កម្ពុជា-ចិន-អាមេរិក

កម្ពុជា​បដិសេធ​ថា មិន​មាន​«កិច្ច​ព្រមព្រៀង​សម្ងាត់»​ជាមួយ​ចិន ដើម្បី​ដាក់​មូលដ្ឋាន​ទ័ព​នោះ​ទេ


អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅថ្ងៃ​ចន្ទ ទី​២២ ខែ​កក្កដា​នេះ បាន​បដិសេធ​ថា កម្ពុជា​និង​ចិន​មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងាត់ ដើម្បី​អនុញ្ញាត​ឲ្យ​ទីក្រុង​ប៉េកាំង ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម សម្រាប់​រយ:ពេល​៣០​ឆ្នាំ ដូច​ការ​ផ្សាយ​របស់​កាសែត​អាមេរិក​នោះ​ទេ។
ផែនទី​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក រាម របស់​កម្ពុជា ស្ថិតនៅខេត្ត​ព្រះសីហនុ។ រូបភាព៖ Asia Nikkei
ដោយ

កាសែត​អាមេរិក Wall Street Journal បាន​សរសេរ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២១ ខែ​កក្កដា ថា ចិន​និង​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​និទាឃរដូវ​កន្លង​ទៅ ដើម្បី​ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ឱ្យ​ប្រទេស​ចិន​ក្នុង​ការ​ប្រើប្រាស់​ផ្នែក​មួយ​​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម នៅ​កម្ពុជា។

អត្ថបទ​កាសែត​ដដែល​នោះ ដែល​ដក​ស្រង់​សម្ដី​មន្រ្តី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ ដែល​បាន​ឃើញ​​​កិច្ច​ព្រមព្រៀង​នោះ បាន​អះអាង​ថា ភាគី​ទាំង​ពីរ​មិន​បាន​ប្រកាស​ជា​សាធារណៈ​នោះ​ទេ បន្ទាប់​ពី​ចុះ​ហត្ថលេខា​ហើយ។

ជា​ការ​ឆ្លើយ​តប លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ហៅ​របាយការណ៍​នោះ​ថា ជា​ព័ត៌មាន​ប្រឌិត។

លោក ឈុំ សុជាតិ បាន​សរសេរ​តាម​តេឡេក្រាម​យ៉ាង​ដូច្នេះ​ថា ៖ «ព័ត៌មាន​ប្រឌិត គ្មាន​មូលដ្នាន។»

យោងតាម​អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​ Wall Street Journal កិច្ច​ព្រមព្រៀង​នោះ នឹង​អនុញ្ញាត​ឲ្យ​ចិន​ប្រើ​មូលដ្ឋាន​ជើង​ទឹក​រាម​ រយៈ​ពេល​៣០​ឆ្នាំ ដើម្បី​ដាក់​ទ័ព ដាក់​គ្រឿង​សព្វាវុធ កន្លែង​ចត​នាវា ជាដើម ហើយ​នឹង​បន្ត​ជា​ស្វ័យ​ប្រវត្តិ​ រៀង​រាល់​​១០​ឆ្នាំ​ម្ដង នៅក្រោយ​រយៈពេល​ ៣០ឆ្នាំ​ដំបូង​នោះ។

កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​លទ្ធភាព​ដល់​ចិន​ក្នុង​ការទាមទារ​ដែន​សមុទ្រ​និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។ នេះ​បើ​យោង​តាម​អត្ថបទ​កាសែត​ដដែល​នេះ។

នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន ក៏​បាន​បដិសេធ​ផង​ដែរ ថា មិន​មាន​កិច្ច​ព្រមព្រៀង​បែប​នវ​នោះ​ទេ។

សម្តេច ហ៊ុន សែន បាន​ប្រាប់​សារព័ត៌មាន Fresh News ដូច្នេះ​ថា ៖ «នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា។ គ្មាន​រឿង​បែប​នេះ​កើត​ឡើង​នោះ​ទេ ព្រោះ​មូលដ្ឋាន​យោធា​បរទេស​វា​បាន​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា»។

សម្តេច ហ៊ុន សែន បាន​បន្ត​ថា ៖ «តើ​កម្ពុជា​ត្រូវការ​វត្តមាន​យោធា​ចិន​លើ​ទឹកដី​របស់​ខ្លួន​ដើម្បី​អ្វី? យើង​មិន​ដែល​បាន​ពិភាក្សា​ណា​មួយ ជាមួយ​មេដឹកនាំ​ចិន​នោះ​ឡើយ កុំ​ថា​ឡើយ​ដល់​មាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង។ ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លែង​បន្លំ​អំពី​វត្តមាន​កងទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​យើង​ហើយ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឈ្នះធំធេងជាងគេ ចំនួន ៤ ក្នុងសង្គ្រាមពាណិជ្ជកម្ម អាមេរិក -ចិន ជាប្រទេសណាខ្លះ?

ព័ត៌មាន
សង្គ្រាមពាណិជ្ជកម្មចិន និងអាមេរិក បានបន្តអូសបន្លាយជាង១ឆ្នាំមកហើយ ខណៈដែលស្ថានការណ៍នៅតែបន្តតានតឹងនៅឡើយ។ តួយ៉ាង រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោ…

ម៉ាឡេស៊ី ដាក់ពន្ធលើភេសជ្ជៈមានជាតិស្ករលើសកម្រិត ដើម្បីទប់ស្កាត់ជំងឺធាត់ខ្លាំងរបស់ប្រជាជនខ្លួន

ព័ត៌មាន
ការសិក្សាមួយបានបង្ហាញថា ប្រទេសម៉ាឡេស៊ី គឺមានប្រជាជនលើសទម្ងន់ ឬធាត់ខ្លាំង ច្រើនជាងគេបង្អស់នៅតំបន់អាស៊ាន។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ