អេស៊ីលីដាឡើងផ្សារហ៊ុន

ធនាគារអេស៊ីលីដា ចង់បានអ្នកទិញភាគហ៊ុនរបស់ខ្លួនជាឯកត្តជន ១០០%


ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការបើកនូវសករាជថ្មី ធនាគារអេស៊ីលីដា តាមរយៈការបោះផ្សាយលក់ភាគហ៊ុននៅពេលដ៏ខ្លីខាងមុខនេះ នឹងផ្ដោតការលក់ជូនសម្រាប់ឯកត្តបុគ្គល ឬប្រជាជនទូទៅ ជាជាងការលក់ជូនអ្នកទិញដែលជាស្ថាប័ន ពោលគឺបើអាចទៅរួច ធនាគារអេស៊ីលីដា ចង់បានអ្នកទិញជាប្រជាជនទូទៅ ឲ្យបាន១០០% តែម្ដង។
ធនាគារអេស៊ីលីដា ចង់បានអ្នកទិញភាគហ៊ុនរបស់ខ្លួនជាឯកត្តជន ១០០% (រូបភាព៖ ខេមបូណូមីស)

ការលក់ភាគហ៊ុន​របស់ធនាគារ​អេស៊ីលីដានេះ ហាក់មានភាព​ខុសគ្នា​រវាង ក្រុមហ៊ុន​ដែលបាន​បោះផ្សាយ​លក់ភាគហ៊ុន​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​មុនៗ ពោលគឺ​ក្រុមហ៊ុន​ទាំង ៥ ដែលបាន​បោះផ្សាយ​លក់ភាគហ៊ុននៅក្នុង​ផ្សារមូលបត្រ​កម្ពុជា​នាពេល​កន្លងមក គឺផ្ដោតតែលើ​អ្នកទិញ​ភាគហ៊ុន​ដែលជា​ស្ថាប័នប៉ុណ្ណោះ។

ថ្លែង​នៅក្នុងសិក្ខាសាលា​ស្ដីពី ការគ្រោង​បោះផ្សាយ​លក់មូលបត្រកម្ម​សិទ្ធិជាសាធារណៈ  របស់ធនាគារ​អេស៊ីលីដា លោកបណ្ឌិត​ អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារអេស៊ីលីដា បាន​លើកឡើងថា ជាគោលដៅរបស់​ធនាគារ ក៏ដូចជា​ក្ដី​ប្រាថ្នា​របស់លោក​ផ្ទាល់ លោកចង់លក់​ភាគហ៊ុន​ ដែលគ្រោង​នឹងបោះផ្សាយក្នុងពេល​ដ៏ខ្លីខាងមុខនេះ ទៅឲ្យ​អ្នកទិញ​ដែលជា​ឯកត្តបុគ្គល ឬជា​ប្រជាជន​ទូទៅ ឲ្យបាន​ដល់​១០០% តែម្ដង ជាជាង​ការលក់​ទៅឲ្យ​អ្នកទិញ​ដែលជាស្ថាប័ន​ ឬក្រុមហ៊ុន។ ដូច្នេះហើយ ទើប​ធនាគារ​អេស៊ីលីដា បាននិងកំពុង​បន្ត​ផ្សព្វផ្សាយ ដល់​សាធារណៈជន​តាមរយៈ​ការរៀបចំ​សិក្ខាសាលា​ជាបន្តបន្ទាប់។

អ្នកចូលរួម​ក្នុងសិក្ខាសាលាស្ដីពី ការគ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារអេស៊ីលីដា (រូបភាព៖ ខេមបូណូមីស)

លោកបណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍​យ៉ាងដូច្នេះថា «ខ្ញុំចង់ឲ្យទិញទាំងអស់​ពីឯកត្តជន អ្វីដែលខ្ញុំប្រាថ្នា។ ដូចយើង​សង្កេតឃើញ​នៅថ្ងៃនេះស្រាប់ យើងគ្រោងថា ធ្វើក្នុងទំហំមួយតូចទេ ប៉ុន្ដែ យើងមាន​អ្នកចាប់អារម្មណ៍ច្រើន អញ្ចឹង​យើងចង់បាន​១០០% ពីឯកត្តជន បើសិនជា​ឯកត្តជន​ចាប់អារម្មណ៍ ជាជាងស្ថាប័ន ព្រោះស្ថាប័នខាងយើងខ្ញុំ​អត់មានការលំបាកទេ យើងមើលភាគហ៊ុនិក ភាគទុនិក​របស់យើង ដែលនៅសព្វថ្ងៃនេះ គឺភាគទុនិក​ដែលសម្បូរធនធានរឹងមាំ ហើយគេមិនចង់ឲ្យ​ចំណែកហ៊ុន​គេថយទេ អញ្ចឹង​យើងយកស្ថាប័នមកធ្វើអ្វីទៀត? ប៉ុន្ដែ ការធ្វើអាជីវកម្ម យើងមិនមែនថា លក់ឲ្យតែឯកត្តជនទេ ស្ថាប័នក៏ឲ្យដែរ ឲ្យតែស្ថាប័នហ្នឹង ត្រូវទៅតាមលក្ខណៈ​វិនិច្ឆ័យ ដែល​កំណត់ដោយ​បញ្ញាតិច្បាប់​នៃព្រះរាជាណាចក្រ​កម្ពុជា និយាយឲ្យចំ​កំណត់ដោយ​ផ្សារមូលបត្រ​កម្ពុជា ឬក៏គណៈកម្មការមូលបត្រកម្ពុជា»។

ការ​ផ្ដោត​ចម្បង​លើ​ការលក់​ភាគហ៊ុន​ទៅឲ្យ​អ្នកទិញ ជាឯកត្តបុគ្គលនេះ ត្រូវបាន​ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​រូបនេះ អះអាងថា គឺធនាគារ ចង់ធ្វើការចែករំលែក​ភាគលាភ ក៏ដូចជា​ប្រាក់ចំណេញ​ដែលខ្លួន​ទទួលបាន​កន្លងមក​ជូនដល់​ប្រជាជន​ទូទៅ ពិសេស​គឺអតិថិជន​របស់ខ្លួន។​

លោកបណ្ឌិត អ៊ិន ចាន់នី បាន​គូសបញ្ជាក់ទៀតថា តាមរយៈ​ការចង្អុល​បង្ហាញពី​អាជ្ញាធរ ធនាគារ​អេស៊ីលីដា នឹង​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​សិក្ខាសាលា​អំពីការ​ការបោះផ្សាយ​លក់ភាគហ៊ុននេះ នៅត្រឹមខែមករានេះ ហើយបន្ទាប់មក​ក្រោយពី​ទទួលបានការអនុញ្ញាត​ជាគោលការណ៍​មួយទៀត ដើម្បីកំណត់ថ្លៃភាគហ៊ុន ថាតើ​ត្រូវ​កំណត់យកថ្លៃទាបបំផុត​ប៉ុន្មាន និងខ្ពស់បំផុតប៉ុន្មាន រួច​គេនឹងកំណត់​តម្លៃជាមធ្យមមួយ ដើម្បីដាក់លក់លើទីផ្សារ ដែលអាច​រួចរាល់​ដើម្បីដាក់លក់​ជាផ្លូវការ​នៅមុន​ខែ​មេសាខាងមុខនេះ។

បើតាម​ប្រសាសន៍​របស់ឯកឧត្តម ហុង សុហួរ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា​ធ្លាប់បាន​លើកឡើងថា ក្រោយពីមានព័ត៌មាន​ប្រកាស​បោះផ្សាយ​លក់​ភាគហ៊ុន​របស់ធនាគារ​អេស៊ីលីដារួចមក លោកសង្កេតឃើញថា ការបើកគណនី​ដើម្បីទិញភាគហ៊ុន និងធ្វើការ​ជួញដូរ​ហាក់មានសន្ទុះ​កើនឡើងយ៉ាងខ្លាំង។ 

អ្នកចូលរួមចុះឈ្មោះបើកគណនី​ដើម្បីទិញភាគហ៊ុន​អេស៊ីលីដា (រូបភាព៖ ខេមបូណូមីស)

ឯកឧត្តម ហុង សុហួរ គូសបញ្ជាក់ទៀតថា វត្តមានរបស់​ធនាគារអេស៊ីលីដា នៅលើផ្សារ​ភាគហ៊ុនកម្ពុជា នឹងផ្តល់ឱកាស​វិនិយោគថ្មីៗ​បន្ថែមទៀត ដល់ វិនិយោគិន ខណៈ​ដែលសព្វថ្ងៃនេះ នៅផ្សារហ៊ុន​កម្ពុជា មានក្រុមហ៊ុន​ចំនួន ៥ ដែលបានចុះបញ្ជី ហើយវាមិនទាន់​គ្រប់គ្រាន់​នៅឡើយទេ ហើយក្រុមហ៊ុន​ទាំង៥នោះ គឺមានការលក់​ភាគហ៊ុន​ផ្ដោត​តែទៅលើ​អ្នកទិញជា​ស្ថាប័ន​ប៉ុណ្ណោះ ខុសពីធនាគារអេស៊ីលីដា ដែល​ផ្ដោត​លើ​អ្នកទិញជា​ឯកត្តបុគ្គល​ឬសាធារណជន។

បើតាម​ការគូសបញ្ជាក់ របស់លោក​បណ្ឌិត អ៊ិន ចាន់នី គិតតាំងពីការចាប់កំណើត​ឡើង នៅឆ្នាំ ១៩៩៣ មួយនឹង​ដើមទុនដំបូងប្រមាណ ៦១​ ម៉ឺនដុល្លារ គិត​មកទល់ដំណាច់ឆ្នាំ២០១៩ ទុនរបស់​អេស៊ីលីដា បានកើនឡើង​រហូតដល់ទៅ ៧០០ដង ​ធ្វើឲ្យ​ទុនរបស់​ម្ចាស់ទ្រព្យ​កើនឡើង​ប្រមាណ ៩០០លាន​ដុល្លារអាមេរិក រីឯទ្រព្យសកម្មវិញ កើនឡើង​រហូតដល់ ៩.០០០ដង ខណៈប្រាក់ចំណេញ​កើនដល់ជិត​២.០០០ដង​ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនផ្សារមូលបត្រ​កម្ពុជា មាន​ក្រុមហ៊ុនចុះបញ្ជី​សរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពី ផ្សារមូលបត្រ​សរុបជាង ១៦០លានដុល្លារអាមេរិក៕

អ្នកចូលរួមចុះឈ្មោះបើកគណនី​ដើម្បីទិញភាគហ៊ុន​អេស៊ីលីដា (រូបភាព៖ ខេមបូណូមីស)
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ​លីកាដូ សំណូមពរ​ឱ្យ​តុលាការ​ចាក់​ផ្សាយ​ការ​ជំនុំ​ជម្រះ​​លោក កឹម សុខា នៅ​ខាង​ក្រៅ

ព័ត៌មាន
អង្គការ​សិទ្ធិមនុស្ស លីកាដូ នៅថ្ងៃ​អង្គារ ទី១៤ ខែមករា ឆ្នាំ២០២០​នេះ បាន​សំណូមពរ​ឱ្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ធ្វើការ​ចាក់​ផ្សាយ​ការ​…

ក្រសួងដែនដីផ្សព្វផ្សាយច្បាប់សំណង់ថ្មី ដោយរំពឹងថានឹងធ្វើឲ្យសំណង់កាន់តែមានសន្ដិសុខ និងសុវត្ថិភាពជាងមុន

ព័ត៌មាន
វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា មានសន្ទុះកើនឡើងយ៉ាងគំហុក ខណៈដែលសំណង់តូចធំ ខ្ពស់ទាប ជាច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ