ធនាគារ​អេស៊ីលីដាចុះបញ្ជី​លក់ភាគហ៊ុន

ធនាគារអេស៊ីលីដា រំពឹងដើមឆ្នាំក្រោយ សម្រាប់ការចុះបញ្ចីក្នុងផ្សារ​មូលបត្រកម្ពុជា


ធនាគារអេស៊ីលីដា រំពឹងថា នៅដើមឆ្នាំ ឬក្នុងត្រីមាសទី១ ឆ្នាំ២០២០ ខាងមុខ នឹងអាចបន្តចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬហៅថា លក់ភាគហ៊ុន លើកដំបូងជាសាធារណៈរបស់ខ្លួនបានហើយ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់ធនាគារមួយនេះ។
ស្នាក់ការកណ្ដាល​ធនាគារអេស៊ីលីដា

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ និងជាគណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា បាន​បញ្ជាក់​ឲ្យដឹងដែរថា ធនាគារ អេស៊ីលីដា រំពឹងការចុះបញ្ជី​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​ នៅត្រីមាសទី១ ដើមឆ្នាំ២០២០ខាងមុខ។ លោកស្រី បន្ថែមទៀតថា ធនាគារ អេស៊ីលីដា​បាន​ត្រៀមខ្លួន ដើម្បី​បោះផ្សាយ​លក់មូលបត្រ​ តាំងពី​ដើមឆ្នាំ២០១៩មកម្ល៉េះ ហើយ​នៅចុង​ខែ​វិច្ឆិកានេះ ទើប​ទទួលបាន​ការអនុញ្ញា​តជាផ្លូវការ​ពីធនាគារជាតិនៃកម្ពុជា។

លោកស្រី អមរា បាន​គូសបញ្ជាក់ទៀតថា បច្ចុប្បន្នធនាគារអេស៊ីលីដា បាននិងកំពុង​ធ្វើការងារ​បន្តទៀត ដើម្បីទទួលបាន​ការ​អនុញ្ញាត​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា ក៏ដូចជា​ផ្សារមូលបត្រ​កម្ពុជា ដើម្បី​ឈាន​ទៅធ្វើការ​បោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​របស់ខ្លួនជាផ្លូវការ​សម្រាប់សាធារណជន។ លោកស្រី អមរា បាន​បន្ថែមទៀតថា ធនាគារ​អេស៊ីលីដា ក៏មានការ​ថ្លែងអំណរគុណ ដល់​អាជ្ញាធរពាក់ព័ន្ធ ពិសេស​ខាងធនាគារជាតិ​ ដែលបាន​ផ្ដល់នូវទំនុកចិត្ត និងគាំទ្រលើកទឹកចិត្ត​​ដល់​ធនាគារអេស៊ីលីដា ដើម្បីអាចមានលទ្ធភាព​​ធ្វើការងារ​បន្ត​ ជំរុញ​ដល់​គម្រោង​បោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​​លើកដំបូង​ជាសាធារណៈនេះ។ 

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា ការបោះ ផ្សាយ​មូលបត្រកម្មសិទ្ធិ​ជាលើកដំបូង​របស់​ធនាគារអេស៊ីលីដា គឺ ដើម្បី បង្កើន​ប្រភពទុន​ដ៏សម្បូរបែប និងគាំទ្រ​ការរីក​ចម្រើននាពេល​អនាគត តាមរយៈ​ទីផ្សារ​មូលធនកម្ពុជា។

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រកម្ពុជា បាន​បញ្ជាក់ឲ្យដឹងដែរថា ការ​សម្រេច​ចិត្ត​នឹង​ចូល​ក្នុង​ផ្សារមូលបត្រ​កម្ពុជា របស់​ធនាគារ អេស៊ីលីដានាពេលនេះ គឺ​នឹងជំរុញ​ឲ្យ​ផ្សារមូលបត្រ​កម្ពុជា​កាន់តែ​មានការ​ទទួលស្គាល់​និងភាពជឿជាក់  ដែលវា​នឹង​ជំរុញ​ឲ្យមានការ​ជួញដូរ​កាន់តែ​ខ្លាំងឡើង។ ឯកឧត្តម ហុង សុហួរ បាន​បន្ថែមទៀតថា កន្លងមកនេះ ធនាគារអេស៊ី បាននិងកំពុង​ធ្វើការ​ងារ​បាន​ច្រើនហើយ​ជាមួយនឹង​គណៈកម្មការមូលបត្រ​កម្ពុជា ក៏ដូចជា​ផ្សារមូលបត្រ​កម្ពុជា​ ហើយ​នៅមាន​ចំណុច​នៅសេសសល់​មួយចំនួន​ទៀត ត្រូវការ​ធ្វើ​ជាមួយគ្នា​ ដើម្បី​ឈាន​ទៅ​សម្រេច​ការចុះបញ្ជី​បោះផ្សាយ​លក់មូលបត្រ​ជាផ្លូវការ ដែលអាច​នឹងរួចរាល់​នៅដើមឆ្នាំក្រោយនេះ។ 

យ៉ាងណាក៏ដោយចុះ ការចុះបញ្ជី​បោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​របស់ធនាគារ​អេស៊ីលីដា នឹងមាន​ទំហំទឹកប្រាក់ ប៉ុន្មាន និងតម្លៃប៉ុន្មាននោះ គឺមិនទាន់មានការបញ្ជាក់​ជាផ្លូវការនៅឡើយទេ ដោយមន្ត្រី​ជាន់ខ្ពស់​របស់ធនាគារ​អេស៊ីលីដា គ្រាន់តែ​បញ្ជាក់ថា នៅរង់ចាំ​ការ​ត្រួតពិនិត្យ និង​អនុម័ត​ពីគណៈកម្មការ​មូលបត្រ​កម្ពុជានៅឡើយ។

ក្រុមហ៊ុន Yuanta Securities (Cambodia) Plc. ត្រូវបាន​ធនាគារ​អេស៊ីលីដា ជ្រើសរើស ជា​ទីប្រឹក្សាហិរញ្ញវត្ថុ​តែមួយ​គត់​របស់​របស់ខ្លួន ក្នុងការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិនេះ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បានមាន ប្រសាសន៍ថា «ទំហំនៃប្រតិបត្តិការជួញដូរ និង ការកើនឡើងនៃ​ចំនួន​វិនិយោគិន តាមរយៈ​ដំណើរការបោះផ្សាយ​លក់មូលបត្រ​កម្មសិទ្ធិ​ជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ថាមភាព​របស់ផ្សារហ៊ុន និងនាំទីផ្សារ មូលធន ឆ្ពោះទៅដំណាក់​កាល​អភិវឌ្ឍន៍ថ្មី និងរីកចម្រើនជាងមុន»។ លោក Han Kyung Tae បានមានប្រសាសន៍​បន្ថែមថា«“មូលធនូបនីយកម្ម​ទីផ្សារសរុប​របស់ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា អាច នឹងកើនបីដង​ជាមួយ​នឹងការចុះបញ្ជី​របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ»។

គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារ​ធំជាងគេ​បំផុតនៅកម្ពុជា ដែលមានសំពៀត​ឥណទានសរុប មានជាង ៣ពាន់៦រយ លាន​​ដុល្លារអាមេរិក និងមូលធន​សរុប ជិត​៩០០លាន​ដុល្លារអាមេរិក ទ្រព្យសកម្មសរុបប្រមាណ ៦ពាន់​លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប ៤ពាន់ ២០០​លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា បើតាម​ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រកម្ពុជា បាន​លើកឡើងដែរថា នៅឆ្នាំ ២០២០ ខាងមុខនេះ មានក្រុមហ៊ុន​ប្រមាណ ៥ ទៅ៦ ក្រុមហ៊ុន​បាននិងកំពុង​ត្រៀមខ្លួន​ដើម្បីចុះបញ្ចី​នៅក្នុងផ្សារមូលបត្រ​កម្ពុជា ដែលក្នុងនោះ ក៏មាន​ធនាគារ​ផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន​ផ្សារភាគហ៊ុនកម្ពុជា ក្រុមហ៊ុនចុះបញ្ជី​សរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជី​ជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុន​ទាំង ៨ បានប្រមូល​ទុនពី ផ្សារមូលបត្រ​សរុបជាង ១៦០លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រីលង្កា ចង់​លុប​ចោល​វិញនូវ​កិច្ចសន្យា​ជួល​កំពង់ផែ​ឲ្យ​ចិន ៩៩ឆ្នាំ​

ព័ត៌មាន
រដ្ឋាភិបាល​ថ្មី​របស់​ប្រទេសស្រីលង្កា ដែលដឹកនាំ​ដោយ​ប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាផាក់សា (Gotabaya Rajapaksa) មានបំណង​ចង់​លុបចោល​វិញ…

ថៃ និងហុងកុង បង្ហាញ​ផែនការចុះ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី

ព័ត៌មាន
ប្រទេសថៃ មានគម្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយហុងកុង ដែលវាមានគ្របដណ្ដប់លើវិស័យសេវាកម្ម រួមទាំងវិស័យហិរញ្ញវត្ថុបៃតង និងសន្ដិសុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ