ទេសចរណ៍-កម្ពុជា

ចំណូល​ពី​រមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះ​ប្រមាណ ១១% ក្នុង​រយៈពេល​៨​ខែ​ដើម​ឆ្នាំ​នេះ


គិតត្រឹម​​រយៈពេល ៨​ខែ​ ដើម​ឆ្នាំ​២០១៩​នេះ ចំណូល​របស់​រមណីយដ្ឋាន​អង្គរ ដែល​បានមក​ពី​ការ​លក់​សំបុត្រ គឺ​​ធ្លាក់​ចុះ​ប្រមាណ ១១​ភាគរយ ពោល​គឺ​ធ្លាក់​មក​នៅ ៧០​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ ទឹក​ប្រាក់​ជាង ៣​លាន ១​សែន​ដុល្លារ ត្រូវ​បាន​បែងចែក​ជា​ចំណូល​ឧបត្ថម្ភ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៨​ខែ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ជាង ១លាន ៥​សែន​នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​តួលេខ​នេះ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ ១១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨។

ដោយឡែក សម្រាប់​ខែ​សីហា ឆ្នាំ​២០១៩​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូល​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ១​សែន ៥​ម៉ឺន​នាក់ និង​ផ្តល់​ប្រាក់​ចំណូល​ជាង ៧​លាន​ដុល្លារ​អាមេរិក ហើយ​ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន ឈរ​លំដាប់​លេខ១ មាន​ចំនួន​ច្រើន​ជាង​គេ គឺ​ប្រមាណ ៥​ម៉ឺន​នាក់ ស្មើនឹង ៣៦​ភាគរយ​នៃ​ចំនួន​ភ្ញៀវទេសចរ​សរុប។

តាមការ​ឲ្យ​ដឹ​ងពី​ក្រសួង​ទេសចរណ៍ គឺថា នា​ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៦លាន ២​សែន​នាក់ កើន​ឡើង ១០% និង​នាំមក​នូវ​ប្រាក់​ចំណូល​ប្រមាណ ៤​ពាន់ ៣​រយ​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ​២០១៩ កម្ពុជា រំពឹង​ថា នឹង​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៦លាន ៧​សែន​នាក់ ហើយ​នៅ​ឆ្នាំ​២០៣០ ប្រមាណ ១៥​លាន​នាក់ ដោយ​រំពឹង​រក​ចំណូល​បាន​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ឱកាស​ការងារ​ប្រមាណ ២​លាន​កន្លែង។

លើស​ពី​នេះ​ទៅ​ទៀត ភ្ញៀវ​ទេសចរ​ចិន គឺ​ជា​ទីផ្សារ​ដែល​ធំ​ជាង​គេ​លេខ​មួយ​របស់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​កាល​ពី​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​ទទួល​បាន​ទេសចរ​ចិន​ចំនួន ២​លាន​នាក់ កើន​ឡើង ៣៣% ហើយ​នៅ​ឆ្នាំ​២០១៩​នេះ រំពឹង​ថា ភ្ញៀវ​ទេសចរ​ចិន​នឹង​កើន​ឡើង​ដល់ ២​លាន ៦​សែន​នាក់ និង ៣​លាន​នាក់ នៅ​ឆ្នាំ​២០២០៕




អត្ថបទបន្ទាប់


ទេសចរ​បរទេស​មក​លេង​​ថៃ បន្ត​កើន​ឡើង​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០១៩

ព័ត៌មាន
ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូលមក​កម្សាន្ត​នៅ​ប្រទេស​ថៃ បន្ត​កើន​ឡើង​វិញ គឺ​ឡើង​ដល់​​ជាង ២៦​លាន​នាក់ ក្នុង​រយៈពេល ៨​ខែនៃ​ដើម​ឆ្នាំ​…

អូស្ត្រាលី​លក់កោះ​មួយ តម្លៃ ៣២លានដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន​អង់គ្លេស

ព័ត៌មាន
កោះ Dunk ដែល​រងការ​បំផ្លិច​បំផ្លាញ​ដោយសារ​ព្យុះ​ស៊ីក្លូន​ និង​ធ្លាប់​ជា​ឋានសួគ៌​របស់​អូស្ត្រាលី​ ដែល​គេ​បាន​បំភ្លេចចោល​តាំងពីឆ្នាំ​២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ