ទីផ្សារមូលបត្រកម្ពុជា

ក្រុមហ៊ុនធំៗ នៅតែក្រាញននៀលបន្តចុះបញ្ជីលើទីផ្សារមូលបត្រ កម្ពុជា ទោះបីជាមានវិបត្តិកូវីដ១៩


ទោះបីជាវិបត្តិមេរោគកូវីដ១៩ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោកក៏ដូចជាទីផ្សារមូលបត្រកម្ពុជាក៏ដោយ ក៏ក្រុមហ៊ុនធំៗមួយចំនួន នៅតែបង្ហាញពីទំនុកចិត្ត និងបន្តនីតិវិធីចុះបញ្ជីលក់ មូលបត្រកម្មសិទ្ធិ និង មូលបត្របំណុល ដោយពុំមានការពន្យារពេលនោះឡើយ។
ក្រុមហ៊ុនធំៗ នៅតែក្រាញននៀលបន្តចុះបញ្ជីលើទីផ្សារមូលបត្រកម្ពុជា ទោះបីជាមានវិបត្តិកូវីដ១៩

ជា​ភស្តុ​តាង​នៅ​ក្នុងថ្ងៃនេះ ធនាគារ ភី​ភី​ស៊ី ប៊ែ​ង​(PPC Bank) បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​របស់​ខ្លួន ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ជា​ផ្លូវការ​ហើយ ខណៈ​ក្រុមហ៊ុន RMA Cambodia និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ គ្រោង​នឹង​ចុះបញ្ជី​នៅ​ចុង​ខែមេសា​នេះ​។ រីឯ ធនាគារពាណិជ្ជ​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា គឺ​អេ​ស៊ី​លី​ដា នឹង​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​លើក​ដំបូង​គេ​បង្អស់ នៅ​ដើមខែ​ឧសភា​ខាង​មុខ​។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ធនាគារ​ភ្នំពេញ​ពាណិជ្ជកម្ម ឬ​ហៅ​ថា ភី​ភី​ស៊ី ប៊ែ​ង​(PPC Bank)  បាន​ក្លាយជា​ក្រុមហ៊ុន​ចុះបញ្ជី​ទី​៩​ហើយ នៅ​លើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ហើយ​ក៏​ជា​ក្រុមហ៊ុន​ទី​៤ ដែល​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល ដោយ​បាន​ប្រមូល​ទុន​ប្រមាណ ៤០​ពាន់​លាន​រៀល ក្នុង​ដំណាក់កាល​ទី​១ ចំ​ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​នេះ មាន​ក្រុមហ៊ុន​មួយ​ចំនួន បាន​យក​បញ្ហា​មេរោគ​កូ​វី​ដ​១៩ ជា​មូលហេតុ​ដកថយ​ចេញពី​គោលដៅ​របស់​ខ្លួន ដោយឡែក ធនាគារ ភី​ភី​ស៊ី ប៊ែ​ង​(PPC Bank)  មិន​ដកថយ​នោះ​ទេ ដោយ​បន្ត​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​សុ​រប ៨០​ពាន់​លាន​រៀល គ្រាន់តែ​បែងចែក​ចេញ​ជា ២​ដំណាក់កាល ដោយ​ដំណាក់កាល​ទី ២ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

លោក ស៊ិ​ន ចាង មូ នាយក​ប្រតិបត្តិ​ធនាគារ ភី​ភី​ស៊ី ប៊ែ​ង​(PPC Bank)  បាន​លើក​ឡើង​ថា ការ​ចុះបញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​របស់​ធនាគារ ចំ​ពេល​នៃ​ភាព​មិន​ប្រាកដប្រជា​ខ្ពស់ និង​មានការ​ប្រែប្រួល​នៅ​ក្នុង​ទីផ្សារ ដូច្នេះ​ហើយ​ការ​ធានា​បាន​នូវ សុវត្ថិភាព​សាច់ប្រាក់ គឺ​មាន​សារៈសំខាន់​ជាង​ពេល​ណា​ទាំងអស់​។

ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

ដោយឡែក អំឡុង​ពេល​ដ៏​លំបាក​ដោយសារ​តែ​មេរោគ​កូ​វី​ដ ១៩​នេះ នៅ​មាន​តួអង្គ​សំខាន់​ៗ ៣​ផ្សេង​ទៀត ដែល​គ្រោង​នឹង​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​លើ ផ្សា​រមូល​ប​ត្រ​កម្ពុជា រួម​មាន ក្រុមហ៊ុន RMA Cambodia គ្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល ៨០​ពាន់​លាន​រៀល និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ គ្រោង​នឹង​លក់​មូល​ប​ត្រ​បំណុល​សរុប​ជាង ១២០​ពាន់​លាន​រៀល ដោយ​ក្រុមហ៊ុន​ទាំង ២ រំពឹង​នឹង​ចុះបញ្ជី​នៅ​ចុង​ខែមេសា​នេះ ខណៈ​ដែរ ធនាគារ​អេ​ស៊ី​លី​ដា នឹង​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ៤ ខែឧសភា​ខាង​មុខ​។

អ្នកស្រី គឹ​ម សុ​ផា​នី​តា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​បញ្ជាក់ ថា ក្រៅពី​ក្រុមហ៊ុន ៤​ខាងលើ គឺ​នៅ​មាន​ក្រុមហ៊ុន​ប្រមាណ​ជា ២ ទៅ ៣​ក្រុមហ៊ុន​ផ្សេង​ទៀត ដែល​គ្រោង​នឹង​បោះផ្សាយ​ភាគហ៊ុន និង​ចុះបញ្ជី​នៅ​ក្នុងឆ្នាំនេះ ក៏​ប៉ុន្តែ ផ្សា​រមូល​ប​ត្រ​កម្ពុជា ពុំ​ទាន់​ទទួល​បាន​ពាក្យ​ស្នើ​សុំ​ជា​ផ្លូវការ​នោះ​ទេ ដោយ​គម្រោង​ទាំងនេះ អាច​នឹង​មានការ​ពន្យារពេល ដោយសារ​ផល​ប៉ះពាល់​ពី​មេរោគ​កូ​វី​ដ​១៩​។

អ្នកស្រី បន្ថែម​ថា យ៉ាងណា​ក៏​ដោយ ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ សកម្មភាព​ជួញដូរ នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក្នុង​ខែមេសា​នេះ មាន​សកម្មភាព​មធ្យម ប្រហាក់ប្រហែល​ទៅ​នឹង ត្រីមាស​ទី ១ ដើមឆ្នាំ​កន្លង​មក ដែល​ក្នុង​មួយ​ថ្ងៃ មានការ​ជួញដូរ​ប្រមាណ ១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ពេល​នេះ ក្រុមហ៊ុន​ចុះបញ្ជី​នៅ​លើ ផ្សា​រមូល​ប​ត្រ​កម្ពុជា សរុប​មាន​ចំនួន ៩​ក្រុមហ៊ុន ដោយ​ក្នុង​នោះ​មាន ៥ លក់​មូល​ប​ត្រ​កម្មសិទ្ធិ និង​មាន ៤​ក្រុមហ៊ុន​ទៀត លក់​មូល​ប​ត្រ​បំណុល ដោយ​ក្រុមហ៊ុន​ទាំងអស់​ប្រមូល​ទុន​សរុប​បាន ១៧១​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងដាំក្បាលចុះខ្លាំង ចុះតម្លៃអគ្គិសនីអាចធ្លាក់ចុះដែរទេ?

ព័ត៌មាន
តម្លៃប្រេងឆៅលើពិភពលោក បានបន្ដធ្លាក់ចុះយ៉ាងគំហុកនៅរយៈពេលប៉ុន្មានថ្ងៃមកនេះ។ តួយ៉ាង តម្លៃប្រេងនៅទីផ្សារអាមេរិក បានធ្លាក់ចុះរហូតដល់ ដកក្រោម…

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងអនុវត្តនីតិវិធីពន្យារការសងប្រាក់សម្រួលបន្ទុកកូនបំណុលរបស់ខ្លួន

ព័ត៌មាន
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជួយសម្រួលបន្ទុកដល់អតិថិជន ដែលបានខ្ចីឥណទាន ដែលកំពុងជួបការល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ