ជំនួយអាមេរិកឲ្យអាស៊ាន

តើជំនួយអាមេរិក១៥០លានដុល្លារ ផ្ដល់ទៅឲ្យអាស៊ាន នឹងផ្ដោតលើវិស័យអ្វីខ្លះ?


ក្នុងថ្ងៃដំបូងនៃជំនួបកំពូលពិសេសអាស៊ាន-អាមេរិក រដ្ឋបាលលោក ចូ បៃឌិន បានប្តេជ្ញាចិត្តផ្តល់ជំនួយជាថវិកាសរុប១៥០លានដុល្លារ ដល់ប្រទេសក្នុងតំបន់អាស៊ាន ដើម្បីផ្តោតលើការអភិវឌ្ឍក្នុងវិស័យជាច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
អាមេរិកផ្តល់ជំនួយ១៥០លានដុល្លារដល់អាស៊ាន

តើជំនួយអាមេរិក១៥០លានដុល្លារ ផ្ដល់ទៅឲ្យ​អាស៊ាន នឹងផ្ដោតលើវិស័យអ្វីខ្លះ?

ការប្តេជ្ញាចិត្តផ្នែកជំនួយហិរញ្ញវត្ថុថ្មី១៥០លានដុល្លារខាងលើរួមមាន ការវិនិយោគចំនួន៤០លានដុល្លារលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្នែកថាមពល ដែលអាមេរិកចង់ឲ្យ​អាស៊ានក្លាយជាតំបន់​ដែលកាត់បន្ថយ ឬគ្មានការបញ្ចេញឧស្ម័នកាបូន។ដោយឡែកទឹកប្រាក់ប្រមាណ ៦០លានដុល្លារទៀត នឹងផ្តល់ឲ្យក្នុងវិស័យសន្តិសុខដែនសមុទ្រ ខណៈថវិកាចំនួន ១៥លានដុល្លារទៀត សម្រាប់បម្រើដល់វិស័យសុខាភិបាល និងដើម្បីជួយក្នុងការទប់ទល់ជំងឺកូវីដ១៩ និងជំងឺរាតត្បាតផ្សេងៗទៀតនៅពេលអនាគត។ ក្រៅពីនោះទឹកប្រាក់ដែលសេសសល់ និងផ្តល់ជូនតាមរយៈមូលនិធិជំនួយ​អភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថល និងច្បាប់ពាក់ព័ន្ធ ការអភិវឌ្ឍ​បញ្ញាសិប្បនិម្មិត(AI)។

ទាំងនេះជាកិច្ចខិតខំប្រឹងប្រែង​បន្ថែមទៀត របស់រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ស្របពេលដែលមហាអំណាច​ទី១ក្នុងលោកមួយនេះ កំពុងជាប់ដៃ​ដោះស្រាយ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយដែលបញ្ហានេះក៏ស្ថិតក្នុង របៀបវារៈនៃជំនួបពិសេសជាមួយក្រុមមេដឹកនាំ​អាស៊ានដែរ។ រដ្ឋបាលរបស់លោកចូ បៃឌិនសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះ​នឹងបង្ហាញបណ្តាប្រទេសនៅ​អាស៊ានបាន​ឃើញថា ទីក្រុងវ៉ាស៊ីនតោន​នៅតែផ្តោត​លើតំបន់មួយនេះ ក៏ដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​ទាំងមូល ខណៈដែលបញ្ហា​ប្រឈមរយៈពេលវែង​នោះ គឺប្រទេសចិនដែលខ្លួនចាត់ទុកគូប្រជែងសំខាន់មួយ ក៏មានជាប់ពាក់ព័ន្ធនឹងប្រទេសអាស៊ានទាំង១០ផងដែរ។

យ៉ាងណាមិញ ជំនួបនៅសេតវិមានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ គេឃើញវត្តមាន​​មេដឹកនាំកំពូលរបស់អាស៊ានតែ ៨រូបប៉ុណ្ណោះ ដោយអវត្តមានមេដឹកនាំយោធាភូមា លោក ម៊ីន អ៊ុងឡាំង និងថ្នាក់ដឹកនាំ ហ្វីលីពីន។ ហ្វីលីពីនអវត្តមាន​ក៏ដោយសារតែប្រទេសមួយនេះទើបបញ្ចប់​ការបោះឆ្នោតប្រធានាធិបតីថ្មី នឹងមិនទាន់បានចូលកាន់តំណែងជាផ្លូវការនៅឡើយ។

អាមេរិកខំតាមលទ្ធភាព នៅពីក្រោយឥទ្ធិលពលចិនដែលមានច្រើនរួចទៅហើយ

តើកិច្ចខិតខំប្រឹងប្រែងទាំងនេះ​ ពិសេសការផ្តល់ជំនួយហិរញ្ញវត្ថុចុងក្រោយចំនួ​ន​១៥០លានដុល្លារទៅឲ្យអាស៊ាន អាចប្រជែងឥទ្ធិលពលជាមួយមហាយក្សចិន ដែលកំពុងរះត្រដែតឡើងបានកំរិតណា?

នៅក្នុងការប្តេជ្ញាចិត្តចុងក្រោយ គេសង្កេតឃើញវ៉ាស៊ីនតោន បានផ្តល់ហរិញ្ញវត្ថុ​ពង្រឹងវិស័យមួយគឺ សន្តិសុខដែនសមុទ្រក្នុងតំបន់។ ជាមួយនឹងថវិកា ៦០លានដុល្លារ ឆ្មាំឆ្នេរ​សមុទ្រអាមេរិក ក៏នឹងដាក់ពង្រាយកប៉ាល់ល្បាត​ទៅកាន់តំបន់ ដើម្បីជួយកងនាវាក្នុងស្រុក ប្រឆាំងនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោន និងប្រទេសក្នុងតំបន់មួយចំនួន ហៅថា ជាការនេសាទខុសច្បាប់របស់ប្រទេសចិន រំលោភចូលដែនទឹក និងដែនសេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ក្នុងតំបន់។

ទោះបីជាយ៉ាងណាក៏ដោយ ការប្តេជ្ញាចិត្តទាំងនេះមានកំរិត​ស្តួចស្តើងណាស់ បើប្រៀបធៀបទៅនឹងទំនាក់ទំនង ក៏ដូចជាឥទ្ធិពល​ដ៏ស៊ីជម្រៅរបស់ប្រទេសចិន​នៅក្នុងតំបន់មួយនេះ។

ជាក់ស្តែង គេនៅចាំបានកាលពីខែវិច្ឆិកា​ឆ្នាំ២០២១ ប្រទេសចិន​បានសន្យា​ផ្តល់ជំនួយ​អភិវឌ្ឍន៍ក្នុងទឹកប្រាក់​ដល់ទៅ ១ពាន់៥រយលានដុល្លារអាមេរិក ដល់ប្រទេសតំបន់អាស៊ានសម្រាប់រយៈពេល៣ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។

យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការ លើគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត រួមមានគំនិតផ្តួចផ្តើមវិនិយោគហេដ្ឋារចនាសម្ព័ន្ធ Build Back Better World ឬហៅកាត់ថា B3W និងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ហៅកាត់ថា IPEF។ ប៉ុន្តែគំនិតផ្តួចផ្តើម​ទាំង​ពីរនេះ ​មិនទាន់​បានសម្រេចដាក់ចេញជាស្ថាពរនៅឡើយទេ។

សូមជម្រាបថា នេះ​ជា​លើកដំបូងហើយក្នុងពេល​៦​ឆ្នាំ​ចុង​ក្រោយ ដែល​មេដឹកនាំ​អាស៊ាន និងអាមេរិកបានមកជួបពិភាក្សាគ្នាផ្ទាល់​នៅសេតវិមាន ដែលកិច្ចប្រជុំ​លើក​ចុង​ក្រោយ​បំផុត ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អាណត្តិ​​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា តាំងពី​ឆ្នាំ​២០១៦​ម៉្លេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការបោះផ្សាយលក់មូលបត្រពីធនាគារធំៗ ធ្វើឲ្យទីផ្សារមូលបត្រកម្ពុជាកាន់តែលេចធ្លោរ

ព័ត៌មាន
ក្រុមអ្នកជំនាញ បានអះអាងថា ភាពរីកចម្រើននៃវិស័យមូលបត្រកម្ពុជា នាពេលបច្ចុប្បន្ន ដោយសារតែមានការចូលរួមបោះផ្សាយលក់មូលបត្រពីសំណាក់ក្រុមហ៊ុនជាច្…

វិបត្តិផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុបកាន់តែអាក្រក់ បន្ទាប់ពីរុស្ស៊ីដាក់ទណ្ឌកម្មសងសឹក

ព័ត៌មាន
ប្រទេសក្នុងតំបន់អឺរ៉ុបទទួលរងសម្ពាធក្នុងការធានាការផ្គត់ផ្គង់ឧស្ម័នកាន់តែខ្លាំងឡើងហើយ ខណៈទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្ម័នដែលជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ