ការទូទាត់តាម​ឌីជីថល

អ្នកជំនាញ៖ ៥ឆ្នាំក្រោយ បដិវត្ដនៃការចាយវាយដោយមិនប្រើក្រដាសប្រាក់នៅកម្ពុជា នឹងពុះកញ្ជ្រោលខ្លាំង


និន្នាការចាយវាយដោយមិនប្រើប្រាស់ក្រដាសប្រាក់ ឬហៅថា Cashless ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយ នៃការវិវឌ្ឍទៅរកសេដ្ឋកិច្ចឌីជីថល ដែលបច្ចុប្បន្ន វិស័យនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងការជំរុញយកចិត្តទុកដាក់យ៉ាងខ្លាំង។ បើតាមអ្នកជំនាញ​ហិរញ្ញវត្ថុ​ជាច្រើនទសវត្សរ៍នៅកម្ពុជា បានលើកឡើងថា នៅ៥ឆ្នាំខាងមុខទៀតនេះ យើងទាំងអស់គ្នានឹងបានឃើញនូវបដិវត្តថ្មីនៃការចាយវាយរបស់ប្រជាពលរដ្ឋ នឹងពុះកញ្ជ្រោលខ្លាំងឡើង ពោលគឺ នឹងមានការផ្លាស់ប្តូរពីការចាយវាយដោយប្រើប្រាស់ក្រដាសប្រាក់ មកចាយវាយតាមបែបឌីជីថលជំនួសវិញ។
ការទូទាត់​ដោយមិនប្រើប្រាស់​ក្រដាស​ប្រាក់​

ការអះអាង របស់​អ្នក​ជំនាញ ផ្នែកហិរញ្ញវត្ថុនេះ ធ្វើឡើង​​ទន្ទឹម​នឹងពេល​​បច្ចុប្បន្ននេះ ការនិយម​ប្រើប្រាស់​បច្ចេក​វិទ្យា​​ពីសំណាក់​​ប្រជាពល​រដ្ឋ​​កម្ពុជា​ កំពុង​មាន​ការ​កើនឡើន ស្របទៅ​តាម​សម័យ​កាលបច្ចេក​វិទ្យាកំពុង​រីកដុះដាល​យ៉ាង​លឿន​រហ័ស។

លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ធ្លាប់បាន​លើកឡើង​ដែរថា នៅ៥ឆ្នាំខាងមុខនេះ ក្រៅពី​ការបង្កើន​សាខា​ច្រើន ប្រតិបត្តិករ​ហិរញ្ញវត្ថុ ពិសេស​ធនាគារ​តែម្ដង នឹងវិវត្ត​ខ្លួនកាន់តែ​ខ្លាំងឡើង​ទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឬហៅថា Fintech តាម​រយៈការ​ទូទាត់​នានា​​ដោយ​មិនចាំបាច់​ប្រើក្រដាស​ប្រាក់​នោះឡើយ ខណៈដែល​បច្ចុប្បន្ន​វិស័យនេះ ត្រូវបាន​អ្នក​ជំនាញ ហិរញ្ញវត្ថុ​ជើងចាស់​រូបនេះ អះអាងថា បាននិង​កំពុងចាប់​ផ្ដើមបោះ​ជំហាន​នៅក្នុង​ទីផ្សារ​កម្ពុជា​បណ្ដើរៗ​ហើយ។

លោក បណ្ឌិត អ៊ិន ចាន់នី បានបន្ថែម​​ទៀត​ថា ការប្រើប្រាស់​បច្ចេកវិទ្យា​​សម្រាប់​​ការចំណាយ​ទូទាត់​នានា វាផ្ដល់​នូវភាពងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់ ហើយក៏ផ្ដល់​នូវ​ផល​ចំណេញ​សម្រាប់​ម្ចាស់​អាជីវកម្ម​​ផងដែរ ព្រោះ​រាល់​ការទូទាត់​​អតិថិជន​​អាចធ្វើ​បាន​ដោយស្វ័យ​ប្រវត្ត​ជាមួយ​នឹងម៉ាស៊ី ព្រមទាំង​អាច​​ទូទាត់​​បាននៅគ្រប់​ពេលវេលា គ្រប់ទីកន្លែង​តាមរយៈ​ទូរស័ព្ទ​ស្មាត​ហ្វូន។  

តាមការ​គូស​បញ្ជាក់ អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​​រូបនេះ បានឲ្យ​ដឹង​ទៀតថា ទៅថ្ងៃ​អនាគត ​ធនាគារ​ឌីជីថល នឹងមាន​កាន់តែច្រើន​ឡើង​ថែមទៀត នៅកម្ពុជា​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​​​ដែលកំពុង​​មានការ​លូតលាស់។

ក្នុងនាម​ជាធនាគារ​នាំមុខគេ​នៅ​កម្ពុជា អេស៊ីលីដា ក៏បាន​​បោះជំហាន​ទៅមុខ​​បាន​ខ្លះៗ​ហើយ ​ទាក់ទង​នឹង​វិស័យ​ធនាគារ​ឌីជីថល​នេះ តួយ៉ាង​ ធនាគារ អេស៊ីលីដា​​បានបង្កើត​នូវ​សេវាកម្ម អេស៊ីលីដា​​ទាន់ចិត្ត​ ដែលក្នុងនោះ មាន​នូវ​សេវាកម្ម​ជាច្រើន​ ពិសេស​​គឺអនុញ្ញាត​​ឲ្យអតិថិជន​​អាច​ទូទាត់​ចំណាយ ផ្ទេរប្រាក់ និងធ្វើប្រតិបត្តិការ​ផ្សេងៗ​ទៀត តាមរយៈ​ទូរស័ព្ទ ស្មាតហ្វូន​​។ ​

ថ្មីៗនេះ​ទៀត​សោត ធនាគារ​ក្នុងស្រុក​​ដ៏ធំជាង​គេមួយនេះ​ ក៏ទើប​តែបាន​​សាងសង់​​មជ្ឈ​មណ្ឌល​​ទិន្នន័យ​ធំមួយ​​សម្រាប់​​គ្រប់គ្រង​ទិន្នន័យ​​នៅទូទាំង​ប្រទេស ក៏ដូចជា​​សាខា​​មួយចំនួន​​នៅក្រៅ​ប្រទេស​ផងដែរ ដែលនេះ គឺជា​ការ​កសាង​​នូវហេដ្ឋារចនា​សម្ព័ន្ធ​ពេញលេញ​មួយ​​ ដើម្បី​​វិវឌ្ឍ​​ខ្លួន​​​ឲ្យស័ក្ដិសម​ជាធនាគារ​ឌីជីថល។ នេះបើតាម​ការ​រៀបរាប់​បន្ថែម​ពី លោក​បណ្ឌិត អ៊ិន ចាន់នី។

ជាមួយគ្នា​នេះដែរ លោក ឈ គង់ផេង អគ្គនាយក​ក្រុមហ៊ុន អាស៊ីវេរ​លុយ បានលើក​ឡើងថា បច្ចុប្បន្នកំណើន​នៃអ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ទាក់ទង​នឹងការ​ទូទាត់ ដោយមិន​ប្រើប្រាស់​ក្រដាស​ប្រាក់​នេះ គឺមានកំណើន​ជារៀងរាល់​ថ្ងៃ ដែលវា​ស​បញ្ជា​ក់ឲ្យ​ឃើញថា ប្រជាជន​កាន់តែ​មានការយល់​ដឹងកាន់​តែច្រើន​ឡើងជុំវិញ វិស័យ​បច្ចេកវិទ្យា ពិសេស​ទាក់ទង​នឹងផ្នែក​ហិរញ្ញវត្ថុនេះ។ តែយ៉ាងណា លោកថា ក៏នៅ​មាន​ផលលំបាក​មួយចំនួន​ផងដែរ ក្នុងការ​ពន្យល់​​ប្រជាពល​រដ្ឋ​ឲ្យ​​ជ្រើសរើស​យកការ​ចំណាយ​តាមបែប​​ឌីជីថល ដូចជាការ​ស្កែន​ QR កូដ ដើម្បី​ទូទាត់​ចំណាយ​នានា​ជាដើម ព្រោះ​​វា​ជាមធ្យោបាយ​ថ្មី​មួយ​សម្រាប់​ពួកគាត់។ 

ទោះជា​យ៉ាងនេះក្ដី លោក គង់ផេង បានគូស​បញ្ជាក់ថា ដើម្បីអាច​ជំរុញ​ឲ្យវិស័យ​ទូទាត់​តាម​ឌីជីថល​នេះ មានការ​រីក​ចម្រើន​មុខ​កាន់​តែឆាប់​រហ័ស ចាំបាច់​​ត្រូវផ្លាស់​ប្តូរផ្នត់​គំនិត​របស់​ប្រជា​ពលរដ្ឋ ហើយបើ​តាម​ទិសដៅ​របស់​​ក្រុមហ៊ុន​អាស៊ីវេលុយ នឹងធ្វើ​ឲ្យ​ទូរស័ព្ទ​ដៃ​​នឹងក្លាយ​ជាកាបូប​លុយ។

គួរជម្រាបថា នៅប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ ក្រៅពីគ្រឹះ​ស្ថាន​ធនាគារ និងមីក្រូហិរញ្ញវត្ថុ​​បាន​ខិតខំ​អភិវឌ្ឍ​ខ្លួនទៅ​ជាធនាគារ​ឌីជីថល ​គេសង្កេត​ឃើញថា ក៏មាន​ក្រុមហ៊ុន​​ប្រតិបត្តិករ​ហិរញ្ញវត្ថុ​ជាច្រើន​​ចាប់ផ្ដើម​​អភិវឌ្ឍខ្លួន​​កាន់តែ​ខ្លាំងដែរ ទៅរក​ការ​ទូទាត់​​ឌីជីថលនេះ តួយ៉ាង ក្រុមហ៊ុន​​វេលុយ​​ជាច្រើន​​នៅ​កម្ពុជា បាននិងកំពុង​​ពង្រឹង និងពង្រីក​សេវាកម្ម​​ទូទាត់​​ចំណាយ​​តាម​​អេឡិច​ត្រូនិក​កាន់តែ​ច្រើន​ឡើង។ ជាក់ស្ដែង ការស្កែន QR កូដ ដើម្បី ទូទាត់​​ចំណាយ​ផ្សេងៗ​ជាដើម។ 

តាមរបាយ​ការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ធ្លាប់ បានបញ្ជាក់ថា សេវាហិរញ្ញវត្ថុ Digitalក្នុង​ប្រទេ​សកម្ពុជា​នឹងរួម​ចំណែក៦ ភាគរយ នៃកំនើន​សេដ្ឋកិច្ច ដែលក្នុងនោះ​នឹងជំរុញឲ្យ​មាន​ចរន្ត នៃការចំនាយ តាមប្រព័ន្ធ​អេឡិច​ត្រូនិច​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ ធ្វើឲ្យ​មាន​ការស្រូប​យក​ឥណទាន​បន្ថែម ប្រមាណ ២,៥​ ពាន់​លាន​ដុល្លារ នឹងអាច​ធ្វើឲ្យមាន​ការ​សន្សំ​​ប្រមាណ ៥០០​លាន​ដុល្លារ​អាមេរិក។

ដោយឡែក បើ​ពិនិត្យ​​ទៅ​មើល វិសាល​ភាព​នៃ​អ្នក​ប្រើប្រាស់​​បច្ចេកវិទ្យា តាមរយៈ​ទូរស័ព្ទ​ដៃ និងអ៊ីន​ធើណែត តាមរបាយការណ៍​ពី និយ័តករ​ទូរគមនាគមន៍​កម្ពុជា បាន​បង្ហាញ​ថា គិតមក​ទល់​ចុង​ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ចំនួនស្ថិតិ​សេវា​ទូរគមនាគមន៍ នៅប្រទេស​កម្ពុជា​យើង រួមមានដូចតទៅ៖

- ចំនួន​ទូរស័ព្ទចល័ត (ផ្តល់ដោយប្រតិបត្តិករចំនួន៦) សរុប ១៩.០៧៥.៧២៥ ស៊ីមកាត ត្រូវនឹង ១១៨,៧០% បើធៀប​នឹង​ប្រជាជនសរុប។

- ចំនួន​ទូរស័ព្ទ​អចល័ត (ផ្តល់ដោយ​ប្រតិបត្តិករ​ចំនួន​៧) សរុប ១០២.៧៧៥ ខ្សែ ត្រូវនឹង ០,៦៤% បើធៀប​ជាមួយ​ប្រជាជន​សរុប។

- ចំនួន​បណ្តាញ​អ៊ីនធឺណិត​ចល័ត 3G/4G-LTE (ផ្តល់ដោយ​ប្រតិបត្តិករ​ចំនួន ៧) សរុប ១២.០៩៦.៣១៦ ស៊ីមកាត ក្នុងចំណោម​ស៊ីមកាត​ទូរស័ព្ទ​ចល័ត ១៩.០៧៥.៧២៥ ត្រូវនឹង ៧៥,២៧% បើធៀប​ជាមួយ​ប្រជាជន​សរុប។

- ចំនួន​បណ្តាញ​អ៊ីនធឺណិត​អចល័ត (ផ្តល់ដោយ​ប្រតិបត្តិករ​ចំនួន ៣៤) សរុប ១៣២.៨៨៩ ខ្សែ ត្រូវនឹង ០,៨២% បើធៀប​ជាមួយ​ប្រជាជន​សរុប។

- អ្នកប្រើប្រាស់​គណនីហ្វេសបុក​នៅ​កម្ពុជា ត្រឹមខែមករា ឆ្នាំ២០១៨ មានរហូត​ដល់​ប្រមាណ ៦,៨ លានគណនី (មិនមាន​តួលេខ​បានធ្វើ​បច្ចុប្បន្នភាព​រហូត​ដល់​ខែសីហា ឆ្នាំ២០១៨ នៅឡើយ)។

- ប្រជាជន​​កម្ពុជា​សរុប តាមការ​ប៉ាន់​ស្មាន​ដោយ​អង្គការ JiCa ជប៉ុន មានចំនួន ១៦.០៦៩.៩២១ នាក់៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត ផែនការដំឡើងពន្ធលើប្រេងឥន្ធនៈរបស់វៀតណាម នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំក្រោយហើយ!

ព័ត៌មាន
នៅទីបំផុត ផែនការដំឡើងពន្ធបន្ថែមលើប្រេងឥន្ធនៈ របស់រដ្ឋាភិបាលវៀតណាម ដែលធ្លាប់ប្រកាសនាពេលកន្លងមក ហើយក៏ធ្លាប់ត្រូវបានតវ៉ាយ៉ាងចម្រូងចម្រាសពីវ…

ដី​លក់​នៅក្បែរ​ទឹក​ធ្លាក់​​តាតៃ​ខេត្ត​កោះកុង ដែលស័ក្តិសម​បំផុត​សម្រាប់គម្រោង​​រមណីយដ្ឋាន​ធម្មជាតិ!!!

ព័ត៌មាន
ប្រសិន​បើ​លោកអ្នក​កំពុង​ស្វែងរក​ទីតាំង​ដី​សម្រាប់​អភិវឌ្ឍ​ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ នៅ​តាមដង​ព្រែកតាតៃ ក្នុងស្រុក​កោះកុង ខេត្ត​កោះកុង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ