សេដ្ឋកិច្ចអាមេរិក

ប្រធានាធិបតីអាមេរិក ចូ បៃឌិន៖ អតិផរណាអាចនឹងធ្លាក់ចុះវិញ ប៉ុន្ដែប្រជាជននៅតែបន្ដរងផលប៉ះពាល់


អតិផរណាធ្លាប់មានដល់៩,១% កាលពីខែមិថុនា ដែលជាអត្រាអតិផរណាខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ប៉ុន្តែកាលពីខែកក្កដាកន្លងទៅនេះ វាបានធ្លាក់ចុះមកវិញបន្ដិចហើយ ស្របពេលដែលតម្លៃប្រេងឆៅបន្តរអិលចុះដូចគ្នា។ ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខមួយពិភពលោក បានស្គាល់ពីការធ្លាក់ចុះអតិផរណាដូចនេះ ក៏ដោយសារតែ ធនាគារកណ្តាលនៃរដ្ឋសហព័ន្ធបានដំឡើងអត្រាការប្រាក់ម្តងហើយម្តងទៀតដើម្បីប្រឹងទប់ទល់។
អតិផរណានៅអាមេរិកបានធូរស្រាលបន្តិចកាលពីខែកក្កដា
ដោយ

ទោះយ៉ាងណា ប្រធានាធិបតីអាមេរិក ចូ បៃឌិនអះអាងថា ដ្បិតតែ​អតិផរណាអាចនឹងធ្លាក់ចុះវិញក៏ពិតមែន ប៉ុន្ដែប្រជាជននឹងនៅតែបន្ដរងផលប៉ះពាល់នៅឡើយ។ ដំណឹងនៃការធ្លាក់ចុះអតិផរណានេះទៀតសោត អាចជារឿងល្អមួយដែរ សម្រាប់ប្រធានាធីបតីអាមេរិកចូបៃឌិន ដើម្បីមានទឹកមាត់លេបខ្លះសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលជិតចូលមកដល់។ នេះបើតាម​សាព័ត៌មានអន្តរជាតិធំៗជាច្រើន។

របាយការណ៍ពីក្រសួងការងារអាមេរិកបង្ហាញថា ជាមួយនឹងតម្លៃ​ថាមពលធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ សន្ទស្សន៍តម្លៃទំនិញ​ប្រើប្រាស់បានធ្លាក់ចុះ​ដល់អត្រាប្រចាំឆ្នាំ ៨,៥% កាលពីខែមុន ដែលកំរិតនេះ គឺកំរិតដែលប្រសើរជាងអ្វីដែលគេបានព្យាករណ៍ទៅទៀត។ យ៉ាងណាក៏ដោយ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅក្នុងខែកក្កដា មិនមានការប្រែប្រូលដូច​នឹងអត្រាអតិផរណាឡើយ បើគេធៀបទៅនឹងសន្ទស្សន៍តម្លៃទំនិញ​ប្រើប្រាស់កាលពីខែមិថុនា។

គេនៅចាំបានថា កាលពីប៉ុន្មានខែមុនសេដ្ឋកិច្ច​អាមេរិកជួបនឹងភាពរង្គោះរង្គើស្ទើរ​តែធ្លាក់​ទៅក្នុងមាត់ជ្រះនៃវិបត្តិទៅហើយ ពោលគឺអត្រាអតិផរណាបានហក់ឡើងដល់អត្រា៩,១% កាលពីមិថុនា ជាអត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រអស់ពេល៤០ឆ្នាំមកហើយ ហើយបានថយចុះមកនៅ​នឹងត្រឹម​៨,៥% កាលពីខែសីហា។ កាលនោះមានកត្តាជាច្រើនដែលបង្កឲ្យ​អតិផរណាកើនខ្ពស់យ៉ាងដូច្នេះ ដូចជា ការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះខ្លាំង ព្រោះពលរដ្ឋខំសន្សំប្រាក់មកវិញ បន្ទាប់ពីផលប៉ះពាល់នៃកូវីដ១៩ដ៏ធ្ងន់ធ្ងរនៅអាមេរិក។ ក្រោយមកទៀតសង្គ្រាមនៅអ៊ុយក្រែនក៏ផ្ទុះឡើង បានជះឥទ្ធិពលយ៉ាងដំណំដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

អ្នកជំទាស់នឹងលោកចូ បៃឌិន បានចោទប្រកាន់ប្រធានាធិបតីរូបនេះថា ជាអ្នកធ្វើឱ្យអតិផរណាកើនឡើង ដោយសារលោកបានបញ្ចេញកញ្ចប់ទឹកប្រាក់ជំនួយសង្គ្រោះដល់ពលរដ្ឋ ដែលរងគ្រោះដោយសារកូវីដ១៩ក្នុងតម្លៃច្រើនជ្រុល ពោលគឺកញ្ចប់សង្គ្រោះមានទឹកប្រាក់ដល់ចំនួន ១,៩ទ្រីលានដុល្លារ ដែលបានអនុម័តកាលពីខែមីនាឆ្នាំមុន ភ្លាមៗបន្ទាប់ពីលោកចូលកាន់តំណែង។

យ៉ាងណាក៏ដោយចុះ លោក ចូ បៃឌិន បានអះអាង​កាលពីថ្ងៃទី ៩ ខែសីហាថា ដ្បិតអតិផរណា​បង្ហាញពីភាពថមថយចុះជាងមុនក្ដី ប៉ុន្ដែ នៅមានការងារជាច្រើនទៀត ដែលរដ្ឋាភិបាលអាមេរិក​ត្រូវធ្វើ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋ​កាន់តែល្អប្រសើរឡើង។ ប្រធានាធិបតីអាមេរិករូបនេះ បញ្ជាក់បន្ថែមថា ឥឡូវនេះ អាមេរិកកំពុង​ប្រឈមនឹងបញ្ហាប្រឈមជាសាកល រាប់តាំងពីវិបត្តិសង្គ្រាម​នៅអឺរ៉ុប ធ្វើឲ្យរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងបញ្ហា​ការរាតត្បាតកូវីដ១៩ បង្កឲ្យមានការបិទខ្ទប់​នៅក្នុងតំបន់អាស៊ីជាដើម ហើយសេដ្ឋកិច្ចអាមេរិក ក៏អាចនឹង​ប្រឈម​បញ្ហាព្យុះភ្លៀង​ធ្ងន់ធ្ងរ​ជាច្រើនទៀត នៅក្នុង​ពេលប៉ុន្មានខែទៅមុខទៀតនេះ។

ចំណែក គណបក្សសាធារណរដ្ឋបានបន្តការរិះគន់​ចំពោះគោលនយោបាយ​សេដ្ឋកិច្ច​របស់លោកបៃឌិនថែមទៀត ដោយព្រមានថា ការអនុម័តច្បាប់​ស្ដីពីអាកាសធាតុ និងសុខាភិបាល កាលពីថ្ងៃ៧ សីហា របស់ព្រឹទ្ធសភា ជាមួយកញ្ចប់ថវិកាដ៏សម្បើមនោះ ក៏នឹងទទួលបានផល ផ្ទុយពីគោលបំណងដែលគេចង់បានផងដែរ។

ទោះយ៉ាងណាលោកប្រធានាធិបតីនៅតែទទូចថាគោលនយោបាយសេដ្ឋកិច្ចរបស់លោកកំពុងដំណើរការយ៉ាងប្រសើរ។ បន្ថែម​ពីលើអតិផរណាផ្តើមថមយ ការងារក៏កំពុងកើនឡើងវិញ ហើយប្រាក់ឈ្នួលកំពុងកើនឡើងដូចគ្នា។ នេះបើតាមការអះអាងរបស់លោកចូបៃឌិន។

សូមបញ្ជាក់ថា បើតាម​ការះអាង​របស់​លោកស្រី ណានស៊ី ផេឡូស៊ី ប្រធានសភាអាមេរិក កាលពីថ្ងៃទី ១០ សីហា បានឲ្យដឹងថា ច្បាប់​ស្ដីពីការកាត់បន្ថយ​អតិផរណា​របស់អាមេរិក នឹងត្រូវ​សភាអាមេរិក អនុម័ត​នៅថ្ងៃទី ១២ ខែសីហាផងដែរ៕




អត្ថបទបន្ទាប់


តើច្បាប់ជំរុញការវិនិយោគលើការផលិតបន្ទះឈីបរបស់អាមេរិក មានលក្ខណៈពិសេសអ្វីខ្លះក្នុងការប្រជែងជាមួយចិន?

ព័ត៌មាន
ប្រធានាធិបតីលោក Joe Biden បានចុះហត្ថលេខាលើសំណើច្បាប់មួយកាលពីថ្ងៃអង្គារ ទី ១០ ខែ សីហា ជាមួយនឹងការបែងចែកថវិការរាប់សិបពាន់លានដុល្លារ …

អត្រាបំណុលជាតិសម្រាប់ពលរដ្ឋជប៉ុនម្នាក់ៗឡើងដល់ជាង ៧,៥ម៉ឺនដុល្លារជាលើកដំបូង

ព័ត៌មាន
ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធទី១០សីហាបានបង្ហាញថា បំណុលជាតិរបស់រាជរដ្ឋាភិបាលជប៉ុន បើគិតក្នុងពលរដ្ឋម្នាក់ៗ (Government debt per c…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ