វិនិយោគចិន

ក្រុមហ៊ុន​ចិនតៃវ៉ាន់​​ទិញ​ភាគហ៊ុន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​នៅ​កម្ពុជា​មួយ​ទៀត​ហើយ


ទើបតែ​ប៉ុន្មានថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន​ចិន​មួយ​បាន​ទិញ​ភាគហ៊ុន​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អេ អឹម ខេ (AMK) ឥឡូវ ក្រុមហ៊ុន​ចិន​​តៃវ៉ាន់​មួយ​ទៀត​ ​បាន​ប្រកាសថា ខ្លួន​ទិញ​យក​ភាគហ៊ុន​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​មួយ នៅ​កម្ពុជា ដែរ ដែល​ជា​កូន​ក្រុមហ៊ុន​មួយ​របស់​អ្នកឧកញ៉ា​ គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Royal Group។
ក្រុមហ៊ុន Chailease Holding ដែល​មាន​មូលដ្ឋាននៅ​តៃវ៉ាន់ ទិញ​ភាគហ៊ុន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ Cellcard Finance របស់​អ្នក​ឧកញ៉ា​ គិត ម៉េង
ដោយ

ក្រុមហ៊ុន Chailease Holding ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ជួល​ដ៏ធំ​បំផុត​មួយ​នៅ​កោះតៃវ៉ាន់ បាន​ប្រកាស​ថា ខ្លួន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា​ គិត ម៉េង ដើម្បី​ទិញ​យក​ភាគហ៊ុន ៦០% នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ Cellcard Finance PLC ដែល​ជា​កូន​ក្រុមហ៊ុន​មួយ​របស់ Royal Group។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន Taipei Times។ 

លោក Albert Chen ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Chailease Holding ត្រូវ​បាន​កាសែត Taipei Times ដក​ស្រង់​សម្ដី​ថា «កិច្ច​ព្រមព្រៀង​ទិញ​ភាគហ៊ុន​​នេះធ្វើ​ឡើង​ ខណៈដែល​ក្រុមហ៊ុន​ស្វះស្វែង​បង្កើន​វត្តមាន​នៅ​ក្នុងទីផ្សារអាស៊ាន»។ លោក Chen បន្តថា លោក​មើល​ឃើញ​ឱកាស​ច្រើន​សម្រាប់​កំណើន​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ទិញ​ភាគហ៊ុន ៦០% នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ Cellcard Finance PLC ដើម្បី​ឆ្លើតតប​នឹង​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន Chailease Holding។ 

នេះ​ជា​ការទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​នៅ​កម្ពុជា​ពីសំណាក់​ក្រុមហ៊ុន​ចិន​ទីពីរ​ហើយ ក្នុង​ពេល​មិន​ដល់​មួយ​ខែ​ផង​ទេ។ ថ្មីៗ​នេះ ធនាគារពាណិជ្ជ និងសន្សំ ស៊ាង ហៃ (The Shanghai Commercial & Saving Bank,.Ltd (SCSB) ដែលមានការិយាល័យកណ្តាលនៅទីក្រុងតៃប៉ិ និងមានបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង និងទីក្រុងស៊ាងហៃប្រទេសចិន បានក្លាយជាភាគទុនិកថ្មីរបស់មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) បន្ទាប់ពីភាគទុនិកចាស់របស់AMKចំនួន៣ បានបានផុតអណត្តិវិនិយោគ និងបានចាកចេញ។ នេះបើតាមសេចក្តីប្រកាសរបស់មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កាលពីថ្ងៃទី២៩ ខែសីហាកន្លងទៅ។

តាមពិតទៅ បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Taipei Times ក្រុមហ៊ុន Chailease Holding ដែលមាន​មូលដ្ឋាន​នៅ​តៃវ៉ាន់ និង​ក្រុមហ៊ុន​ រ៉ូយ៉ាល់ គ្រុប របស់​អ្នក​ឧកញ៉ា គិត ម៉េង បាន​សហការគ្នា​បើក​ក្រុមហ៊ុន Chailease Royal Leasing PLC តាំងពី​ចុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ ដែលក្រុមហ៊ុន​នេះ​ផ្ដល់​សេវា​ជួល​និង​សេវា​ហិរញ្ញ​វត្ថុ​ផ្សេងទៀត សម្រាប់​ការទិញ​បង់​រំលោះ​រថយន្ត គ្រឿង​ចក្រ និង​បរិក្ខារ​សំណង់ នៅ​កម្ពុជា។ 

នៅក្រោយ​ការលក់​ភាគហ៊ុន ៦០% នេះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ Cellcard Finance នឹង​ត្រូវ​ប្ដូរឈ្មោះ​ទៅ​ជា Chailease Royal Finance PLC បន្ទាប់ពី​ស្ថាប័ន​និយ័តកម្ម​នៅ​កម្ពុជា​ផ្ដល់​ភ្លើង​ខៀវ​រួច​ហើយ​នោះ។ 

ក្រុមហ៊ុន​ Chailease Royal នឹង​ផ្ដល់​ការគាំទ្រ​ដល់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​នៅ​កម្ពុជា ជាមួយ​នឹង​ការ​ផ្ដល់​មូលនិធិ​សម្រាប់​ប្រតិបត្តិការ ខណៈ​ដែល​ប្រឡូក​នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ដើម្បី​កែ​លម្អ​និង​ធ្វើ​ពិពិធកម្ម​ផលិតផល និង​សេវា​ហិរញ្ញ​វត្ថុរបស់​ខ្លួន។ 

បើ​តាម​សន្ទុះ​នៃ​ការវិនិយោគ​របស់ចិន​នៅ​កម្ពុជា គេ​រំពឹងថា ការទិញ​ភាគហ៊ុន​ក្រុមហ៊ុន​នៅ​ស្រុក​ខ្មែរ​ពីសំណាក់​វិនិយោគិន​ចិន អាច​នឹង​មាន​ច្រើន​ថែមទៀត នៅ​ពេលអនាគត៕




អត្ថបទបន្ទាប់


ផ្សារទំនើបខ្នាតធំ២ ជាប់ឈ្មោះ​សាងសង់​យូរ​ជាងគេ និងមិនទាន់​មាន​តម្រុយ​បើកដំណើរការ!

ព័ត៌មាន
រាជធានីភ្នំពេញ ត្រូវបានទទួលស្គាល់ថា គឺជាបណ្ដុំនៃចរន្ដអភិវឌ្ឍន៍ដ៏ក្ដៅគគុកជាងគេមួយ នៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា។ អគារខ្ពស់ៗរាប់ពាន…

កម្ពុជាវៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជិត ៣ពាន់លានដុល្លារ

ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រាប់រយៈពេល ៧ខែ ឆ្នាំនេះ សម្រេចបាន ២.៧០០ លានដុល្លារអាមេរិក ដែលមានកំណើន ប្រមាណ ជិត ១៩% ធៀបនឹងរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ