ការពន្យារការសងបំណុល​អំឡុងពេល​វិបត្តិកូវីដ-១៩

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងអនុវត្តនីតិវិធីពន្យារការសងប្រាក់សម្រួលបន្ទុកកូនបំណុលរបស់ខ្លួន


គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយសម្រួលបន្ទុកដល់អតិថិជន ដែលបានខ្ចីឥណទាន ដែលកំពុងជួបការលំបាកខ្លាំងដោយសារជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយផ្តោតជាសំខាន់គឺការផ្តល់ការពន្យារពេលនៃការសងបំណុល។
វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញថា លូត​លាស់​យ៉ាង​លឿន​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។
ដោយ

ក្នុងចំណោម​នីតិវិធី​ការពន្យារ​ការសងប្រាក់​ដែលគ្រឹះស្ថាន​ធនាគារ និង មីក្រូហិរញ្ញវត្ថុ កំពុងតែ​ផ្ដល់ជូន​អតិថិជន​របស់ខ្លួន រួមមាន​ដូចជា ការពន្យារ​ពេលសង​ប្រាក់ដើម ​ដោយសង​តែការប្រាក់​ ពន្យារ​ការសង​ទាំង​ប្រាក់ដើម និង ការប្រាក់ ដែលអាច​មានរយៈពេល​ចាប់ពី ០៣ខែ រហូតដល់​ទៅ ០៦ខែ គឺអាស្រ័យ​ទៅតាមស្ថានភាព​លំបាក​ពិតប្រាកដ​របស់​អតិថិជន​ម្នាក់ៗ ដែលបាន​ជំពាក់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ។

លោកបណ្ឌិត អុិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា និង ជាប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានគូសបញ្ជាក់ថា គ្រឹះស្ថានធនាគារ​កំពុងតែ​ចូលរួម​ទាំងអស់គ្នា​ទៅតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយអនុវត្តនិតិវិធី​ពន្យារ​ការសងត្រឡប់​ជូនដល់​អតិថិជន​របស់ខ្លួន​ទៅតាម​ការស្នើសុំ ស្របទៅ​តាម​លក្ខខណ្ឌកម្ចី។

លោកបណ្ឌិត អុិន ចាន់នី បន្ថែមថា បច្ចុប្បន្នខាង​ធនាគារ​អេស៊ីលីដា​មិនទាន់បាន​ធ្វើរបាយការណ៍​នៃចំនួនអ្នក​ដាក់ពាក្យ​ស្នើសុំពន្យារ​ពេលការសង​ប្រាក់​នៅឡើយទេ ក្នុងខែមេសានេះ។ ប៉ុន្តែយ៉ាងណា​ក៏ដោយចុះ លោកបណ្ឌិត បានបញ្ជាក់ថា សន្ទុះនៃអតិថិជន​ដែលបាន​ដាក់ពាក្យ​ស្នើសុំពន្យារ​ពេលការ​សងប្រាក់ គឺមិនមានច្រើន​ប៉ុន្មានទេ សម្រាប់​ធនាគារ​អេស៊ីលីដា។

ជាមួយគ្នានេះដែរ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានមាន​ប្រសាសន៍ថា ក្នុងស្ថានភាព​ដែលកម្ពុជា​កំពុងជួប​វិបត្តិ​ដោយសារ​ជំងឺកូវីដ-១៩ ខាងគ្រឹះ​ស្ថាន​ផ្តល់កម្ចី​នីមួយៗ គឺកំពុងតែ​ចូលរួមដោះ​ស្រាយ​ជាមួយ​អតិថិជន​ផ្អែកតាម​ប្រភេទកម្ចី និង ភាពទទួល​រងផល​ប៉ះពាល់​ដែលនឹង​ឆ្លើយតប​ទៅតាម​លទ្ធភាព​របស់​អតិថិជន។

លោកបន្ថែមថា រហូតមកដល់ពេលនេះ សមាគម​មិនទាន់​អាចកំណត់​បានថា មានអតិថិជន​ប៉ុន្មាន​នាក់​បានដាក់ពាក្យ​ស្នើសុំពន្យារ​ការសងប្រាក់​នៅឡើយទេ​ ប៉ុន្តែអ្វីដែល​ជាការកត់សម្គាល់​នៅដើម​ខែមេសានេះ មានអតិថិជន​បាន មកដាក់ពាក្យស្នើសុំ​ពន្យារ​ការសងប្រាក់​ត្រលប់​ទៅគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មានចំនួន​កើនឡើងជាលំដាប់។

លោក ផល វ៉ាន់ឌី បន្តថា មួយរយៈពេល​ចុងក្រោយនេះ អ្វីដែលយើង​មើលឃើញ​នៅក្នុងវិស័យ​ធនាគារ និងហិរញ្ញវត្ថុ ភាគច្រើន​ផ្តោតសំខាន់​ទៅលើចំនួន​អតិថិជន​មកដាក់ពាក្យ​ស្នើសុំការ​ពន្យារការ​សងត្រឡប់​ចំពោះកម្ចីឥណទាន​របស់ពួកគេ​ប៉ុណ្ណោះ។

ចំណែកឯ លោក ឧកញ៉ា ប៊ុន មុន្នី នាយកប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិថី បានឲ្យដឹងថា ចំនួន​អតិថិជន​ដែលដាក់ពាក្យ​ស្នើសុំ​ការពន្យារការសង​ពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់លោក គិតមក​ដល់ពេលនេះ គឺមានចំនួន​តិចតួចបំផុត ប៉ុន្តែបើសិន​ជាក្នុងស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា​នៅតែបន្ត​អូសបន្លាយ​ពេលយូរ​បន្តទៀតនោះ ពិតណាស់នឹង​មានបញ្ហា​សម្រាប់​ពលរដ្ឋ​ក៏ដូចជា​គ្រឹះស្ថាន​អ្នកផ្តល់កម្ចីដែរ។

ចំណែកឯ លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក៏បានប្រាប់​ឲ្យដឹងដែរថា ស្ថិតនៅក្នុង​ស្ថានភាព​ដ៏លំបាកនេះ វិធានការណ៍​ពន្យារ​ការសង​ប្រាក់កម្ចីនេះ គឺជាការចូល​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​ដល់ជីវភាព​រស់នៅ​របស់អតិថិជន។

លោក ដុស ឌីន បន្ថែមថា ការពន្យារ​ការសងប្រាក់ ដែលកំពុង​ផ្តល់ជូននោះគឺ បែងចែក​អតិថិជន​ជាពីរ​ប្រភេទធំៗ គឺ ទីមួយ អតិថិជន​ឥណទាន​ក្រុមធានា ភាគច្រើន​បំផុត​រស់នៅ​ទីជនបទ​ដែលខ្ចីប្រាក់​ក្នុងទំហំតូច ដែលជួបការ​លំបាក​ក្នុងការសង និង ប្រសិន​អតិថិជន​កម្ចីតូចៗ​ប្រភេទនេះ ស្នើសុំពន្យារ​ការសង អម្រឹតនឹងផ្តល់​ការ​ពន្យារការ​សង​ទាំងការប្រាក់ និងប្រាក់ដើម​ជាស្វ័យប្រវត្តិ​តែម្តង សម្រាប់​រយៈពេលបីខែ។ បច្ចុប្បន្ន អម្រឹត មាន​អតិថិជន​ឥណទាន​ក្រុមធានា ជាង១២ម៉ឺននាក់​ ប៉ុន្តែក្នុង​ចំណោម ១២ម៉ឺននាក់នោះ មានអ្នកមក​ដាក់ពាក្យស្នើ​សុំពន្យារ​ការសងប្រាក់​នៅមាន​ចំនួនតិចតួច​នៅឡើយ។

 លោក ដុស ឌីន បានបញ្ជាក់ទៀតថា តាមរយៈ​ទំនាក់ទំនង​ទៅដោយ​ផ្ទាល់​ជាមួយ​អតិថិជនរយៈពេល​កន្លងមកនេះ ​អតិថិជន​ខ្ចីប្រាក់ ដែលមាន​ផលប៉ះពាល់​មិនសូវខ្លាំង នៅតែមាន​ឆន្ទៈបំពេញ​កាត្វកិច្ច គឺបន្តការសង​ជាធម្មតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនធំៗ នៅតែក្រាញននៀលបន្តចុះបញ្ជីលើទីផ្សារមូលបត្រ កម្ពុជា ទោះបីជាមានវិបត្តិកូវីដ១៩

ព័ត៌មាន
ទោះបីជាវិបត្តិមេរោគកូវីដ១៩ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកក៏ដូចជាទីផ្សារមូលបត្រកម្ពុជាក៏ដោយ ក៏ក្រុមហ៊ុនធំៗមួយចំនួន នៅតែបង្…

ក្រសួងរ៉ែ និងថាមពល៖ តំបន់អូខ្វាវ ខេត្តមណ្ឌលគីរី អាចមាន «មាសជិត ១លានតម្លឹង» សម្រាប់ការរុករក

ព័ត៌មាន
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បញ្ជាក់ បច្ចុប្បន្ននេះ ក្រសួងកំពុងមានក្តីសង្ឃឹមជាមួយនឹងក្រុមហ៊ុនរុករ៉ែមាសអន្តរជាតិធំមួយនៅតំបន់អូខ្វាវ ខេត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ