បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

ឆ្នាំ២០២១ អេស៊ីលីដា​ នឹងបើកទីតាំង«សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ» ៥០កន្លែង នៅទូទាំងប្រទេស


តាំងពីបើកឆាកឆ្នាំ២០២១នេះ​មក ធនាគារ​ អេស៊ីលីដា ដែលជាធនគារពាណិជ្ជ​ចំណាស់ជាងគេ​និងធំជាងគេ​នៅកម្ពុជា បាន​បើក​យុទ្ធនាការ​ទំនើបកម្ម​សេវាកម្មធនាគារ​របស់ខ្លួន​ជាបន្ត​បន្ទាប់ រាប់តាំងពី​ការប្ដូរ​និមិត្តសញ្ញាថ្មី ការអភិវឌ្ឍ​ឲ្យ​កាន់តែទំនើប​និង​ងាយស្រួលប្រើ​បំផុត​នូវ​អេស៊ីលីដាម៉ូបាល​ និង​​ការធ្វើ​ឲ្យប្រសើរឡើង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​របស់ធនាគារ ជាដើម ។
រូបគំរូ​នៃ​កន្លែង​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ របស់ធនាគារ អេស៊ីលីដា ។

ជាការវិវត្តន៍ថ្មី​ទៀត ធនាគារ អេស៊ីលីដា បាន​ប្រកាស​ឲ្យ​ដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១នេះ ថា ធនាគារ​នឹង​ដាក់​ឲ្យ​ដំណើរការនូវទីតាំង​«សេវាកម្ម​ធនាគារ​ស្វ័យប្រវត្តិ» (Banking Self-Service) ឲ្យបានដល់ ៥០ទីតាំង​ នៅទូទាំង​ប្រទេស ជាពិសេស នៅតាមតំបន់ទីប្រជុំជន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​អតិថិជន​សម្រាប់​ការប្រើប្រាស់​សាច់ប្រាក់​​ទៅតាម​តម្រូវការ បន្ថែម​ពីលើ​ការ​ប្រើ​ប្រាស់​តាម អេស៊ីលីដា​ម៉ូបាល ។ 

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់ទីផ្សារ​ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍​យ៉ាងដូច្នេះថា ៖ «ធនាគារ​ អេស៊ីលីដា ឈាន​មុខ​មុនគេ​ក្នុង​ការ​បំពាក់​ម៉ាស៊ីន​ទំនើប និង​បច្ចេកវិទ្យា​ចុង​ក្រោយ នៅកម្ពុជា ដោយ​បង្កើត​នូវ​ភាព​លេចធ្លោ​និង​ទាន់​សម័យ​​សម្រាប់​អតិថិជន, សាធារណជន និង​បណ្តា​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង ដែល​រួមមាន ម៉ាស៊ីន​ដាក់​ប្រាក់-​ដកប្រាក់, ម៉ាស៊ីន​ដកប្រាក់, ម៉ាស៊ីន​បើក​គណនី, ម៉ាស៊ីន​បើក​គណនី​មាន​កាលកំណត់ និង​ម៉ាស៊ីន​ដាក់​កាបូបប្រាក់​​សម្រាប់​ដៃគូ​ដែល​មាន​ការចរាចរ​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ ។»

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់ទីផ្សារ​ នៃធនាគារ អេស៊ីលីដា

លោកស្រីនាយិកា​បានបន្ថែម​ថា ៖ «អត្ថប្រយោជន៍​ គឺ​ការធានាបាន​​នូវ​​សេចក្តីត្រូវការ​​របស់​​អតិថិជន ​ក្នុង​ការប្រើប្រាស់​សាច់ប្រាក់​ទៅ​តាម​ពេលវេលា​ដែល​គាត់​ត្រូវការ មិន​ថា​ពេលណា ឬ​កន្លែង​ណា​ទេ គឺ​ងាក​ឃើញៗ​គ្រប់​កន្លែង បើ​ហួស​មួយ​កន្លែង ដល់​មួយ​កន្លែង​ទៀត ដោយ​មិន​ចាំបាច់​ត្រឡប់ក្រោយ​ឡើយ ។ អេស៊ីលីដា មាន​មោទនភាព​ដែល​មាន​ឱកាស​ក្នុង​ការបម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​អតិថិជន, សាធារណជន គ្រប់​ជាតិ​សាសន៍ ប្រកប​ដោយ​កាយវាចារ​ចិត្ត​ស្មោះស្ម័គ្រ និង​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​បំផុត ។»

រូបគំរូ​នៃ​កន្លែង​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ របស់ធនាគារ អេស៊ីលីដា ។

នៅថ្ងៃទី១៨ ខែមីនា នេះផងដែរ ទីតាំង​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ​ (Banking Self Service) របស់​ធនាគារ​ អេស៊ីលីដា ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅស្រុក​វាលវែង ដែលមាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវជាតិលេខ ៥៥ ភូមិ​ប្រម៉ោយ ឃុំ​ប្រម៉ោយ ស្រុក​វាលវែង ។ ជាមួយនឹងទីតាំង​សេវាកម្ម​ធនាគារ​ស្វ័យ​ប្រវត្តិ​នេះ អ្នកទេសចរ​ដែល​ទៅលេង​ក៏ដូចជា​អ្នកស្រុក​ដែលរស់នៅ​ក្នុង​តំបន់​ទេសចរណ៍វាលវែង ខេត្ត​ពោធិ៍សាត់នេះ លែង​បារម្ភ​អំពី​សេវាកម្ម​ធនាគារទៀត​ហើយ ។ ពីនេះតទៅ ​អតិថិជន​​នៅ​តំបន់​វាលវែង​នេះ អាចធ្វើ​សេវាកម្ម​ធនាគារ​ដោយ​ខ្លួន​ឯង​បាន ​២៤​ម៉ោង​លើ​២៤​ម៉ោង ​តាម​តម្រូវការ ​ដូចជា​ ការដាក់​​ប្រាក់ ​ផ្ទេរ​ប្រាក់​ ឬ​​បើក​​គណនី​ ជាដើម ​។

គួរ​កត់សម្គាល់ថា កាលពីដើមឆ្នាំ​២០២១នេះ ធនាគារ​ អេស៊ីលីដា បាន​ធ្វើទំនើបកម្ម​និង​អភិវឌ្ឍ​ អេស៊ីលីដាម៉ូបាល របស់ខ្លួន កាន់តែទំនើប​ មានមុខងារ​ច្រើន​សម្បូរ​បែប និង​កាន់តែងាយស្រួល​ប្រើ និង​បាន​សម្រេច​លុប​ចោល​កម្រៃសេវា​ប្រើប្រាស់​ អេស៊ីលីដាម៉ូបាល ។ ធនាគារបាន​ឲ្យ​ដឹងថា ចំនួនអ្នក​ប្រើប្រាស់​អេស៊ីលីដា​ម៉ូបាល​របស់​ខ្លួន បាន​កើនឡើង​យ៉ាង​គំហុក បន្ទាប់ពីការអភិវឌ្ឍ​ថ្មី​កាន់តែទំនើប និងការ​លុបចោល​កម្រៃសេវានេះ ៕




អត្ថបទបន្ទាប់


អាមេរិកប្រាប់ចិនឲ្យស្តារទំនាក់ទំនងជាមួយអូស្ត្រាលីឡើងវិញមុននឹងត្រូវរូវជាមួយខ្លួន

ព័ត៌មាន
ទំនាក់ទំនងចិន-អូស្ត្រាលី ក្នុងវិបត្តិកូវីដ-១៩ មិនសូវមានស្ថានភាពល្អប៉ុន្មានឡើយ ដោយភាគីអូស្ត្រាលី ជារឿយៗបានទាមទារឲ្យស្រាវជ្រាវរកប្រភពដើមនៃក…

គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកា ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២២

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃនៅដើមសប្ដាហ៍នេះ បានអនុម័តកញ្ចប់ថវិកាសារពើពន្ធឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ជាង១០០ពាន់លានដុល្លារ ដោយក្នុងនោះឱនភាពថវិកាមានជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ