ក្រុមហ៊ុន​កម្ពុជា​អង្គរ អ៊ែរ ប្ដូរ​ភាគហ៊ុនិកថ្មី

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងថា ភាគហ៊ុនិកថ្មីរបស់កម្ពុជាអង្គរ អ៊ែរ នឹង «មានសមត្ថភាព និងលទ្ធភាពជាងមុន»


រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុន អាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) គឺពិតជាបាននិងកំពុងដំណើរការលក់ភាគហ៊ុនរបស់ខ្លួន ដែលមាននៅក្នុងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរ អ៊ែរ ទៅឲ្យអ្នកវិនិយោគថ្មីពិតប្រាកដមែន។ ទោះយ៉ាងណា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រំពឹងថា ភាគហ៊ុនិកថ្មីរបស់ ក្រុមហ៊ុន កម្ពុជាអង្គរ អ៊ែរ ដែលនឹងចូលខ្លួនមកជំនួសក្រុមហ៊ុន Vietnam Airlinesនោះ នឹងពោរពេញដោយសមត្ថភាព និងលទ្ធភាពជាងមុន។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងថា ភាគហ៊ុនិកថ្មីរបស់កម្ពុជាអង្គរ អ៊ែរ នឹង ”មានសមត្ថភាព និងលទ្ធភាពជាងមុន” (រូបភាព៖https://www.planespotters.net)
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ត្រូវបានគេដឹងថា មាន​កាន់កាប់ភាគហ៊ុន ៤៩% នៃ​ក្រុមហ៊ុន​ កម្ពុជា​ អង្គរ អ៊ែរ ដែលជា​អាកាសចរណ៍ជាតិ​របស់​កម្ពុជា ហើយ​ភាគហ៊ុន ៥១% គឺកាន់កាប់​ដោយ​រដ្ឋាភិបាល​កម្ពុជា។

ឆ្លើយតប​ជាមួយនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ខេមបូណូមីស នៅក្នុងសន្និសីទព័ត៌មាន​ នៅថ្ងៃទី ១៦ ខែមេសានេះ លោក ស៊ិន ចាន់សិរីវុត្ថា អគ្គនាយករង​បច្ចេកទេស​នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​បញ្ជាក់ឲ្យដឹងថា លោក​ក៏បានទទួល​ព័ត៌មាន​អំពីការ​លក់ភាគហ៊ុន​របស់ក្រុមហ៊ុន​កម្ពុជា​អង្គរ​ អ៊ែរនេះដែរ។ ប៉ុន្ដែ លោកថា ការលក់នេះ គឺលក់តែភាគហ៊ុន​របស់​ក្រុមហ៊ុន​ Vietnam Airlines និងភាគហ៊ុន​របស់​វិស័យឯកជនដែលមាន​នៅក្នុង​នោះ​ប៉ុណ្ណោះ ប៉ុន្ដែសម្រាប់​ចំណែក ភាគហ៊ុន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​នៅតែរក្សាទុក​ដដែល មិនប៉ះពាល់ទេ។

លោក ចាន់សិរីវុត្ថា មានប្រសាសន៍ថា «ជាការពិតណាស់ យើង​បានទទួលព័ត៌មាន​ដូចអ្នកកាសែតដែរ​ គឺយើងដឹងថា ក្រុមហ៊ុន​កម្ពុជា​អង្គរ អ៊ែរ បាន​លក់ភាគហ៊ុន​ថ្មី​ឲ្យទៅអ្នកវិនិយោគថ្មីទៅហើយ យើងអត់ដឹងលម្អិតទេ តែយើងដឹងថា ការលក់ភាគហ៊ុននេះ គឺមានមែន! គឺយើងគិតថា ភាគហ៊ុនគាត់ គឺភាគហ៊ុន​ Cambodia Angkor Air ហ្នឹង​ គឺមាន​ភាគហ៊ុនរដ្ឋ​, ភាគហ៊ុន​ឯកជន និងភាគហ៊ុន​របស់​ Vietnam Airlines ការបង្កើតរួមគ្នា។ អញ្ចឹង​ គាត់ទិញ​ភាគហ៊ុន​ Vietnam Airlines, ភាគហ៊ុនឯកជន [តែ] ភាគហ៊ុនរដ្ឋនៅដដែល»។

លោកបានគូសបញ្ជាក់ទៀតថា «ហើយរចនាសម្ព័ន្ធ ក៏អត់ទាន់​មានការផ្លាស់ប្តូរដែរ​ គឺយើង​នៅរក្សា​រចនាសម្ព័ន្ធដដែល​ រហូតដល់មាន​ការផ្ទេរ​ នូវ​ចំណេះចេះដឹង និងឯកសារពាក់ព័ន្ធ​ ទៅអ្នក​គ្រប់គ្រងថ្មី។ អញ្ចឹង​គាត់នៅរក្សា​ធនធានមនុស្ស​ទាំងអស់! ផ្លាស់ប្ដូរតែភាគហ៊ុនទេ!»។

បើតាម​ការ​គូសបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​នៃរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ដដែលនេះ បាន​ឲ្យដឹងទៀតថា តាមព័ត៌មាន​ដែលលោក​បានដឹងមក គឺ​ការលក់​ភាគហ៊ុន​​របស់​កម្ពុជា​អង្គរ អ៊ែរនេះ គឺធ្វើឡើង​ដោយ​​តម្លាភាព ហើយលោក​រំពឹងថា ភាគហ៊ុនិកថ្មី​របស់​ក្រុមហ៊ុននេះ នឹង​មានសមត្ថភាព និងលទ្ធភាព​កាន់តែ​ប្រសើរ​ ដើម្បី​បន្ដ​ដឹកនាំ​ក្រុមហ៊ុន​កម្ពុជា​អង្គរ អ៊ែរ​បន្ដទៀត។

«យើងដឹងថា ដំណើរការលក់ភាគហ៊ុននេះ តាមព័ត៌មាន​ក្រៅផ្លូវការ គឺគាត់​មានការរៀប​ចំ​ដេញថ្លៃ​ស្រួលបួលណាស់! Transparent (តម្លាភាព), Accountable (គណនេយ្យភាព) គឺគាត់​ប្រើ​ក្រុមហ៊ុន​ដូចជា KPMG ក៏មិនដឹង Pircewaterhouse ក៏មិនដឹង​ ជា Adviser (អ្នកផ្ដល់ដំបូន្មាន) ដើម្បីទទួល​​ត្រួតពិនិត្យ​វាយតម្លៃ​ថា តើក្រុមហ៊ុនណា​មានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ ក្នុងការទទួល​យក​ភាគហ៊ុន​ថ្មីនេះបាទ! អញ្ចឹង​មានក្រុមហ៊ុន​ច្រើន​ដាក់ដេញថ្លៃ​… អញ្ចឹង​ក្រុមហ៊ុន​ឈ្នះ​ហ្នឹង​យើងគិតថា គាត់អាច​មាន​សមត្ថភាព លទ្ធភាព​គ្រប់គ្រាន់​ ដើម្បីបន្ត​ដំណើរ​ការ​ក្រុមហ៊ុនហ្នឹង​តទៅទៀត!»។ នេះ​បើតាម​ប្រសាសន៍​លើកឡើង​របស់ លោក ស៊ិន ចាន់​សិរីវុត្ថា។ 

ព័ត៌មាន​នៃ​ការ​លក់ភាគហ៊ុន​ចេញ​នេះ ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹងនៅ​ក្នុង​កំណត់ហេតុ​ក្រោយ​សវនកម្ម បន្ថែម​លើ​របាយការណ៍​ហិរញ្ញវត្ថុ​បូកសរុប​ឆ្នាំ​២០១៩​ របស់​ក្រុមហ៊ុន Vietnam Airlines ដែល​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗនេះ ដោយ​ក្នុង​នោះ​ ក៏មានការពន្យល់​អំពី​ផល​​ប៉ះពាល់​ពី​វីរុស​កូវីដ-១៩ ដែល​ Vietnam Airlines ​បានទទួលរងផងដែរ។ នេះបើតាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express ។

ស្ថានភាពវិវត្ត​ន៍​​ចុងក្រោយ​នៃវិស័យ​អាកាសចរណ៍​កម្ពុជា

បញ្ហា​ Covid-19 បាននិង​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទូទាំងពិភពលោក ពិសេស គឺវិស័យ​ទេសចរណ៍តែម្ដង ក្នុងចំណោមនោះ វិស័យ​អាកាសចរណ៍​ក៏ទទួល​រងទុក្ខ​ខ្លាំងណាស់ដែរ។ 

ជាក់ស្ដែង សម្រាប់​កម្ពុជា បើតាម​ស្ថិតិ​ពី​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ឲ្យដឹងថា នៅខែ មករាឆ្នាំ២០២០ ចំនួន​ភ្ញៀវធ្វើដំណើរ​នៅតាម​អាកាសយានដ្ឋាន​ទាំងបីរបស់កម្ពុជា គឺរាជធានី​ភ្នំពេញ, ខេត្តសៀមរាប និងព្រះសីហនុ​ មានការថយចុះ រហូតដល់ទៅ​ជាង ២០% ខណៈដែលកាលពី​​ខែ​កុម្ភៈ ធ្លាក់​ចុះជាង ៥០%, ខែមីនាធ្លាក់​ចុះជាង ៧០%។ ដោយឡែក សម្រាប់​ខែមេសានេះ ពោលគឺ​ក្នុងរយៈពេល​តែ៤ថ្ងៃ ដំបូងប៉ុណ្ណោះ មានការ​ដាំក្បាល​ចុះ​ជាង ៩០% ទៅហើយ ហើយ​សម្រាប់​រយៈពេល​ ពេញ ១ខែ មេសានេះ ក៏​មិនទាន់ដឹងថា នឹង​បន្ដធ្លាក់ចុះ​ប៉ុន្មានទៀត​នោះដែរ។ នេះបើតាមការបញ្ជាក់​របស់​លោក ស៊ិន ចាន់សិរីវុត្ថា។

លោកបន្ថែមថា មកដល់ខែ មេសានេះ មាន​ជើងហោះហើរ​នៅសល់​ប្រមាណ​តែជិត ១០% ប៉ុណ្ណោះ ដែលនៅបន្ដ​ប្រតិបត្តិការ ខណៈដែល​ប្រមាណ​៩០%ទៀត ត្រូវបាន​ផ្អាក។ ជើងហោះហើរ​ដែលនៅបន្ដ​នោះ មានទិសដៅ​ធ្វើដំណើរ​ដូចជា​ កូរ៉េ ជប៉ុន និងចិនជាដើម។ 

ក្រៅពីក្រុមហ៊ុន​អាកាស​ចរណ៍​ក្នុងស្រុក​ចំនួន ៦ ក្រុមហ៊ុន កម្ពុជា​មានក្រុមហ៊ុនអាកាសចរណ៍​​បរទេស​ហោះហើរ​ចេញ​ចូល​ចំនួន ៣៩ ក្រុមហ៊ុន។

អគ្គនាយក​រង​បច្ចេកទេស រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរស៊ីវិល​ បញ្ជាក់ថា បើទោះបីជា​ បញ្ហា​អូសបន្លាយ​នៃ មេរោគ Covid-19 បានធ្វើឲ្យប៉ះពាល់​ដល់​វិស័យអាកាសចរណ៍​អស់រយៈពេលជាច្រើនខែ​មកហើយក្ដី ប៉ុន្ដែ មកទល់នឹង​ពេលនេះ មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ ប្រកាស​​​ក្ស័យធន​នៅឡើយទេ ប៉ុន្ដែ លោកជឿជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​និងបន្ដ​រស់បាន ព្រោះតែមាន​វិធានការ​គាំទ្រ​ពីរដ្ឋ​។

លោក ចាន់ សិរី​វុត្ថា គូសបញ្ជាក់ថា រដ្ឋបាន​ដាក់ចេញ​នូវ​វិធានការណ៍ដោះស្រាយ​ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ៦ក្រុមហ៊ុន ដោយ​ផ្ដល់ការលើកលែង​ពន្ធ​អប្បរមា​ចំនួន ១០% រយៈពេល ៣ខែ និងមានការ​ពន្យារពេល​​​​សង​បំណុលរដ្ឋ ដែល​ជាទូទៅ​ក្រុមហ៊ុន​អាកាសចរណ៍ក្នុងស្រុក​ មាន​​សេវា​មួយ គឺ​ជួយ​ប្រមូល​​ចំណូល​​ពីវិស័យការអាកាសចរណ៍​ជំនួសរដ្ឋ​ ដែលបំណុលនេះ មានប្រហែលជាង ១១លាន​ដុល្លារ​អាមេរិក។

ការធ្លាក់ចុះនៃ វិស័យអាកាសចរណ៍​ដ៏គំហុក នៅប៉ុន្មានខែមកនេះ ត្រូវបាន​អ្នកជំនាញ​ អះអាងថា ដោយសារតែបញ្ហា​ Covid-19 ផង គួបផ្សំនឹង​បញ្ហា​អ្នកដំណើរ​​បារម្ភពី​បញ្ហាសុវត្ថិភាពផង និង​​វិធានការណ៍​​រឹតត្បឹត​ការ​ធ្វើដំណើរ​​របស់បណ្ដាប្រទេសមួយចំនួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេធំ AirAsia ពីររូប​ប្រកាសធ្វើការមិនយកប្រាក់ខែ ដើម្បីប្តេជ្ញារក្សាការងារបុគ្គលិកទាំងអស់ នៅអំឡុងពេលវិបត្តិ Covid-19

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ AirAsia ពីររូប បានប្រកាសធ្វើការមិនយកប្រាក់ខែ ដើម្បីប្តេជ្ញាចិត្តរក្សាការងារបុគ្…

តម្លៃសាំងបន្ដធ្លាក់ចុះ ១០០ រៀលទៀតហើយ, មកនៅត្រឹម ២.២៥០ រៀលប៉ុណ្ណោះក្នុង ១លីត្រ

ព័ត៌មាន
តម្លៃសាំង ដែលត្រូវបានកំណត់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ១៦ ខែមេសានេះ បានបន្ដធ្លាក់ចុះ ១០០ រៀលទៀតហើយ ដែលធ្វើឲ្យតម្លៃសាំងធម្មតាលក់លើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ