Advertisement
វិនិយោគចិន

ព្រឹត្តិការណ៍​កម្ពុជា-​ចិន​ធំៗ​គួរ​ឲ្យ​កត់​សម្គាល់​គិត​ចាប់​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៦​មក


ទំនាក់ទំនងកម្ពុជា-ចិនកាន់តែ​ប្រសើរ​ឡើងពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយថ្មីៗបំផុតនេះ គេ​សង្កេត​ឃើញ​និន្នាការ​នៃ​ការ​ហូរ​ចូល​មក​កម្ពុជា​យ៉ាង​គំហុក ​នូវ​វិនិយោគ​ចិន​ក្នុង​គម្រោង​ទឹក​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់។
រូបថត​ប្រធានាធិបតី​ចិន និង​ព្រះមហាក្សត្រ​ខ្មែរ​តាំង​លម្អ​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​កាល​ពី​ខែ​តុលា ឆ្នាំ២០១៦

តាមរយៈសេចក្ដីរាយការណ៍ព័ត៌មាននានា យើងសូមរំលេចនូវព្រឹត្តិការណ៍ធំៗគួរឲ្យចាប់អារម្មណ៍អំពីទំនាក់ទំនងកម្ពុជាចិន ជាពិសេស លើវិស័យវិនិយោគនិងពាណិជ្ជកម្ម។

នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧- សមាគម​ខ្មែរ​ចិន​រៀបចំ​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា

សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាបាយសាមគ្គីជាមួយពលរដ្ឋខ្មែរចិន និងពលរដ្ឋចិនរស់នៅប្រទេសកម្ពុជា ប្រមាណ ៥ពាន់នាក់ ដែលពិធីនេះរៀបចំដោយសមាគមខ្មែរចិននៃព្រះរាជាណាចក្រកម្ពុជា។

សារព័ត៌មាន ស៊ិនហួ របស់ប្រទេសចិន សរសេរថា ក្នុងសុន្ទរកថានៅមុនអាហារពេលល្ងាចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំពាវនាវដល់ពលរដ្ឋខ្មែរចិនទាំងអស់ ឲ្យជួយគាំទ្រការអនុវត្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយវិថីមួយ។

សម្ដេចតេជោ ក៏បានអំពាវនាវផងដែរ ឲ្យពលរដ្ឋខ្មែរចិនទាំងអស់ចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីការពារសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសនេះ។

សមាគម​ខ្មែរ​ចិន​រៀបចំ​ពិធី​ពិសា​អាហារ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា ថ្ងៃទី៤ កុម្ភៈ ២០១៧។ (https://www.facebook.com/hunsencambodia/)

យោងតាមសារព័ត៌មាន ស៊ិនហួ ដដែល លោក ពុង ឃាវសែ ប្រធានសមាគមខ្មែរចិននៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា សមាគមខ្មែរចិននឹងបន្តគាំទ្រដល់រដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចជាតិនិងអភវឌ្ឍសង្គម។ លោក ពុង ឃាវសែ ក៏បានសន្យាដែរថា នឹងលើកទឹកចិត្តពលរដ្ឋខ្មែរចិនឲ្យទាក់ទាញវិនិយោគិនចិនឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

នៅឆ្នាំ២០១៧នេះ រដ្ឋាភិបាលកម្ពុជារំពឹងថា ទំហំពាណិជ្ជកម្មកម្ពុជាចិននឹងកើនដល់ ៥ពាន់លានដុល្លារ។

ដើមខែមករា ឆ្នាំ២០១៧ - ក្រុមហ៊ុន​ចិន​សហការ​ជាមួយ​មហា​សេដ្ឋី​កម្ពុជា ​ឧកញ៉ា គិត ម៉េង លើ​គម្រោង​វិនិយោគ​សណ្ឋាគារ​ក្នុង​ទឹក​ប្រាក់ ៣​ពាន់​លាន​ដុល្លារ 

កាសែត ខ្មែរថែមស៍នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ សរសេរថា ក្រុមហ៊ុនចិន ឈ្មោះ Guangzhou Co., Ltd. គ្រោងនឹងវិនិយោគទឹកប្រាក់ ៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំខាងមុខ ដោយវិនិយោគលើការសាងសង់សណ្ឋាគារប្រណីតផ្កាយ៦ នៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។

គម្រោងវិនិយោគក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺក្រុមហ៊ុនចិនចាប់ដៃគូជាមួយមហាសេដ្ឋីកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។

មហាសេដ្ឋីកម្ពុជា លី យ៉ុងផាត់ សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​វិនិយោគ​សាង​សង់​ទីក្រុង​មិត្តភាព​ក្នុង​ទឹក​ប្រាក់ ១​ពាន់ ៥​រយ​លាន​ដុល្លារ​អាមេរិក

កាលពីដើមខែធ្នូ ឆ្នាំ២០១៦ ក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុនចិនឈ្មោះ China Minsheng Investment Group (CMIG) បានចុះកិច្ចព្រមព្រៀងលើគម្រោងវិនិយោគរួមគ្នាក្នុងទឹកប្រាក់ ១ពាន់ ៥រយលានដុល្លារអាមេរិក ដើម្បីសាងសង់ទីក្រុងមិត្តភាពកម្ពុជា-ចិន នៅតំបន់ជាយរាជធានីភ្នំពេញ។

គម្រោងទីក្រុងមិត្តភាពនេះ គ្រោងនឹងសាងសង់នៅក្នុងទីក្រុងរណបនៅជាយរាជធានីភ្នំពេញ ដែលក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ កំពុងអភិវឌ្ឍស្រាប់។ 

ខាងលើនេះ គ្រាន់តែជាគម្រោងធំៗដែលចុះផ្សាយដោយសារព័ត៌មាន ក្នុងចន្លោះចុងឆ្នាំ២០១៦ មកទល់នឹងដើមខែកុម្ភៈ។ នៅមានគម្រោងជាច្រើនទៀត ដែលមិនបានរាប់បញ្ចូលក្នុងអត្ថបទនេះ។

ថ្មីៗនេះ នៅប្រទេសចិន រដ្ឋាភិបាលចិនបានប្រកាសរឹតត្បិតលំហូរចេញនៃមូលធនពីប្រទេសចិនទៅបរទេស ដោយបានដាក់ចេញនូវវិធានការមួយចំនួន។ ការរឹតត្បិតនេះ បាននាំឲ្យមានក្ដីបារម្ភថា គម្រោងវិនិយោគចិននៅកម្ពុជា ដែលភាគច្រើនផ្ដោតលើវិស័យសាងសង់និងអចលនទ្រព្យ អាចនឹងទទួលរងផលប៉ះពាល់អវិជ្ជមាន។ ប៉ុន្តែ ក្ដីបារម្ភនេះត្រូវបានអ្នកជំនាញ ក៏ដូចជាវិនិយោគិនកម្ពុជា ច្រានចោល៕

រូបភាព​ខាង​ដើម​អត្ថបទ ដោយ Neou Vannarin/VOA Khmer




អត្ថបទបន្ទាប់


តើ​គម្រោង​វិនិយោគ​សំណង់​ចិន​នៅ​កម្ពុជា​អាច​នឹង​ជាប់​គាំង​ឬ​ទេ បន្ទាប់​ពី​ចិន​រឹត​ត្បិត​លំហូរ​មូលធន​ទៅ​ក្រៅ​ប្រទេស?

ព័ត៌មាន
វិធានការ​ទប់ស្កាត់​ការ​ហូរ​ចេញ​នូវ​ទ្រព្យ​ធន​របស់​ប្រទេស​ចិន​គឺ​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ទូទាំង​ពិភព​លោក ក្...

ឥណ្ឌា​ពិចារណា​ចែក​លុយ​សុទ្ធ​ឲ្យ​ពលរដ្ឋ​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ

ព័ត៌មាន
ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាង​គេ​បំផុត​ទីពីរ​របស់​ពិភព​លោក កំពុង​ពិចារណា​ចែក​លុយ​សុទ្ធ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ