Advertisement
លេខបារកូដ

កំណើន​ប្រើប្រាស់​លេខ​បារកូដ លើមុខទំនិញ​ក្នុង​ស្រុក កើនដល់​ជាង ១ពាន់​សមាជិក​ហើយ!


គិតមកទល់ពេលនេះ អ្នកដែលបានទទួលយកបារកូដ (Barcodes) ពីសមាគម GS1 Cambodia យកទៅប្រើប្រាស់លើមុខទំនិញដែលផលិតនៅក្នុងស្រុកមានរហូតដល់ជាង ១ពាន់ សមាជិកហើយ។ បើតាមការគូសបញ្ជាក់ពីនាយកប្រតិបត្តិ GS1 Cambodia ត្បិតថា ការយល់ដឹងពីការប្រើប្រាស់លេខបារកូដនេះ ហាក់មានការកើនឡើងជាងមុនបន្តិចក៏ពិតមែន ប៉ុន្ដែវាហាក់ដូចជា នៅមិនទាន់មានការប្រើប្រាស់បានទូលំទូលាយដូចនៅប្រទេសជិតខាងនៅឡើយទេ។
ទំនិញមានបារកូដសម្គាល់ប្រភពដើម ដែលបានដាក់លក់ក្នុងហាង
ដោយ

ការប្រើប្រាស់​បារកូដ (Barcodes) បិទភ្ជាប់​ជាមួយ​នឹងផលិតផល​​សម្រាប់​បញ្ជាក់ពីប្រភព​ដើម​ទំនិញ ក៏ដូចជា​ផ្ដល់នូវភាព​លឿនរហ័ស​សម្រាប់ការ​ទូទាត់​គិតប្រាក់​នៅពេល​ទិញ​ផលិតផល​នោះ បច្ចុប្បន្ន​កំពុងមានការ​យល់ដឹង​ច្រើន​គួរឲ្យកត់សម្គាល់​ពីម្ចាស់​ក្រុមហ៊ុន​ និងសហគ្រាស​នានា។ 

Advertisement

ជាក់ស្ដែង បើតាម​ការលើក​ឡើងពី លោក ឡូញ គឹមអៀន នាយកប្រតិបត្តិ GS1 Cambodia ដែលជាស្ថាប័ន​តែ១គត់ ផ្ដល់​បាកូដ សម្រាប់មុខ​ទំនិញ​ផលិតនៅ​កម្ពុជា បានលើកឡើងថា បច្ចុប្បន្ននេះ អ្នកដែលមក​ទទួលយក​បារកូដ​សម្រាប់យកទៅ​ប្រើប្រាស់​បិទលើ​ផលិតផល ឬទំនិញរបស់​ខ្លួន ហាក់មានការយល់​ដឹងច្រើន​ជាងមុន។

តួយ៉ាង គិតត្រឹមឆ្នាំ​២០០៣ មកទល់​ដើម​ឆ្នាំនេះ អ្នកដែលបាន​ស្នើសុំ​លេខបាកូដ​យកទៅ​ប្រើប្រាស់ មានរហូត​ដល់​ជាង ១ពាន់​សមាជិក​ហើយ។ ក្នុងនោះ ភាគច្រើន គឺយកទៅ​ប្រើប្រាស់​លើផលិតផល​ចំណីអាហារ ហើយពេលថ្មីៗ​នេះទៀត​សោត ក៏មាន​ផលិតកសិកម្ម​ជាច្រើន បានមក​ស្នើសុំលេខ​បារកូដនេះ យកទៅ​ប្រើប្រាស់​ដែរ។ 

លោ ឡូញ គឹមអៀន បានបន្ថែម​ទៀតថា បារកូដ​មិនត្រឹមតែ​មានមុខងារ​សម្រាប់​បញ្ជាក់​ពីប្រភពដើម​ទំនិញដែល​ផលិតនៅ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ វាក៏មាន​ផ្ដល់អត្ថ​ប្រយោជន៍​ជាច្រើនទៀត​សម្រាប់​ការងារគ្រប់​គ្រង​ស្តុកផងដែរ ហើយ​បច្ចុប្បន្ន​ខាង GS1 Cambodia ក៏បាន​និងកំពុង​សហការជាមួយ​ក្រសួងពាក់ព័ន្ធ ដូចជា​ក្រសួង​ពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសិប្បកម្មជាដើម ដើម្បីពង្រីក​ការប្រើប្រាស់​បារកូដនេះ​ឲ្យមាន​កាន់តែច្រើន​ឡើង​ផងដែរ។ 

លេខបារកូដ សម្គាល់ប្រភពដើមទំនិញរបស់កម្ពុជា

បើតាមការគូសបញ្ជាក់ពី នាយកប្រតិបត្តិ GS1 Cambodia បានឲ្យដឹងថា ការប្រើប្រាស់​បារកូដ​នេះ ក៏ជាការ​ធ្វើទំនើបកម្ម​មួយ សម្រាប់​ការ​ទិញលក់​ទំនិញ​ផងដែរ ខណៈដែល​វា​ក៏មាន​​ដំណើរការ បែប​ពាណិជ្ជកម្មអេឡិចត្រូនិក​ដែរ (E-Business)​។ មិនតែប៉ុណ្ណោះ តាមរយៈ​ការកើនឡើង​នៃផ្សារ​ទំនើប និងហាងលក់ទំនិញ ម៉ាត កាន់តែ​ច្រើនឡើង​នាពេលបច្ចុប្បន្ន ក៏នឹង​ជំរុញឲ្យ​ការប្រើប្រាស់​បារកូដ​លើមុខ​ទំនិញកាន់តែ​មានកើនឡើង​ច្រើនជាង​មុន​ផងដែរ។

យ៉ាងណាក៏ដោយចុះ បារកូដ​គ្រាន់តែជា​សញ្ញាបញ្ជាក់​ប្រភពដើម​ទំនិញ និងជាមធ្យោបាយ​មួយ​ក្នុងការគ្រប់គ្រង​ការលក់ និងត្រួតពនិត្យ​ស្តុកប៉ុណ្ណោះ ប៉ុន្ដែ​មិនមែន​ជាសញ្ញា​បញ្ជាក់​ពី​ស្ដង់ដារ​គុណភាព​ទំនិញនោះ​ឡើយ។ ប៉ុន្ដែ បើតាម​ការលើក​ឡើងពី​មន្ត្រីជាន់ខ្ពស់​សភាពាណិជ្ជកម្ម រាល់មុខ​ទំនិញ​ទាំងឡាយណា​ដែល​មិនមាន​បារកូដ គឺត្រូវ​បានចាត់ទុក​ថា​ ជាទំនិញ​មិនស្រប​ច្បាប់​នោះឡើយ។

សូមបញ្ជាក់ថា លេខ​បារកូដ​សម្គាល់​មុខ​ទំនិញ ដែលផលិត​នៅក្នុង​ប្រទេស​កម្ពុជា គឺមានលេខសម្គាល់​ក្បាល​ខាង​ដើម ៨៨៤ ខណៈដែល​ទំនិញមក​ពីប្រទេសថៃ​មានលេខ​ ៨៨៥ និងវៀត​ណាម​​មាន​លេខ ៨៩៣ ៕ 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ផលិត​កង់​នាំចេញ​ទៅក្រៅ​ប្រទេស ជិត ២លានគ្រឿង ជាប់​ចំណាត់​ថ្នាក់​លេខ​១

ព័ត៌មាន
កាល​ពីឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជា​បានផលិត​កង់នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក ទទួលបាន​ចំណាត់​ថ្នាក់លេខ១ ក្នុងនោះ​ទីផ្សារ​កង់ធំ​ជាងគ...

អ្នកសេដ្ឋកិច្ចនិងអ្នកជំនួញ៖ ទោះជិតបោះឆ្នោត តែសេដ្ឋកិច្ចកម្ពុជានៅតែដំណើរការល្អ

ព័ត៌មាន
កន្លងមក នៅពេលជិតបោះឆ្នោតជាតិម្ដងៗ អ្នកជំនួញនៅកម្ពុជា មានការភ័យបារម្ភចំពោះបញ្ហាផ្សេងៗ ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ឬមិនដំណើរល្អ ប...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ