អេស៊ីលីដា​បោះផ្សាយលក់ភាគហ៊ុន

២៧ឆ្នាំ ពីកំណើត​ដើម​ទុនដំបូងជាង ៦០ម៉ឺនដុល្លារ ទីបំផុតធនាគារ​អេស៊ីលីដា​នឹងបោះផ្សាយលក់ភាគហ៊ុន នៅមុនខែ មេសាឆ្នាំនេះហើយ!


ធនាគារអេស៊ីលីដា ត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើនទាំងនៅក្នុងទីក្រុង និងជនបទ សុទ្ធតែបានស្គាល់ ដ្បិតថា បច្ចុប្បន្ន ធនាគារនេះគឺជាធនាគារក្នុងស្រុកដ៏ធំមួយ ខណៈដែលទ្រព្យសកម្មធនាគារមួយនេះ បានកើនឡើងប្រមាណ ៦ពាន់លានដុល្លារអាមេរិក (គិតត្រឹមដំណាច់ឆ្នាំ២០១៩)។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ បន្ទាប់ពីបានដំណើរការអស់រយៈពេល ២៧ ឆ្នាំ តាមរយៈដើមទុនដំបូងត្រឹម ៦០ ម៉ឺនដុល្លារអាមេរិក ធនាគារនេះ ប្រកាសថា​ នឹងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនជាលើកដំបូងនៅក្នុងផ្សារមូលបត្រកម្ពុជា នៅមុនខែមេសាឆ្នាំនេះហើយ។
២៧ឆ្នាំ នៃការចាប់ផ្ដើមទុនដំបូងជាង ៦០ម៉ឺនដុល្លារ ទីបំផុតធនាគារ​អេស៊ីលីដា​នឹងបោះផ្សាយលក់ភាគហ៊ុន នៅមុនខែ មេសាឆ្នាំនេះហើយ!

ជាការបើកឆាកសករាជថ្មី សម្រាប់វិស័យមូលបត្រ​នៅក្នុងឆ្នាំ ២០២០នេះ តួអង្គដ៏សំខាន់មួយ គ្រោងនឹងបង្ហាញខ្លួន មុនខែ មេសា ខាងមុខ គឺធនាគារអេស៊ីលីដា នឹងក្លាយជាធនាគារ​ពាណិជ្ជទី ១ នៅកម្ពុជា ដែលនឹងចុះបញ្ជី​នៅក្នុងផ្សារ​មូលបត្រកម្ពុជា ដើម្បីបោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ ជាលើកដំបូង​បង្អស់ និងបើកឱកាស​ឲ្យ សាធារណជន អាចក្លាយ​ជាម្ចាស់ភាគហ៊ុន​របស់ អេស៊ីលីដា។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា វាជាយុទ្ធសាស្រ្តដែល​បានគ្រោងទុក​យូរមកហើយ ក្នុងការឈានជើង​ចូលក្នុងវិស័យ​មូលបត្រ​នៅកម្ពុជា ហើយភាគហ៊ុន របស់ធនាគារ​អេស៊ីលីដា នឹងត្រូវដាក់​លក់ជូន​សាធារណជន នាពេលឆាប់ៗខាងមុខ។

លោកបណ្ឌិត បន្ថែមថា នៅពេលនេះ គឺមិនទាន់អាច​បញ្ជាក់ពី ទំហំទឹកប្រាក់ប៉ុន្មាន និងតម្លៃប៉ុន្មាន ដែលត្រូវបោះ​ផ្សាយនោះទេ តែប្រភពទុនថ្មីនេះ នឹងត្រូវបាន​ប្រើប្រាស់​សម្រាប់​គំាទ្រដល់ការលូតលាស់​របស់ធនាគារ ទាំងក្នុងស្រុក និងក្នុងតំបន់ ជាពិសេសគឺ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធនាគារ​ឌីជីថល ដែលជា​អ្វី​ធនាគារនេះ បាននិង​កំពុង​ប្រតិបត្តិការ ស្របតាមយុទ្ធសាស្រ្ត​របស់​ធនាគារ​សម័យទំនើប​ ៤.០ ក្នុងន័យពង្រីក​វិសាលភាព​នៃការបម្រើសេវាកម្ម និងផ្តល់សេវាដ៏ល្អ​ប្រសើរជាងមុន។

បើតាម​លោកបណ្ឌិត អ៊ិន ចាននី បាន​មានប្រសាសន៍ថា ដើមឡើយ​នៅឆ្នាំ ១៩៩៣ អេស៊ីលីដា គ្រាន់តែជា​ជា​អង្គការ​ក្រៅរដ្ឋាភិបាលមួយប៉ុណ្ណោះ ជាមួយនឹងដើមទុនដំបូងជាង ៦០ ម៉ឺនដុល្លារ ហើយបើគិត​មកទល់បច្ចុប្បន្ន ទុនអេស៊ីលីដា បានកើនឡើង​រហូតដល់ទៅ ៧០០ដង ខណៈដែល​ធ្វើឲ្យ​ទុនម្ចាស់ទ្រព្យ​កើនឡើង​ប្រមាណ ៩០០លាន​ដុល្លារអាមេរិក រីឯទ្រព្យសកម្មវិញ កើនឡើង​រហូតដល់ ៩.០០០ដង ខណៈប្រាក់ចំណេញ​កើនដល់ជិត​២.០០០ដង​ផងដែរ។

ឯកឧត្តម ហុង សុហួរ អគ្គនាយក​នៃក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជា បានបញ្ជាក់​ឲ្យដឹងដែរថា វត្តមានរបស់ ធនាគារអេស៊ីលីដា នៅលើផ្សារ​ភាគហ៊ុនកម្ពុជា នឹងផ្តល់ឱកាស​វិនិយោគថ្មីៗ​បន្ថែមទៀត ដល់ វិនិយោគិន ដែលសព្វថ្ងៃនេះ នៅផ្សារហ៊ុន​កម្ពុជា មានក្រុមហ៊ុន​ចំនួន ៥ ដែលបានចុះបញ្ជី ហើយវាមិនទាន់​គ្រប់គ្រាន់​នៅឡើយទេ។

ឯកឧត្តម ហុង សុហួរ បន្តថា ការសម្រេចចិត្ត ចូលក្នុងផ្សារ​មូលបត្រកម្ពុជា របស់ធនាគារ អេស៊ីលីដា នឹងជំរុញឲ្យ ផ្សារមូលបត្រ​កម្ពុជា កាន់តែមានការទទួល​ស្គាល់ និងភាពជឿជាក់ពី សំណាក់​សាធារណជន ហើយក៏មានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ​ជាច្រើនទៀត កំពុងឃ្លាំចាំមើលថាតើ ការឈាន​ជើងចូលផ្សារ​ហ៊ុនរបស់ ធនាគារពាណិជ្ជមួយនេះ​ នឹងផ្តល់លទ្ធផលបែបណា? ហើយបើសិនជា ការបោះផ្សាយលក់​ភាគហ៊ុន​របស់ អេស៊ីលីដា ដំណើរការ​ទៅយ៉ាងរលូននោះ ច្បាស់ណាស់ នឹងមានក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុ ចូលរួមក្នុង​ផ្សារ​មូលបត្រ​នៅកម្ពុជាផងដែរ។

នៅក្នុងដំណើរការនេះ ក្រុមហ៊ុន Yuanta Securities (Cambodia) Plc. ត្រូវបានធនាគារ​អេស៊ីលីដា ជ្រើសរើស ជាទីប្រឹក្សាហិរញ្ញវត្ថុ​តែមួយគត់​របស់របស់ខ្លួន ក្នុងការបោះ​ផ្សាយលក់​មូលបត្រកម្មសិទ្ធិនេះ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន ​Yuanta Securities (Cambodia) Plc. បានមាន ប្រសាសន៍ថា «ការបោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារ​ពាណិជ្ជតែមួយ និងដំបូងបង្អស់ គ្រប់គ្រង​ដោយជនជាតិខ្មែរ នឹងអនុញ្ញាតឲ្យ សាធារណជន អាចក្លាយជា​ភាគហ៊ុន​បាន ក៏ដូចជា បង្កើតប្រាក់​ចំណូលជូន វិនិយោគ និងសាធារណជន ជាពិសេស ប្រជាពលរដ្ឋខ្មែរ​ផងដែរ»។

សូមបញ្ជាក់ថា បើតាមឯកឧត្តម ហុង សុហួរ អគ្គនាយកនៃ​ក្រុមហ៊ុនផ្សារមូលបត្រ​កម្ពុជា បានលើកឡើងដែរថា នៅឆ្នាំ ២០២០ ខាងមុខនេះ មានក្រុមហ៊ុន​ប្រមាណ ៥ ទៅ៦ ក្រុមហ៊ុនបាន​និងកំពុង​ត្រៀមខ្លួនដើម្បី​ចុះបញ្ចីនៅ​ក្នុងផ្សារមូលបត្រ​កម្ពុជា ដែលក្នុងនោះ ក៏មានធនាគារ​ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្សារមូលបត្រ​កម្ពុជា មាន​ក្រុមហ៊ុនចុះបញ្ជី​សរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពី ផ្សារមូលបត្រ​សរុបជាង ១៦០លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ និងបង់ក្លាសដេស ឯកភាពគ្នាជាគោលការណ៍ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព័ត៌មាន
ប្រទេសថៃ និងបង់ក្លាដេស កាលពីពេលថ្មីៗនេះ បានសម្រេចឯកភាពគ្នាជាគោលការណ៍ដើម្បីឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ក្នុងគោលបំណងពង្…

ថៃបរាជ័យមហិច្ឆតារបស់ខ្លួននាំចេញអង្ករ ៩លានតោនក្នុងឆ្នាំ២០១៩

ព័ត៌មាន
បើទោះបីជា សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករ សម្រាប់ការនាំចេញអង្ករប្រចាំឆ្នាំ ២០១៩ មកនៅត្រឹម ៩លានតោនក៏ដោយ ថៃ នៅតែមិនអាចសម្រេចគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ