ព្យាករណ៍សេដ្ឋកិច្ច​កម្ពុជា

ADB កែប្រែការព្យាករថ្មី ចំពោះសេដ្ឋកិច្ចកម្ពុជាថា នឹងធ្លាក់ចុះត្រឹម -៤% ប៉ុណ្ណោះ


ធនាគារ អភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ២៣ ខែកញ្ញានេះ បានដំឡើងការព្យាករថ្មី សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២០នេះថា អាចនឹងមានការធ្លាក់ចុះត្រឹម -៤% ប៉ុណ្ណោះ ខណៈដែលកាលពីខែមិថុនាកន្លងទៅ ធ្លាប់បានព្យាករថា នឹងធ្លាក់ចុះដល់ -៥,៥%។ ការដំឡើងការព្យាករថ្មី របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ គឺផ្អែកលើភាពប្រសើរឡើងជាងមុន នៃផលិតកម្ម វិស័យកសិកម្ម និងការកើនឡើង នៃការនាំចេញផលិតផលមិនមែនសម្លៀកបំពាក់ ដូចជាកង់ និងគ្រឿងអេឡិចត្រូនិកជាដើម។
អគារខ្ពស់​នៅក្នុង​រាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

បើតាម​របាយការណ៍​របស់​ ADB បើទោះបីជា​នៅឆមាសទី១ នៃឆ្នាំ២០២០នេះ បាន​ឲ្យដឹងថា ការធ្លាក់ចុះ​យ៉ាងខ្លាំង​ នៃការ​បញ្ជាទិញ​ពីអឺរ៉ុប​ និងអាមេរិកខាងជើង បាន​នាំឲ្យមាន​ការ​បិទទ្វារ​នៃរោងចក្រ​សម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង​ប្រហែល១ភាគ៣។ ក៏ប៉ុន្ដែ បើមើលទៅលើ​កំណើន​នៃការ​ផលិតកង់ និងគ្រឿង​អេឡិចត្រូនិក​វិញ​ បាន​ជំរុញឲ្យ​មាន​ការនាំចេញ​ ផលិតផល​​ក្រៅពី​ទំនិញ​កាត់ដេរ របស់​កម្ពុជា​កើនឡើង​ជាង ​៣០% នៅក្នុង​ឆមាសទី១ ​ឆ្នាំ២០២០នេះ ធៀបនឹង​ឆ្នាំមុន។

កំណើន​ផលិតផល​សរុប​នៃ​ផលិតផល​ឧស្សាហកម្ម​ ត្រូវបាន​ព្យាករថា នឹងកើន ៥,១% នៅក្នុងឆ្នាំ២០២០ ប្រសិនបើ​ការនាំចេញ នៃសម្លៀកបំពាក់​ ទំនិញធ្វើដំណើរ និងស្បែកជើង​បន្ដងើបឡើង។

ដោយឡែក ​សម្រាប់​វិស័យ​ទេសចរណ៍​វិញ ត្រូវបាន​ធនាគារ ADB រំពឹងថា នឹង​មានការបើក​ដំណើរការ​ជាបណ្ដើរៗឡើងវិញ​នៅឆមាសទី២ ឆ្នាំ២០២០នេះ ប៉ុន្ដែ​វិស័យសេវាកម្ម ត្រូវបាន​ព្យាករថា នឹងធ្លាក់ចុះ ជាង​១៥% ក្នុងឆ្នាំ២០២០។ ចំពោះ​វិស័យ​​កសិកម្មវិញ ក៏មាន​​វឌ្ឍនភាព​ល្អដែរ ដោយ​មាន​ការនាំចេញ​​កើនឡើង​​ជាង ១៧% ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ខណៈដែលវិស័យនេះ នៅតែផ្ដល់ការងារ​សម្រាប់​ជិត​១ភាគ៣ នៃការងារសរុប​នៅកម្ពុជា ជាពិសេស​ដល់ពលរដ្ឋក្រីក្រ ត្រូវបាន​រំពឹង​ថា​នឹងកើនឡើង ២%។

ការមកដល់​នៃទេសចរ​អន្តរជាតិ​ បានធ្លាក់ចុះ ជាង​៩៨% នៅក្នុងត្រីមាសទី២ ដែលបាន​បង្ខំឲ្យ​អាជីវកម្ម​ជាង ​៣ពាន់​ត្រូវបិទទ្វារ ហើយកម្មករ​ប្រមាណ ៤ម៉ឺន​​៥ពាន់នាក់​បាន​បាត់បង់ការងារធ្វើ។

លោក​ស្រី ស៊ុននីយ៉ា ឌូរ៉ានី ចាម៉ល នាយិកា​ប្រចាំប្រទេស​កម្ពុជា របស់ធនាគារ ADB បានលើក​ឡើងថា ដោយសារតែ​មាន​វិធានការ​​​ទប់​ការីករាលដាល​នៃមេរោគ​កូវីដ-១៩ បានល្អ និងមានប្រសិទ្ធភាព​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា មិន​​បានធ្វើឲ្យកម្ពុជា​មាន​វិបត្តិ​ផ្នែក​សុខាភិបាល​នោះទេ។

លោកស្រី ស៊ុននីយ៉ា បាន​គូសបញ្ជាក់ទៀតថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ស្ទុះងើបឡើងវិញ​ដល់ ​៥,៩% នៅឆ្នាំ២០២១ ដោយ​កម្លាំង​ជំរុញ​នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល​ ដើម្បីជួយដល់​ជនក្រីក្រ និងការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុនតូច និងមធ្យម។ វិធានការទាំងនោះ រួមជាមួយ​នឹងការកែទម្រង់​រចនា​សម្ព័ន្ធ​ ដែលចាំបាច់​នឹងកាត់បន្ថយ​ផលប៉ះពាល់​ដោយ​ផ្ទាល់ និងដោយ​ប្រយោល​ នៃកូវីដ-១៩ ទៅលើ​គ្រួសារ​ និងអាជីវកម្មនានា ហើយ​នឹងជួយឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​ខ្លាំងជាង​មុន​ក្រោម​កូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ស្នើដល់យុវជនប្រើបច្ចេកវិទ្យាស្មាតហ្វូន ផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ព្រៃឡង់ទៅកាន់ពិភពលោក

ព័ត៌មាន
ក្រសួងបរិស្ថាន សហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID បានរៀបចំយុទ្ធនាការការពារព្រៃឡង់ តាមរយ:ទំនាក់ទំនងផ្លាស់…

ក្រុមហ៊ុន Pegatron ដែលជាដៃគូផ្គត់ផ្គង់ផលិតផលសម្រាប់ Apple គ្រោងវិនិយោគ ១ពាន់លានដុល្លារ នៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុន Pegatron Corp ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលសម្រាប់ក្រុមហ៊ុន Apple, Microsoft និង Sony បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ