កូវីដ១៩ នៅ​កម្ពុជា

អម្រឹត ពន្យារពេល​ការសង​បំណុល ដល់​អតិថិជន​ជាង១២ម៉ឺននាក់ ដែល​ប៉ះពាល់​​ដោយ​​ជំងឺ​កូវីដ១៩


គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អម្រឹត បាន​និង​កំពុង​ជួយ​សម្រួល​បន្ទុក​ដល់​អតិថិជន​ឥណទាន ដែល​ជួប​ការលំបាក​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ១៩។ នោះ​គឺ​ការផ្តល់​ការពន្យារ​ពេល​នៃ​ការសង​បំណុល។
លោក ដុស ឌីន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត សួរនាំ​ព័ត៌មាន​ទៅកាន់​អតិថិជន​របស់ អម្រឹត។ រូបភាពផ្ដល់ឲ្យដោយ អម្រឹត។

ក្នុងចំណោម​ការពន្យារ​ការសង​ដែល​ អម្រឹត កំពុង​ផ្ដល់​ជូន រួមមាន៖ ការពន្យារ​ពេល​សង​ប្រាក់​ដើម និង​ការពន្យារ​ការសង​ទាំង​ប្រាក់​ដើម​និង​ការប្រាក់ ដែល​អាច​មាន​រយៈពេលពី ០៣​ខែ ទៅ ០៦​ខែ អាស្រ័យ​ទៅ​តាម​ស្ថានភាព​លំបាក​ពិតប្រាកដ​របស់​អតិថិជន​ម្នាក់ៗ។

លោក ដុស ឌីន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មាន​ប្រសាសន៍​ថា ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ វិធានការ​ពន្យារ​ការសង​ឥណទាន​នេះ នឹង​ចូលរួម​ចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​អតិថិជន។

លោក ដុស ឌីន បាន​បន្ត​ទៀត​ថា ការពន្យារការសងកំពុងផ្តល់ជូន គឺបែងចែកអតិថិជនជាពីរប្រភេទធំៗ គឺ ទីមួយ អតិថិជនឥណទានក្រុមធានា ភាគច្រើនបំផុតរស់នៅទីជនបទដែលខ្ចីប្រាក់ក្នុងទំហំតូច ដែលជួបការលំបាកក្នុងការសងនិង ប្រសិនអតិថិជនកម្ចីតូចៗប្រភេទនេះស្នើសុំពន្យារការសង អម្រឹតនឹងផ្តល់ពន្យារការសងទាំងការប្រាក់ និងប្រាក់ដើមជាស្វ័យប្រវត្តិតែម្តង សម្រាប់រយៈពេលបីខែ។ បច្ចុប្បន្ន អម្រឹត មាន​អតិថិជន​ឥណទាន​ក្រុមធានា ជាង​ដប់​ពីរ​ម៉ឺននាក់ (១២០.០០០នាក់)។ 

ដោយឡែក សម្រាប់អតិថិជន​កម្ចី​ជា​បុគ្គល​ដែល​ខ្ចី​ប្រាក់​ក្នុង​ទំហំ​ធំ ដែល​ជួប​ការលំបាក​ខ្លាំង ជាពិសេស អតិថិជន​ដែល​មុខរបរ​របស់​ពួកគាត់​ស្ថិត​ក្នុង​វិស័យ​អាទិភាព​ទាំងបួន ដែល​កំណត់​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា គឺ វិស័យ​ទេសចរណ៍ កាត់ដេរ សំណង់ និង​ដឹកជញ្ជូន និង​ផ្នែក​ខ្លះ​នៃ​វិស័យ​កសិកម្ម  អម្រឹត អាច​នឹង​ផ្តល់​ការពន្យារ​ការសង​ប្រាក់​ដើម ឬ​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ចាប់ពី បីខែ ដល់ ប្រាំមួយខែ អាស្រ័យ​ទៅតាម​ស្ថានភាព​លំបាក​ពិតប្រាកដ​របស់​អតិថិជន​ម្នាក់ៗ។ 

លោក ដុស ឌីន បានបញ្ជាក់ទៀតថា តាមរយៈការទំនាក់ទំនង​ទៅ​ដោយ​ផ្ទាល់​ជាមួយ​អតិថិជន​រយៈពេល​កន្លង​មក​នេះ អតិថិជន​កម្ចី​ដែល​មាន​ផល​ប៉ះពាល់​មិន​សូវ​ខ្លាំង នៅតែ​មាន​ឆន្ទៈ​បំពេញ​កាត្វកិច្ច គឺ​បន្ត​ការសង​ជា​ធម្មតា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ​បម្រើ​សេវា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​អស់រយៈពេល​ជិត ៣០ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន អម្រឹត មាន​អតិថិជន​សរុប ជាង​កន្លះ​លាន​នាក់ មានសាខា​ចំនួន ១៥៨ នៅទូទាំង ២៥​ខេត្ត​ក្រុង និង​មាន​បុគ្គលិក​បម្រើការងារ​ប្រមាណ​ជាង ៤.៥០០នាក់ ។ អម្រឹត កំពុង​ផ្តល់​កម្ចី​ដល់​អតិថិជន​ដែល​មាន​ទឹក​ប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក និង​ទទួល​ប្រាក់​សន្សំ​ពី​អតិថិជន ជាង​ប្រាំរយលាន​ដុល្លារ​អាមេរិក៕




អត្ថបទបន្ទាប់


ទាហាន​ខ្មែរ​ ៣នាក់ ឆ្លង​ជំងឺ​កូវីដ១៩ នៅ​រុស្ស៊ី​ ខណៈ​កំពុង​សិក្សា​នៅទីនោះ

ព័ត៌មាន
ទាហាន​ខ្មែរចំនួន ៣នាក់ បាន​ឆ្លង​ជំងឺ​រាតត្បាត​ដែលបង្ក​ដោយ​វីរុសកូវីដ១៩ នៅ​ប្រទេសរុស្ស៊ី ខណៈ​ដែល​ពួកគេ​បាន​និង​កំពុង​សិក្សា​នៅ​ទីនោះ…

កម្ពុជានៅមានអ្នកជំងឺ កូវីដ-១៩ កំពុងព្យាបាលតែចំនួន ១៥នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២០ ខែមេសានេះ!

ព័ត៌មាន
ក្រោយពីក្រសួងសុខាភិបាលបានប្រកាសនូវករណីជាសះស្បើយពីជំងឺកូវីដ-១៩ ជាបន្ដបន្ទាប់ ខណៈករណីឆ្លងថ្មីបានថយចុះ និងថ្ងៃខ្លះ ពុំមានរកឃើញករណីឆ្លងទៀតន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ