Advertisement
Advertisement
Advertisement
ឥណទាន​សម្រាប់​អាជីវកម្ម​ក្នុងវិស័យ​ទេសចរណ៍

តើ​ធនាគារ និងមីក្រូហិរញ្ញវត្ថុផ្អាកការផ្ដល់កម្ចីដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ មែនទេ?


វិស័យទេសចរណ៍ ត្រូវបានអ្នកជំនាញមើលឃើញថា គឺជាវិស័យមួយ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមួយ នៅអំឡុងពេលមានបញ្ហាមេរោគឆ្លង Covid-19នេះ បើធៀបនឹងវិស័យស្នូលផ្សេងៗទៀត ដែលទ្រទ្រង់ដល់សេដ្ឋកិច្ច កម្ពុជា។ បើតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន បានចាត់ទុកថា ការផ្ដល់កម្ចីទៅក្នុងឲ្យអាជីវកម្មក្នុងវិស័យទេសចរណ៍នាអំឡុងពេលនេះ គឺជាហានិភ័យមួយខ្ពស់បំផុត។ ហានិភ័យខ្ពស់ ព្រោះថាអាជីវកម្មក្នុងវិស័យនេះ ភាគច្រើនកំពុងបាត់បង់ចំណូល ដែលនាំឲ្យលទ្ធភាពសងត្រឡប់ជួបបញ្ហា។
ហាង​នៅផាប់ស្ត្រីត ក្នុងខេត្តសៀមរាប នាពេលរាត្រី (រូបភាព៖ Wikipedia)
ដោយ
Advertisement

លោកបណ្ឌិត អ៊ិន ចាន់នី នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​គូសបញ្ជាក់​ថា ជាទូទៅ​មុន​ធនាគារ​ផ្ដល់កម្ចី​ទៅ​ឲ្យ ម្ចាស់អាជីវកម្ម​ណាមួយ​ គឺខាងធនាគារ​តែងសិក្សា​ពី​លំហូរសាច់ប្រាក់ និង​ប្រភពចំណូលនៃអាជីវកម្ម​​របស់គាត់។ យ៉ាងណាមិញ នៅក្នុង​ដំណាក់កាល​ដែល​កម្ពុជា​យើង​កំពុង​មាន​មានរោគ​ឆ្លង​រាត​ត្បាត​នេះទៀតសោត ជាការពិតណាស់​ ខាងធនាគារ​គឺ​កម្ចី​សម្រាប់តែអាជីវកម្មណា​ដែលអាច​មាន​ការរីកចម្រើន​លូតលាស់​បាន​នៅក្នុង​ដំណាក់កាលនេះប៉ុណ្ណោះ។

លោក​បណ្ឌិត​បន្ថែមថា ជាក់ស្ដែង នៅក្នុង​វិស័យទេសចរណ៍ គឺ​​កំពុង​មាន​ផល​ប៉ះពាល់​ខ្លាំង ដែល​អ្នកខ្លះ​មិនមាន​លទ្ធភាព​សងត្រឡប់ ដូច្នេះ បើខាងធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ទៅឲ្យពួកគាត់ទៀត​នៅក្នុង​វិស័យដដែលនេះ គឺពិតជា​មិនអាចទេ ក៏ប៉ុន្ដែ​បើម្ចាស់អាជីវកម្មនោះ​មាន​មុខរបរ​ណា​ផ្សេងទៀត ដែលធានា​បាន​នូវប្រាក់ចំណូល​ ដែលត្រូវ​នឹង​កាលៈទេសៈ​នាពេល​បច្ចុប្បន្ននេះ នោះ ខាងធនាគារ​នឹងនៅតែបន្ត​ផ្ដល់កម្ចី​ជូន​ពួកគាត់។

ទោះយ៉ាងណា លោកបណ្ឌិត អ៊ិន ចាន់នី គូសបញ្ជាក់ថា «យើងខាង​ធនាគារ​​នៅតែផ្ដល់ប្រាក់​កម្ចីជូនដល់​​អតិថិជនអញ្ចឹង​ ព្រោះខាងធនាគារ​នៅតែបន្ដ​ទទួលប្រាក់បញ្ញើ​ពីអតិថិជន ដូច្នេះ យើង​មិនអាច​ទុកសាច់​ប្រាក់​ឲ្យនៅស្ងៀមនោះទេ ប៉ុន្ដែ​យើង​ក៏ត្រូវ​មើលនៅក្នុង​មុខរបរ​ ឬអាជីវកម្មណា​ដែល​ត្រូវ​នឹងបរិយាកាស​សព្វថ្ងៃនេះ»។

បើទោះបីជា​មាន​បញ្ហា​កូវីដ​-១៩ កំពុង​គំរាម​កំហែង​សេដ្ឋកិច្ច​កម្ពុជា​ក៏ដោយ ប៉ុន្ដែ​លោកបណ្ឌិត​អ៊ិន ចាន់នី​បានគូសបញ្ជាក់ថា បើមើលទៅលើ​តួលេខ​នៃទំហំ​ឥណទាន​របស់ធនាគារ​អេស៊ីលីដា នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២០នេះ គឺនៅតែ​មានកំណើនប្រមាណ​២,៦% ដែលមាន​ទំហំទឹកប្រាក់ជិត​១០០ លាន​ដុល្លារអាមេរិក។ លោក​បណ្ឌិត​អ៊ិន ចាន់នី បន្ថែមថា កំណើនឥណទាននេះ គឺវាឆ្លុះបញ្ជាំង​ឲ្យឃើញថា អតិថិជន ដែល​ជាអ្នកខ្ចីប្រាក់​ គឺពួកគាត់​មានភាព​វៃឆ្លាត​ក្នុងការ​ស្វែងរក​ប្រាក់កម្ចី​ពីខាងធនាគារ​តាមរយៈ​ការបង្កើត​នូវមុខរបរ​ថ្មីៗ​ដែល​ស្របតាម​តម្រូវការ​នៃ​ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន ដូចជា​លក់​សាប៊ូ​ទឹកលាងដៃ ម៉ាស និងឧបករណ៍​សម្ភារៈ​ផ្សេងៗទៀតប្រើប្រាស់​ការពារ​មេរោគ​ឆ្លង។ ក្រៅពីនេះ អេស៊ីលីដា ក៏បន្ត​ផ្ដល់កម្ចី​ទៅកាន់​វិស័យ​ផ្សេងៗទៀត ពិសេស​គឺវិស័យ​កសិកម្មតែម្ដង។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និង ជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន​លើកឡើងដែរថា ជាការពិតណាស់ វិស័យទេសចរណ៍ គឺជាវិស័យមួយដែលរង​ផល​ប៉ះពាល់​​ខ្លាំងជាងគេ​នៅក្នុង​បញ្ហា​នៃមេរោគឆ្លង Covid-19នេះ ហើយការ​ផ្ដល់កម្ចី​ក្នុងវិស័យនេះ ក៏អាច​ចាត់ទុកថា​​ហានិភ័យខ្ពស់មួយដែរ នៅអំឡុងពេលនេះ ប៉ុន្ដែមិនមែនមានន័យថា ខាងមីក្រូហិរញ្ញវត្ថុ​​ផ្ដល់កម្ចីឲ្យ​ពួកគាត់​មិនបាននោះទេ អ្វីដែល​សំខាន់​គឺឲ្យអ្នកខ្ចីនោះ មាន​ មាន​លទ្ធភាពសងត្រឡប់មកវិញ និងមានលក្ខខណ្ឌ​គ្រប់គ្រាន់​តាមគោលការណ៍​តម្រូវ​របស់​គ្រឹះស្ថាន​នីមួយៗនោះ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ នឹងនៅតែ​បន្ដ​ផ្ដល់​កម្ចី​ជូនពួកគាត់ដដែល។ ប៉ុន្ដែ ផ្ទុយទៅវិញ​បើអតិថិជន​មិនមាន​លទ្ធភាព​សងហើយ ខាង​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ​​នៅតែបន្ដផ្ដល់​កម្ចី ជូនពួកគាត់ទៀត​នោះ វាដូចជា​ដាក់បន្ទុកបន្ថែមទៀត​ដល់ពួកគេអញ្ចឹងដែរ។

គិតត្រឹមដំណាច់ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​បានផ្តល់​ឥណទាន ជាង៧ប៊ីលានដុល្លា ដល់ប្រជាពល​រដ្ឋខែ្ម​ប្រមាណជាង ២,២លាននាក់ ក្នុងនោះមាន​ប្រមាណ ៨០ភាគរយជាស្ត្រី។

សូមជម្រាបថា កាលពីដើម​ខែមេសានេះ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាស​ណែនាំដល់​ធនាគារ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជាទាំងអស់ ដាច់ខាតមិន​ត្រូវរឹបអូស​ទ្រព្យបញ្ចាំ​របស់​កូនបំណុល នៅក្នុងពេល​ដែលមាន​ការរាតត្បាត​នៃវីរុស​កូវីដ-១៩នោះទេ ហើយត្រូវ​រក្សាភាព​ទន់ភ្លន់​ដោះស្រាយ​ជាមួយកូនបំណុល​របស់​ខ្លួនផងដែរ៕ 

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជនបរទេសគ្មានឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) គ្មានសិទ្ធិស្នាក់នៅបន្តក្នុងប្រទេសកម្ពុជាឡើយ

ព័ត៌មាន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ ស្នងការរាជធានីខេត្តទាំងអស់ដើម្បីអនុវត្តការមិនផ្តល់ទិដ្ឋការបន្តរយៈពេលស្នាក់នៅក្នុ...

សិង្ហបុរី នឹងមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះរហូតដល់ដក ៥,៧% មិនធ្លាប់មានឡើយ !

ព័ត៌មាន
សិង្ហបុរីបានសម្រេចបន្តបិទទីក្រុងចំនួន ៤សប្តាហ៍ទៀត ដើម្បីជាវិធានការចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺដ៏កាចសាហាវនេះ។ ការបិទក្រុងនេះដ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ