
ដោយសារតែមានទំនាក់ទំនងល្អ និងមានកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនផងដែរនោះ ក្រុមអ្នកជំនាញមើលឃើញថា វាជាបច្ច័យល្អដែលកម្ពុជាអាចទាញយកប្រយោជន៍សេដ្ឋកិច្ចពីចិនបាន ក្នុងនាមជាដៃគូរសហការ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានគូសបញ្ជាក់ថា នៅចំពោះមុខកំណើននៃសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២១ កម្ពុជាអាចទាញយកផលចំណេញមកបំពេញលើផលប៉ះពាល់របស់សេដ្ឋកិច្ចកម្ពុជាបានក្នុងកម្រិតណានោះគឺអាស្រ័យលើភាពវ័យឆ្លាតរបស់កម្ពុជា។ លោកបន្តថា អ្វីដែលមិនអាចប្រកែកបាននោះគឺ កម្ពុជាប្រាកដជាបានទទួលផលចំណេញពីកំណើនសេដ្ឋកិច្ចចិននេះ ពីព្រោះប្រទេសទាំងពីរមានទំនាក់ទំនងល្អ ព្រមទាំងជាដៃគូរសហការរវាងគ្នាផងដែរ។ លើសពីនេះកម្ពុជាទើបតែចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ដែលជាប្រការអំណោយផលមួយទៀតដល់កម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា
ជាមួយគ្នានេះលោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ការទាញយកផលចំណេញសេដ្ឋកិច្ចពីការរីកចម្រើនរបស់ចិនគឺពិតជាអាចជួយកម្ពុជាមែន។ លោកបន្ថែមថា អនាគតទៅប្រទេសចិននឹងអាចវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសមានទំហំសេដ្ឋកិច្ចធំលំដាប់ទីមួយក្នុងលោក ហើយចិននឹងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ពិភពលោក ដូច្នេះចង់ឬមិនចង់ ប្រទេសផ្សេងៗនឹងត្រូវទទួលរងឥទ្ធិពលវិជ្ជមានពីចិន ជាពិសេសប្រទេសដែលជាដៃគូរស្និទ្ធស្នាលដូចកម្ពុជាជាដើម។
ទោះយ៉ាងណា លោកបណ្ឌិត អ៊ិន ចាន់នីបានក្រើនរំឭកថា កម្ពុជាមិនត្រូវពឹងលើតែសេដ្ឋកិច្ចប្រទេសចិនមួយនោះទេ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនតែមួយមុខក៏មិនអាចបំពេញសេខក្តីត្រូវការកម្ពុជាទាំងអស់បានដែរ ពោលកម្ពុជាត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសដទៃលើវិស័យផ្សេងៗទៀត។ ជាក់ស្តែងដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសកូរ៉េខាងត្បូង ឬអង់គ្លេសជាដើម ដែលអនុញ្ញាតឲ្យកម្ពុជានាំចេញផលិតផលផ្សេងៗ លើសពីផលិតផលកសិកម្ម ទៅក្រៅប្រទេស។

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា (រូបភាព៖ ក្រុមការងារ Cambonomist)
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានលើកឡើងដែរថា ចិន គឺជាវិនិយោគិនធំបំផុតនៅកម្ពុជា ដូច្នេះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏នឹងជួយជំរុញដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគ នៅក្រៅប្រទេសផ្សេងៗ ដូចជាកម្ពុជាជាដើម។ បើយើងក្រឡេក មើលលើទីផ្សារអចលនវត្ថុវិញ ចិនក៏ជាវិនិយោគិនឈានមុខគេផងដែរនៅកម្ពុជា ដូច្នេះវិស័យអចលនវត្ថុនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកំណើនសេដ្ឋកិច្ចរបស់ចិននេះដែរ។

លោកឧកញ៉ា ចេង ខេង ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL
© 2021 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។