អេស៊ីលីដា-Fintech

ធនាគារ អេស៊ីលីដា នឹងលែងពង្រីកប្រតិបត្តិការតាមរយៈការិយាល័យទៀតហើយ តែ​ងាកមកប្រើប្រព័ន្ធឌីជីថលកាន់តែសម្បូរបែប


វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech កំពុងបោះជំហានទៅមុខកាន់តែលឿនៗឡើងៗ នៅកម្ពុជា ពិសេសតាមរយៈធនាគារធំៗមួយចំនួន។ ជាក់ស្ដែង ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកធំជាងគេមួយនៅកម្ពុជា បានប្រកាសថា ធនាគារនេះ នឹងលែងពង្រីកប្រតិបត្តិការតាមរយៈការិយាល័យតទៅទៀតហើយ ដោយងាកមកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែសម្បូរបែប។ នេះបើតាមការបញ្ជាក់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនគារ អេស៊ីលីដា។
ធនាគារ អេស៊ីលីដា នឹងលែងមានការពង្រីកប្រតិបត្តិការតាមរយៈការិយាល័យទៀតហើយ ដោយងាកមកប្រើប្រព័ន្ធឌីជីថលកាន់តែសម្បូរបែប

ធនាគារអេស៊ីលីដា បច្ចុប្បន្ន​កំពុង​ជា​ធនាគារឈានមុខគេមួយ ក្នុង​ការប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ តួយ៉ាង ថ្មីៗនេះ ធនាគារអេស៊ីលីដា បាន​ចាប់ដៃគ្នា​ជាមួយនឹង​ក្រុម​ហ៊ុន​ជប៉ុន JCB International ដែលជា​ក្រុមហ៊ុន​​លំដាប់​​ពិភពលោក ខាងផ្នែក​​សេវាកម្ម​​ទូទាត់​មាន គុណភាព​​ខ្ពស់​​លំដាប់​​អន្តរជាតិ និងមាន​​ទីតាំង​​នៅក្នុង​​ប្រទេស​​ជប៉ុន​​ ធ្វើជា​​ដៃគូយុទ្ធសាស្រ្ត​​ក្នុងការ​​ធ្វើ​​សហប្រតិបត្តិការ​​បម្រើ​​សេវាកម្ម​​ទូទាត់ជូនអតិថិជន​ទាំងក្នុង​ និងក្រៅប្រទេស។

នៅក្នង​​​ពិធី​ដាក់​ឲ្យ​ដំណើរការ​បណ្ណ​ឥណពន្ធ JCB​ អេស៊ីលីដា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ ធនាគារអេស៊ីលីដា ភីអិលស៊ី​បាន​​មានប្រសាសន៍ថា ក្នុង​នាមជា​ធនាគារ​​ឈានមុខគេ​មួយនៅ​​ក្នុងប្រទេស​កម្ពុជា អេស៊ីលីដា ពិតជាមាន​មោទនភាព ដោយ​បាន​សហការ​ជាមួយ​ស្ថាប័ន​លំដាប់​ថ្នាក់​ពិភព​លោកដូច JCB​ នេះ។​ លោកបន្តថា ការសហការ​គ្នា​នៅ​ពេលនេះ គឺវាស្រប​​ទៅ​នឹង​​យុទ្ធសាស្រ្ត​​របស់​​ធនាគារ​​​អេស៊ីលីដា ដែលមាន​​ការគោលការណ៍​​ពង្រីក​​បណ្តាញ​​តាមរយៈ​​ប្រព័ន្ធ API (​Access Public Interface)​គឺមាន​ន័យថា លែង​មាន​​ការពង្រីក​​ប្រតិបត្តិការ​​តាមរយៈ​​ការិយាល័យ​​ទៀត​ហើយ។

លោកបណ្ឌិត​​បានបន្ថែមថា ចំនុច​សំខាន់​នៃកិច្ចព្រម​ព្រៀងនេះ គឺសមាជិក​អេធីអឹម​របស់​ធនាគារ អេស៊ីលីដា អាច​ទទួល​បានប័ណ្ណ​សហនិមិត្ត​សញ្ញា​រវាង ធនាគារ JCB​ និង អេស៊ីលីដា ដោយ​អាច​ប្រតិបត្តិ​ការ​បានយ៉ាង​សម្បូរ​បែប ទាំងក្នុង និងក្រៅ​ប្រទេស​ ដែលនេះ​ស្រដៀង​ទៅនឹង Master Card និង Visa Card ដែរ គ្រាន់តែ​ថា លក្ខណៈ​ពិសេស​របស់​បណ្ណ​​ឥណពន្ធ JCB​ អេស៊ីលីដានេះ អាចទូទាត់​​ជា​ប្រាក់​រៀល​​បាន។

លោក​ គីមីហ៊ីសា អ៊ីម៉ាដា​ អគ្គនាយក​ និងជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JCB International Co., Ltd បាន​​ប្រាប់ឲ្យដឹង​ដែរថា ការឈាន​មកដល់​ការកិច្ច​សហការនេះ ​គឺ​ដោយ​សារក្រុមហ៊ុន JBC សង្កេត ​មើលឃើញ​ពី កេរ្តិ៍ឈ្មោះ ភាពរឹងមាំ និងសក្តានុពល​​របស់​ធនាគារ​​អេស៊ីលីដា​ ក្នុងការ​ពង្រីក​​ពាណិជ្ជ​កម្ម​ក្នុង​ប្រទេស​កម្ពុជា ។ ​លោកបន្តថា ការសហការគ្នា​នាពេលនេះ នឹង​បម្រើ​ដល់​សាធារណជន​នូវ​សេវា​បណ្ណ​ឥណពន្ធ​ដល់​អតិថិជន​​ទាំង​ពីរ ស្ថាប័ន​ទាំង២​បានទូលំទូលាយ ខណៈដែល JCB International​ មានជាង ៣០លានទីតាំង និង ១លានកន្លែង ក្នុងការ​ប្រតិបត្តិការ​ទូទាត់ និងដក​ប្រាក់​បុរេប្រទាន​ទូទាំង​​ពិភពលោក។

សូមជម្រាបថា រយៈពេល​៥ឆ្នាំហើយ ដែលក្រុមហ៊ុន JCB International Co., Ltd និងធនាគារ​អេស៊ីលីដា​ បាន​សិក្សា​ពីគ្នា​ទៅវិញ​ទៅមក មុននឹង​ឈាន​ដល់​ការ​សហការនេះ ។ ហើយសព្វថ្ងៃនេះ បណ្ណ​ឥណពន្ធ​ JCB​ អេស៊ីលីដា មានការ​ចែកចាយ និងប្រើប្រាស់​ប្រមាណ ២ម៉ឺនកាត។ លោកបណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ថា កាតនេះ ហាក់មាន​ប្រជាប្រិយភាព​ជាង​កាត​ដទៃទៀត​ដែល ធនាគារ​ធ្លាប់ដាក់​ឲ្យ​​ដំណើរ​ការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមរំពឹងចំណូល ៤០ពាន់លានដុល្លារពីការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់នៅឆ្នាំនេះ

ព័ត៌មាន
សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានដាក់គោលដៅនៅឆ្នាំនេះ នឹងរកចំណូលពីការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ឲ្យបានដល់ ៤០ពាន់លានដ…

គម្រោងលំនៅដ្ឋានតម្លៃសមរម្យ របស់លោក សៀ ឫទ្ធី នឹងចាប់ផ្ដើមប្រគល់ផ្ទះជូនអតិថិជនចាប់ពីខែ មីនា តទៅ

ព័ត៌មាន
គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ស្ថិតក្នុងទីក្រុងរណបសិរីមង្គលរបស់លោកឧកញ៉ា សៀ ឫទ្ធី គ្រោងនឹងចាប់ផ្ដើមប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្ដើរៗ ចាប់ពីខែមី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ