ចរាចរ​ស្រូវ​អង្ករ-​វៀតណាម-​កម្ពុជា

ការ​នាំ​អង្ករ​ចូល​ពី​វៀតណាម​តាម​ច្រក​ព្រំដែន​ឆ្នាំ​២០១៧ ថយ​ចុះ​ខ្លាំង ខណៈ​ការ​នាំស្រូវ​ចេញ​ទៅ​វៀតណាម​កើន​ខ្ពស់


កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ធ្លាប់​មាន​ពាក្យ​លេចឮ​នូវ​ព័ត៌មាន​ថា កម្ពុជា​បាន​នាំ​អង្ករ​ចូល​ពី​វៀតណាម​រាប់​សែន​តោន ប៉ុន្ដែ បើ​ក្រលេក​មើល​នៅ​ឆ្នាំ​នេះ អង្ករ​ដែល​នាំចូល​ពី​វៀតណាម​​មក​កម្ពុជា​បាន​ថយចុះ​យ៉ាង​ខ្លាំង ខណៈ​ដែល​ការ​នាំ​ស្រូវ​ពី​កម្ពុជា​ទៅ​វៀតណាម​មាន​ការ​កើន​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់។
សកម្មភាព​នាំ​ស្រូវ​ខ្មែរ​ចេញ​ទៅ​វៀតណាម​យ៉ាង​គគ្រឹគ​គគ្រេង​នៅ​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។
ដោយ

ជាក់ស្ដែង គិត​ពេញ​​មួយ​ឆ្នាំ ​ឆ្នាំ​២០១៧ ការ​នាំចេញ​ស្រូវ​ទៅ​កាន់​ប្រទេស​វៀតណាម​សម្រាប់​ច្រក​ព្រំដែន​អន្តរជាតិ​បន្ទាយចក្រី មាន​ចំនួន​ជាង ៣៧​ម៉ឺន​តោន ខណៈ​ដែល​ឆ្នាំ​២០១៦ មាន​ចំនួន​តែ ១០​ម៉ឺន​៥​ពាន់​តោន​ប៉ុណ្ណោះ។ យ៉ាងណា​ក៏​ដោយ តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ក៏​មាន​អង្ករ​មួយ​ចំនួន​ត្រូវបាន​នាំចូល​ពី​វៀតណាម​មក​វិញ​ផង​ដែរ ប៉ុន្ដែ ចំនួន​នេះ​ហាក់​មាន​ការ​ថយចុះ​ជាង​មុន។

តាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧​នេះ ការ​នាំ​អង្ករ​ចូល​ពី​វៀតណាម​មក​កម្ពុជា នៅ​មាន​តែ​ប្រមាណ ២០០​តោន​ប៉ុណ្ណោះ ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ មាន​ជាង ៩​ពាន់​តោន។

ការ​ថយ​ចុះ​នៃ​ការ​នាំចូល​អង្ករ​ពី​វៀតណាម​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ បាន​គូស​បញ្ជាក់​ថា  គឺ​ដោយសារ​តែ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ការ​រឹត​បន្តឹង ពិសេស ក្រសួង​ពាណិជ្ជកម្ម បាន​ចេញ​សេចក្ដី​ប្រកាស និង​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​លក្ខខណ្ឌ​មួយ​ចំនួន​ក្នុង​ការ​នាំ​អង្ករ​ចូល​ពី​វៀតណាម តួយ៉ាង ការ​ដំឡើង​តម្លៃ​ពន្ធ​នាំចូល​អង្ករ​ពី​ប្រទេស​ជិត​ខាង ដូចជា វៀតណាម និង​ថៃ ក្នុង​តម្លៃ​ប្រមាណ ១០០​ដុល្លារ ក្នុង​១​តោន ផងដែរ។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ បើ​តាម​ការ​អះអាង​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៦ ការ​នាំចូល​អង្ករ​ពី​វៀតណាម​មក​កម្ពុជា​អាច​មាន​រហូត​ដល់​ជិត ១​លាន​តោន​ឯណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី តួលេខ​នេះ​នៅតែ​មាន​ភាព​ស្រពិច​ស្រពិល​នៅ​ឡើយ។

ជាមួយគ្នា​នេះ កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ស្ដីពី​នីតិ​វិធី​នៃ​ការ​នាំចូល​អង្ករ​ពី​បរទេស​ផង​ដែរ សំដៅ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​ហូរ​ចូល​អង្ករ​ពី​ប្រទេស​ជិត​ខាង ដែល​បាន​ប៉ះពាល់​ដល់​ទីផ្សារ​ស្រូវ​អង្ករ​កម្ពុជា។ ក្នុង​នោះ ក៏​មាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន ឬ​អ្នក​នាំចូល​អង្ករ ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​មក​ក្រសួង​ពាណិជ្ជកម្ម ដោយ​បំពេញ​បែបបទ​និង​ឯកសារ​សំខាន់ៗ ទាក់ទង​នឹង​ការ​នាំចូល។

លើស​ពី​នេះ ការ​នាំចូល​អង្ករ​ពី​បរទេស ចាំបាច់​ត្រូវ​មាន​អនុលោមភាព តាម​លក្ខខណ្ឌ​តម្រូវ​នៃ​បទដ្ឋាន​ច្បាប់ ពោល​គឺ​ត្រូវ​មាន​ការ​វេច​ខ្ចប់​សមស្រប និង​ត្រូវ​បោះពុម្ព​នូវ​ព័ត៌មាន​ផ្សេងៗ ដូចជា ក្រុមហ៊ុន​នាំចូល និង​អាសយដ្ឋាន ទម្ងន់​នៃ​អង្ករ ប្រភព​អង្ករ និង​កាល​បរិច្ឆេទ​ផុត​កំណត់​នៃ​ការ​ប្រើប្រាស់ ជាដើម។ល។  

តាម​ការ​លើក​ឡើង​ពី​មន្ត្រី​កាំកុងត្រូល​ប្រចាំ​នៅ​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី បាន​ឲ្យ​ដឹង​ថា អង្ករ​ដែល​ត្រូវ​បាន​នាំចូល​ពី​វៀតណាម មក​កម្ពុជា ភាគច្រើន ធ្វើ​ឡើង​តាម​ច្រក​ទ្វារ​អន្តរជាតិ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ចំនួន​ពីរ គឺ​តាកែវ និង​ព្រៃវែង និង​ខេត្ត​មួយ​ចំនួន​ទៀត មាន​ការ​នាំចូល​មក​បន្ទាប់​បន្សំ​ប៉ុណ្ណោះ។ ក្រៅពី​ការ​នាំស្រូវ​ចេញ​ទៅ​វៀតណាម ប្រពលរដ្ឋ​ខ្មែរ​ក៏​មាន​នាំ​ផលិតផល​កសិកម្ម​ខ្លះ​និង​សត្វ​ជ្រូក ផង​ដែរ។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​មិន​បាន​ឈរ​ឱបដៃ​មើល​ដែរ ពោល​គឺ​បាន​និង​កំពុង​ដុតដៃ​ដុត​ជើង​ពង្រឹង​ការងារ​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ។ 

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី និង​ច្រក​របៀង​ខ្លូត នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង ឯកឧត្តម ប៉ាន សូរស័ក្ដិ បាន​គូស​បញ្ជាក់​ថា លោក​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ទាំង​អស់ ពិសេស កាំកុងត្រូល និង​គយ​រដ្ឋាករ សហការ​រួមគ្នា​ធ្វើ​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ទប់ស្កាត់​រាល់​បទ​ល្មើស​ខុស​ច្បាប់​នានា ដែល​កើត​មាន​ឡើង នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​តាម​ព្រំដែន ហើយ​បើ​មាន​ការ​ខ្វះ​ចន្លោះ​បញ្ហា​ណា​មួយ ត្រូវ​រាយការណ៍​ទៅ​ថ្នាក់​លើ​ជា​អ្នក​ដោះស្រាយ​ជា​បន្ទាន់។

សូម​ជម្រាប​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ប្រចាំ​ខែ​មករា ឆ្នាំ​នេះ មាន​ចំនួន ៦២​ពាន់​តោន ខណៈ​​ដែល​ការ​នាំចេញ​អង្ករ​នៅ​ពេញ​១​ឆ្នាំ​២០១៧​កន្លង​ទៅ មាន​ចំនួន​ជាង ៦៣​ម៉ឺន​តោន។ 

ដោយឡែក បើ​តាម​ការ​អះអាង​ពី​ប្រមុខ​រដ្ឋាភិបាល​វៀតណាម នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា នា​ពេល​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧ មុន​នេះ ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​វៀតណាម មាន​រហូត​ដល់​ជិត ៤​ពាន់​លាន​ដុល្លារ កើន​ឡើង​ប្រមាណ ២៥% ធៀប​នឹង​ឆ្នាំ​២០១៦ ខណៈ​ដែល​នៅ​ឆ្នាំ​២០១៨​នេះ រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ប្តេជ្ញា​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​ដល់ ៥​ពាន់​លាន​ដុល្លារ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០១៧ ឧកញ៉ា ម៉ុង ឫទ្ធី នាំចេញស្វាយកែវរមៀត៦០តោន ទៅបារាំង​និងរុស្ស៊ី

ព័ត៌មាន
ក្រុមហ៊ុន Kingdom Fruits International (KFI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករដើម្បី…

រាជធានីភ្នំពេញនឹងមាន co-working space ដ៏ធំបំផុត បើកឲ្យដំណើរការនៅដើមឆ្នាំនេះ

ព័ត៌មាន
បួន​ប្រាំឆ្នាំមុន បើ​និយាយ​អំពី​ការិយាល័យ​ធ្វើការ​រួម ឬ​ហៅថា co-working space គ្មាន​អ្នក​ណា​ស្គាល់​ទេ។ ប៉ុន្តែ ឥឡូវ ខណៈ​ដែល​និស្សិត​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ