វិស័យធានារ៉ាប់រង​ខ្នាតតូច

ក្រុមហ៊ុនធានារ៉ាប់រង BIMA បានផ្ដល់សំណងដល់អតិថិជននៅកម្ពុជាជាង ១លានដុល្លារ


ក្រុមហ៊ុន ធានារ៉ាប់រង BIMA ដែលជាក្រុមហ៊ុនផ្ដល់សេវាសុខភាព និងសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធទូរស័ព្ទនៅកម្ពុជា ដោយផ្ដោតលើអតិថិជនដែលមានប្រាក់ចំណូលតិចជាង ១០ដុល្លារក្នុងមួយថ្ងៃនោះ បានផ្ដល់ការទូទាត់សំណងជាទឹកប្រាក់រហូតដល់ជាង ១លានដុល្លារអាមេរិក សម្រាប់អតិថិជនរបស់ខ្លួន ក្រោយពីក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការនៅកម្ពុជាអស់រយៈពេល៥ឆ្នាំកន្លងមកនេះ។
លោកស្រី គឹម តុលអំ នាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង BIMA និងលោក ថូម៉ាស ពុកូនី នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ ក្នុងពិធី​ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (រូបភាព៖ ខេមបូណូមីស)
ដោយ

ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែលបាន​ផ្សព្វផ្សាយ​ក្នុង​ពិធីចុះហត្ថលេខា​លើអនុស្សរណៈ​យោគយល់គ្នា ​ជាមួយក្រុមហ៊ុន​បង់ប្រាក់​តាម​កម្មវិធីទូរស័ព្ទ​ ផាយ ផេ បាន​បញ្ជាក់ឲ្យដឹងថា ចាប់តាំងពី​បើកដំណើរ​ការ​នៅកម្ពុជា​កាលពីឆ្នាំ​២០១៤ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ធានារ៉ាប់រង BIMA កំពុង​បម្រើ​សេវាធានារ៉ាប់រង ដល់​អតិថិជន​ជាង កន្លះលាននាក់ និងបាន​ផ្ដល់​ប្រាក់​សំណង​ជាង ១លាន​ដុល្លារ​អាមេរិក ដល់​អតិថិជន​របស់ខ្លួន។

លោកស្រី គឹម តុលអំ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ធានារ៉ាប់រង BIMA បានលើកឡើងថា ការ​បញ្ជ្រាប​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​អំពី​សេវា​ធានារ៉ាប់រង​នៅកម្ពុជា​ពិតជា​នៅតែ​មាន​ការលំបាក​ច្រើន ពិសេស​គឺការ​អប់រំ​អ្នកប្រើប្រាស់​ឲ្យយល់ច្បាស់​ និងជឿជាក់​ពីអត្ថ​ប្រយោជន៍​នៃ​សេវា​ធានារ៉ាប់រង​តែម្ដង។ ទោះយ៉ាងណា លោកស្រី គឹម តុលអំ បានគូសបញ្ជាក់ថា តាមបទពិសោធន៍​ដែល​ក្រុមហ៊ុន BIMA បាន​ឆ្លងកាត់​នាពេលកន្លងមក​ឃើញថា ដ្បិតតែ​ ប្រជាពលរដ្ឋ​មិនសូវជាយល់ច្បាស់​ពី​កញ្ចប់​សេវាកម្ម​នីមួយៗ​លម្អិត​ក៏ពិតមែន តែពួកគេ​ចាប់ផ្ដើម​យល់ដឹង​ថា ពួកគេនឹងបាន​ការទទួលការពារ​មកវិញ នៅពេល​មានហេតុការណ៍​អាក្រក់​កើតឡើង​ចំពោះ​ក្រុមគ្រួសារពួកគេ។ 

ដើម្បី ជំរុញ​ការ​ផ្ដល់សេវាធានារ៉ាប់រង កាន់តែទូលំទូលាយ ក្រុមហ៊ុន BIMA នាពេលថ្មីៗនេះ ក៏បាន​ចាប់ដៃគូ​ជាមួយនឹង​ក្រុមហ៊ុនទូទាត់​ប្រាក់​តាម​ទូរស័ព្ទដៃ ផាយ ផេ ក្នុងគោលដៅ បង្កើន​លទ្ធភាព​ប្រើប្រាស់​ផលិតផល ដែលងាយស្រួល និងមានតម្លៃ​សមរម្យ សម្រាប់អតិថិជន ដែលមិនទាន់​ទទួលបាន​សេវា​ធានារ៉ាប់រង​នៅកម្ពុជា។ មិនតែប៉ុណ្ណោះ តាមរយៈកិច្ចសហការនេះ អ្នកប្រើប្រាស់​អាច​ចូលទៅ​ក្នុង​កម្មវិធី ផាយ ផេ នៅក្នុងទូរស័ព្ទដៃ ហើយធ្វើការ​បង់ប្រាក់​ផលិតផល​ធានារ៉ាប់រង ប្រកបដោយ​ភាព​ច្នៃប្រឌិត របស់​ក្រុមហ៊ុន BIMA ដោយចំណាយ​ពេល​ត្រឹមតែ​ប៉ុន្មាននាទី​ប៉ុណ្ណោះ តាមរយៈ​គណនី​ផាយ​ផេ របស់ពួកគេ។

លោកស្រី គឹម តុលអំ បញ្ជាក់ថា «ការចាប់ផ្ដើម​ភាពជាដៃគូ​ថ្មីនេះ ដើម្បីឲ្យ​អតិថិជន​អាច​ប្រើប្រាស់​និងជ្រើសរើស​វិធីសាស្ត្រ ទូទាត់ ដែលសមស្រប​នឹងងាយស្រួល សម្រាប់ពួកគេ។ ហើយតាមរយៈ​ភាពជាដៃគូ​ជាមួយនឹង​ផាយ ផេ យើងជឿជាក់ថា អតិថិជន​ច្រើនជាង ២៥ម៉ឺននាក់ នឹងទទួល​បាន​សេវា​ធានារ៉ាប់រង​អាយុជីវិត ធានារ៉ាប់រង​សម្រាបមន្ទីរពេទ្យ ធានារ៉ាប់រង​គ្រោះថ្នាក់បុគ្គល និងសេវា​សុខភាព​តាមទូរស័ព្ទដៃជាដើម»។ 

លោក ថូម៉ាស ពុកូនី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ផាយ ផេ បាន​ឲ្យដឹងដែរថា នៅកម្ពុជា​អត្រា​ប្រើប្រាស់​អ្នកប្រើប្រាស់​ទូរស័ព្ទស្មាតហ្វូន និងអ៊ីធើណែត​គឺមាន​សន្ទុះកើន​ឡើង​យ៉ាងខ្លាំង។ ហើយការ​ចាប់ដៃគ្នា​ជាមួយ​នឹង​ក្រុមហ៊ុន BIMA នាពេលនេះ គឺជា​ជំហាន​មួយថ្មី​សម្រាប់​ក្រុមហ៊ុន ផាយ ផេ ប៉ុន្ដែ វាជា​ទស្សន​វិស័យ​វែងឆ្ងាយ​ ក្នុង​ការ​បញ្ជ្រាប​ចំណេះដឹង និងការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់ការទូទាត់ ហើយវា​ក៏ជា​អ្វីដែលក្រុមហ៊ុន​ផាយ ផេ កំពុង​តែធ្វើ​ជាមួយនឹង​មនុស្សជំនាន់ថ្មី​នៅកម្ពុជា​ផងដែរ។

សូមបញ្ជាក់ដែរថា បើតាម​ក្រុមហ៊ុន BIMA អត្រាកំណើនបុព្វលាភ​ធានា​រ៉ាប់រង នៅកម្ពុជា​នៅមាន​កម្រិត​តិចជាង ១ភាគរយ នៃផលិតផល​ក្នុងស្រុកសរុប​ (GDP) មានន័យថា ប្រសិនបើ​មានហេតុការណ៍​អាក្រក់​ណាមួយ​កើតឡើង ចំពោះប្រជាពលរដ្ឋ​ ពួកគាត់​ត្រូវប្រឈម​នឹងបន្ទុក​ចំណាយ​ខ្ពស់​សម្រាប់​សុខភាព។ 

ក្រុមហ៊ុនធានារ៉ាប់រង BIMA បានផ្ដល់សំណងដល់អតិថិជននៅកម្ពុជាជាង ១លានដុល្លារ (រូបភាព៖ ខេមបូណូមីស)

បើតាម​អ្នកជំនាញ​វិស័យធានារ៉ាប់រង ត្រូវបាន​គេចាត់ទុកថា គឺជាផ្នែកមួយ​នៃវិស័យ​ហិរញ្ញវត្ថុ ដែលបានចូលរួម​ចំណែក​ក្នុងការកសាង​សំណាញ់សុវត្ថិភាព​សង្គម និង​សេដ្ឋកិច្ចជាតិ។

របាយការណ៍ ដែលបានបង្ហាញ ទិវាធានា​រ៉ាប់រងលើកទី ១ កាលពី​ពេលកន្លងទៅថ្មីៗនេះ បង្ហាញថា គិតត្រឹមខែ កក្កដា ឆ្នាំ ២០១៩ ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា មានក្រុមហ៊ុន​ធានារ៉ាប់រង​ចំនួន ៣១ក្រុមហ៊ុន ដែលមាន​ទ្រព្យសកម្ម​សរុប ៤២៧លានដុល្លារ​អាមេរិក ហើយទំហំ​ទីផ្សារ ក៏បន្តរីក​ធំធាត់​យ៉ាងឆាប់​រហ័ស ដោយបុព្វលាភ​ធានារ៉ាប់រង​សរុប មានកំណើន​ប្រមាណ ៣៥ភាគរយ ជាមធ្យម​ក្នុងមួយឆ្នាំ ក្នុងរយៈពេល ៥ឆ្នាំចុង​ក្រោយនេះ ដោយបានកើន​ឡើង​ដល់ ១៩៦លានដុល្លារ​អាមេរិក ក្នុងឆ្នាំ ២០១៨ នឹងត្រូវ​បានព្យាករណ៍ថា កើនឡើង​ដល់ប្រមាណ ២៦០លាន​ដុល្លារ​អាមេរិក នៅចុងឆ្នាំ ២០១៩។

គួរជម្រាបដែរថា សម្រាប់ឆ្នាំ ២០១៨ ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា បានធានា​ហានិភ័យ​ចំនួន​ប្រមាណ ២១៨ពាន់លាន​ដុល្លារ​អាមេរិក ក្នុងបណ្ណសន្យា​រ៉ាប់រង​ចំនួន ២,៧ លាន​បណ្ណ​ខណៈដែលគ្រឹះស្ថាន​ធានារ៉ាប់រង​ទាំងអស់ បានបង្កើត​ការងារ​​ពេញម៉ោង ប្រមាណ ៣.០០០​កន្លែង និងការងារ​ក្រៅម៉ោង​ប្រមាណ ៩.០០០​កន្លែង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ផៃ ស៊ីផាន ហៅ​អ្នក​ព័ត៌មាន​មួយ​ចំនួន​ថា«ក្ងាន», អញ្ជើញ​​ឲ្យ​ទៅ​ពិនិត្យ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែ​កក្កដា​នេះ បាន​រិះគន់​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ថា ជា​«ក្រុម​សត្វ​ក្ងាន» ដែល​ចាំតែ​ផ្សាយ​បន្…

ផលិតផលកសិកម្មកម្ពុជា ៦ មុខ ត្រូវបានបើកផ្លូវសម្រាប់ការនាំចេញទៅកាន់ទីផ្សារចិន នៅពេលខាងមុខ!

ព័ត៌មាន
ផលិតផលកសិកម្មរបស់កម្ពុជា ចំនួន ៦មុខ រួមមាន ផ្លែស្វាយស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ផ្លែស្រការនាគ ផ្លែដូងក្រអូប និង ទឹកមាត់ត្រចៀកកាំ ជាដើម ត្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ