោះការ​ការទិញ​ភាគហ៊ុន​ពីគ្រឹះស្ថានធនាគារនេះ។

សូមបញ្ជាក់ដែរថា សញ្ញាបណ្ណ​សាជីវកម្ម អេប៊ីអេ ត្រូវបាន​បោះផ្សាយ​កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ ក្នុងទំហំទឹក​ប្រាក់សរុប​ចំនួន ៨៤,៨២១ ប៊ីលានរៀល (ប្រហាក់​ប្រហែល​នឹង ២១​ លានដុល្លារ​អាមេរិក) ដោយមានរយៈពេល ៣ ឆ្នាំ និងមានអត្រា​គូប៉ុងប្រចាំ​ឆ្នាំ ៧,៧៥% ហើយការប្រាក់ នឹងត្រូវទូទាត់​សង​ទៅវិនិយោគិន​នៅរៀងរាល់​ឆមាស៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ នឹងបញ្ចេញថវិកាជាង ៦៨០ លានដុល្លារ ធានាថ្លៃស្រូវជូនកសិករ

ព័ត៌មាន
នៅទីបំផុត គណៈកម្មាធិការជាតិគោលនយោបាយស្រូវថៃ បានសម្រេចដាក់ចេញនូវកញ្ចប់ថវិកា២១ ពាន់លានបាត ឬស្មើនឹងប្រមាណ ៦៨០ លានដុល្លារអាមេរិក សម្រាប់…

សេវាប្រឹក្សាយោបល់សម្រាប់អាជីវកម្មខ្នាតតូច នៅកូរ៉េខាងត្បូងកំពុងពេញនិយម ស្របពេលការបិទទ្វារអាជីវកម្មកើនឡើង

ព័ត៌មាន
សេវាប្រឹក្សាយោបល់សម្រាប់អាជីវកម្មខ្នាតតូចដែលបិទទ្វារ បាននិងកំពុងមានការពេញនិយមកាន់តែខ្លាំង នៅប្រទេសកូរ៉េខាងត្បូង ខណៈដែលមានអាជីវកម្មខ្នាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ