បំណុលពលរដ្ឋ​អំឡុងពេល​កូវីដ-១៩

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ស្វាគមន៍ចំពោះសំណើថ្មីរបស់ធនាគារជាតិ ទាក់ទងនឹងបញ្ហាកូនបំណុល


គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានស្វាគមន៍ចំពោះសំណើរបស់ធនាគារជាតិ នៃកម្ពុជា ដែលបានស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យលើកូនបំណុលរហូតដល់ដាច់ឆ្នាំ២០២០នេះ។
របាយការណ៍​បង្ហាញថា កសិករ​ជាច្រើន​ខ្ចី​បុល​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ខណៈ​ដែល​បញ្ហា​កសិផល​មិន​បាន​ថ្លៃ​ខ្ពស់​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការលំបាក​ជីវភាព។
ដោយ

ធនាគារជាតិនៃកម្ពុជា​ កាលពីថ្ងៃទី ២០ ខែមេសា បានចេញលិខិត​ថ្មី​មួយទៀត​ដោយបានស្នើ​ដល់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះ​បន្ថែម​ដល់​អតិថិនជន ដែល​ជាកូនបំណុល​របស់ខ្លួន ដើម្បីជួយ​សម្រាល​បន្ទុក​របស់ពួកគាត់​មួយ​កម្រិត​ទៀត នៅក្នុង​អំឡុងពេល​នៃការរាតត្បាត​កូវីដ-១៩នេះ។

សំណើរបស់​ធនាគារជាតិ ធ្វើ​ឡើង​នៅចំពេលដែល​ស្ថានភាព​នៃ​បញ្ហា​មេរោគ​កូវីដ-១៩ នៅទូទាំង​សកលលោក​តែបន្តកើតមាន ​ហើយគេ​ក៏មិន​ទាន់​ដឹងច្បាស់​នៅឡើយទេថា តើ​បញ្ហានេះ នឹង​ត្រូវ​អូសបន្លាយ​ដល់ពេលណា ឬបញ្ចប់​នៅពេលណានោះទេ។ ទោះយ៉ាងណា ការអំពាវនាវ​ចុងក្រោយនេះ របស់​ធនាគារជាតិ​ចំពោះ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ គឺស្នើ​ឲ្យ​មាន​បន្ធូរបន្ថយកម្រៃ​សេវាផ្សេងៗ​ពាក់ព័ន្ធ​នឹងឥណទាន និងលើកលែង​ការផាក​ពិន័យ​ចំពោះអតិថិជន​ដែលជាកូនបំណុល​រហូតដល់ដំណាច់ខែ​ធ្នូ​​ឆ្នាំ​២០២០។

ជុំវិញ​នឹង​សំណើនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​បញ្ជាក់​ថា ធនាគារ​អេស៊ីលីដា ក៏ដូចជា​ធនាគារ​ផ្សេងទៀត តែងតែគោរព​ និងអនុវត្ត​ទៅតាម​សារាចរណ៍​ណែនាំ​របស់​ធនាគារជាតិ​ជាអាណាព្យាបាល​ជានិច្ច។

បើតាម​លោកបណ្ឌិត អ៊ិន ចាន់នី បញ្ហា​កូវីដ-១៩ រួមទាំង​ការអនុវត្ត​តាម​សារាចរណ៍​ណែនាំ​របស់​ធនាគារជាតិ ក្នុងការជួយ​សម្រួលបន្ទុក​អតិថិជន​នៅអំឡុងពេល​មានបញ្ហាមេរោគឆ្លងនេះ គឺវាពិតជា​បានធ្វើឲ្យប៉ះពាល់​ទៅដល់​ប្រាក់ចំណូល​របស់​វិស័យធនាគារ និងហិរញ្ញវត្ថុ ព្រោះធនាគារ​គឺជាអ្នកផ្ដល់សេវា​ជូនដល់អតិថិជន ដូច្នេះ បើសិន​ជាអតិថិជន​មានបញ្ហា នោះធនាគារ​ក៏មានផលប៉ះពាល់​ទៅតាមនោះដែរ។ ប៉ុន្ដែ ផលប៉ះពាល់នេះ គឺវា​មិនមែន​កើតមានឡើង​តែអាជីវកម្ម​របស់វិស័យធនាគារ និងហិរញ្ញវត្ថុនោះទេ ពោលគឺ​វាបានប៉ះពាល់​អាជីវកម្ម​ស្ទើរតែទាំងអស់ទៅហើយ ហើយក៏មិនមែន​មានតែប្រទេស​កម្ពុជានោះដែរ ដែលប៉ះពាល់ គឺបញ្ហា​កូវីដ-១៩នេះ បាន​បង្ក​ឲ្យមាន​ផលប៉ះ​ពាល់​អាជីវកម្ម​នៅ​ទូទាំងពិភពលោក។ នេះបើតាម​ការបញ្ជាក់​របស់​លោកបណ្ឌិត អ៊ិន ចាន់នី។ 

យ៉ាងណាក៏ដោយចុះ ប្រធាននាយក​ប្រតិបត្តិ​ធនាគារអេស៊ីលីដារូបនេះ បានគូសបញ្ជាក់ទៀតថា ចំពោះ​ធនាគារ​អេស៊ីលីដា នៅក្នុង​ត្រីមាសទី១ នៅឆ្នាំនេះ ការលូតលាស់​ក្នុងវិស័យឥណទាន​ គឺនៅមានសភាព​ធម្មតា​មិនមាន​ការ​ធ្លាក់ចុះ​អ្វីគួរឲ្យកត់សម្គាល់នោះទេ។ ដោយឡែក សម្រាប់​ត្រីមាសទី២នេះ អ្នកដែលធ្លាប់​ខ្ចីប្រាក់​ក្នុងទំហំ​ច្រើន ក៏បានបន្ថយ​ទំហំខ្ចីរបស់ខ្លួន​មកជាតិចវិញ​។

នៅត្រីមាសទី ១ ឆ្នាំ២០២០នេះ អេស៊ីលីដា មាន​ទំហំឥណទាន​កើនដល់ជិត ១០០ លាន​ដុល្លារអាមេរិក មានអត្រាកំណើន​២,៦% ធៀបនឹង​ឆ្នាំមុន ខណៈដែល​ការដាក់​ប្រាក់បញ្ញើ​គឺមិនមានកំណើន​នោះទេ។

ជុំវិញ​នឹង​ការ​អំពាវនាវ​ថ្មី​របស់​ធនាគារជាតិនេះដែរ លោក កាំង តុងង ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង និងជាអ្នកនាំពាក្យ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បានអះអាងថា សមាគម​ស្វាគម​ចំពោះ​សេចក្ដី​អំពាវនាវនេះ ហើយលោកថា កន្លងមក​សមាជិក​របស់សមាគម ភាគច្រើន​សុទ្ធតែបាន​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​បន្ធូរបន្ថយ​ និងរៀបចំ​ឥណទាន​ឡើងវិញ ជូនដល់​អតិថិជន ដែលរង​ផលប៉ះពាល់​ព្រោះ​កូវីដ-១៩នេះ លើកលែងតែ​សមាជិក​មួយចំនួនតូច ដែលអតិថិជន​គាត់មិនសូវ​រងផលប៉ះពាល់​ធ្ងន់ធ្ងរ ហើយមិនបាន​ស្នើសុំការ​សម្របសម្រួល។

បើតាម​តាម​លោក កាំង តុងងី គិតមកទល់ពេលនេះ ស្ថានភាព​វិស័យមីក្រូហិរញ្ញវត្ថុ​ នៅមាន​ស្ថានភាព​ធម្មតា​នៅឡើយទេ ហើយការស្នើសុំ​ប្រាក់កម្ចី ក៏ដូចជា​ការដាក់ប្រាក់​បញ្ញើ​ នៅតែមាន​ចរន្ដ​ជាធម្មតា។

គិតត្រឹមដំណាច់ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​បានផ្តល់​ឥណទាន ជាង៧ប៊ីលានដុល្លា ដល់ប្រជាពល​រដ្ឋខែ្ម​ប្រមាណជាង ២,២លាននាក់ ក្នុងនោះមាន​ប្រមាណ ៨០ភាគរយជាស្ត្រី។

សូមជម្រាបថា កាលពីដើម​ខែមេសានេះ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាស​ណែនាំដល់​ធនាគារ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជាទាំងអស់ ដាច់ខាតមិន​ត្រូវរឹបអូស​ទ្រព្យបញ្ចាំ​របស់​កូនបំណុល នៅក្នុងពេល​ដែលមាន​ការរាតត្បាត​នៃវីរុស​កូវីដ-១៩នោះទេ ហើយត្រូវ​រក្សាភាព​ទន់ភ្លន់​ដោះស្រាយ​ជាមួយកូនបំណុល​របស់​ខ្លួនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ​២០១៩ ពលករ​ខ្មែរ​​នៅ​ក្រៅ​ប្រទេស​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើតជាង ១,៥​ពាន់​លាន​ដុល្លារអាមេរិក

ព័ត៌មាន
ប្រជាពលរដ្ឋ​ខ្មែរ​ដែលធ្វើការនៅក្រៅ​ប្រទេស បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ស្រុក​កំណើត​វិញបាន​ចំនួន ១.៥១៧​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៩…

៥សំណួរ ជាមួយនឹងសមាគមមីក្រូហិរញ្ញវត្ថកម្ពុជា ជុំវិញនឹងការអនុវត្តជួយសម្រួលបន្ទុករបស់កូនបំណុល អំឡុងពេលមានវិបត្តិ​កូវីដ-១៩

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា នាពេលកន្លងមកបានចេញមុខអំពាវនាវម្ដងហើយម្ដងទៀត ទៅកាន់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ