វិបត្តិជំងឺកូវីដ-១៩

ទីផ្សារភាគហ៊ុនអាស៊ី និងតម្លៃប្រេងរង្គោះរង្គើ ដោយសារតែក្ដីបារម្ភពីមេរោគកូវីដ-១៩ បំប្លែងថ្មី


ទីផ្សារភាគហ៊ុននៅអាស៊ី និងតម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ដោយសារតែកើតមាននូវក្ដីបារម្ភចំពោះមេរោគបំប្លែងខ្លួនថ្មី ដែលទើបតែត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង ហើយបើតាមអ្នកវិទ្យាសាស្ត្របានព្រមានថា មេរោគបំប្លែងថ្មី B.1.1.529 នេះ គឺវាអាចមានសមត្ថភាពចម្លងខ្លាំងជាងមេរោគបំប្លែងថ្មីប្រភេទ ឌែលតាទៅទៀត និងអាចទប់ទល់នឹងប្រព័ន្ធការពាររបស់វ៉ាក់សាំងដែលកំពុងប្រើសព្វថ្ងៃនេះថែមទៀតផង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទីផ្សារភាគហ៊ុនអាស៊ី និងតម្លៃប្រេងរង្គោះរង្គើ ដោយសារតែក្ដីបារម្ភពីមេរោគកូវីដ-១៩ បំប្លែងថ្មី

វត្តមានមេរោគ បំប្លែងថ្មីនេះ ក៏កំពុងបង្កជាបញ្ហាឈឺក្បាលជាថ្មីទៀត សម្រាប់គោលដៅស្ដារសេដ្ឋកិច្ចឡើងវិញរបស់ពិភពលោកផងដែរ។

មេរោគបំប្លែងថ្មី B.1.1.529 កំពុងត្រូវបានគេរកឃើញជាបន្ដបន្ទាប់នៅក្នុងករណីឆ្លងថ្មីនៅតំបន់អាហ្វ្រិកខាងត្បូង ហើយវាក៏ត្រូវបានរកឃើញនៅទីក្រុងហុងកុងផងដែរ លើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង។ អង្គការសុខភាពពិភពលោក នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃបន្ទាប់នេះ ដើម្បីសម្រេចថា តើគួរតែចាត់ទុកមេរោគបំប្លែងថ្មីនេះជាប្រភេទមេរោគ គួរតែយកចិត្តទុកដាក់ ឬក៏ជាមេរោគ គួរឲ្យព្រួយបារម្ភ។

ក្រោយពីកើតមានវត្តមានមេរោគបំប្លែងថ្មី B.1.1.529 ប្រទេសអង់គ្លេស និងអ៊ីស្រាអែល ក៏បានបិទខ្ទប់ការធ្វើដំណើរ ពីប្រទេសចំនួន៥នៅអាហ្វ្រិកខាងត្បូងផងដែរ ដើម្បីការពារកុំឲ្យមានករណីឆ្លងរីករាលដាលបន្ដ ខណៈបច្ចុប្បន្ន នៅអង់គ្លេស រួមទាំងតំបន់អឺរ៉ុបទាំងមូលកំពុងប្រឈមនឹងករណីឆ្លងរីករាលកូវីដ១៩កាន់តែខ្លាំងឡើងគួរឲ្យព្រួយបារម្ភស្រាប់ទៅហើយ។

វត្តមានមេរោគបំប្លែងថ្មី ដែលទើបរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តការវិនិយោគនៅក្នុងផ្សារភាគហ៊ុនអាស៊ីផងដែរ ខណៈដែលអ្នកជួញដូរ បានត្រៀមខ្លួនសម្រាប់ការចាប់ផ្ដើមគោលនយោបាយរឹតបន្ដឹងទៅលើរូបិយវត្ថុ របស់ធនាគារកណ្ដាលអាមេរិក ដើម្បីទប់ទល់នឹងអត្រាអតិផរណាដែលកំពុងកើនឡើង។

ផ្សារភាគហ៊ុននៅប្រទេសថៃបានធ្លាក់ចុះ ០,៦៦% នៅថ្ងៃសុក្រនេះ រីឯផ្សារភាគហ៊ុនជប៉ុនធ្លាក់ចុះ ជាង២% ខណៈដែលផ្សារភាគហ៊ុននៅហុងកុង អូស្ត្រាលី សិង្ហបុរី និងនូវែហ្សេឡង់មានការធ្លាក់ចុះទាបជាង១%។ ភាគហ៊ុនរបស់ក្រុមហ៊ុនទាក់ទងនឹងការធ្វើដំណើរ គឺស្ថិតនៅក្នុងចំណោមភាគហ៊ុនដែលមានការធ្លាក់ចុះខ្លាំងជាងគេ ដោយសារតែអ្នកវិនិយោគមានក្ដីបារម្ភអំពីលទ្ធភាពដែលអាចមានការរឹតត្បិតលើការធ្វើដំណើរជាថ្មីឡើងវិញដោយរដ្ឋាភិបាល។

ជាមួយគ្នានេះ តម្លៃប្រេងក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ដែរទាបជាងមុន ដោយសារតែមានក្ដីបារម្ភពីផលប៉ះពាល់ទៅលើតម្រូវការប្រសិនបើមានវិធានការទប់ស្កាត់កូវីដ១៩ត្រូវបានដាក់ចេញ។

ទាក់ទងនឹងវត្តមានមេរោគបំប្លែងថ្មីដែលទើបរកឃើញនេះដែរ អ្នកជំនាញខ្លះនិយាយថា ពិភពលោកបានឆ្លងកាត់រឿងនេះរួចមកហើយ ពោលគឺ នៅគ្រាដែលមានវត្តមានមេរោគបំប្លែងថ្មីឌែលតាបានចូលរាតត្បាត ហើយគេជឿថារដ្ឋាភិបាលនៅប្រទេសនានានឹងមានភាពវៃឆ្លាតជាងមុនក្នុងការដោះស្រាយបញ្ហានេះ។ ម្យ៉ាងទៀត ស្ថានការណ៍ប្រែប្រួលនេះ គឺត្រូវបានគេរំពឹងទុកដឹងជាមុនរួចអស់ទៅហើយ មិនមែនមិនបានដឹងមុននោះទេ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិភពលោកកំពុងបារម្ភ ក្រោយរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មីនៅអាហ្រ្វិកខាងត្បូង

ព័ត៌មាន
អាហ្វ្រិកខាងត្បូង បានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មីមួយប្រទេសទៀតហើយ នៅថ្ងៃទី ២៥ វិច្ឆិកានេះ ដែលមានឈ្មោះកាត់ហៅថា B.1.1.529 ហើយវាត្រូវបាន…

សិង្ហបុរីបិទជើងហោះហើរពីប្រទេសនៅទ្វីបអាហ្វ្រិចចំនួន៧ ដោយបារម្ភពីការឆ្លងមេរោគកូវីដ-១៩បំប្លែងថ្មី

ព័ត៌មាន
ក្រឡេកមកមើលប្រទេសសឹង្ហបុរីឯណេះវិញ !! ក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃសុក្រទី២៦វិច្ឆិកា បានប្រកាសរិតត្បិតជើងហោះហើរពីប្រទេសនៅតំបន់អាហ្វ្រិក ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ