វិធានការ​លើ​អ្នក​ពុះ​ដី​ឡូត៍​លក់​គ្មាន​លិខិត​អនុញ្ញាត!​

ក្រសួង​រៀបចំ​ដែនដី​​នឹង​ចាត់​វិធានការ​គម្រោង​ពុះ​ដី​ឡូត៍​លក់​គ្មាន​លិខិត​អនុញ្ញាត


នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាស​ចាត់​វិធានការ​ទៅ​លើ​​គម្រោង​ពុះ​ដី​ឡូត៍​លក់​ដែល​មិន​មាន​លិខិត​អនុញ្ញាត និង​ពង្រឹង​ការ​សាងសង់ គុណភាព និង​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​សំណង់ នៅ​គ្រប់​ការដ្ឋាន​សំណង់​ទាំង​អស់ ដើម្បី​ធានា​​ការ​​អភិវឌ្ឍ​​វិស័យ​សំណង់​ប្រកប​ដោយ​ចីរភាព។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី។
ការពុះដី​ជា​ឡូត៍តូចៗ ដាក់​លក់ កំពុង​ពេញ​និយម និង​រីក​ដុះដាល​យ៉ាងខ្លាំង ជាពិសេស នៅជាយៗ​ក្រុង។ រូបភាព៖ ហេង ភារម្យ
ដោយ

ឯកឧត្តម ឡាវ ទិព្វសីហា អនុរដ្ឋលេខាធិការ​​ក្រសួង​​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ពិនិត្យ​មើល​ឃើញ​​​ពី​សកម្មភាព​ពុះ​ដី​ឡូត៍​​កាន់​តែ​ច្រើន​ និង​​នៅ​តាម​គម្រោង​ដី​ឡូត៍​ខ្លះ​កំពុង​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​​មាន​​សមត្ថកិច្ច​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​ធ្វើការ​រឹតបន្តឹង​បន្ថែម ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា។​

ឯកឧត្តម​បញ្ជាក់​ថា «យើង​មិន​មាន​តួលេខ​ជាក់លាក់​ចំពោះ​គម្រោង​ពុះ​ដីឡូត៍​​លក់​គ្មាន​ការ​​អនុញ្ញាត​ទេ តែ​បើ​តាម​ការ​​សង្កេត​ផ្ទាល់ យើង​មើល​ឃើញ​ថា អាជីវកម្ម​ពុះ​ដីឡូត៍​លក់​​បច្ចុប្បន្ន​​នេះ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​​​មួយ​​ដែល​​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​មាន​បញ្ហា​ប្រឈម​ច្រើន​ ជាពិសេស ​ទាក់ទង​នឹង​ការ​ពង្រីក​​ផ្លូវ ប្រព័ន្ធ​លូ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្សេងៗ​ទៀត។

ឯកឧត្តម ឡាវ ទិព្វសីហា បាន​រំឭក​ផងដែរ​ថា កន្លង​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​ធ្លាប់​​បាន​បង្កើត​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជាច្រើន ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នេះ ប៉ុន្តែ ថ្មីៗ​​នេះ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​​បន្ថែម​​ទៀត​ទៅ​លើ​បទដ្ឋាន​​គតិយុត្តិ​ដែល​មាន​ស្រាប់ ក៏​ដូចជា​ទប់​ស្កាត់​​ការ​ពុះ​ដី​ឡូត៍ និង​ពង្រឹង​ផ្នែក​​គុណភាព សុវត្ថិភាព​នៅ​ក្នុង​​វិស័យ​​សំណង់ ក្រសួង​​រៀប​ចំ​ដែនដី ​ប្រកាស​ថា នឹង​ចាត់​វិធានការ​​តឹង​រ៉ឹង​​ឡើង​វិញ​ចំពោះ​អាជីវកម្ម​ពុះ​​​ដី​ឡូត៍​លក់​​​ទាំង​​ឡាយ​​ណា ​​ដែល​​គ្មាន​លិខិត​អនុញ្ញាត​​ឲ្យ​គោរព​ទៅ​តាម​ច្បាប់​សំណង់ ដើម្បី​ធានា​ការ​​អភិវឌ្ឍ​វិស័យ​សំណង់​​ប្រកប​ដោយ​និរន្តរភាព។

សូមជម្រាបថា សកម្មភាព​ពុះ​ដី​ឡូត៍​លក់​កាន់តែកក្រើក​ខ្លាំងនៅរាជធានីភ្នំពេញ ដែល​ឥទ្ធិពល​​នៃ​កំណើន​នេះ​​បាន​​សាយភាយ​ជា​បន្តបន្ទាប់​ទៅ​ដល់​តំបន់​ជាយៗ​ក្រុង​ ខណៈ​ដែល​​តម្រូវការ​កំពុង​តែ​​កើន​​ឡើង​​ខ្លាំង។

អ្នក​ជំនាញ​អចលនទ្រព្យ​កម្ពុជា លោក ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA បាន​ចាត់​ទុក​គម្រោង​ពុះ​ដី​ឡូត៍​ ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ដែល​មាន​ចំណូល​ទាប ដែល​ត្រូវការ​ដី​សាងសង់​លំនៅដ្ឋាន​ស្នាក់នៅ​ ​ប៉ុន្តែ វា​​​​ក៏​បាន​​និង​កំពុង​គំរាម​កំហែង​ដល់​ដំណើរការ​អភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ​​ដែរ។

ជាមួយ​គ្នា​នេះ​ដែរ លោក សុត វីរៈ ប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​នៃ​ក្រុម​អចលន​ទ្រព្យ ​ស៊ីភីអិល បាន​​ឲ្យ​ដឹង​ថា​ ការ​សម្រេច​ទិញ​លំនៅដ្ឋាន ឬ​ដី​ធ្លី​​សម្រាប់​សាងសង់​​លំនៅដ្ឋាន ជា​​ចាំ​បាច់ ​ត្រូវ​​មើល​​​ពី​ស្ថានភាព​​រស់​នៅ​នៃ​ពលរដ្ឋ និង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ គោរព​តាម​ប្លង់​មេ​នៃ​ផែនការ​​អភិវឌ្ឍន៍​ក្រុង​របស់​រាជ​រដ្ឋាភិបាល​បាន​ល្អ នោះ​តម្លៃ​អលនទ្រព្យ​អាច​នឹង​កើន​ឡើង​​បន្ទាប់​​ពី​ទិញ​រួច។

ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ផែនការ​កំណត់​ចំណី​ផ្លូវ​នៅ​​តាម​តំបន់​​គម្រោង​​ពុះ​ដី​ឡូត៍​លក់​នេះ​ដែរ លោក វីរៈ ក៏​បាន​ស្នើ​ទៅ​​ដល់រដ្ឋាភិបាល​មេត្តា​ពិនិត្យ​​​ទៅ​លើ​គម្រោង​​ប្លង់​មេ​នូវ​រាល់​គម្រោង​ពុះ​ដី​ឡូត៍​ជាមុន មុន​នឹង​អនុញ្ញាត​ឲ្យ​​មាន​​ការ​ពុះដី​ឡូត៍​ចេញ​​លក់​​​ជា​សា​ធារណៈ។

យោងតាមសេចក្តីប្រកាសរបស់សាលាខណ្ឌ រាល់​គម្រោង​នៃការពុះដីឡូត៍ ម្ចាស់គម្រោង​ត្រូវ​រក្សាចំណីផ្លូវ​ យ៉ាងតិចទទឹងផ្លូវឲ្យបាន៨ម៉ែត្រ។ ការកំណត់ទំហំផ្លូវនេះគឺដើម្បីបញ្ជៀសការ​កក​ស្ទះចរាចរ និងដើម្បីបង្ការផលប៉ះពាល់ផ្សេងៗនៃការអភិវឌ្ឍន៍ក្រុងនៅពេល​ក្រោយ។

គួរ​បញ្ជាក់​ថា កាលពី​២-៣​ឆ្នាំ​មុន សកម្មភាព​ពុះ​ដី​ឡូត៍​ឃើញ​មាន​តែ​នៅ​តំបន់​ភ្នំពេញ​ថ្មី ចោម​ចៅ ចម្ការ​ដូង និង​​ទួល​សង្កែ ប៉ុន្តែ ឥឡូវ សកម្មភាព​នេះ​បាន​បន្ត​រីករាល​ដាល​​ខ្លាំង​​ឡើងៗ​​ទៅ​ដល់​​តំបន់​បឹង​ជើង​ឯក តំបន់​ទំនប់​កប់​ស្រូវ និង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ផ្លូវ​ជាតិ​​លេខ​៣ និង​​ផ្លូវ​ជាតិ​​លេខ៤ ​គឺ​​កំពុងតែ​ធ្វើ​ការ​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង និង​ក៏​មាន​តម្រូវការ​ទិញ​ច្រើន​ទៀត​ផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុវជន​រូបនេះ​​បង្កើត GAME ផ្សព្វផ្សាយ​អត្តសញ្ញាណ​ខ្មែរ​​ទៅ​កាន់​​ពិភព​លោក

ព័ត៌មាន
លោក ឈួម ពិសិដ្ឋ ជា​កូន​ខ្មែរ​មួយ​រូប ដែល​បាន​ដឹកនាំ​ក្រុម DirectPlay បង្កើត GAME ដោយ​បញ្ចូល​អត្តសញ្ញាណ​ខ្មែរ ដូចជា ក្បាច់គុណ ទីតាំង​ប្…

ប៉ាន សូរស័ក្តិ ប្រើ​កណ្តាប់​ដៃដែក​បំបែក​កំណត់ត្រា​ សម្រេច​ការងារ​អស្ចារ្យ​អ្វី​ខ្លះ ក្នុង​តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ២​ឆ្នាំ​កន្លង​មក​នេះ!

ព័ត៌មាន
សាធារណជន​ទូទៅ​ច្បាស់​ជា​ចង់​ដឹង​ហើយ​ថា ឯកឧត្តម ប៉ាន សូរស័ក្តិ ជា​នរណា? មក​ពី​ណា? ឆ្លើយ​ដោយ​ខ្លី មុន​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ