ប្រទេសតំបន់អាស៊ីអាគ្នេយ៍

វិធានការណ៍បិទខ្ទប់នៅប្រទេសតំបន់អាស៊ីអាគ្នេយ៍ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញ


ការកើនឡើងនៃការផ្ទុះរាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំងក្លា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កឲ្យមានការប៉ះពាល់ដល់សកម្មភាពរបស់កំពង់ផែ និងបានធ្វើឲ្យចម្ការដំណាំ និងរោងចក្រកែច្នៃត្រូវបានបិទខ្ទប់ ហើយបញ្ហានេះ បានបណ្ដាលឲ្យមានផលរំខានកាន់តែខ្លាំងទៅលើការផ្គត់ផ្គង់វត្ថុធាតុដើមដូចជាប្រេងដូង, កាហ្វេ និងឧស្សហាកម្មរ៉ែដែកជាដើម។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
រូបតំណាងអំពី សកម្មភាពនៃការអនុវត្តន៍វិធានការបិទខ្ទប់នៅតំបន់អាស៊ាន

 យើង​ផ្ដើម​មើលទៅ​លើ ការ​រឹតត្បិត​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​មុនគេ ដែល​ជា​ប្រទេស​អ្នក​ផលិត​ដូងប្រេង​ដ៏​ធំ​ជាងគេ​បំផុត​ទី​២​របស់​ពិភពលោក​។ វិធានការ​រឹតត្បិត​អំឡុង​ពេល​កូ​វី​ដ​១៩​របស់​ម៉ា​ឡេ​ស៊ី បាន​ធ្វើ​ឲ្យ​មានការ​ការ​រារាំង​ទៅ​ដល់​កម្មករ​ចំណាកស្រុក មិន​អាច​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ចម្ការ​ដូងប្រេង​បាន ហើយ​បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មាន​កង្វះខាត​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​ប្រេងដូង ដែល​បាន​ធ្វើ​ឲ្យ​ផលិតផល​ដែល​ផលិត​ចេញពី​ប្រេងដូង​ជា​ច្រើន​ដូច​ជា​សាប៊ូ និង​ជីវ​ឥន្ធនៈ​ជាដើម​មានការ​ឡើងថ្លៃ​ខ្ពស់​ជាង​មុន​។

ដោយឡែក ការ​បិទ​ខ្ទប់​នៅ​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​អ្នក​នាំ​ចេញ​ផលិតផល​កាហ្វេ​លំដាប់​ទី​២​ពិភពលោក ក៏​បាន​ធ្វើ​ឲ្យ​មានការ​ផ្អាក​ការ​កែ​ច្នៃ និង​ការ​នាំ​ចេញ​គ្រាប់​កាហ្វេ​របស់​វៀតណាម​ផង​ដែរ ហើយ​បញ្ហា​នេះ បាន​បន្ថែម​ឲ្យ​មាន​ក្ដី​បារម្ភ​ចំពោះ​ផលិតកម្ម​កាហ្វេ​ពិភពលោក ខណៈ​ដែល​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ជា​ប្រទេស​នាំ​ចេញ​កាហ្វេ​ដ៏​ធំ​ជាងគេ​បំផុត​ទី​១​ក្នុង​ពិភពលោក​នោះ កំពុង​តែ​ជួប​បញ្ហា​អាកាសធាតុ​សម្រាប់​ការ​ដាំ​ដុះ​កាហ្វេ​។

ដោយសារ​តែ មានការ​រំខាន​ដោយ​កូ​វី​ដ​១៩ កាត់​ផ្ដាច់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ កាហ្វេ​របស់​វៀតណាម​ក្នុង​រយៈពេល​៨​ខែ​ឆ្នាំ​២០២១ មានការ​ធ្លាក់​ចុះ ប្រមាណ​ជាង ៨%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដោយ​មាន​បរិមាណ​នាំ​ចេញ​មក​នៅ​ប្រមាណ​ជាង​១​លាន​តោន​។

ការ​ផ្គត់ផ្គង់​សកល​ក៏​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​វត្តមាន​ជំងឺ​កូ​វី​ដ​-១៩​ចូល​មក​កាត់​ផ្ដាច់​ផង​ដែរ ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​រោងចក្រ​កែ​ច្នៃ​ដែក​មួយ​កន្លែង​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បិទ​ខ្ទប់ ដែល​បាន​បង្ក​ឲ្យ​តម្លៃ​មានការ​កើនឡើង​នៅ​ក្នុង​ឧស្សាហកម្ម​ដែកថែប និង​បន្ដ​ប៉ះពាល់​ទៅ​ដល់​ការ​ផលិត​បន្ទះ​ឈី​ប និង​បន្ទះ​សៀគ្វី​អេ​ឡិច​ត្រូ​និក​ជាដើម​។

សេដ្ឋវិទូ​ជាន់ខ្ពស់​វៀតណាម លោក ត្រិ​ញ ង្វៀ​ន បាន​អះអាង​ថា ផល​ប៉ះពាល់​នៃ​ការ​ផ្គត់ផ្គង់​ទំនិញ​ទាំងនេះ ជះ​ឥទ្ធិពល​ជាស​កល ពីព្រោះ​តែ​វៀតណាម និង​មា​ឡេ​ស៊ី គឺជា​អ្នកកាន់កាប់​ចំណែក​ទីផ្សារ​ធំ នៃ​មុខទំនិញ​សំខាន់​ៗ​ទាំង​អស់នេះ​។ ក្រុមហ៊ុន​ផលិត​ធំ​ៗ​ដូច​ជា Unilever PLC និង J.M Smucker រួម​ទាំង​ក្រុមហ៊ុននាំចេញ​កាហ្វេ Folgers បាន​បញ្ជាក់​ថា ការ​កើនឡើង​ថ្លៃ​នៃ​ផលិតផល​វត្ថុធាតុដើម​ទាំងនេះ គឺជា​ការ​ដាក់បន្ទុក​ចំណាយ​បន្ថែម​ទៅ​លើ​ទៅ​លើ​ការ​ផលិត​។

លោក ក្រែ​ម ភី​ត​ឃី​ត​ធ្លី (Craeme Pitkethly) នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Unilever បាន​និយាយ​កាលពី​ខែកក្កដា​ថា តម្លៃ​ប្រេងដូង ដែល​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​សម្រាប់​ផលិតផល​ថែរក្សា​ស្បែក គឺ​មានការ​ឡើងថ្លៃ​ខ្ពស់​ជាង​ដល់​ទៅ ៧០%​ទៅ​ហើយ​នៃ​តម្លៃ​មធ្យម​រយៈពេល​វែង ជាមួយនឹង​តម្រូវការ​កើនឡើង និង​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រមូល​ផល​ដូងប្រេង​ផង​នោះ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងដូង​ហក់​ឡើង​កាន់តែ​ខ្ពស់​។ ដូច្នេះ​ហើយ ក្រុមហ៊ុន​ក៏​មានការ​ដំឡើង​ថ្លៃ ផលិតផល​ដែល​ផលិត​ពី​ប្រេងដូង​ទាំងនោះ​ដូច​គ្នា​ដែរ​។

ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​បាន​បង្ក​ឲ្យ​ផល​ប៉ះពាល់​ខ្លាំង​ដល់​កម្លាំង​ពលកម្ម​ការងារ​នៅ​ក្នុង​ចម្ការ​ដូងប្រេង ហើយ​វិស័យ​ឧស្សាហកម្ម​ដូងប្រេង​នេះ គឺ​មានការ​ពឹងផ្អែក​ខ្លាំង​លើ​កម្មករ​អន្តោប្រវេសន៍ ដែល​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បង់​ក្លា​ដេ​ស និង​ឥណ្ឌា​ជាដើម​។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ បញ្ហា​រីក​រាលដាល​កូ​វី​ដ​១៩​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ស្ថិត​នៅ​ក្នុង​តួលេខ​គួរ​ឲ្យ​បារម្ភ ជាក់ស្ដែង ក្នុង​មួយ​ថ្ងៃ ករណី​ឆ្លង​ថ្មី​ក្នុង​តំបន់​នេះ មាន​ជិត​២​ម៉ឺន​ករណី និង​មាន​អ្នក​ស្លាប់​ប្រមាណ ៤០០​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​តួលេខ​នេះ គឺជា​តួលេខ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​គិត​តាំងពី​មាន​ផ្ទុះ​រាលដាល​កូ​វី​ដ​១៩​នៅ​ក្នុង​តំបន់​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិននិងអាមេរិកប្រជែងគ្នាផ្តល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងដល់ប្រទេសនៅអាស៊ាន កំពុងក្លាយជានយោបាយការទូតវ៉ាក់សាំងដំណាក់កាលថ្មីមួយ

ព័ត៌មាន
នយោបាយការទូតវ៉ាក់សាំងដែលអនុវត្តដោយមហាអំណាចគូប្រជែងទាំងពីរគឺចិន និងសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានឈានចូលដល់ដំណាក់កាលថ្មីមួយទៀ…

ក្រោយកាន់តំណែងអស់១៦ឆ្នាំ លោកស្រី Angela Merkel នឹងលាលែងពីតំណែងអធិបការបតីរបស់អាល្លឺម៉ង់

ព័ត៌មាន
ក្រោយពីបានក្ដោបក្ដាប់អំណាចក្នុងតំណែងជាអធិបការបតីរបស់អាល្លឺម៉ង់បាន១៦ឆ្នាំ លោកស្រី Angela Merkel នឹងប្រកាសលាលែងពីតំណែងនេះនៅក្នុងពេលឆាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ