មហាសេដ្ឋី Bill Gates

មហាសេដ្ឋី Bill Gates ត្រៀមមូលនិធិ ១២០លានដុល្លារ ជួយប្រទេសក្រីក្រអាចទិញថ្នាំព្យាបាលកូវីដ-១៩


មូលនិធិ Gate Foundation របស់មហាសេដ្ឋីអាមេរិកលោក Bill Gates បានត្រៀមទុកកញ្ចប់ថវិកាប្រមាណ ១២០លានដុល្លារអាមេរិក ដើម្បីជួយប្រទសមានចំណូលទាប និងមធ្យមអាចទិញយកថ្នាំព្យាបាលកូវីដ១៩នេះ យកទៅប្រើប្រាស់ ដើម្បីប្រឆាំងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃកូវីដ១៩។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
មហាសេដ្ឋី Bill Gates ត្រៀមមូលនិធិ ១២០លានដុល្លារ ជួយប្រទេសក្រីក្រអាចទិញថ្នាំព្យាបាលកូវីដ-១៩
ដោយ

បន្ទាប់​ពី​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩ ប្រភេទ​គ្រាប់​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Merck បាន​ទទួល​ការ​សាកល្បង​ជោគជ័យ​និង​កំពុង​រង់ចាំ​ការ​អនុម័ត​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​អា​មេ​រិ​ក​នោះ បច្ចុប្បន្ន​កំពុង​ធ្វើ​ឲ្យ​ប្រទេស​អ្នកមាន​ជា​ច្រើន​បាន​និង​កំពុង​តាម​ចរចា​សុំ​ទិញ​ថ្នាំ​មួយ​ប្រភេទ​នេះ ខណៈ​ដែល​អា​មេ​រិ​ក​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ដល់​ទៅ ៧០០​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ក្នុង​មួយ​កញ្ចប់​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ព្រួយបារម្ភ​ថា ប្រទេស​ក្រីក្រ​អាច​នឹង​កាន់តែ​លំបាក​ក្នុង​ការ​ទទួល​បាន​ថ្នាំ​នេះ យក​ទៅ​ប្រើប្រាស់ ខណៈ​បទ​ពិសោធន៍​កន្លង​មក ប្រទេស​ក្រីក្រ​បាន​ជួប​ការ​លំបាក​ជា​ច្រើន​រួច​ហើយ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១៩​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ មូលនិធិ Gate Foundation របស់​មហាសេដ្ឋី​អា​មេ​រិ​ក​លោក Bill Gates បាន​ត្រៀម​ទុក​កញ្ចប់​ថវិកា​ប្រមាណ ១២០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួយ​ប្រ​ទស​មាន​ចំណូល​ទាប និង​មធ្យម​អាច​ទិញ​យក​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩​នេះ យក​ទៅ​ប្រើប្រាស់ ដើម្បី​ប្រឆាំង​ទប់ស្កាត់​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​កូ​វី​ដ​១៩​។

ទឹកប្រាក់​ពី​មូល​ធិ​និ​របស់​មហាសេដ្ឋី​អា​មេ​រិ​ក លោក Bill Gates ដែល​ត្រៀម​ទុក​១២០​លាន​ដុល្លារ​នោះ នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ទូទៅ​សម្រាប់​ការ​ទទួល​បាន​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩​សម្រាប់​ប្រទេស​នានា ប្រសិនបើ​ថ្នាំ​នេះ ត្រូវ​បាន​និយ័ត​ករ​អា​មេ​រិ​ក​អនុម័ត​សម្រាប់​ឲ្យ​ប្រើប្រាស់​បន្ទាន់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ លោកស្រី ម៉ា​លី​ន​ដា ហ្វ្រេ​ន​ស៍ ហ្គេ​ត (Melinda French Gates)​ដែល​ជា​សហ​ប្រធាន​នៃ​មូលនិធិ​នេះ បាន​បញ្ជាក់​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​មូលនិធិ​ក្នុង​ការ​ជួយ​ប្រទេស​ក្រីក្រ​ឲ្យ​ទទួល​បាន​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩​នេះ គឺជា​ការ​ជួយ​ឲ្យ​មនុស្ស និង ប្រទេស​កាន់តែ​ច្រើន​ឡើង ទទួល​បាន​ថ្នាំ​សម្រាប់​ការ​ព្យ​បាល ប៉ុន្ដែ​វា​មិន​ទាន់​បញ្ចប់​នៅ​ត្រឹម​នេះនោះ​ទេ ពោល​គឺ​មូលនិធិ​ក៏​ត្រូវការ​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​ចូលរួម ទាំង​ផ្នែក​ឯកជន និង រដ្ឋ​។ 

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Merck រួម​ជាមួយនឹង​ដៃគូ​របស់​ខ្លួន​មួយទៀត កំពុង​ផលិត​ថ្នាំ​គ្រាប់​ម្យ៉ាងដែ​លអាច​ប្រឆាំង​ទប់ទល់ និង​ព្យាបាល​មេរោគ​កូ​វី​ដ​១៩ មិន​ឲ្យ​អ្នកជំងឺ​មាន​សភាព​ជំងឺ​ធ្ងន់ធ្ងរ និង​កាត់​បន្ថយ​ការ​ស្លាប់​បាត់បង់​ជីវិត​បាន​៥០%​ផង​ដែរ​។ បច្ចុប្បន្ន ថ្នាំ​នេះ កំពុង​រង់ចាំ​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក​នៅ​ក្នុង​ខែ​នេះ​។

មិន​ត្រឹមតែ មូលនិធិ Gates Foundations នោះ​ទេ ដែល​បាន​ចូលរួម​ក្នុង​ការ​ជួយ​ឲ្យ​ប្រទេស​ក្រីក្រ​អាច​មាន​លទ្ធភាព​ទទួល​បាន​ថ្នាំ​ព្យា​ល​បាល​កូ​វី​ដ​១៩​យក​ទៅ​ប្រើប្រាស់​។ ថ្មី​ៗ​នេះ​ដែរ អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​បង្កើត​កម្មវិធី​ថ្មី​មួយ ដែល​នឹង​ជួយ​ឲ្យ​ប្រទេស​ក្រីក្រ អាច​ទិញ​ថ្នាំ​នេះ​បាន​ក្នុង​តម្លៃ​ត្រឹមតែ ១០​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​កញ្ចប់ ខណៈ​ដែល​ថ្នាំ​ព្យាបាល​កូ​វី​ដ​១៩​របស់​ក្រុមហ៊ុន Merck​នេះ ត្រូវ​បាន​សហរដ្ឋអាមេរិក​កក់​ទិញ​ក្នុង​តម្លៃ​ដល់​ទៅ ៧០០​ដុល្លារ​ឯណោះ​ក្នុង​មួយ​កញ្ចប់ ដោយ​ការ​ប្រើប្រាស់​របស់​វា​អាច​ប្រើ​បាន​រយៈពេល​៥​ថ្ងៃ​។

គេ​សង្កេត​ឃើញ​ថា កន្លង​មក​ប្រទេស​ក្រីក្រ​បាន​ជួប​បញ្ហា​ខ្លាំង​មែនទែន​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​១៩​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន ដោយសារ​តែ​ប្រទេស​អ្នកមាន​ជា​ច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ស្ដុក​ទុក​ដែល​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ខ្វះខាត​។ ជាក់ស្ដែង នៅ​អាហ្វ្រិក មក​ទល់​ពេល​នេះ ទើបតែ​មាន​ប្រជាជន​ប្រមាណ​តែ​៥%​នៃ​ប្រជាជន​សរុប​ដែល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​។ គូរ​បញ្ជាក់​ដែរ​ថា គិត​មក​ទល់​បច្ចុប្បន្ន ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ពិភពលោក បាន​កើនឡើង​ដល់​ជាង​២៤០​លាន​នាក់​ហើយ ក្នុង​នោះ អ្នក​ស្លាប់មាន​ជាង​៥​លាន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការដំឡើងមូលដ្ឋាន 5G នៅប្រទេសចិនមានភាពយឺតយ៉ាវ ព្រោះខ្វះខាតការផ្គត់ផ្គង់ឧបករណ៍

ព័ត៌មាន
ការដំឡើងមូលដ្ឋាន 5G នៅប្រទេសចិនមានភាពយឺតយ៉ាវ ដោយសារការខ្វះខាតសមាសធាតុសំខាន់នៅក្នុងប្រទេស។ យុទ្ធនាការរបស់ចិនក្នុងការកសាងហេដ្ឋារចនាសម្ព…

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ត្រូវបានធនាគារកូរ៉េ KBទិញយកភាគហ៊ុនទាំងស្រុង១០០%ហើយ!

ព័ត៌មាន
នៅទីបំផុត ភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅសេសសល់ ត្រូវបានធនាគារកូរ៉េខាងត្បូង KB Kookmin បានប្រមូលទិញយកទាំងអស់ហើយ ដែលធ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ