ក្រុមហ៊ុន​អាកាសចរណ៍ថៃ

ក្រុមហ៊ុន Airbus ទារបំណុល Thai Airways ដែលជំពាក់ថ្លៃជួលយន្ដហោះ៣០គ្រឿង


ក្រុមហ៊ុនផលិតយន្ដហោះ Airbus បានជូនដំណឹងដល់ក្រុមហ៊ុន Thai Airways ឲ្យរូតរះសងបំណុល ដែលជំពាក់ថ្លៃជួលយន្ដហោះ ៣០ គ្រឿង ខណៈដែលកាលបរិច្ឆេទផុតកំណត់កាន់តែខិតចូលមកដល់។ ការទារបំណុលនេះ ធ្វើឡើង ចំពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាតិថៃមួយនេះ ទើបត្រូវបានគណៈរដ្ឋមន្ត្រីថៃអនុម័តឲ្យក្រុមហ៊ុន អាកាសចរណ៍ Thai Airways ត្រូវតែប្រកាសដាក់ក្ស័យធនតាមនីតិវិធីតុលាការ ដើម្បីស្ដារនីតិសម្បទាអាជីវកម្មឡើងវិញ។
ក្រុមហ៊ុន Airbus ទារបំណុល Thai Airways ដែលជំពាក់ថ្លៃជួលយន្ដហោះ៣០គ្រឿង (រូបភាព៖https://thethaiger.com)
ដោយ

សារព័ត៌មាន​ក្នុងស្រុកថៃ The Nation Thailand ដែលបាន​ស្រង់​សម្ដី​​អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូនថៃ លោក ថាវន សិននៀម បាន​បញ្ជាក់ថា បំណុល​របស់​ក្រុមហ៊ុន​ Thai Airways ត្រូវបានត្រួតពិនិត្យ នៅថ្ងៃទី ១៥ ខែឧសភា ហើយ​ឯកសារនោះ​​បានបង្ហាញថា ក្រុមហ៊ុនផលិតយន្ដហោះ Airbus កំពុង​ព្យាយាម​ប្រមូល​ប្រាក់បំណុល ដែលជំពាក់​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ពីការជួល​យន្ដហោះ​ចំនួន ៣០គ្រឿង ខណៈដែលកាល​បរិច្ឆេទ​ផុតកំណត់​ខិតចូលមកដល់។

លោក ថាវនបន្ថែមថា លោក​ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាន​​បញ្ជា​ឲ្យក្រុមហ៊ុន Thai Airways ធ្វើការស្ដារនីតិសម្បទា​​ អាជីវកម្ម​របស់ខ្លួន តាមរយៈ​ច្បាប់​​ប្រកាសដាក់​​ក្ស័យធន ជាជាង​​គម្រោង​ផ្ដល់ប្រាក់​កម្ចីជិត ២ពាន់លាន​ដុល្លារ​អាមេរិក របស់​ការិយាល័យ​គោលនយោបាយ​សហគ្រាស​រដ្ឋ ដែលត្រូវបាន​ធានា​ដោយ​ក្រសួង​ហិរញ្ញវត្ថុ ព្រោះ​វិស័យឯកជន​មាន​កាន់កាប់​ចំណែក​៣១% នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ជាតិថៃមួយនេះ។

រាជរដ្ឋាភិបាលថៃ ​បាន​ជួយគាំទ្រ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways នេះ អស់រយៈពេល​ ៥ឆ្នាំមកហើយ ប៉ុន្ដែ នៅតែ​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់ខ្លួន។ ដូច្នេះ នីតិវិធី​ក្ស័យធន ឥឡូវនេះ គឺជា​ជម្រើស​ដ៏ល្អបំផុត។ នេះបើតាម​ការអះអាង​របស់​ អនុរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូនថៃ។

ផែនការ​ស្ដារឡើងវិញ ក៏នឹង​ត្រូវតែ​បំពេញ​​សំណុំបែបបទ ដាក់ជូន​ទៅកាន់​តុលាការ​ក្ស័យធន​អាមេរិកផងដែរ ដើម្បី​ការពារ​ម្ចាស់បំណុល​នៅអាមេរិក រឹបអូស​យក​យន្ដហោះវិញ​ និង​ប្រមូលទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុននេះ​​យកទៅ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Airbus បានជួលយន្ដហោះ​ទៅឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways សរុប​មានចំនួន ៥៣គ្រឿង ដែលក្នុងនោះ​មាន​យន្ដហោះ ៦ប្រភេទ។

ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ត្រូវបាន គណៈរដ្ឋមន្ត្រីថៃ អនុម័ត​ឲ្យ​ដាក់​ប្រកាស​ក្ស័យធន​តាម​នីតិវិធីតុលា ដើម្បី​ស្ដារនីតិសម្បទា កាលពីថ្ងៃទី ១៩ ខែ​ឧសភា ហើយ​ត្រូវបាន​លោកនាយករដ្ឋមន្ត្រីថៃ ចាត់ទុកថា វាគឺការសម្រេចចិត្ត​ដ៏លំបាកមួយ តែ​វាជារឿងចាំបាច់​ត្រូវតែធ្វើ។

លោក​ប្រាយុទ្ធ ​បន្ថែមថា រាជរដ្ឋាភិបាល មាន​ជម្រើសបី គឺទី១ រកលុយ​បន្ថែមទៀត​ ដើម្បី​យកមក​រក្សា​ដង្ហើម​រស់​របស់ក្រុមហ៊ុននេះ, ទី២ គឺ​ទុកឲ្យវា​ក្ស័យធនដោយខ្លួនឯង និងទី៣ ​ឲ្យក្រុមហ៊ុននេះ​ត្រូវបានប្រកាស​ក្ស័យធន​ដោយនីតិវិធី​តុលាការ និងអនុម័ត​ឲ្យមានគម្រោង​ការស្ដារ​នីតិសម្បទា។ ហើយជាចុងក្រោយ រាជរដ្ឋាភិបាលថៃ បាន​ជ្រើសយក​ជម្រើសទី៣នេះ។

បើតាម​ក្រសួង​ដឹកជញ្ជូនថៃ ​​​ពាក្យបណ្ដឹង​ក្ស័យធន ដើម្បី​ឲ្យ​មានការ​ស្ដារនីតិសម្បទា​នេះ នឹងត្រូវដាក់​ទៅកាន់តុលាការ​ទាំងនៅក្នុងប្រទេស​ថៃផង និងសហរដ្ឋ​អាមេរិកផង ខណៈដែល​មាន​ប្រមាណ ៣៥% នៃ​ម្ចាស់បំណុល​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways នេះ គឺមាន​នៅ​សហរដ្ឋអាមេរិក។

បើតាម​ការអះអាង​របស់​លោក អ៊ុតតាម៉ា សុវណ្ណា យ៉ាណា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុថៃ បាននិយាយថា ការិយាល័យ​គោល​នយោបាយ​សហគ្រាសរដ្ឋ នឹង​ដាក់ចេញ​ផែនការ​ កាត់បន្ថយ​ចំណែកភាគហ៊ុន​របស់​ក្រសួង​​ហិរញ្ញវត្ថុ​នៅក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways ពី​ ៥១,០៣% នាពេល​បច្ចុប្បន្ន មកនៅក្រោម ៥០%វិញ ដែលវា​អាចនឹង​បញ្ចប់​ឋានៈ​​ជាសហគ្រាស​រដ្ឋ​របស់ក្រុមហ៊ុននេះផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង ៧,៥លានដុល្លារអាមេរិកដល់កម្ពុជា ចំពេលវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅថ្ងៃនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ៧,៥លានដុល្លារអាមេរិកដល់កម្ពុជា ដោយក្នុងនោះ៥លានដុល្លារសម្រាប់ការស្តា…

មហាសេដ្ឋី ពុង ឃាវសែ គ្រោងអភិវឌ្ឍស្ពានបេតុងខ្សែកាបមួយខ្សែ ភ្ជាប់ពីកោះពេជ្រទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា

ព័ត៌មាន
អាជ្ញាធររាជធានីភ្នំពេញ បានស្នើសុំគោលការណ៍អនុញ្ញាតនាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួនដោយពន្ធនិងអាករជាបន្ទុករបស់រដ្ឋ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ