សេដ្ឋកិច្ចឌីជីថល

ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាទិសដៅត្រូវគិតគូរ ដើម្បីធ្វើជា​សសរ​ស្ដម្ភ​ថ្មី ទ្រទ្រង់​សេដ្ឋកិច្ច​រឹងមាំ និងជៀស​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ


មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ដើម្បីធានាបាននូវនិរន្ដរភាពនៃកំណើនសេដ្ឋកិច្ច និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០នោះ រាជរដ្ឋាភិបាលកម្ពុជាត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ លើការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលតាមនិន្នាការតំបន់ និងសកល។ ក្នុងនោះ ការអភិវឌ្ឍនសេដ្ឋកិច្ចឌីជីថល គឺជាទិសដៅមួយត្រូវគិតគូរ ដើម្បីបានជាសសរស្ដម្ភថ្មី សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចឲ្យបានរឹងមាំ និងជៀសផុតពីវិបត្តិហិរញ្ញវត្ថុនានា។
ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាទិសដៅត្រូវគិតគូរ ដើម្បីធ្វើជាសរសរស្ដម្ភថ្មី ទ្រទ្រង់សេដ្ឋកិច្ចរឹងមាំ និងជៀសផុតពីវិបត្តិហិរញ្ញវត្ថុ

ថ្លែងនៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការ​យោគយល់គ្នា​រវាង​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ចថ្មី «តេជោ» និង​សមាគម​ធនាគារ​នៅកម្ពុជា នាពេល​ថ្មីៗនេះ ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ថ្លែងថា ការវិវត្ត​នយ៉ាងលឿន​នៃបច្ចេកវិទ្យា បាន​និងកំពុង​ផ្លាស់ប្ដូរ​​អ្វីៗ​គ្រប់យ៉ាង​របស់មនុស្ស រួមទាំង​របៀប​រស់នៅ​ផងដែរ ដែល​វាបង្ហាញ​យ៉ាង​ច្បាស់ថា យើង​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការចាប់ផ្ដើម​បដិវដ្ដន៍​ឧស្សាហកម្មទី ៤។

ឯកឧត្តម បានគុសបញ្ជាក់ថា «​ដើម្បី​ធានាបាននូវ​និរន្ដរភាព​នៃកំណើន​សេដ្ឋកិច្ច និងសម្រេច​បាន​នូវចក្ខវិស័យ​របស់ខ្លួន​ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​មានការប្ដេជ្ញាចិត្ត​ខ្ពស់​ លើការជំរុញ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ដែលតាម​និន្នាការ​តំបន់ និង​សកល។ ក្នុងនោះ ការអភិវឌ្ឍន​សេដ្ឋកិច្ច​ឌីជីថល គឺជាទិសដៅ​មួយត្រូវគិតគូរ ដើម្បី​បានជាសសរស្ដម្ភថ្មី សម្រាប់ទ្រទ្រង់​សេដ្ឋកិច្ច​ឲ្យបាន​រឹងមាំ និងជៀសផុត​ពីវិបត្តិ​ហិរញ្ញវត្ថុ​នានា»។

មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​រូបនេះ បាន​អះអាងទៀតថា បច្ចេកវិទ្យា​ឌីជីថល​ គឺជា​និន្នាការ​សំខាន់មួយ នៃបដិវដ្ដន៍ឧស្សាហកម្មទី៤ កំពុង​តែក្លាយជា​កត្តាលីករ​ថ្មីមួយ សម្រាប់​ជំរុញ​ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈ​ការចូលរួម​បង្កើន​ផលិតផល​ ប្រសិទ្ធភាព​ការងារ ព្រមទាំង​ផ្ដល់​លទ្ធភាព​ឲ្យ​ធុរកិច្ច​ក្នុងស្រុក​អាច​ភ្ជាប់ខ្លួន ទៅនឹង​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និងសកល ក៏ដូចជា​ស្វែងរក​ភាព​ច្នៃប្រឌិត និងនវានុវត្តន៍ ក្នុង​ផលិតកម្ម ទំនិញ និងសេវាកម្ម។ សំខាន់ជាងនេះទៀត បច្ចេកវិទ្យា​ឌីជីថល ផ្ដល់​កាលានុវត្តភាព​នូវការធ្វើបដិវត្តកម្ម​ធុរកិច្ចប្រពៃណី ទៅរក​ធុរកិច្ច​ថ្មីឌីជីថល ដែលមានឱកាស​លូតលាស់​ឆាប់រហ័ស។

ឌីជីថល​ភាវូបនីយកម្ម​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល​នានា​កំពុង​តែធ្វើ​ទំនើប​កម្ម​ក្នុងគ្រប់វិស័យ រួមមាន​វិស័យបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផងដែរ។ វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅកម្ពុជា ឬហៅថា Fintech ត្រូវបាន​អ្នកជំនាញ​អះអាងថា កំពុង​មាន​សន្ទុះ​គួរឲ្យ​កត់សម្គាល់​ ប៉ុន្ដែ វស័យនេះ​នៅមានភាពក្មេងខ្ចី​សម្រាប់​ទីផ្សារ​កម្ពុជា។

ឯកឧត្តម គង់​ ម៉ារី បាន​គុសបញ្ជាក់ថា ដើម្បី លើកស្ទួយវិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុនេះ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធុរកិច្ចថ្មី «តេជោ» បានធ្វើការងារ​មួយចំនួន​រួចហើយ ដូចជាបាន​សិក្សា​ស្រាវជ្រាវ​លើអេកូឡូស៊ី​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាំងមូល ដើម្បី​កំណត់​ពី​បញ្ហាគន្លឹះៗ និងដាក់ចេញ​ជា​អនុសាសន៍​ និងបានសហការ​ជាមួយនឹង​ដៃគូ​មួយចំនួន​ក្នុង​វិស័យឯកជន ក្នុងការ​បណ្ដុះធុរកិច្ចថ្មី​លើវិស័យ​បច្ចេកវិទ្យាហិរញ្ញវត្ថុ និងអនុញ្ញាត​ឲ្យ​ធុរកិច្ចថ្មី​នានា​អាចប្រើប្រាស់ payment Sandbox សម្រាប់​សាកល្បង​លើ​ការទូទាត់​តាមប្រព័ន្ធ​អនឡាញលើផលិតផល ឬសេវាកម្ម​របស់ខ្លួន​ដោយឥត​គិតថ្លៃ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា បានលើកឡើងដែរថា ការចុះ​ហត្ថលេខា​លើអនុស្សរណៈ​យោគយល់គ្នា​ រវាង​មជ្ឈមណ្ឌល​ធុរកិច្ចថ្មី «តេជោ» និងសមាគម​ធនាគារ​នៅកម្ពុជា​ គឺក្នុង​ក្របខណ្ឌ​នៃកិច្ចសហការ​ ក្នុងការបង្កើត​ និងគាំទ្រ​ប្រព័ន្ធ​អេកូឡូស៊ីបច្ចេវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និងបរិយាបន្ន​ហិរញ្ញវត្ថុ។

លោកបណ្ឌិត អ៊ិន ចាន់នី បន្ថែមថា «បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក៏នឹងផ្ដល់​គុណប្រយោជន៍​ដល់​ប្រទេស​កម្ពុជា ក្នុងការទទួលយក​កម្មវិធី​បច្ចេកវិទ្យា​ចុងក្រោយ​មកប្រើប្រាស់​ ដោយ​ពុំមានឧបសគ្គ»។

សូមបញ្ជាក់ថា នៅកម្ពុជា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កំពុងលូតលាស់​យ៉ាងខ្លាំង​នាប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ដែលយើង​អាចមើលឃើញ​តាម​រយៈ​កំណើន​នៃចំនួន​ធនាគារ និងគណនី e-Wallet ដែល​ភ្ជាប់​នឹងការប្រើប្រាស់​កម្មវិធីទូរស័ព្ទដៃ​សម្រាប់​ការទូទាត់​ និងបើកប្រាក់ ព្រមទាំង​កំណើន​នៃ​ប្រតិបត្តិការ​ទូទាត់​តាម​ប្រព័ន្ធ​អនឡាញ​ជាដើម។

ទោះយ៉ាងណា បើតាម​ការគូសបញ្ជាក់​ពីអ្នកជំនាញ វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅតែ​មានឧបសគ្គចម្បងៗ​មួយចំនួន​ដែលត្រូវដោះស្រាយ ដូចជា​កង្វះ​ខាត​មូលដ្ឋាន​ច្បាប់ និងបទប្បញ្ញត្តិ, កង្វះយន្ដការ​សម្របសម្រួល​អន្តរ​ស្ថាប័ន, កង្វះខាត​ទិន្នន័យ​ដើម្បីវាយតម្លៃ​ហានិភ័យ និង​កង្វះ​ធនធានមនុស្ស​ក្នុង​វិស័យនេះជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិច​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅកម្ពុជា

ព័ត៌មាន
រាជធានីភ្នំពេញ-- ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះនូវព័ត៌មានលម្អិតស្ដីអំពីព្រឹត្តិការណ៍កីឡាអេឡិចត្រ…

រឿង​លុប​​ស្រះទឹកក្នុងទីក្រុងរណប​ហ្គ្រេនភ្នំពេញ៖ អភិបាលក្រុង​ថា មិនអាចទប់ស្កាត់ទេ ព្រោះ​ជាកម្មសិទ្ធិ​របស់ក្រុមហ៊ុនជីបម៉ុង

ព័ត៌មាន
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃនេះ (ទី២៨ កញ្ញា ឆ្នាំ​២០២០) បាន​ឆ្លើយតប​ដោយ​លទ្ធផល​អវិជ្ជមាន ទៅ​កាន់​សហគមន៍ពលរដ្ឋ​ ១៤០នាក់ រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ