កសិផលនាំចេញ​របស់កម្ពុជា​២០១៩

ក្រសួងកសិកម្ម៖ កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិក្នុងតម្លៃជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០១៩


ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម នាពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍របស់ខ្លួន អំពីការការនាំចេញកសិផលរបស់កម្ពុជានៅឆ្នាំ ២០១៩ ទៅកាន់ទីផ្សារអន្តរជាតិ និងបណ្ដាប្រទេសជិតខាង។ ដោយក្នុងនោះ កម្ពុជាបាននាំចេញកសិផលចំនួន ៧៤ មុខ ស្មើនឹងជិត ៧ លានតោន មានតម្លៃគិតជាទឹកប្រាក់ប្រមាណជិត ២ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន HAGL Agrico ជាបុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Hoang Anh Gia Lai កាលពីឆ្នាំ​២០១៨ បាន​វិនិយោគ​ជាង ៤០លានដុល្លារ លើ​ការដាំចេក​នៅ​កម្ពុជា ដើម្បី​នាំ​ចេញទៅចិន។
ដោយ

បើតាម​ការគូសបញ្ជាក់​នៅក្នុងរបាយការណ៍ បាន​ឲ្យដឹងថា​កសិផល​ចម្បងៗ ដែលកម្ពុជា​បាននាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិនោះ មានដូចជា​អង្ករ មានបរិមាណ ៦២ ម៉ឺនតោន។ ក្នុងនោះ នាំចេញទៅប្រទេសចិន​មានចំណែក​ទីផ្សារ​ច្រើនជាងគេ​ប្រមាណ ៤០,៧៣% នៃបរិមាណ​អង្ករ​នាំចេញសរុប  អឺរ៉ុប មាន ៣២,០១%,អាស៊ាន ១៣,៤១% និងទិសដៅ​ដទៃទៀត មាន​១៣,៨៤%។

ក្រៅពីអង្ករ​គឺមានការនាំចេញចំណិតដំឡុងមីក្រៀមជាង១,៦ លានតោន នាំទៅប្រទេសថៃ និងវៀតណាម ខណៈដំឡូងមីស្រស់​ក៏មាន​បរិមាណ​ប្រហាក់ប្រហែលគ្នានេះដែរ។ រីឯម្សៅដំឡូងមីវិញ បាននាំចេញ​ក្នុងបរិមាណប្រមាណ ៥,៧ម៉ឺនតោន។

គ្រាប់ស្វាយចន្ទី បាននាំចេញ​ក្នុងបរិមាណ ជាង​២០ម៉ឺនតោន, គ្រាប់ពោតប្រមាណ ១២ម៉ឺនតោន, សណ្ដែកសៀងជាង ៥,៧ ម៉ឺនតោន, ចេក មាន​ជាង ១៥,៧ ម៉ឺនតោន, ផ្លែស្វាយ​ជាង ៥,៨ ម៉ឺនតោន និងម្រេច​មានប្រមាណ៣,៧ពាន់តោន។

ជាមួយគ្នានេះដែរ បើតាម​ការគូសបញ្ជាក់​នៅក្នុងរបាយការណ៍​បាន​ឲ្យដឹងដែរថា កម្ពុជា​បាន​នាំចេញ​ស្រូវ​ក្រៅផ្លូវវការ​ទៅកាន់ប្រទេស​វៀតណាមជាង ២,១ លាន​តោន។

យ៉ាងណាក៏ដោយចុះ នៅឆ្នាំនេះ តម្លៃកសិកផល ពិសេស​ស្រូវ​ហាក់​មិនសូវជា​ទទួលបាន​ទីផ្សារល្អប៉ុន្មានទេ ដោយសារតែតម្លៃ​មានការថយចុះ​ជាងឆ្នាំមុន ខណៈដែលកសិករ​បាន​អះអាងថា ទិន្នផល​ក៏មានការធ្លាក់ចុះដែរ ដោយសារតែគ្រោះរាំងស្ងួត។

ទោះជាយ៉ាងនេះក្ដី សម្រាប់ទីផ្សារផ្លែស្វាយ​នៅឆ្នាំនេះ ត្រូវបាន​ប្រធានសមាគម​ស្វាយ​ខេត្តកំពង់ស្ពឺបាន​អះអាងថា បាន​កើនឡើងថ្លៃខ្ពស់​គួរឲ្យកត់សម្គាល់ ដែលបានធ្វើឲ្យ​កសិករ​ដាំដុះស្វាយ​មានក្ដីសង្ឃឹម​ឡើងវិញ។ ទោះយ៉ាងណា ទិន្នផលស្វាយ​កែវរមៀតខុសរដូវ​នៅឆ្នាំនេះ បានធ្លាក់ចុះច្រើន រហូតដល់ទៅ ជាង៩០%ឯណោះ ដោយសារតែបញ្ហា​ធម្មជាតិ និងការបំផ្លាញ​ដោយ​សត្វល្អិតចង្រៃ។ 

ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ​ចាប់ពីឆ្នាំ២០២០នេះ ប្រទេស​កូរ៉េខាងត្បូង បានអនុញ្ញាតឲ្យ​កម្ពុជា​នាំចូលស្វាយ​ទៅកូរ៉េបានហើយ បន្ទាប់ពី​មានការត្រួតពិនិត្យ​លើគុណភាព​ និងស្ដង់ដារអនាម័យ។ គេរំពឹងថា ទីផ្សារ​ផ្លែស្វាយ​នៅឆ្នាំ ២០២០ អាច​នឹង​មានតម្រូវការខ្ពស់ នៅពេលដែលអាច​ធ្វើការនាំចេញទៅកូរ៉េបាន។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា និងភាគីចិន​ ក៏កំពុង​សិក្សា​ដើម្បីស្វែងរក​ការចុះកិច្ច​ព្រមព្រៀង​នាំចេញស្វាយ​ពីកម្ពុជា​ទៅកាន់ទីផ្សារចិន​ នៅឆ្នាំ២០២០នេះផងដែរ។ បើតាម​ស្ថានទូតចិន​នៅកម្ពុជា ធ្លាប់បាន​អះអាងថា កម្ពុជា​មានសមត្ថភាព​អាច​ផ្គត់ផ្គង់​ផ្លែស្វាយ​ទៅកាន់ទីផ្សារ​ចិន បាន​រហូតដល់​កន្លះលានតោន​ឯណោះ​នៅក្នុងមួយឆ្នាំ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិអះអាងថា ទោះបីEU ដក EBA ក៏ការនាំចេញសម្លៀកបំពាក់នៅតែរំពឹងកើនឡើង!

ព័ត៌មាន
ការប្រកាសពីសេចក្ដីសម្រេចចុងក្រោយរបស់សហភាពអឺរ៉ុបអំពីការព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) នឹងត្រូវធ្វើឡើង…

អ្នកស្លាប់កើនដល់១០នាក់ និងរបួស២៣នាក់ពីការបាក់អគារនៅក្រុងកែប

ព័ត៌មាន
អគារមួយដែលកំពុងសាងសង់ នៅក្រុងកែប បានបាក់កាលពីថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២០ នេះ ដោយបានសម្លាប់កម្មករចំនួន១០នាក់ និង២៣នាក់ផ្សេងទៀត ទទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ