សំណុំរឿងកូរ៉េខាងជើងនិងកោះតៃវ៉ាន់

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិងមន្ត្រីការទូតជាន់ខ្ពស់ចិន ពិភាក្សាសំណុំរឿងកូរ៉េខាងជើងនិងកោះតៃវ៉ាន់


ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបពិភាក្សាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់ចិន គឺលោក យ៉ាង ជីឆី (Yang Jiechi) តាមរយៈប្រព័ន្ធទូរស័ព្ទ អំពីលទ្ធភាពនៃការសាកល្បងអាវុធនុយក្លេអ៊ែរ ឬការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយផ្តោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។
អាមេរិក និងចិន ពិភាក្សាសំណុំរឿងកូរ៉េខាងជើងនិងកោះតៃវ៉ាន់

បន្ថែមពីនេះ ភាគីទាំងពីរក៏បានលើកឡើងពីបញ្ហាដ៏រសើបនៅកោះតៃវ៉ាន់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗ។

លោក Sullivan បានប្រាប់សេតវិមានដោយខ្លីៗថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបង្ហាញថា ប្រទេសកូរ៉េខាងជើងអាចនឹងកំពុងរៀបចំការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន អំឡុងពេលឬក្រោយពេលដែលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន នៅសប្តាហ៍នេះ។ ហើយលោកក៏បាននិយាយជាមួយសមភាគីចិន លោក Yang ផងដែរ អំពីបញ្ហានេះ។

ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកដដែលនេះបន្តថា រាល់ការសាកល្បងផ្សេងៗ ដោយកូរ៉េខាងជើងនឹងឆ្លុះបញ្ជាំងពីការដើរថយក្រោយនៃកិច្ចពិភាក្សានៃរលុបបំបាត់អាវុធនុយក្លេអ៊ែរ ហើយនឹងធ្វើឲ្យអាប់អួរលើការផ្តោតអារម្មណ៍របស់រដ្ឋកាលលោក Biden ក្នុងអំឡុងពេលទស្សនកិច្ចនៅតំបន់អាស៊ីទៅលើការពិភាក្សាអំពីការដោះដូរពាណិជ្ជកម្ម និងកៀគរសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន។

គួររំលឹកថា សហរដ្ឋអាមេរិកបានជំរុញឱ្យអង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មបន្ថែម ទៅលើរដ្ឋផ្តាច់ការកូរ៉េខាងជើងមួយនេះ ប៉ុន្តែប្រទេសចិន និងរុស្ស៊ីបានបង្ហាញពីការជំទាស់យ៉ាងដាច់ខាត។

លោក Sullivan មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេក្នុងជំនួបតាមទូរសព្ទនេះ ប៉ុន្តែសេតវិមានបានស្រង់សម្តី លោក Sullivan និងភាគីចិន ក៏បានពិភាក្សាគ្នាអំពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនផងដែរ និងបញ្ហាចោទមួយចំនួនទាក់ទិននឹងទំនាក់ទំនងរវាងអាមេរិក-ចិន។

ជាមួយគ្នានេះដែរ សារព័ត៌មានចិន Global Times បានដកស្រង់សម្តីលោក Yang អ្នកការទូតចិនដែលបាននិយាយជាមួយលោក Sulivan តាមទូរស័ព្ទបានឲ្យដឹងថា "ប្រសិនបើភាគីអាមេរិកនៅតែបន្តលេងសន្លឹកបៀរតៃវ៉ាន់ វាប្រាកដជានឹងធ្វើឱ្យស្ថានការណ៍កាន់តែគ្រោះថ្នាក់ពិបាកប៉ាន់ស្មាន ក្នុងករណីបើអាមេរិកដើរលើផ្លូវខុសជាយថាហេតុណាមួយនោះ" ។

លោក Yang បានបន្ថែមថា សហរដ្ឋអាមេរិកបាននិងកំពុងសម្រេចដើរលើផ្លូវមួយគួរឲ្យព្រួយបារម្ភ និងមានសកម្មភាព ដែលមានលក្ខណៈជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍របស់ចិនផងដែរ។ ចិនបាននឹងកំពុងធ្វើការឆ្លើយតបយ៉ាងតឹងរ៉ឹង និងដាច់ខាត ដើម្បីធ្វើយ៉ាងណាឲ្យទំនាក់ទំនងរវាងចិន-អាមេរិក វិលទៅរកវឌ្ឍនភាពនិងស្ថិរភាពឡើងវិញ។

មួយវិញទៀត លោក Yang ក៏បានសង្កត់ធ្ងន់ថា សំណួរដែលពាក់ព័ន្ធនឹងកោះតៃវ៉ាន់គឺជា រឿងដ៏រសើប និងសំខាន់បំផុត ក្នុងទំនាក់ទំនងចិន-អាមេរិក ដោយបន្ថែមថា ភាគីអាមេរិកគួរតែយល់យ៉ាងច្បាស់ថា ប្រទេសចិន នៅតែអនុវត្តតាមគោលនយោបាយចិនតែមួយ និងមិនធ្លាប់គាំទ្រ "ឯករាជ្យភាពរបស់តៃវ៉ាន់ម្តងណាឡើយ"។

ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន។

គួរបញ្ជាក់ថា លោក Sullivan និង លោក Yang បានជួបគ្នាចុងក្រោយនៅទីក្រុងរ៉ូមក្នុងខែមីនាកន្លងទៅ ក្នុងជំនួបរវាងលោក Biden ជាមួយមេដឹកនាំចិនលោក Xi Jinping។ ក្នុងនោះ ប្រធានាធិបតីអាមេរិកបានព្រមានចំៗ ទៅលើលោក ស៊ីជីនពីង អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងប៉េកាំងហ៊ានផ្តល់ជំនួយជាសម្ភារៈទៅឲ្យទីក្រុងម៉ូស្គូ ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែនមែននោះ៕

អត្ដបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីហ្វាំងឡង់ថា ទោះបានក្លាយជាសមាជិកណាតូ ក៏មិនឲ្យមាននុយក្លេអ៊ែរ ឬមូលដ្ឋានទ័ពណាតូឈរជើងក្នុងទឹកដីខ្លួនដែរ

ព័ត៌មាន
ការស្នើសុំចូលជាសមាជិកណាតូ របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងនៅរាំងស្ទះទៅមុខមិនរួច ទៅក្រោយក៏មិនរួច ដ្បិតថា ប្រទេសទួរគីដែលជាសមាជិកណា…

កម្រិតបំណុលពិភពលោកកើនដល់ជាង៣០០ទ្រីលានដុល្លារក្នុងនោះចិននិងអាមេរិកជំពាក់ច្រើនជាងគេ

ព័ត៌មាន
កម្រិតបំណុលពិភពលោកបានកើនឡើងដល់ជាង ៣០០ទ្រីលានដុល្លារអាមេរិក រយៈពេលត្រឹមតែបីខែដំបូងនៃឆ្នាំ២០២២ប៉ុណ្ណោះ។ ក្នុងនោះមហាអំណាចសេដ្ឋកិច្ចទាំងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ