Advertisement
សង្គ្រាម​ពាណិជ្ជកម្ម ចិន អាមេរិក

អ្នកវិភាគ៖ ក្រុមហ៊ុនអាមេរិក Apple អាចនឹងរងទុក្ខ បើសិនចិនសងសឹកអាមេរិក ដែលបានដាក់ ក្រុមហ៊ុន Huawei ចូលបញ្ជីខ្មៅ


កាលពីសប្ដាហ៍មុននេះ រដ្ឋាភិបាលលោក ដូណាល់ត្រាំ បានសម្រេចដាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ចិន ចូលក្នុងបញ្ជីខ្មៅ នឹងបញ្ជាឲ្យក្រុមហ៊ុនអាមេរិកដូចជា Google ជាដើម ត្រូវផ្ដាច់ទំនាក់ទំនងរកស៊ីជាមួយក្រុមហ៊ុនចិនមួយនេះ។ ក្រុមអ្នកវិភាគ មើលឃើញថា បើសិន ចិនមានបំណងសងសឹកអាមេរិកវិញ នោះ ក្រុមហ៊ុន Apple នៅចិន ក៏អាចនឹងត្រូវរងទុក្ខធំដូចគ្នាដែរ។
អ្នកវិភាគ៖ ក្រុមហ៊ុនអាមេរិក Apple អាចនឹងរងទុក្ខ បើសិនចិនសងសឹកនឹងអាមេរិកដែលបានដាក់ ក្រុមហ៊ុន Huawei ចូលបញ្ជីខ្មៅ
ដោយ
Advertisement

រឿងរ៉ាវដាក់ក្រុមហ៊ុនចិន Huawei ចូលបញ្ជីខ្មៅ និងបានបញ្ជា​ឲ្យក្រុមហ៊ុន Google បញ្ចប់​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយ ក្រុមហ៊ុនចិន​មួយនេះ ពីសំណាក់រដ្ឋាភិបាល​អាមេរិក បាននិងកំពុង​ធ្វើឲ្យកក្រើក​ពិភពលោក​ពិសេស​ក្រុមហ៊ុន​គ្រាក់ៗ​ដែល​កំពុងរកស៊ី​ក្នុងវិស័យ​ទូរគមនាគមន៍​ទាំងនៅក្នុង​ប្រទេសចិន និងអាមេរិកផងដែរ គឺ កំពុង​ភ័យ​បុកពោះ​កាន់តែខ្លាំង! ភ័យបុកពោះ ព្រោះខ្លាច​នឹង​ត្រូវ​ដើរតាមគំរូជូរចត់​ដូចក្រុមហ៊ុន​ទាំងពីរនេះ​នៅថ្ងៃណាមួយ។

អ្នកជំនាញ អះអាងថា ក្រុមហ៊ុនអាមេរិក Apple អាចនឹង​ត្រូវរងទុក្ខ​បន្ទាប់ Huawei បើសិន​ប្រទេសចិន​នឹងធ្វើការសងសឹក​អាមេរិកវិញ ជុំវិញសង្គ្រាមពាណិជ្ជកម្មនេះ។

ក្នុងបទសម្ភាសន៍ ជាមួយនឹង សារព័ត៌មាន Reuters លោក Jay Jacobs ប្រធាន​ស្រាវជ្រាវ ក្រុមហ៊ុន Global X Funds បាននិយាយថា ក្នុងស្ថានការណ៍​ដ៏ច្របូកច្របល់នេះ បើសិន​ជា​ប្រទេសចិន មាន​បំណង​នឹង​សងសឹក​ទៅ​កាន់​ទីក្រុង​វ៉ាសិនតោនវិញ លើសង្គ្រាមពាណិជ្ជកម្មនេះ ក្រុមហ៊ុនអាមេរិក Apple អាចនឹង​ត្រូវ​ក្លាយជា​គោលដៅ របស់​ចិន។ 

អ្នកវិភាគបន្ដថា បើទោះបីជា ក្រុមហ៊ុន Huawei ត្រូវបាន​ផ្ដាច់ទំនាក់ទំនង​រកស៊ី​ជាមួយក្រុមហ៊ុន​អាមេរិក​ពិតមែន ប៉ុន្ដែ នៅប្រទេស​ចិន ក៏មាន​ក្រុមហ៊ុន​មានសមត្ថភាព​អាចផលិត​កម្មវិធី និងគ្រឿង​បង្គុំ​ដែលមាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​ក្រុមហ៊ុន​អាមេរិកដែរ។ មួយវិញទៀត ផលិតផល​ Huawei ក៏មាន​ប្រើប្រាស់​ច្រើននៅ​ប្រទេសចិន ដែរ ធៀបនឹងទូរស័ព្ទ Apple ដូច្នេះ ចិន​អាចនឹង​មិនខ្លាច​បញ្ចប់​ជីវិត ក្រុមហ៊ុន Apple នៅចិន​នោះឡើយ។

អ្នកវិភាគ​គូសបញ្ជាក់​ទៀតថា ក្រុមហ៊ុន​ផលិត Hardware អាមេរិក អាចនឹង​ងាយ​ជួបញ្ហាច្រើន​បើសិន​ចិន​វាយបកវិញ តែក្រុមហ៊ុន​ Software អាចនឹង​មិនមាន​បញ្ហាចោទ​ខ្លាំងនោះទេ។ 

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននេះ ទីក្រុងវ៉ាស៊ិនតោន បាន​ចេញសេចក្ដី​ប្រកាសព័ត៌មាន​មួយ ដោយបាន​ដាក់​បញ្ចូល​ឈ្មោះ​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់ចិន គឺ Huawei ចូលក្នុង​បញ្ចី​ខ្មៅ ដោយសារតែ​រដ្ឋាភិបាលអាមេរិក​ចោទ​ប្រកាន់ថា ក្រុមហ៊ុននេះ បាន​ទិញកម្មវិធី និងគ្រឿងបង្គុំ​ទូរស័ព្ទ ពីក្រុមហ៊ុន​អាមេរិក ដោយមិនបាន​ឆ្លង​កាត់ការ​អនុម័ត​អនុញ្ញាត​ពី​រដ្ឋាភិបាល​អាមេរិក។

ក្នុង​នោះ ក៏មាន​ក្រុមហ៊ុនយក្ស​របស់​អាមេរិក គឺ Google ត្រូវបាន​រដ្ឋាភិបាល​អាមេរិក តម្រូវ​ឲ្យ​កាត់​ផ្ដាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយនឹង​ក្រុមហ៊ុន Huawei ជាបន្ទាន់ ទាំងការ​ផ្គត់ផ្គង់ប្រព័ន្ធ​កម្មវិធី Android លើទូរស័ព្ទ Huawei និង​គ្រឿងបង្គុំផ្សេងទៀត។ 

Advertisement

បានតែ ៣ ថ្ងៃប៉ុណ្ណោះ ក្រុមហ៊ុន Google បាន​ចេញមុខ​ប្រកាស​បញ្ចប់​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​ជាមួយនឹង​ក្រុមហ៊ុន​ចិន Huawei ដោយបាន​បញ្ជាក់ថា នេះ គឺជាការ​អនុលោម​តាម​បទ​បញ្ជា​ពីសំណាក់​រដ្ឋាភិបាលអាមេរិក។

ទោះយ៉ាងណា ក្រុមហ៊ុន​ Huawei ក៏បាន​ចេញមុខ​ឆ្លើយតប​ភ្លាមៗផងដែរថា ខ្លួន​ក៏បាន​ត្រៀម​គម្រោង​បន្ទាប់​ (Plan B) របស់ខ្លួន​រួចតាំងមុន​មកហើយ ដើម្បី​ទប់ទល់​នឹង​ការ​ធ្វើទុកបុកម្និញ ពីសំណាក់​រដ្ឋាភិបាល​អាមេរិក ដោយខ្លួន​បាន​សម្ងំ​អភិវឌ្ឍ​កម្មវិធី​សម្រាប់​ដំណើរ​ការ​លើទូរស័ព្ទ​ជារបស់ខ្លួន​ឯង​ ដែលកម្មវិធីនេះ មានឈ្មោះ Hongmeng OS ជំនួសឲ្យ​ការប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ Android ដែលកំពុង​ប្រើ​នាពេលបច្ចុប្បន្ន។

មិនមែន​តែ​ក្រុមហ៊ុន Google ទេ ដែលត្រូវបាន​ហាម​មិនឲ្យ​រកស៊ី​ជាមួយ ក្រុមហ៊ុន Huawei នៅមាន​ក្រុមហ៊ុន​អាមេរិក​ផ្សេងទៀត ដែលផ្គត់ផ្គង់​ Hardware ទៅឲ្យ​ក្រុមហ៊ុន Huawei ក៏ត្រូវផ្អាក ការផ្គត់ផ្គង់​ទៅឲ្យ​ក្រុមហ៊ុន​ចិន​មួយនេះ ​ផងដែរ ដូចជា​ក្រុមហ៊ុនផលិត​បន្ទះឈីប ដូចជា Intel និង Qualcommជាដើម។

យ៉ាងណាក៏ដោយចុះ ក្រុមហ៊ុន​Google បានប្រកាសថា អ្នកដែលកំពុង​ប្រើប្រាស់​ទូរស័ព្ទ​Huawei នាពេល​បច្ចុប្បន្ន​នៅតែ​អាច​បន្ត​ប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ និង Android, Google Play Store និង Email បាន​ដដែល។ ពោលគឺ ការ​ផ្ដាច់​លែងឲ្យមាន​ប្រើប្រាស់​ប្រព័ន្ធ Android នៅលើ​ទូរស័ព្ទ Huawei នេះ គឺមានតែ​នៅលើ​ទូរស័ព្ទ​សេរី​ថ្មីៗ​ក្រោយ ដែលត្រៀម​ចេញលក់​ប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្ដី ព្យុះភ្លៀង​លើកនេះ គេនៅមិនទាន់ដឹងថា​ច្បាស់​នៅឡើយទេ​ ថា វានឹង​ធ្វើឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei នេះ អាចនឹងត្រូវ​រអិល​ធ្លាក់ពីតំណែង​ក្នុងចំណោម​កំពូល​Smartphone ទាំង៣ របស់ពិភពលោក ដែរយ៉ាងណា​? ព្រោះថា ការអភិវឌ្ឍ ប្រព័ន្ធ​ប្រតិបត្តិការ​លើទូរស័ព្ទ​នីមួយៗ​ជោគជ័យ​ គឺវា​មិនមែនជារឿងងាយ​ស្រួលប៉ុន្មានទេ។ ជាក់ស្ដែង គេនៅចាំបានថា កាលពី​ប៉ុន្មានឆ្នាំមុននេះ ក្រុមហ៊ុន Microsoft បាន​អភិវឌ្ឍ​ប្រព័ន្ធប្រតិបត្តិការ WindowPhone សម្រាប់ប្រើ​ជាមួយ​ទូរស័ព្ទម៉ាក Nokia ប៉ុន្ដែ ត្រូវបរាជ័យ​ហើយក្រុមហ៊ុន​ Nokia ក៏ងាក​មកប្រើ Android ជំនួសវិញ។ 

គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Huawei នេះ បានក្លាយ​ជា​គោលដៅ របស់អាមេរិក​ក្នុងការ​វាយបក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយចិន ជាយូរមកហើយ តាំងតែពី​ក្រុមហ៊ុននេះ បាន​ប្រកាស​បញ្ចេញ​បណ្ដាញ​បច្ចេកវិទ្យា​អ៊ីធើណែត 5G ដំបូងគេ ប៉ុន្ដែ អាមេរិក​មិនសប្បាយចិត្ត​នឹង​ក្រុមហ៊ុននេះ នោះទេ ហើយក៏ធ្លាប់​បាន​ប្រកាស​ក្ដែងៗ​ប្រាប់​ប្រទេសជា​សម្ព័ន្ធមិត្តនានារបស់ខ្លួន ឲ្យប្រុងប្រយ័ត្ន​ក្នុងការ​នាំយក​ប្រព័ន្ធ 5G នេះ មកប្រើ ព្រោះអាមេរិក​ចាត់ទុកថា ប្រព័ន្ធនេះ គ្មានសុវត្ថិភាព និងអាច​ប៉ះពាល់​ដល់​សន្តិសុខជាតិផងដែរ៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ាទឹកត្រីកំពត៖ សហគ្រិនពូកែ ត្រូវចេះកែច្នៃអ្វីដែលខ្លួនកំពុងមាន ដើម្បីសម្រេចគោលដៅ

ព័ត៌មាន
«មានមុខរបរមួយជាក់លាក់ សម្រាប់ខ្លួនឯង» នេះគឺជាក្ដីស្រមៃមួយ ដែលមនុស្សជាច្រើនតែងប្រាថ្នា ប៉ុន្ដែ មិនមែនគ្រប់គ្នាសុទ្ធតែអាចទៅដល់ក្ដីប្រាថ្នាន...

ប្រទេសណាខ្លះជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងការវិនិយោគវិស័យសំណង់នៅកម្ពុជា?

ព័ត៌មាន
គិតចាប់ពីឆ្នាំ ២០០០ រហូតមកដល់ត្រីមាសទី១ ឆ្នាំ២០១៩នេះ មានប្រទេសចំនួន ២១ ដែលបានបោះទុនវិនិយោគនៅក្នុងវិស័យសំណង់នៅកម្ពុជា ក្នុងចំណោមន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ