វិស័យកសិកម្ម​កម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការប្រើប្រាស់​គ្រឿងយន្ដកសិកម្មមាន ៩៧ ភាគរយហើយ ជំនួស​ឲ្យកម្លាំង​គោ​ ក្របី​!


ជាច្រើន​ឆ្នាំមុន សត្វពាហានៈ គោ ក្របី គឺជាមិត្តស្លាប់រស់របស់កសិករកម្ពុជា ក្នុងការប្រើប្រាស់ជាកម្លាំងអូសទាញ សម្រាប់ការធ្វើកសិកម្ម។ ប៉ុន្ដែ គិតមកទល់ពេលនេះ កម្លាំងគោ ក្របីសម្រាប់ប្រើប្រាស់​ធ្វើកសិកម្មបានថយចុះយ៉ាងខ្លាំង ហើយកសិករបានងាកមកប្រើគ្រឿងយន្ដជំនួសវិញ ដែលគិតជាភាគរយ គឺមានរហូតដល់ ៩៧%ឯណោះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រី ក្រសួងកសិកម្ម។
អាចម៍​គោ​មាន​តម្លៃ​ខ្ពស់ ខណៈ​ដែល​កសិករ​លែង​ចិញ្ចឹម​និង​ប្រើ​គោ មក​ប្រើ​គោយន្ត​សម្រាប់​ការ​ភ្ជួររាស់​ធ្វើ​ស្រែ​ចម្ការ។ រូបភាព៖ សូរ ចាន់ណា
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ជំនួបជាមួយនឹង​គណៈ​ប្រតិភូ​សាធារណរដ្ឋ​បេឡារុស ដែលបាន​អញ្ជើញមក​ទស្សនកិច្ច​នៅកម្ពុជា​ក្នុងគោលបំណង​ពង្រឹង​ និងពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​លើវិស័យ​កសិកម្ម។

ស្របពេល​ដែល​ការប្រើប្រាស់​គ្រឿងយន្ដ ក្នុងវិស័យ​កសិកម្មកើនឡើងនេះ ឯកឧត្តម វេង សាខុន បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុនឯកជន ពិសេស​ក្រុមហ៊ុន​បរទេស​ គួរតែពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​គ្រឿងយន្ដ​មាន​បច្ចេកទេស​ខ្ពស់ សម្រាប់​ប្រើប្រាស់​ក្នុងវិស័យ​កសិកម្ម​កម្ពុជា

បើតាម​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចំពោះ​ស្ថានភាព​ក្នុងវិស័យ​កសិកម្ម​បច្ចុប្បន្ន កម្ពុជាបាន​វិវឌ្ឍន៍​ពីការប្រើប្រាស់​កម្លាំង​អូសទាញ​ដោយគោ ក្របី មកការប្រើប្រាស់​គ្រឿងយន្ត​បានជាង ៩៧% ទៅហើយ ដែលនេះ​គឺជាយន្តការ​អាទិភាព​ក្នុងការលើក​កម្ពស់​ទំនើបកម្មកសិកម្ម និងយន្តុពាណិជ្ជកម្ម​កសិកម្ម នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់ក្រសួង។

មួយវិញទៀត ការវិវឌ្ឍន៍​រីកចម្រើន​នៃការប្រើប្រាស់​គ្រឿងយន្ត​ក្នុងវិស័យ​កសិកម្មនេះ បាន​បង្កើន​ការប្រកួត​ប្រជែង​ជាខ្លាំង​រវាងក្រុមហ៊ុន​ដែលផលិត​គ្រឿងយន្ត ហើយទាមទារ​ឲ្យមានការ​ដាក់ចេញ​នូវបច្ចេកវិទ្យា​ថ្មីទំនើប​ជាបន្តបន្ទាប់។ 

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ស្ដាំ) នៅក្នុងជំនួបជាមួយនឹងគណៈប្រតិភូសាធារណរដ្ឋបេឡារុស ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា (រូបភាព៖ ហ្វេសបុក​ក្រសួងកសិកម្ម)

ក្នុងន័យនេះ ឯកឧត្តម វេង សាខុន ក៏បាន​បញ្ជាក់​ដល់​ភាគី​បេឡារុសថា គួរតែគួរពិនិត្យលទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​គ្រឿងយន្ត​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​សម្រាប់​ប្រមូលផល និងក្រោយ​ប្រមូលផល ធ្វើយ៉ាងណា​បង្កើន​ភាពងាយស្រួល ប្រសិទ្ធភាពខ្ពស់ និងភាព​ប្រកួតប្រជែង​ដល់ប្រជា​កសិករ​របស់កម្ពុជា។ ហើយឯកឧត្តម ក៏បានស្នើឲ្យ​ភាគីបេឡារុស​ពិនិត្យលទ្ធភាព​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ​លើការ​កែច្នៃ និងនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​បរទេសផងដែរ។

គួរបញ្ជាក់ដែរថា បើតាម​ប្រសាសន៍ របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ធ្លាប់បាន​លើកឡើង​កាលពីពេល​កន្លងទៅថ្មីៗនេះ កម្ពុជាមាន​សមត្ថភាព​ផលិត​ផលិតផល​កសិកម្ម ក្នុងមួយឆ្នាំៗ ប្រមាណ ៣០ លាន​តោន​ឯណោះ ខណៈដែល កាលពី​ឆ្នាំ២០១៨ កម្ពុជាបាន​នាំចេញ​ផលិតផល​កសិកម្ម​ផ្លូវការ​សរុបជាង ៤លាន ៣សែនតោន ហើយបើសិនគិត​ទាំងផលិតផល​នាំចេញក្រៅ​ផ្លូវការ គឺមិនតិច​ជាង ៧លានតោនទេ។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រតិបត្តិករសេវាទេសចរណ៍វៀតណាម ចង់ឲ្យរដ្ឋាភិបាលអនុញ្ញាតទិដ្ឋាការរហូតដល់ ៣០ថ្ងៃ សម្រាប់ទេសចរបរទេស

ព័ត៌មាន
ប្រតិបត្តិករសេវាទេសចរណ៍នៅប្រទេសវៀតណាម បានបង្ហាញពីទស្សនរបស់ពួកគេ ដោយចង់ឲ្យរដ្ឋាភិបាលខ្លួនពង្រីកបន្ថែមនូវគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទេ…

រដ្ឋាភិបាលចិន ដាក់លក់សញ្ញាបណ្ណ នៅម៉ាកាវ តម្លៃជិត ៣០០ លានដុល្លារអាមេរិក

ព័ត៌មាន
រដ្ឋាភិបាលចិន កាលពីដើមខែ កក្កដា កន្លងទៅនេះ បានសម្រេចដាក់លក់សញ្ញាបណ្ណ ឬហៅថា Bond នៅក្នុងតំបន់រដ្ឋបាលពិសេស ម៉ាកាវ ក្នុងតម្លៃប្រមាណ ២៩១ លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ