ព្យាករណ៍កំណើនសេដ្ឋកិច្ច​កម្ពុជា

ADB បន្ថយការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពី៤% មកនៅត្រឹម១,៩%វិញសម្រាប់ឆ្នាំ២០២១នេះ!


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានព្យាករពីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយថានឹងរកបានក្នុងអត្រា ១,៩%ប៉ុណ្ណោះ ពោលគឺមានទាបជាងដល់ទៅជាងពាក់កណ្ដាលនៃកំណើនដែលបានព្យាករ ៤% កលពីខែមេសាកន្លងទៅនេះ។ ទោះយ៉ាងណា តាមការព្យាករពីធនាគារ ADB ដដែលនេះ សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងមានការងើបឡើងវិញនៅកម្រិត ៥,៥%។ នេះបើយោងតាមការធ្វើ បច្ចុប្បន្នភាពថ្មីមួយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
សំណង់អាគារខ្ពស់ៗកំពុងសាងសង់ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ខេមបូណូមីស)
ដោយ

លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំប្រទេសកម្ពុជា​​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន អះអាងថា ការព្យាករ​ទម្លាក់​សេដ្ឋកិច្ច​កម្ពុជា​មកនៅត្រឹម​កំណើន​១,៩% នៅឆ្នាំ២០២១នេះ ដោយផ្អែក​ទៅលើ​ បញ្ហា​រាតត្បាត​កូវីដ១៩​នៅតែបន្ដ​អូសបន្លាយយូរ​ ដែប៉ះពាល់​ដល់​​សកម្មភាពសេដ្ឋកិច្ច និងការផ្អាកដំណើរការ​រោងចក្រ​ជាដើម។

លោកស្រី Sunniya មានប្រសាសន៍យ៉ាងដូច្នេះថា  “ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និង តម្រូវការ ក្នុងស្រុក។ ការបិទខ្ទប់ និង ការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិតកម្មក្នុង​    វិស័យកាត់ដេរ ទំនិញធ្វើដំណើរ និង ស្បែកជើង កាលពីដើមឆ្នាំនេះ។ ដោយផ្អែកលើចំណុចនេះ យើង ព្យាករថា​កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងមានត្រឹម ១,៩% នៅឆ្នាំ ២០២១ ទាបជាងការព្យាករ​ ៤,០% របស់យើងកាលពីខែមេសា។”

យោងតាមការធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ ២០២១  វិស័យកសិកម្ម ត្រូវបានរំពឹងថានឹងកើនឡើង ១,៥%។ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងប្រទេស ​បានរំខានដល់សង្វាក់ ផ្គត់ផ្គង់វិស័យ​កសិកម្ម ​ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិត។ ការនាំចេញក្នុងវិស័យកសិកម្ម បានកើន ឡើង ៣០,៣% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹង កំណើន​ដ៏រឹងមាំនៃការនាំចេញកសិផលក្រៅពីអង្ករ។

ជាមួយគ្នានេះ តម្រូវការក្នុងស្រុកសម្រាប់ម្ហូបអាហារ​ ការស្នាក់នៅ ការដឹកជញ្ជូន និង សេវាកម្មបម្រើផ្ទាល់ផ្សេង ទៀត ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងការបិទខ្ទប់នានា។ ការរឹតបន្តឹង​ លើការធ្វើដំណើរអន្តរជាតិនៅតែមាន ​ហើយការមកដល់នៃភ្ញៀវអន្តរជាតិបានធ្លាក់ចុះ ៩១,៣% ក្នុង ឆមាស​​ទីមួយ​​នៃឆ្នាំ ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនវិស័យសេវាកម្មត្រូវបាន ព្យាករថានឹងធ្លាក់ចុះ​ ០,៦% នៅឆ្នាំ ២០២១ ។

ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ​ និងស្បែកជើង (GTF)​ ក្នុងឆមាសទីមួយឆ្នាំ ២០២១ មានកម្រិតទាបជាង​ពេលមុន​មានជំងឺ​រាតត្បាត ទោះបីវាមានកម្រិតខ្ពស់ជាងឆ្នាំ ២០២០ ក៏ដោយ។ ផលិតកម្ម​ផ្សេង ទៀត បានបន្តលូតលាស់ ​ហើយ​សកម្មភាពសំណង់បានចាប់ផ្តើមងើបឡើងវិញ​ ជាមួយ​នឹងការនាំចូល សម្ភារៈសំណង់កើនឡើង ២៣,៥% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ធៀបនឹងអំឡុងពេល​ដូចគ្នាកាលពីឆ្នាំមុន។ កំណើនវិស័យឧស្សាហកម្ម​ត្រូវបានព្យាករនៅកម្រិត ៥,៣% ក្នុងឆ្នាំ ២០២១ ដោយអាស្រ័យ នឹងលទ្ធភាព​ក្នុង​ការ​បង្កើនការ​នាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង​ស្បែកជើង និង​ ការបន្តនៃភាព រឹងមាំក្នុងវិស័យកម្មន្តសាល​ផ្សេង​ទៀត។

រាជរដ្ឋាភិបាលបានចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត ទៅលើ​សេដ្ឋកិច្ច និងសង្គម។​ វិធានការទាំងនោះរួមមានការផ្តល់វ៉ាក់សាំង និង ការព្យាបាលជំងឺកូវីដ១៩ដោយឥតគិតថ្លៃ ការជួយឧបត្តម្ភជាសាច់ប្រាក់ដល់គ្រួសារក្រីក្រ ការជំរុញសេដ្ឋកិច្ច និង កម្មវិធីរៀបចំកម្ចីឡើងវិញ (loan restructuring)។

លោកស្រី Durrani-Jamal បានមានប្រសាសន៍បន្ថែមថា“ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជា​ពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច​ រាជរដ្ឋាភិបាលនឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារ សង្គមរបស់ខ្លួន និង​ លើកកម្ពស់គុណភាពសេវាថែទាំសុខភាពនិងការអប់រំ។ កំណែទម្រង់បន្ត ក៏ចាំបាច់ ផងដែរដើម្បីទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់​ ​រួមទាំងហេដ្ឋារចនា សម្ព័ន្ធឌីជីថល។ ការធ្វើកំណែ ទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ” ។

បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ីកំពុងអនុវត្តគម្រោងវិនិយោគ​ ​ដែលមានតម្លៃ ២,០៨ ពាន់លាន ដុល្លារ ​នៅកម្ពុជា។ ក្នុងឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចី និង ជំនួយឥតសំណង ៤៧៧,២ លានដុល្លារដល់ប្រទេសកម្ពុជា និងផ្តល់បន្ថែមចំនួន ២៨១,៣ លានដុល្លារទៀតតាមរយៈ សហហិរញ្ញប្បទាន។ ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ ២០២១-២០២៤ រួមមានប្រាក់កម្ចីសម្បទាន ចំនួន ១,៤៩ ពាន់លានដុល្លារ​ និង ជំនួយឥតសំណង ៣១,៨ លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ​ និង ការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ របស់កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជម្លោះរឿងទិញនាវាមុជទឹក៖ អឺរ៉ុបចេញមុខមុនគេគាំទ្រជំហររបស់បារាំង

ព័ត៌មាន
អឺរ៉ុបបានចេញមុខមុនគេ មកគាំទ្រប្រទេសបារាំង ក្នុងការតតាំងជាមួយសម្ព័ន្ធ AUKUS ជុំវិញនឹងភាពចម្រូងចម្រាស់រឿងកិច្ចសន្យាទិញនាវាមុជទឹក ក្រោយអូ…

ទីផ្សារភាគហ៊ុនសកលកំពុងរងការប៉ះទង្គិចដោយសារ វិបត្តិក្ស័យធនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande

ព័ត៌មាន
វិបត្តិក្ស័យធនរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Evergrande ធ្វើឱ្យរង្គោះរង្គើទីផ្សារភាគហ៊ុនជុំវិញសកលលោក ដែលបានធ្វើឲ្យសេដ្ឋវិទូព្រមានពីការដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ