ប្រាក់ចំណេញ​ធនាគារ

លោកបណ្ឌិត អ៊ិន ចាន់នី៖ ប្រាក់ចំណេញអេស៊ីលីដា អាចកើនឡើងលើសការរំពឹងទុកនៅឆ្នាំនេះ


ប្រាក់ចំណេញ របស់ធនាគារអេស៊ីលីដា នៅឆ្នាំនេះ ត្រូវបានរំពឹងថា អាចនឹងកើនឡើងលើសផែនការកំណត់ ខណៈដែលគិតនៅត្រឹមដំណាច់​ខែកញ្ញាកន្លងទៅនេះ ប្រាក់ចំណេញធនាគារនេះ សម្រេចបានប្រមាណ ៨០% នៃផែនការរួចទៅហើយ។ នេះបើតាម ការបញ្ជាក់អះអាងដោយប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា គឺលោក បណ្ឌិត អ៊ិន ចាន់នី។
លោកបណ្ឌិត អ៊ិន ចាន់នី៖ ប្រាក់ចំណេញអេស៊ីលីដា អាចកើនឡើងលើសការរំពឹងទុកនៅឆ្នាំនេះ (រូបភាព៖ ខេមបូណូមីស)

កំណើន​លូតលាស់​នៃប្រាក់ចំណេញ​របស់ធនាគារ​អេស៊ីលីដានេះ ត្រូវបាន​លោកបណ្ឌិត អ៊ិន ចាន់នី គូសបញ្ជាក់ថា គឺដោយសារតែ​ទីផ្សារ​នៃវិស័យធនាគារ​មានភាព​អំណោយផល​ល្អ ស្របទៅនឹង​ការរក្សាបាន​នូវកំណើន​សេដ្ឋកិច្ច សង្គម និងនយោបាយល្អ។  

កាលត្រីមាសទី១ ដើមឆ្នាំ២០១៩ កន្លងទៅ លោកបណ្ឌិត​ អ៊ិន ចាន់នី ធ្លាប់បាន​បញ្ជាក់ថា អេស៊ីលីដា រំពឹង​ប្រាក់ចំណេញ​នៅឆ្នាំ២០១៩នេះ ក្នុងទំហំ​ទឹកប្រាក់ ១០០ លានដុល្លារអាមេរិក ខណៈដែលកាល​ពីឆ្នាំ២០១៨ ប្រាក់ចំណេញ​របស់ធនាគារនេះ មាន​៨៤​លាន​ដុល្លារអាមេរិក។ 

លោក បណ្ឌិត អ៊ិន ចាន់នី បាន​មានប្រសាន៍យ៉ាងដូច្នេះថា «ធនាគារ គឺជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ច បើអញ្ចឹងកាលណា​សេដ្ឋកិច្ច លូតលាស់ ធនាគារលូតលាស់។ អញ្ចឹង​មកដល់​ឆ្នាំ២០១៩នេះ មកដល់ខែ​៩ វាមាន៣ត្រីមាសហើយ ​យើង​នៅសល់តែ១ត្រីមាស យើងនឹង​បញ្ចប់ឆ្នាំ២០១៩ ឆ្លងទៅឆ្នាំ២០២០។ ខ្ញុំចង់បញ្ជាក់​យ៉ាងខ្លីថា សុខភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និងធនាគារនេះ គឺមានសុខភាពល្អ ពិសេស​ធនាគារអេស៊ីលីដា»។  

រាប់ចាប់ពីដើមឆ្នាំ មកទល់នឹងខែ​កញ្ញា​កន្លងទៅនេះ ធនាគារ​អេស៊ីលីដា បាន​ផ្ដល់​ឥណទាន​ជូនអតិថិជន​ប្រមាណ ៣.៦០០ លាន​ដុល្លារអាមេរិក ស្មើនឹងជាង​៩០% នៃផែនការ​កំណត់ ខណៈដែល​ទំហំ​ប្រាក់​បញ្ញើសន្សំ​វិញ​មាន​ប្រមាណ​៤.២០០​លាន​ដុល្លារអាមេរិក ដែលមាន​ប្រមាណជាង ៩០% នៃផែនការ​ដូចគ្នាដែរ។ នេះបើតាម​ការ​បញ្ជាក់​បន្ថែម​ពី​លោកបណ្ឌិត អ៊ិន ចាន់នី។ 

ទន្ទឹម​នឹង​ការរក្សាបាននូវ​ភាពរឹងមាំ​ក្នុងវិស័យធនាគារ និងហិរញ្ញនេះដែរ គេក៏សង្កេតឃើញផងដែរថា ការប្រកួតប្រជែង​ក្នុងវិស័យនេះ ក៏មាន​កាន់តែខ្លាំងក្លាឡើង តួយ៉ាង មានធនាគារក្នុងស្រុកថ្មីៗ និងធនាគារពី​បរទេសផង បាន​បន្ត​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​នៅកម្ពុជា​ជាបន្តបន្ទាប់។

លោកបណ្ឌិត អ៊ិន ចាន់នី លើកឡើងថា ដ្បិតតែ​ធនាគារ​កើតច្រើន ក៏ពិតមែន ប៉ុន្ដែ​ការប្រកួតប្រជែង​ក្នុងវិស័យនេះ គឺប្រព្រឹត្តិ​ទៅ​ដោយវិជ្ជមាន មិនមែនជាការប្រកួតប្រជែង​គ្នាស្លាប់រស់នោះឡើយ ពោលគឺ​វិស័យធនាគារ និងហិរញ្ញវត្ថុ​មានការបំពេញ​បន្ថែម​ទៅឲ្យគ្នា​ទៅវិញទៅមក គឺមានន័យថា រួមរស់​ជាមួយគ្នា ដើម្បី​រីកចម្រើនទាំងអស់គ្នា។  

លោក បណ្ឌិត អ៊ិន ចាន់នី បញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងវិស័យហិរញ្ញវត្ថុ ខ្ញុំមិនដែល​ឃើញមានទាល់​តែសោះ សូម្បីតែការ​ផ្សាយពាណិជ្ជកម្ម ក៏មិនដែលបង្អាប់​គ្នាដែរ ... ព្រោះគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុហ្នឹង ត្រូវការរួមរស់ រួមរស់ជាមួយគ្នា រួមសុខ​ជាមួយគ្នា។ រួមសុខយ៉ាងម៉េច? បើស្ថាប័នមួយ​ត្រូវការមូលនិធិ ស្ថាប័ន​ដែលសម្បូរមូលនិធិហ្នឹងអាច​ដាក់​នៅធនាជាតិ​ក៏បាន អាចបំពេញទៅឲ្យស្ថាប័ន​ផ្សេងទៀតក៏បាន ដូចថា បំពេញឲ្យគ្នាទៅវិញទៅមក។ ព្រោះយើង​បំពេញ​កាតព្វកិច្ច​សម្រាប់​បង់ការប្រាក់​ទៅឲ្យ​ម្ចាស់​ប្រាក់​បញ្ញើ អញ្ចឹងថាតើ យើងយកមូលនិធិ​ដែលសល់ហ្នឹង យកទុកឱប​នៅនឹងខ្លួនធ្វើអី? សល់យើងអាច​ដាក់​នៅធនាគារជាតិ ហើយលើសពីនោះ យើងអាច​ដាក់នៅធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដទៃ ដើម្បីយើងអាច​ទទួលបានអត្ថប្រយោជន៍​តាមរយៈ​ការប្រាក់​ដែលគេផ្ដល់​ឲ្យយើង​ផង ដើម្បីឲ្យស្ថាប័ននោះ​យើងទៅប្រើប្រាស់បន្ដ»។ 

របាយការណ៍ប្រចាំ​ឆមាសទី១ ឆ្នាំ២០១៩ របស់​ធនាគារជាតិ​បង្ហាញទៀត​ថា ទ្រព្យសកម្ម​របស់វិស័យ​ធនាគារ និងហិរញ្ញវត្ថុ​បានកើនឡើង​ជាង ១៩ភាគរយ ស្មើនឹង ១៦៦ភាគរយ នៃផលទុន​ជាតិសរុប ខណៈឥណទានស្មើនឹង ១០៣ភាគរយ និងប្រាក់បញ្ញើមាន ៩២ភាគរយនៃផលទុនជាតិសរុប។ បើក្រឡេក​មើលពីគុណភាព​នៃសំពៀត​ឥណទាន​វិញបាន​បន្តស្ថិត​ក្នុងស្ថានភាព​ល្អ ដោយអនុបាត​ឥណទាន​មិនដំណើរការ​មានកម្រិត ២,៣ភាគរយ​សម្រាប់គ្រឹះស្ថាន​ធនាគារ និង ១,១ សម្រាប់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

របាយការណ៍ធនាគារជាតិ បាន​ឲ្យដឹងទៀតថា ​បច្ចុប្បន្ន ធនាគារពាណិជ្ជ​ចំនួន ៤៤ ធនាគារ​ឯកទេស១៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើ​ឯកជនមានចំនួន​ ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ចំនួន ៧៤ គ្រឹះស្ថាន​ឥណទាន​ជនបទចំនួន ២៥១ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុចំនួន ១៥ គ្រឹះស្ថានផ្តល់​សេវា​ទូទាត់ចំនួន ១៦ ការិយាល័យ​តំណាង​ធនាគារ​បរទេសចំនួន ៥ និងអាជីវកម្ម​ប្តូរប្រាក់ចំនួន ២.៧៩៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តីបញ្ជាឲ្យពង្រាយទ័ពបង្រ្កាបការវិលត្រលប់របស់ក្រុមអតីតបក្សប្រឆាំង

ព័ត៌មាន
នាយករដ្ឋមន្រ្តី សម្តេចហ៊ុន សែន បានចេញបញ្ជានៅថ្ងៃច័ន្ទ ទី៧ ខែតុលានេះ ឲ្យដាក់ពង្រាយកងទ័ព ដើម្បីបង្រ្កាបការវិលត្រលប់ចូលប្រទេសវិញ របស់អតីតមេបក្…

ធនាគារជាតិ​កាណាដា កាន់កាប់​​​ធនាគារ​ ABA នៅកម្ពុជា ១០០% បន្ទាប់ពី​ទិញ​ភាគហ៊ុន​១០%​​ដែល​នៅ​សល់

ព័ត៌មាន
ធនាគារ ABA Bank ដែល​គេ​ឃើញ​​ពង្រីក​បើក​សាខា​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ឥឡូវនេះ បាន​លក់​ចំណែក​ភាគហ៊ុន​ដែល​នៅសល់ ១០% …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ