មហាសេដ្ឋី​លេខ ១​ របស់ថៃ

នៅពីក្រោយភាពជោគជ័យ របស់មហាសេដ្ឋីលេខ១ របស់ថៃ ម្ចាស់ក្រុមហ៊ុន CP Group


ប្រទេសថៃ ជាប្រទេសមួយដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេមួយនៅអាស៊ីអាគ្នេយ៍។ បើតាម ទស្សនាវដ្ដី Forbes ដែលផ្សាយនាពេលថ្មីៗនេះ ឲ្យដឹងថា នៅប្រទេសថៃ មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ មានប្រហែល៣០ នាក់ឯណោះ ដែលកំពុងរកស៊ីពហុវិស័យ។ ខេមបូណូមីស សូមលើកយក ដោយសង្ខេបអំពីជីវិត កំពូលមហាសេដ្ឋីលេខ១ របស់ថៃ ដែលបច្ចុប្បន្ន ជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group មកចែកជូនលោកអ្នកអាន ដែលមានខ្លឹមសារដូចតទៅនេះ។
លោក Dhanin Chearavanont បច្ចុប្បន្ន ជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (https://chinareportasean.com/)
ដោយ

មានមនុស្ស​ជាច្រើន​ពិតជាបានស្គាល់ ក្រុមហ៊ុន Charoen Pokphand Group ដែល​នៅកម្ពុជា​ស្គាល់ឈ្មោះថា ក្រុមហ៊ុន ស៊ីភី នោះ ត្រូវបាន​គេដឹងថា ជាក្រុមហ៊ុនកំពូល​មួយថៃ និងមានវិនិយោគ​នៅបណ្ដាប្រទេស​ជាច្រើនផងដែរ រួមទាំងកម្ពុជាផងដែរ។ បច្ចុប្បន្ន CP កំពុង​វិនិយោគ​រកស៊ីជាច្រើន​វិស័យ នៅកម្ពុជា ដូចជា កសិដ្ឋាន​ចិញ្ចឹមសត្វ និងរោងចក្រកែច្នៃសាច់ ហើយកាលពីឆ្នាំកន្លងទៅនេះ បានវិនិយោគ​រកស៊ីវិស័យលក់រាយ គឺផ្សារទំនើប Makro នៅកម្ពុជាផងដែរ។ បុរស​នៅពីក្រោយភាព​ជោគជ័យ​ដ៏សម្បើម​របស់​ក្រុមហ៊ុននេះ ត្រូវបាន​គេស្គាល់ថា គឺជាលោក Dhanin Chearavanont ដែលបច្ចុប្បន្ន ជាមហាសេដ្ឋី​ប្រាក់ពាន់លាន​ដុល្លារ លេខ ១ នៅប្រទេសថៃ។ 

តើ លោក Dhanin Chearavanont ជានរណា?

បច្ចុប្បន្ន លោក Dhanin មានអាយុ ៨០ឆ្នាំហើយ និងទ្រព្យសម្បត្តិកត់ត្រាដោយ​ទស្សនាវដ្ដី Forbes នៅឆ្នាំ ២០១៩ គឺមាន​រហូតដល់ ២៩,៥ ពាន់លានដុល្លារអាមេរិក​ ដែលឈរនៅលំដាប់​លេខ១ ក្នុងចំណោម​មហាសេដ្ឋី​ថៃ​ជាច្រើន​រូបទៀត។

ក្នុងចំណោម​បងប្អូនបង្កើត​ប្រុស​ចំនួន​៤នាក់ លោកគឺជាកូនពៅគេ តែជាមនុស្ស​ដែលមាន​ទេពកោសល្យ​ជាងគេ​ក្នុងការស្នងតំណែង​រកស៊ីគ្រួសារ។

ក្រោយពីចូលប្រឡូក​ក្នុងរបរ​ជាមួយឪពុក​នៅអាយុ​២៥ ឆ្នាំ នៅប្រមាណ​ ៥ឆ្នាំក្រោយមក លោកត្រូវបាន​ក្រុមហ៊ុន​លើកឲ្យ​កាន់តំណែង​ជា​ប្រធាន​ក្រុមហ៊ុន និង១៩ឆ្នាំក្រោយមក បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន CP Group។​

ក្រោយពី ធ្វើជា​ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CP Group បាន​៤៨ ឆ្នាំ លោកបាន​សម្រេចចិត្ត​លាលែង​ពីតំណែង នៅឆ្នាំ២០១៧ ប៉ុន្ដែ នៅធ្វើជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ជាន់ខ្ពស់វិញ។ 

តើ​ក្រុមហ៊ុន CP Group កកើតឡើងយ៉ាងដូចម្ដេច និងមាន​ឆ្លងកាត់​ការដឹកនាំបែបណាខ្លះ ទើបជោគជ័យ​ដល់បច្ចុប្បន្ន?

តាមរយៈ​ការស្រាវជ្រាវ​លើសារព័ត៌មាន​អន្តរជាតិ​ធំៗជាច្រើន បាន​ឲ្យដឹងថា លោក Dhanin Chearavanont គឺជា​ជនជាតិថៃ ដែលមានឪពុក​ធ្លាប់​រស់នៅ​ប្រទេសចិន តែក្រោយពី​ត្រឡប់​ពីប្រទេសចិន មកកាន់​ប្រទេសថៃវិញ ឪពុក​របស់លោក គឺ លោក Chia Ek Chor បាន​បង្កើត​ហាង​មួយ​លក់ គ្រាប់ធញ្ញជាតិ​នាំចូលពីប្រទេសចិន​ សម្រាប់​កសិករ​ថៃ នៅឆ្នាំ១៩២១។

ក្រោយមកនៅឆ្នាំ ១៩៤៦ ក្រុមហ៊ុននេះ បានប្ដូរឈ្មោះ មកជា Charoen Pokphand ដែលឈ្មោះនេះ មានអត្ថន័យថា វិបុលភាព​សម្រាប់អ្នកប្រើប្រាស់។ នៅ២ទស្សវត្សរ៍​ក្រោយមក ក្រុមហ៊ុន CP បាន​ងាកចេញ​ពីការ​រកស៊ី​ផ្គត់ផ្គង់​គ្រាប់ធញ្ញជាតិ មករស៊ី​លើការចិញ្ចឹម​សត្វ​និងពាណិជ្ជកម្ម។ ក្រោយមក ក្រុមហ៊ុន CP បានពង្រីក​រោងចក្រ​ចំណីសត្វ​របស់ខ្លួន​ជាបន្តបន្ទាប់ នៅហុងកុង តៃវ៉ាន់ និងម៉ាឡេស៊ី។ 

ប៉ុន្ដែ នៅពីក្រោយ​ការរីកចម្រើននេះ គឺត្រូវបាន​គេដឹងថា ដោយសារតែមាន​បុគ្គល​ដែលមានឥទ្ធិពល​មួយរូប​ដែល​ដឹកនាំក្រុមហ៊ុននេះ បានយ៉ាងល្អបំផុត។ ក្នុងបងប្អូនប្រុស​៤នាក់ លោក Dhanin គឺជាកូន​ពៅគេ តែមាន​ទេពកោសល្យ​ខ្ពស់ជាងគេង​ក្នុងការរកស៊ី។ នៅអាយុទើបតែ ៣០ ឆ្នាំប៉ុណ្ណោះ លោកត្រូវបាន​តែងតាំងជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន CP Group។  

ការសិក្សាមួយរបស់សាលា​ Harvard អំពី​អាជីវកម្ម​របស់​ក្រុមហ៊ុន CP Group បាន​ឲ្យដឹងថា វាជាសក្ខីភាព​មួយនៃទំនាក់ទំនង​ដ៏រឹងមាំ​នៃគ្រួសារ​ដែលមានបងប្រុស​ទាំង៣ បាន​ទទួលស្គាល់ពីសមត្ថភាព ទេពកោសល្យ​របស់​លោក Dhanin ថែមទាំងបាន​ផ្ដល់សិទ្ធិ​ឲ្យលោក គ្រប់គ្រងទាំងស្រុង ទោះបីជាពួកគេ​ត្រូវរក្សា​ភាគហ៊ុន​ស្មើៗគ្នា​នៅក្នុងក្រុមហ៊ុន​ក៏ដោយ។
លោក Dhanin Chearavanont និងបងប្រុសទាំងបី (https://www.ft.com/)

នៅឆ្នាំ ១៩៧៨ អាជីវកម្ម​របស់ក្រុមហ៊ុននេះ មានការពង្រីកខ្លួន​ លោក Dhanin បាន​កែប្រែរចនាសម្ព័ន្ធ ក្រុមហ៊ុន​ពីអាជីវកម្មលក្ខណៈគ្រួសារ ទៅជា​ក្រុមហ៊ុន​ច្បាស់លាស់។ ទោះបីជាយ៉ាងណា នៅពេល​ធ្វើកំណែប្រែដំបូង វាបានធ្វើឲ្យប៉ះពាល់ខ្លះៗដែរ ដល់​ផលប្រយោជន៍​របស់​បងៗ​ពីរនាក់​របស់លោក ប៉ុន្ដែ ពួកគេ​មានការយោគយល់គ្នា និងបាន​ព្រមព្រៀង​លើការកែប្រែនេះ។

ដើម្បី​ធ្វើឲ្យក្រុមហ៊ុន​មានការគ្រប់គ្រង​បែប​ស្ដង់ដារ លោក Dhanin និងបងប្រុសរបស់លោក បាន​ព្រមព្រៀងគ្នា​នាពេលនោះថា ភរិយា ប្អូនស្រី កូនស្រី មិនត្រូវបានអនុញ្ញាត​ឲ្យជាប់ទាក់ទង​នឹង​អាជីវកម្ម​របស់ក្រុមហ៊ុន​នោះឡើយ។

តាមការស្រាវជ្រាវ​ដោយសាកលវិទ្យាល័យ Harvard Business School បានឲ្យដឹងថា លោក Dhanin ធ្លាប់បាន​មានគម្រោងថា ចូលនិវត្តន៍​នៅវ័យ​៥៨ ឆ្នាំ ប៉ុន្ដែ នៅពេល​ត្រូវប្រឈម​មុខនឹង​វិបត្តិហិរញ្ញវត្ថុ​នៅអាស៊ី លោកបាន​កែប្រែ​គំនិតជាថ្មី និងបានចរចា​ជាមួយនឹង​បងប្រុសទាំង៣ ដែលជា​ម្ចាស់ភាគហ៊ុន ក្នុងការ​បន្ដតំណែង​របស់ខ្លួន​បន្តទៀត។ ដោយមានការ​ដឹកនាំរបស់លោក Dhanin  ហើយនៅគ្រានោះ ក្រុមហ៊ុន CP Group ក៏បានឆ្លងផុត​ដំណាក់កាល​ដ៏លំបាកលំបិននោះ 

បច្ចុប្បន្ន ក្រុមហ៊ុន CP Group មិនត្រឹមតែ​រកស៊ី​ក្នុងវិស័យ​កសិឧស្សាហកម្ម​នោះទេ តែក៏មានការពង្រីកខ្លួន​រកស៊ីជាបន្តបន្ទាប់​រហូតដល់​បច្ចុប្បន្ន មាន​វិនិយោគ​រកស៊ី​ក្នុងវិស័យ​សំខាន់​ៗ​ចំនួន​៨ រួមមាន កសិកម្ម-ចំណីអាហារ (៥ក្រុមហ៊ុន) វិស័យលក់រាយ (៤ក្រុមហ៊ុន) វិស័យទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ (១ក្រុមហ៊ុន) វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និងឌីជីថល (២ក្រុមហ៊ុន) វិស័យអចលនទ្រព្យ (១ក្រុមហ៊ុន) វិស័យឧស្សាហកម្ម​យានយន្ដ​(៣ក្រុមហ៊ុន) វិស័យសុខាភិបាល (១ក្រុមហ៊ុន) និងវិស័យ​ហិរញ្ញវត្ថុ (២ក្រុមហ៊ុន)។

បច្ចុប្បន្ន ក្រុមហ៊ុន CP Group មាន​វិនិយោគ​នៅប្រទេស​ចំនួន ៣០ ទូទាំងសកលលោក ភាគច្រើន​គឺនៅតំបន់អាស៊ី ។ លោក Dhanin បាន​ប្រកាន់ខ្ជាប់​នូវគោលការណ៍​សំខាន់មួយ​ក្នុងការរកស៊ី ដែលលោក​បាន​ហៅថា គោលការណ៍​ប្រយោជន៍ទាំងបី (3 Benefit) គឺ​បង្កើត​វិបុលភាព​សម្រាប់ប្រទេស​ សហគមន៍មូលដ្ឋាន ក៏ដូចជា ក្រុមហ៊ុន និងបុគ្គលិក។ 

ចំពោះការ​ដឹកនាំវិញ លោក Dhanin Chearavanont ឲ្យតម្លៃខ្ពស់​លើធនធានមនុស្ស ដោយលោក​បាន​លើកឡើង​ជាទស្សនៈថា «មនុស្សរបស់យើង គឺជាសសរទ្រូង​ដ៏សំខាន់​បំផុត​សម្រាប់​អនាគត​របស់យើង។ ដើម្បី​អាចឈរជើង​រឹងមាំបាន យើងត្រូវការ​អ្នកដឹកនាំ​ជំនាន់ថ្មី ដែលពោរពេញដោយ​សមត្ថភាព​ និងចំណេះដឹង ដើម្បី​គ្រប់គ្រង​ និងដឹកនាំ ស្ថាប័ន​ឆ្ពោះទៅមុខកាន់តែឆ្ងាយ​ជាមួយគ្នា»។  

កាលពីឆ្នាំ ២០១៧ កន្លងទៅ ក្រុមហ៊ុន CP Group មានប្រាក់ចំណូល ប្រមាណជាង ៥០ ពាន់លាន​ដុល្លារអាមេរិក ជាមួយនឹង​បុគ្គលិក​បម្រើការ​សរុបជាង ៣០ម៉ឺននាក់។ ក្នុងចំណោមប្រាក់ចំណូល​ទាំងនោះ មាន ៥៩% គឺបានមកពី​ប្រតិបត្តិការអាជីវកម្ម​ក្នុងប្រទេសថៃ ខណៈប្រទេសចិន មាន​២៩% និង១២% ទៀត​គឺមកពីបណ្ដាប្រទេស​ផ្សេងៗទៀត៊។ ជាមួយគ្នានេះ ចំណូល​ភាគច្រើន គឺបានមកពីវិស័យ​កសិឧស្សាហកម្ម និងចំណីអាហារ ដែលមាន ៥៤% និងបន្ទាប់មក គឺបានមកពីវិស័យលក់រាយ និងការចែកចាយ ដែលមាន ៣១% និងវិស័យ​ទូរគមនាគមន៍​មាន ៨% និងវិស័យផ្សេងៗទៀត​មាន​៧%។

អាជីវកម្ម​ដែលលេចធ្លោ​ជាងគេ​របស់ក្រុមហ៊ុន CP Group ត្រូវបាន​គេស្គាល់ថា គឺជា​កសិដ្ឋានចិញ្ចឹមសត្វ​មាន់ និងជ្រូក ជាមួយនឹង​រោងចក្រ​ផលិតកែច្នៃសាច់​ដ៏ធំផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនមួយនេះ ក៏​ត្រូវបាន​គេដឹងថា មានឥទ្ធិពល​ខ្លាំង​ក្នុងវិស័យ​លក់រាយ​ផងដែរ ដូចជានៅប្រទេសថៃ ក្រុមហ៊ុននេះ ទទួលបាន​សិទ្ធិគ្រប់គ្រង​ប្រតិបត្តិការ​ផ្សារ​ 7-Elven និងមាន​ការគ្រប់គ្រង​លើអាជីវកម្ម​ផ្សារទំនើប​Makro ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញបន្លែផ្លែឈើជិត ២ពាន់លានដុល្លារ និងនាំចូល​មកវិញជិត ១ពាន់លាន​ដុល្លារ នៅ៥ខែ ឆ្នាំនេះ

ព័ត៌មាន
ប្រទេសវៀតណាម ដែលពិភពលោកស្គាល់ថា ជាប្រទេសនាំចេញកសិកម្មធំមួយនៅអាស៊ីអាគ្នេយ៍នោះ បាននាំចេញ បន្លែផ្លែឈើក្នុងទំហំប្រមាណជិត ២ ពាន់លានដុល្លារអ…

គម្រោងទីក្រុងរណបខេត្តកំពង់ចាម គ្រោងបញ្ចប់​ការសាងសង់ដំណាក់កាលទី១ ក្នុងរយៈពេល ២ឆ្នាំ

ព័ត៌មាន
គម្រោងទីក្រុងរណបខេត្តកំពង់ចាម ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន យៀកថៃ គ្រុប លើផ្ទៃដី សរុប ជាង ៥០ ហិកតានោះ គ្រោងនឹងបញ្ចប់ការសាងសង់ ដំណាក់កាលទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ