មហិច្ឆតា​នាំចេញអង្ករ១លានតោនរបស់កម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តមហិច្ឆតា​នាំចេញអង្ករឲ្យបាន ១លានតោននៅត្រឹមឆ្នាំ២០២២ តើទៅរួចដែរទេ?


សហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងសារជាថ្មីថា បើទោះបីឆ្នាំនេះកម្ពុជាជួបឧបសគ្គដោយសារតែសហគមន៍អឺរ៉ុបដាក់សម្ពាធ និងការប្រកួតប្រជែងតម្លៃជាមួយ វៀតណាម និងប្រទេសភូមា យ៉ាងណាក្តី តែកម្ពុជានៅតែរំពឹងខ្ពស់ថា ឆ្នាំ២០១៩ នេះ បរិមាណនៃការនាំចេញអង្ករកម្ពុជាទៅកាន់ផ្សារក្រៅប្រទេសនៅតែមាននិន្នាការកើនឡើង ហើយនិងរំពឹងផងដែរថា នៅឆ្នាំ២០២២ ខាងមុខនឹងសម្រេចចក្ខុវិស័យនាំចេញអង្ករឲ្យបាន១ លានតោន។
ការដកហូតពន្ធលើអង្ករនាំចូលទៅអឺរ៉ុប ធ្វើឲ្យទីផ្សារអង្ករកម្ពុជាពិតជាស្លាប់ និង អត់ផ្លូវដើរមែនទេ? (រូបភាព៖ Amru Rice)
ដោយ

ប្រជាកសិករ​ខ្មែរជាច្រើន រង់ចាំមើល​មហិច្ឆិតា​របស់​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​សហព័ន្ធ​ស្រូវអង្ករកម្ពុជា មួយឆ្នាំហើយ មួយឆ្នាំទៀត តាំងពីឆ្នាំ ២០១៥មកម្ល៉េះ ថានឹង​សម្រេចគោលដៅ​នាំចេញអង្ករ​ឲ្យបាន​១លានតោន ក៏ប៉ុន្តែ​មកដល់ឆ្នាំ ២០១៩នេះ ក៏នៅតែ​មិនសម្រេច​គោលដៅ​នោះឡើយ ឥឡូវនេះ បន្តដាក់​ទិសដៅ​មហិច្ឆតា​ថែមទៀតថា នឹងសម្រេច​ឲ្យបានដល់ទៅឆ្នាំ ២០២២​ឯណោះ ។

លោក ឧកញ៉ា ចាន់ សុខឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវអង្ករកម្ពុជា​បានថ្លែង​សន្យា​ពីមហិច្ឆតា ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​កម្មវិធី​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើកទី៦ របស់ធនាគារជាតិ នៃ​កម្ពុជា​នៅថ្ងៃទី ១៦ធ្នូឆ្នាំ ២០១៩ ថា ក្នុងបរិបទ​ដ៏លំបាក និងសេដ្ឋកិច្ច​កំពុង​ប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និងចិននេះសហព័ន្ធស្រូវអង្ករ​កម្ពុជា​នៅតែសង្កេត​ឃើញថា វិស័យស្រូវ​អង្ករកម្ពុជា​ពុំមានការបាត់បង់​ចំពោះការនាំចេញ​នោះឡើយ ពោលគឺការ​នាំចេញអង្ករ​របស់កម្ពុជា​នៅតែបន្ត​កើនឡើង​ចន្លោះពី ២ ទៅ៣ភាគរយ បើធៀប​នឹងឆ្នាំ២០១៨ ហើយសហព័ន្ធ​ស្រូវអង្ករ​កម្ពុជាមាន​មហិច្ឆតា​ចង់ធ្វើឲ្យ​បានការ​នាំចេញអង្ករ ១លានតោន​នៅត្រឹម​ឆ្នាំ២០២២។

លោក ឧកញ៉ា ចាន់ សុខឃាំងបាន ឲ្យដឹងទៀតថា នៅឆ្នាំ២០១៩នេះ ចិនគឺមាន​ចំណែកទីផ្សារ​អង្កររបស់​កម្ពុជា​រហូត៣០ភាគរយ ដែលចំណែកនេះ​គឺកំពុងត្រូវ​បានជំនួស​ឲ្យទីផ្សារ​អឺរ៉ុបដែល​បានបាត់បង់។ ប៉ុន្តែយ៉ាងណា លោកទទួលស្គាល់ថា ការដាំដុះនៅក្នុង​វិស័យស្រូវអង្ករ​នៅមាន​ចំនុចខ្វះខាតច្រើន ដោយសារតែ​រចនាសម្ព័ន្ធ​ក្នុងការគ្រប់គ្រង​កសិករមិនទាន់​បានរួមបញ្ចូល​គ្នានៅឡើយ ដូច្នេះព័ត៌មានដែលបញ្ជូន​ទៅប្រជាកសិករ​មិនទាន់គ្រប់គ្រាន់​ទៅតាមការ​តម្រង់ទិស​នៃទីផ្សារ​ដែលត្រូវការ​នោះទេ។

លោកឧកញ៉ាបញ្ជាក់ថា វិស័យ​កសិកម្មនេះ​នៅតែមានភាព​ផុយស្រួយ​ខ្លាំង ដោយសារតែ​ពឹងផ្អែកលើកត្តា​អាកាសធាតុច្រើន និងតាមបទពិសោធន៍​ជាង១០ឆ្នាំ​របស់លោក​ផ្ទាល់ នៅក្នុងវិស័យ​កសិកម្ម​លោក​មើលឃើញថា បញ្ហាដែល ប្រឈមខ្លាំង​ជាងគេ គឺដើមទុនតែម្តង។

រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៥ ធ្នូ នេះបានសម្រេច​បន្ថែមទុន ៥០លានដុល្លារ​ដល់ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បីបង្ក​លទ្ធភាព ​ឲ្យធនាគារនេះ ​ដើរតួរនាទី​ក្នុងការផ្តល់​ឥណទាន ដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូល ទិញស្រូវ ពីប្រជាកសិករ​នៅក្នុងរដូវ​ប្រមូលផលឆ្នាំនេះ។

នៅក្នុងសន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំលើកទី៦ របស់ធនាគារ​ជាតិ នៃកម្ពុជា​នេះដែរ ឯកឧត្តម ឃី កុសល អគ្គលេខាធិការរង​ក្រសួងកសិកម្ម​បានឲ្យដឹងថា ផ្អែកតាម​ការព្យាករ​ការប្រមូល​ទិន្នផល​ស្រូវឆ្នាំ២០១៩នេះ កម្ពុជាអាចប្រមូល​ផល​បានប្រហាក់​ប្រហែល​នឹងឆ្នាំទៅមិញ​ដែរ ក្នុងបរិមាណជា ១០លាន​តោនកន្លះ។

យោងតាមរបាយការណ៍​ក្រសួងកសិកម្ម ​ ក្នុងរយៈពេល ​៩ខែ នៅឆ្នាំ២០១៩នេះ ​កម្ពុជាបាននាំចេញ​អង្ករប្រមាណ ​៤០ម៉ឺនតោន  កើនឡើង​ប្រមាណតែ​ជាង ​២% ប៉ុណ្ណោះ  បើធៀបនឹងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំមុន។ ក្នុងនោះ​ ប្រទេសចិនឈរ​ក្នុងលំដាប់​កំពូល​តារាង​ក្នុងបរិមាណ​នាំចេញ ១៦ម៉ឺនតោន ​ខណៈអឺរ៉ុប មានជាង ​១៣,៦ម៉ឺនតោន ស្មើ និង ប្រទេស​អាស៊ាន​ មានប្រមាណ​៥,៣ ម៉ឺនតោន។

គួរបញ្ជាក់ថា កន្លងមក​វិស័យកសិកម្ម​បានចូលរួម​ចំណែក​កំណើនសេដ្ឋកិច្ច​ទាំងមូល ប្រហែល​៣០% ដែលគិតជា​ទឹកប្រាក់​ប្រមាណ ៨លានដុល្លារ ក្នុងនោះ ការផ្តល់ទុន​ពីវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ​បានប្រមាណ ១០%​ប៉ុណ្ណោះ នៃទំហំ​កម្ចីសរុប៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស

ព័ត៌មាន
ប្រទេសកម្ពុជា បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើននូវភាពអំណោយផល និងប្រសិទ្ធភាពសម្រាប់…

ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនឈានដល់ការសម្រេចដំណាក់កាលដំបូង

ព័ត៌មាន
បណ្តាប្រជាជនទូទាំងសកលលោក ទាំងអ្នកសេដ្ឋកិច្ច ទាំងអ្នកនយោបាយ ដែលបានទន្ទឹងរង់ចាំមើល លទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចទាំង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ